មេរៀន​សំខាន់ៗ​៤​យ៉ាង ដែល​អ្នក​ត្រូវ​រៀន​ពី​​​លោក Mark ​Zuckerberg​​



​ក្រុមហ៊ុន Facebook​​ក្លាយ​ជា​បណ្ដាញ​សង្គម​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើសលប់​ ពី​អ្នក​ប្រើប្រាស់​នៅ​លើ​ពិភពលោក​។ ​ភាព​អស្ចារ្យ​នេះ​ មិន​ត្រូវ​បាន​នរណា​ម្នាក់​ស្មាន​ដឹង​មុន​​នោះ​ឡើយ​ ព្រោះ​កាល​ពី​ដំណើរ​ការ​ដំបូង​ លោក Mark ​ Zuckerberg​​ដែល​ជា​ស្ថាបនិក​នោះ​ ​គឺ​ចាប់​ផ្ដើម​តាំង​ពី​ចំណុច​សូន្យ​ ហើយ​ក៏​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​អ្វី​ដែរ​ ប៉ុន្តែ​នៅ​ទី​បំផុត​​ ភាព​អស្ចារ្យ​ក៏​កើតឡើង​។

ខាងក្រោម​នេះ គឺ​ជា​មេរៀន​សំខាន់ៗ​ដែល​លោក​អ្នក​អាច​រៀនសូត្រ​ពី​ លោក Mark ​ Zuckerberg​​ ​ដើម្បី​ទទួល​​ជោគជ័យ​ក្នុង​ជីវិត​៖​​​​

១) ចាប់ផ្តើម​ជំនួញ​ជា​មួយ​​គោលបំណង​ធំ​៖ ​​លោក​ Zuckerberg​ ​ធ្លាប់​បាន​និយាយ​ថា ​ខ្លួន​​មិន​ដែល​គិត​ចង់​បង្កើត Facebook​​​ត្រឹម​ជា​ក្រុមហ៊ុន​​​ធម្មតា​មួយ​នោះ​ទេ​ ប៉ុន្តែ​លោក​ចង់​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ពោរពេញ​ទៅ​ដោយ ការ​ទំនាក់ទំនង​​គ្រប់​ទី​កន្លែង​។ ជា​មួយ​នឹង​ក្តី​រំពឹង​ដ៏​ខ្ពស់​នេះ​ហើយ បាន​ធ្វើ​ឲ្យ​លោកMark ​ Zuckerberg ​​ខិត​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​ បើ​ទោះ​បី​ជា​ដំណាក់កាល​ដំបូង​ មិន​មាន​នរណា​​គិត​ថា ​បុរស​វ័យ​ក្មេង​ម្នាក់​នេះ​អាច​ធ្វើ​ឲ្យ​ពិភពលោក​ មាន​ការ​ភ្ញាក់ផ្អើល​ក៏​ដោយ​។

២) ​គិត​​អនាគត​វែងឆ្ងាយ៖ ក្រោយ​ពេល Facebook​ ដំណើរ​ការ​បាន​៣​ឆ្នាំ ​ក្រុមហ៊ុន Yahoo​ចង់​ទិញ​យក Facebook​ក្នុង​តម្លៃ​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែMark ​ Zuckerberg ​បាន​បដិសេធ​មិន​លក់​ បើ​ទោះ​បី​ជា​ ​ប្រាក់​១​ពាន់​លាន​ដុល្លារ​ គឺ​ជា​ចំនួន​ដ៏​ច្រើន​ក្តី​សម្រាប់​ក្រុមហ៊ុន​ថ្មី​របស់​លោក​ ព្រោះ​​​​​​​​ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​ បាន​សម្លឹង​ឃើញ​ផ្លូវ​ជោគជ័យ​វែងឆ្ងាយ និង ច្រើន​ជាង​ទំហំ​ទឹក​ប្រាក់​នេះ​​ច្រើន​ដង​ទៅ​ទៀត។ ដោយសារតែ បែប​នេះ​ហើយ​បាន​ជា​ Mark ​ Zuckerberg​បាន​ក្លាយ​ជា​មហាសេដ្ឋី​វ័យ​ក្មេង​នៅ​លើ​ពិភពលោក​ ខណៈ​ក្រុមហ៊ុន Facebook​ទទួល​បាន​ការ​គាំទ្រ​​លើសលប់​ពី​អ្នក​ប្រើប្រាស់​នៅ​លើ​ពិភពលោក​។

៣) ​​មិន​ខ្លាច​ចំណាយ​លើ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​​ ៖ ថ្វីត្បិត​តែ​លោក​​ Mark ​ Zuckerberg​ និង ដៃគូ​ផ្សេង​ទៀត​សុទ្ធតែ​មាន​ជំនាញ​ល្អ​ក្តី​ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​អំពី​អ្វី​ដែល​ ខ្លួន​មាន​ និង មិន​មាន​ផង​ដែរ​ ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​ឲ្យ​កាន់​តែ​រីកចម្រើន។​ ក្នុង​នោះ​ លោក​បាន​សម្រេច​ជួល​​លោក​ស្រី Sheryl Sandberg ​ពី​ក្រុមហ៊ុនGoogle ​ដើម្បី​កាន់​តំណែង​​ ប្រធាន​ប្រតិបត្តិការ​ បើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ប៉ុណ្ណា​ក្តី​។

៤) គ្មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ដើរ​​លឿន​៖ បើ​ទោះ​បី​ជា​ ​លោ​ក​​ Mark ​ Zuckerberg​ ​មាន​វ័យ​ក្មេង​ និង បទពិសោធន៍​មិន​សូវ​ច្រើន​ដូច​អ្នក​ជំនាញ​ដទៃ​ ប៉ុន្តែ​​​លោក​មិន​ដែល​ស្ទាក់ស្ទើរ​ចំពោះ​អ្វី​ដែល​ខ្លួន​គិតថា ​ត្រឹមត្រូវ​ និង អាច​ទៅ​រួច​នោះ​ទេ​ ហើយ​ក៏​សម្រេច​ចិត្ត​ធ្វើ​វា​ឲ្យ​បាន​ឆាប់​បំផុត​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ​បើ​ទោះ​បី​ជា​មាន​បញ្ហា និង កំហុស​ក៏​ដោយ​ព្រោះ​វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​។ ​ ​

ដោយ​៖ រតនា វិចិត្រ​

X
5s