​ជំនាញ​៥​យ៉ាង​ដែល​ពិបាក​រៀន​បំផុត​​ ​ប៉ុន្តែ​ក៏​​មាន​ប្រយោជន៍​បំផុត​ដែរ​​​​សម្រាប់​ជីវិត​នៅ​ពេល​រៀន​ចេះ​​



​ដើម្បី​ក្លាយ​ជា​មនុស្ស​ម្នាក់​ជោគជ័យ​ក្នុង​ជីវិត​ ​គឺ​ពិត​ជា​ទាមទារ​ជំនាញ​សំខាន់ៗ​ជាច្រើន​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ ​និង ​ដើរ​ទៅ​កាន់​គោល​ដៅ​ឲ្យ​បាន​ឆាប់​បំផុត​។ ​​ជំនាញ​ដែល​សំខាន់ៗ​ទាំង​នោះ​​ ​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​រៀន​សូត្រ​ខ្លាំង​ណាស់​ ​ប៉ុន្តែ​បើ​ចេះ​ស្ទាត់​ហើយ​នោះ ​វា​នឹង​ផ្តល់​ផល​ធំធេង​នៅ​ថ្ងៃ​អនាគត​។

១) ​​ការ​គ្រប់គ្រង​ពេលវេលា​៖​ ​ការ​រៀន​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ ​វា​អាច​នឹង​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ ​ប៉ុន្តែ​នៅ​ពេល​អនុវត្ត​វិញ​ពិត​ជា​មិន​ងាយ​​នោះ​ឡើយ​។ ​ជំនាញ​គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ល្អ​នេះ​ ​មាន​មនុស្ស​​មិន​ច្រើន​នោះ​ទេ​ដែល​មាន​ ​ដូច្នេះ​បាន​ជា​​ភាគតិច​ប៉ុណ្ណោះ​ដែល​ជោគជ័យ​​ក្នុង​ជីវិត​​។ ​បើ​គ្រប់គ្រង​ ​និង ប្រើប្រាស់​ពេលវេលា​​​​ដោយ​គ្មាន​ប្រសិទ្ធភាព​នោះ ​វា​នឹង​នាំ​ឲ្យ​ភាគរយ​នៃ​ការ​សម្រេច​ការងារ​ទទួល​បាន​តិចតួច​ដែរ​​។ ​ដូច្នេះ​ហើយ​ ​អ្នក​​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ជំនាញ​នេះ​ឲ្យ​បាន​ល្អ​បំផុត​។

២) ​ការ​យល់ចិត្ត​អ្នកដទៃ​៖ ​មនុស្ស​ភាគច្រើន​​ ​​ព្យាយាម​យល់​ ​និង ធ្វើ​តាម​តែ​ចិត្ត​ខ្លួន​ឯង​ ​ដោយ​មិន​ងាយ​នឹង​​ព្យាយាម​យល់​ចិត្ត​របស់​អ្នក​ដទៃ​នោះ​ទេ​។ ​ការ​យល់​ពី​ចិត្ត​អ្នក​ដទៃ​គឺ​ជា​រឿង​សំខាន់​ ​ព្រោះ​ការ​ទំនាក់ទំនង​ក្នុង​សង្គម​ ​គឺ​ជា​រឿង​ជៀស​មិន​ផុត​ឡើយ ​​​ហើយ​បើ​អ្នក​មិន​ចេះ​យល់​ពី​ចិត្ត​របស់​អ្នក​ដទៃ​ទេ​ ​នោះ​ទំនាក់ទំនង​ក៏​មិន​អាច​ដំណើរ​ការ​ទៅ​ល្អ​ដែរ​។

៣) ​ការ​គេង​គ្រប់គ្រាន់​៖​ ​មនុស្ស​ភាគច្រើន​មាន​បញ្ហា​ដំណេក​ ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ​ការងារ​ ​និង ការសិក្សា​ផង​ដែរ​។ ​បញ្ហា​ដំណេក​​នេះ ​ភាគច្រើន​បណ្តាល​មក​ពី​​​មិន​សូវ​ចេះ​​ពី​របៀប​គ្រប់គ្រង​ដំណេក​ឲ្យ​បាន​ល្អ​ប្រសើរ​ ​ដូចជា​ ​ការ​មិន​កំណត់​ពេលវេលា​ចូល​គេង​ឲ្យ​បាន​ទៀង​ទាត់​ ​និង ​បរិភោគ​ភេសជ្ជៈ​ ​និង អាហារ​ដែល​មិន​អំណោយផល​ល្អ​ដល់​ការ​គេង​ជាដើម​។​ ​ដូច្នេះ​ហើយ​ ​សូម​កុំ​មើល​រំលង​ការ​គេង​ឲ្យ​សោះ​។

៤) ​ការ​លើកទឹកចិត្ត​ខ្លួន​ឯង​៖ ​មនុស្ស​ភាគច្រើន​តែងតែ​ជួប​បញ្ហា​ច្រើន​យ៉ាង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ​ហើយ​ពួកគេ​តែង​ត្រូវ​ការ​ពាក្យ​លើក​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​។ ​ប៉ុន្តែ​ត្រូវ​ចាំ​ថា ​​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​គឺ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​​​ហើយ​ក៏​មិន​អាច​យូរអង្វែង​បាន​ដែរ​​ ​ពោល​គឺ​មាន​តែ​ការ​ចេះ​លើក​ទឹកចិត្ត​​ខ្លួន​ឯង​ប៉ុណ្ណោះ​​ដែល​ពិត​ជា​ ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​ជាក់​ស្តែង​។ ​ដូច្នេះ​ហើយ​ ​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង​នៅ​ពេល​មាន​បញ្ហា​ ​គឺ​ជា​ជំនាញ​មួយ​ដែល​អ្នក​ត្រូវ​រៀន​សូត្រ ​និង ​ពង្រឹង​ឲ្យ​ស្ទាត់ជំនាញ​។

៥) ​​​ការបែងចែក​អ្វី​សំខាន់​ ​និង មិន​សូវ​សំខាន់​៖ ​ជា​ការ​ពិត​ណាស់​ ​មនុស្ស​ម្នាក់ៗ​មាន​កិច្ចការ​ច្រើន​​យ៉ាង​ដែល​ត្រូវ​ធ្វើ​ ​ហើយ​ពេល​ខ្លះ​មិន​ដឹង​ថា ​គួរ​ធ្វើ​មួយ​ណា​នោះ​ទេ​ ​​​ព្រោះ​សុទ្ធតែ​ឃើញ​ថា ​មួយ​ណា​ក៏​សំខាន់​។ បញ្ហា​នេះ​គឺ​ដោយសារតែ​ ​​មិន​ទាន់​ចេះ​បែង​ចែក​ថា ​មួយ​ណា​សំខាន់​​ខ្លាំង​ជាង​មួយ​ណា។ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​តែ​​ព្យាយាម​ស្វែង​យល់​ឲ្យ​ច្បាស់​ ​ដើម្បី​បែងចែក​​ប្រភេទ​ការងារ​ ​ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ទៅ​តាម​ដំណាក់កាល​​​ ​និង ពេលវេលា​៕

​​ដោយ​៖ ​អ៊ុន ​ភក្តី​ ប្រភព៖ www.businessinsider.com

X
5s