បើមាន ៥ចំណុច នេះ មានន័យថា អ្នកកើតមកដើម្បីក្លាយជា «អ្នកដឹកនាំគេ»​



មិនមែនឲ្យតែមានតំណែងជាអ្នកដឹកនាំ អ្នកអាចមានសិទ្ធិ និងអំណាចធ្វើអ្វីៗតាមតែអំពើចិត្តរបស់ខ្លួន ដោយមិនគិតពីអ្នកនៅក្រោមបង្គាប់ និងភាពរីកចម្រើនរបស់ពួកគេនោះទេ។ ម្យ៉ាងទៀត ដើម្បីធ្វើឲ្យដំណើរការនៃការងាររបស់អ្នក ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព អ្នកក៏មិនត្រូវគិតតែដោះស្រាយបញ្ហាចំពោះមុខនោះដែរ។

អ្នកនៅមានភារកិច្ចសំខាន់ៗដទៃទៀត ដែលទាមទារឲ្យអ្នកដឹកនាំយកចិត្តទុកដាក់ផ្ដល់តម្លៃគិតគូរដោះស្រាយទៅលើវា។ សម្រាប់អ្នកដឹកនាំល្អ គឺតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីភាពរីកចម្រើនសម្រាប់មនុស្សទាំងអស់គ្នា។ អ្នកដឹកនាំខ្លះ គឺមានភាពជាអ្នកដឹកនាំតាំងពីកំណើតតែម្តង ជាហេតុនាំឲ្យអ្វីៗដំណើរការទៅយ៉ាងរលូន។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗនៃ គុណភាពរបស់អ្នកដឹកនាំដែលមានតាំងពីកំណើត៖

១) នាំផ្លូវ

ពួកគេដឹងថា វាជាការទទួលខុសត្រូវរបស់ពួកគេក្នុងការក្រោកឈរឡើង ដើម្បីនាំផ្លូវសមាជិកក្នុងក្រុមប្រឈមមុខទប់ទល់នឹងឧបសគ្គផ្សេងៗដែលមករារាំងដំណើរការណ៍ឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ មិនថាជាពេលវេលាណា ឬទីកន្លែងណាក៏ដោយ។

២) កត់ត្រាទុកនូវភារកិច្ចដែលត្រូវបំពេញថ្ងៃនេះ

ពួកគេចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួន ដោយរៀបចំកត់ត្រានូវភារកិច្ចទាំងឡាយដែលពួកគេត្រូវសម្រេចវាឡើងឲ្យបានក្នុងថ្ងៃនេះ។ ពួកគេតែងមានទម្លាប់ផ្ដល់អាទិភាពបំពេញនូវកិច្ចការណាដែលសំខាន់ជាងគេ និងទាមទារការចំណាយពេលវេលា និងថាមពលច្រើនទៅលើវា បន្ទាប់មកពួកគេនឹងអាចបំពេញការងារផ្សេងៗទៀតបានដោយងាយស្រួល និងប្រកបដោយប្រសិទ្ធភាព និងផលិតភាពខ្ពស់។

៣) ពួកគេជាអ្នកស្ដាប់យ៉ាងយកចិត្តទុកដាក់

ការមានតួនាទីជាអ្នកដឹកនាំ មិនមែនមានន័យថាការដើរតួជាអ្នកចាំត្រួតត្រាអ្នកក្រោមបង្គាប់ និងបង្ខំឲ្យពួកគេយល់ស្របទៅតាមគំនិតរបស់ខ្លួនគ្រប់ពេលវេលា គឺជារឿងត្រឹមត្រូវនោះទេ។ អ្នកត្រូវចេះស្ដាប់យោបល់ និងការយល់ឃើញរបស់ពួកគេទៅលើរឿងអ្វីមួយដែលអាចជួយដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុនអ្នកបាន។ នៅពេលពួកគេមើលឃើញពីតម្លៃនេះនៅក្នុងខ្លួនអ្នកហើយ អ្នកនឹងទទួលបាននូវទំនុកចិត្តពីពួកគេវិញមិនខាន។

៤) បើកចំហចំពោះដំណើរការនៃការរៀនសូត្រដោយសន្សឹមៗ

ពួកគេដឹងថាចំណេះដឹងរបស់ខ្លួននៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្ដូរឥតឈប់ឈរនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់សាងភាពជោគជ័យសម្រាប់គោលដៅរបស់ខ្លួននោះឡើយ។ ដូច្នេះមានតែការរៀនសូត្រពីចំណេះដឹងថ្មីៗ និងមេរៀនពីបទពិសោធន៍ប្រព្រឹត្តនូវកំហុសរបស់ខ្លួនជាបន្តបន្ទាប់តែប៉ុណ្ណោះ ទើបអាចធានាពីភាពជោគជ័យរបស់ពួកគេក្នុងថ្ងៃអនាគតបាន។

៥) ចេះបែងចែកការងារប្រកបដោយភាពជោគជ័យ

អ្នកដឹកនាំដ៏គំរូដឹងថា ពួកគេមិនចាំបាច់ត្រូវបំពេញរាល់កិច្ចការក្នុងក្រុមទាំងអស់ដោយខ្លួនឯងនោះឡើយ ពួកគេមានសមត្ថភាពអាចបង្កើតក្រុមមួយបានដែលមានចក្ខុវិស័យរួមគ្នាឆ្ពោះទៅកាន់គោលដៅរួមតែមួយ។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំគំរូចេះកត់សម្គាល់ពីភាពខ្លាំងរបស់បុគ្គលម្នាក់ៗ ព្រមទាំងប្រគល់ភារកិច្ចទៅឲ្យពួកគេទៅតាមជំនាញដែលពួកគេមាន នៅពេលនោះអ្នកដឹកនាំអាចផ្ដោតទៅលើរូបភាពធំនៃគោលដៅ ហើយចាប់ផ្ដើមរៀបផែនការ ដែលគុណតម្លៃនេះហើយបានជំរុញឲ្យការខិតខំប្រឹងប្រែងរបស់ពួកគេឆាប់ទៅដល់គោលដៅបានសម្រេចនោះ៕

ដោយ៖ ស្រីពៅ  

X
5s