​​យុទ្ធសាស្ត្រ​៦​យ៉ាង​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​​​ ​និង​ ​ឆាប់ឡើង​បុណ្យសក្តិ​​



ក្រុម​ហ៊ុន​មួយ​អាច​ទទួល​​ជោគជ័យ​បាន​ គឺ​​អាស្រ័យ​លើ​​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​បុគ្គលិក​ ​ដែល​ជា​ចំណុច​ខ្វះ​បាន​​ ព្រោះ​បើ​ទោះបីជា​មាន​យុទ្ធសាស្ត្រ​ល្អ​ប៉ុណ្ណា​ក៏ដោយ​ តែ​បើ​ខ្វះ​មនុស្ស​​ធ្វើ​ក៏​ទៅ​មិន​រួច​ដែរ​។ ​ដូច្នេះហើយ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​បុគ្គលិក​ គឺ​ពិត​ជា​ដើរតួ​យ៉ាង​សំខាន់​។​ ​ ​ក្នុង​​ស្ថានភាព​នេះ​ ​ប្រសិនបើ​​ បុគ្គលិក​ណា​ដែល​ខិតខំ​ប្រឹង​ប្រែង ​និង ​​ធ្វើ​ការ​​ខ្លាំង​ ​នោះ​ពួកគេ​នឹង​ទទួល​បាន​ផល​តបស្នង​មក​វិញ​ផង​ដែរ​​ តាមរយៈ​ការ​សរសើរ​ពី​ថ្នាក់​លើ​ ​ការ​​ឡើង​ឋានៈ​ ​និង ប្រាក់ខែ​ជា​ដើម​។ដូច្នេះ​​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ គួរ​​តែ​​ធ្វើ​រឿង​ទាំង​ប៉ុន្មាន​យ៉ាង​ខ្លាំង​ក្រោម​នេះ​៖ ១) ភាព​រួសរាយ​រាក់ទាក់​៖ ​​​ភាព​រួសរាយ​​គឺ​ជា​ចំណុច​សំខាន់​មួយ​ ក្នុង​ពេល​ធ្វើ​ការ​ងារ​ជា​ក្រុម​ ​ព្រោះ​វា​ជា​​​ចំណុច​ចាប់ផ្តើម​នៃ​ការ​សហការ​គ្នា​យ៉ាង​ល្អ​។ ​គ្មាន​នរណា​ម្នាក់​ចង់​ ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស​ដែល​មុខ​ក្រញូវ​នោះ​ទេ​ ​ដូច្នេះ​គួរ​បង្កើត​ស្នាម​ញញឹម​ឲ្យ​បាន​ច្រើន​ ដើម្បី​សាង​ទំនាក់ទំនង​ល្អ​ក្នុង​ក្រុមហ៊ុន​ ​ព្រោះ​ថា បើ​អ្នក​អាច​ធ្វើ​បាន​​ ​នោះ​អ្នក​នៅ​ជុំវិញ​ខ្លួន​ ប្រាកដ​ជា​ពេញ​ចិត្ត​មិន​ខាន​។ ​២)​​ ​គោរព​ពេលវេលា៖ ​ពេលវេលា​គឺ​មាន​តម្លៃ​បំផុត​ ​សម្រាប់​មនុស្ស​គ្រប់គ្នា​​​ ហើយ​ក្រុមហ៊ុន​នីមួយៗ​ក៏​ត្រូវ​ការ​មនុស្ស​ដែល​​មក​ធ្វើការ​​ទៀង​ពេល​​​ដែរ​។ ​​ត្រូវ​ព្យាយាម​កាត់​បន្ថយ​ភាពយឺត​យ៉ាវ​​ ឬ​ កុំ​ឲ្យ​មាន​តែ​ម្តង​កាន់​តែ​ប្រសើរ​ ដើម្បី​បង្ហាញ​ប្រាប់​ថ្នាក់លើ​ និង​​បុគ្គលិក​ផ្សេង​ទៀត​ថា ​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ផ្តល់​តម្លៃ​លើ​ពេលវេលា​។ ៣) ​​​​ជួយ​អ្នកដទៃ​៖ ​វា​ជា​រឿង​ជៀស​មិន​ផុត​ ​ក្នុង​ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ ​ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ អ្វីៗ​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​តែ​ព្យាយាម​ជួយ​​អ្នក​ដទៃ​​ឲ្យ​បាន​ច្រើន​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ព្រោះ​វា​ជា​ទម្លាប់​ល្អ​មួយ​​នៅ​ក្នុង​សង្គម​។ ​នៅ​ពេល​អ្នក​តែងតែ​ជួយ​ បុគ្គលិក​ផ្សេង​ទៀត​បែប​នោះ​ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់​​ដែល​ពួកគេ​មិន​អាច​មើល​រំលង​បាន​។ ៤) ​ផ្តល់​តម្លៃ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន៖​ ​ជា​ធម្មតា​ ​នៅ​កន្លែង​ធ្វើ​ការ​​គឺ​តែងតែ​មាន​​ ​អ្នក​ដែល​ពូកែ​ និង​ មិន​សូវ​ពូកែ​ជា​រឿង​ធម្មតា​។​ ​បើ​ទោះ​បី​ជា​ អ្នក​ដឹង​ខ្លួន​ច្បាស់​ថា ​​​ពូកែ​ជាង​ពួកគេ​ជាង​គេ​ក្តី​​ ​​សូមកុំ​គិត​ថា ខ្លួន​មាន​តម្លៃ​អស្ចារ្យ​​ ​ហើយ​មិន​សូវ​ផ្តល់​តម្លៃ​ និង ការ​គោរព​ដល់​អ្នក​ផ្សេង​ទៀត​។ កាល​ណា​អ្នក​​ព្យាយាម​លើក​ខ្លួន​ឯង​ខ្ពស់​ហួសហេតុ​ពេក​ ​នឹង​បង្ក​ភាព​រកាំរកូស​ជាមួយ​អ្នក​ផ្សេង​មិន​ខាន​។ ដូច្នេះ​ហើយ​ ​គួរ​ដាក់​ខ្លួន​ឲ្យ​ទាម​​ និង ​ផ្តល់​តម្លៃ​​ ក៏​ដូច​ជា​ការ​គោរព​ទៅ​កាន់​អ្នក​ដទៃ​ ​ដើម្បី​អាច​ធ្វើ​ការ​រួម​គ្នា​បាន​យ៉ាង​ល្អ​។ ៥) ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ​៖ ​ទំនួល​ខុសត្រូវ​​ គឺ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​។​​ ​មិន​ថា​ ធ្វើការ​ងារ​តូច​ ឬ ធំ​នោះ​ទេ​ បើ​គ្មាន​ទំនួល​ខុស​ត្រូវ​ ​នោះ​​​វា​នឹង​នាំ​ឲ្យ​ការងារ​ដែល​កំពុង​ធ្វើ​មិន​ងាយ​នឹង​សម្រេច​ទៅ​​បាន​ឡើយ​។ ការ​ទទួល​ខុស​ត្រូវ​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ​ដូច្នេះ​ហើយ​បាន​ជា​ មនុស្ស​មួយ​ចំនួន​ទទួល​តែ «​ត្រូវ​»​ តែ​មិន​ព្រម​ទទួល​«ខុស​»​នោះ​ឡើយ​។ ​ ប៉ុន្តែ សម្រាប់​បុគ្គលិក​ឆ្នើម​ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ​ព្រោះ​វា​ជា​តម្លៃ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ ​ដូច្នេះ​​ហើយ​ រាល់​ការងារ​អ្វី​ក៏​ដោយ​ដែល​អ្នក​ធ្វើ​ ​គឺ​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ជា​ដាច់​ខាត់​​ ទោះបីជា​ខុស​ក្តី​ ឬ​ត្រូវ​ក្តី​។ ការ​ទទួល​ខុស​ត្រូវ​នេះ​គឺ​ជា​ផ្លូវ​មួយ​ ដែល​នាំ​ឲ្យ​អ្នក​អាច​កែប្រែ​បញ្ហា​ដែល​កើត​មាន​បាន​។ ៦) ​ធ្វើ​ការ​​ប្រៀប​ដូច​ក្រុមហ៊ុន​នោះ​ជា​របស់​ខ្លួន​៖ ​​មាន​បុគ្គលិក​មួយ​ចំនួន​ ​តែង​ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​ ឬ ធ្វើ​ឲ្យ​តែ​ផុត​មួយ​ថ្ងៃៗ​ប៉ុណ្ណោះ​ទម្រាំ​ដល់​ពេល​បើក​ប្រាក់​ខែ​។ បុគ្គលិក​ប្រភេទ​នេះ​​ ​មិន​ងាយ​នឹង​មាន​ការ​រីកចម្រើន​នោះ​ឡើយ​ ​ព្រោះ​ពួកគេ​មិន​ដែល​ខិតខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​មាន​នោះ​ទេ​។ ដូច្នេះ​ហើយ​ ​អ្នក​គួរ​តែ​ខិតខំ​ធ្វើ​ការ​ឲ្យ​ខ្លាំង​ និង​​អស់​ពី​សមត្ថភាព​ ពោល​គឺ​ធ្វើ​ឲ្យ​ខ្លាំង​ប្រៀប​ដូច​ជា​ ក្រុមហ៊ុន​នោះ​ជា​របស់​អ្នក​៕ ​ដោយ​៖ អ៊ុន​ ភក្តី​ ​ប្រភព៖ ​www.inc.com & www.nevermindthemanager.com​
X
5s