ហេតុផល​សំខាន់ៗ​៤​យ៉ាង​ ដែល​​​អ្នក​គួរ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​តូច​ៗ​



គំនិតនៃការធ្វើការឲ្យក្រុមហ៊ុនតូច ប្រហែលជាមានការខ្វែងគំនិតគ្នាសម្រាប់អ្នកដែលមើលឃើញប្រយោជន៍សំខាន់ធំៗជាច្រើនពីក្រុមហ៊ុនធំ។ មិនបដិសេធនោះឡើយ ការធ្វើការនៅក្រុមហ៊ុនធំ មានគុណប្រយោជន៍ធំៗជាច្រើនមិនថាជាការមានមុខមាត់កិត្តិយសខ្ពង់ខ្ពស់ដែលនាំឲ្យអ្នកទទួលបានការលើកសរសើរ និងឲ្យតម្លៃពីមនុស្សជុំវិញខ្លួន ប្រាក់បៀវត្សខ្ពស់សម្រាប់បំពេញតាមតម្រូវការប្រចាំថ្ងៃរបស់អ្នក និងឱកាសក្នុងការអភិវឌ្ឍខ្លួនឈានទៅរកចំណុចកំពូលក្នុងក្រុមហ៊ុន។

គុណប្រយោជន៍នៃការធ្វើការក្នុងក្រុមហ៊ុនធំៗប្រៀបបានទៅនឹងផ្ទាំងថ្មមួយដុំធំដែលអណ្ដែតនៅលើផ្ទៃទឹកយ៉ាងច្បាស់ក្រឡែត ចំណែកឯគុណប្រយោជន៍នៃការធ្វើការក្នុងក្រុមហ៊ុនតូចៗវិញប្រៀបបានទៅផ្ទាំងថ្មមួយមានទំហំធំមិនខុសពីផ្ទាំងថ្មដែលអណ្ដែតនៅលើផ្ទៃទឹកនោះឡើយ គ្រាន់តែវាកប់ជ្រៅទៅក្នុងផ្ទៃទឹក ត្រូវបានមនុស្សមួយចំនួនតូចប៉ុណ្ណោះមើលឃើញវា។ ចំណុចវិជ្ជមានពីការធ្វើការនៅក្រុមហ៊ុនតូច ផ្ដល់ជាបទពិសោធន៍ដ៏មានតម្លៃជាច្រើនមិនថាសម្រាប់ការងារ និងភាពរីកចម្រើនផ្ទាល់ខ្លួនអ្នកនោះឡើយ។ ៤ចំណុចខាងក្រោមនេះ នឹងបង្ហាញប្រាប់អ្នកបន្ថែមថាហេតុអ្វីអ្នកគួរងាកមកពិចារណាធ្វើការនៅក្រុមហ៊ុនតូចវិញ៖

១) អ្នកជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដទៃទៀតដែលសុទ្ធតែមានឱកាសបង្កើតការផ្លាស់ប្ដូរ៖ ដោយសារបុគ្គលិកធ្វើការនៅក្រុមហ៊ុនតូចជាទូទៅមានចំនួនតិចតួច ដែលមិនគួរឲ្យសង្ស័យនោះឡើយ ដែលការខិតខំប្រឹងប្រែងព្យាយាមរបស់អ្នកបំពេញនូវភារកិច្ចឲ្យសម្រេចបាននូវសមិទ្ធផលជោគជ័យនានាសម្រាប់ក្រុមហ៊ុន តែងត្រូវបានថ្នាក់លើ និងអ្នករួមការងារទាំងឡាយ កត់សម្គាល់ និងផ្ដល់តម្លៃ ហើយការបង្ហាញមុខរបស់អ្នកក្នុងក្រុមហ៊ុននឹងត្រូវបានថ្នាក់លើឲ្យតម្លៃជានិច្ច។ ម្យ៉ាងវិញទៀត ការបម្រើការនៅក្រុមហ៊ុនតូចទាំងនោះ គឺជាឱកាសសម្រាប់អ្នកក្នុងការប្រើប្រាស់នូវភាពច្នៃប្រឌិត និងគំនិតដ៏ឆ្លាតវៃរបស់អ្នកសម្រាប់ទាក់ទាញអតិថិជន និងបង្កើតការផ្លាស់ប្ដូរយ៉ាងវិជ្ជមានដល់ក្រុមហ៊ុនរបស់អ្នកផងដែរ។

២) បទពិសោធន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៖ សហគ្រាសតូចៗទាំងនោះភាគច្រើន តែងជួលបុគ្គលិកណាដែលមានសមត្ថភាពអាចបំពេញកិច្ចការបានច្រើនប្រភេទផ្សេងៗពីគ្នា ដែលនេះជាឱកាសដ៏ល្អបំផុតមួយសម្រាប់អ្នកចូលចិត្តបំពេញការងារច្រើនប្រភេទបែបនោះ ហើយការមានទំនួលខុសត្រូវបំពេញកិច្ចការច្រើនប្រភេទ នឹងជួយឲ្យអ្នកបានរីកចម្រើនយ៉ាងឆាប់រហ័ស ពង្រឹងនិងពង្រីកនូវជំនាញរបស់អ្នកបានជាទីគាប់ប្រសើរ។ អ្វីដែលរឹតតែមានតម្លៃជាងនេះទៅទៀត គឺក្រុមហ៊ុនតូចទាំងនោះ នឹងផ្ដល់ឱកាសដល់អ្នកក្នុងការរៀនសូត្រស្វែងយល់ថាតើ ក្រុមហ៊ុននោះដំណើរការណ៍ទៅមុខបានយ៉ាងដូចម្ដេច។

៣) ទំនាក់ទំនងជាមួយនឹងអតិថិជន៖ ការធ្វើទំនាក់ទំនងជាមួយអតិថិជននៅក្នុងក្រុមហ៊ុនតូចបានផ្ដល់ភាពងាយស្រួលជាច្រើនសម្រាប់អ្នក បើប្រៀបធៀបទៅនឹងក្រុមហ៊ុនធំ។ ហេតុនេះ ឱកាសសម្រាប់អ្នកក្នុងការអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការផ្ដល់សេវាកម្មដល់អតិថិជន និងជំនាញលក់ នឹងបើកឲ្យអ្នកយ៉ាងទូលំទូលាយ ហើយវាកាន់តែមិនអត់ប្រយោជន៍ទៅទៀត បើអ្នកមានក្ដីសុបិនចង់ក្លាយខ្លួនជាសហគ្រិនមួយរូបនាពេលអនាគត ព្រោះវាសុទ្ធតែជាជំនាញដែលទាមទារយ៉ាងចាំបាច់សម្រាប់ភាពជោគជ័យរបស់អាជីវកម្មមួយ។ ម្យ៉ាងទៀត តាមរយៈការយកចិត្តទុកដាក់ស្ដាប់អតិថិជនរបស់អ្នកពីបញ្ហាដែលពួកគេមានជាមួយផលិតផល ឬសេវាកម្មរបស់អ្នក និងការស្វែងរកដំណោះស្រាយដ៏សមស្របមួយសម្រាប់ពួកគេ នឹងធ្វើឲ្យក្រុមហ៊ុនបានមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួន និងបានកែតម្រូវជាប្រចាំ ជាលទ្ធផលក្រុមហ៊ុនទាំងមូលនឹងមានការរីកចម្រើនទៅមុខជាលំដាប់។

៤) អាជីវកម្មតូចៗជោគជ័យភាគច្រើនបង្កើតឡើងដោយបុគ្គលិករបស់សហគ្រាសធំពីមុន៖ ថ្វីដ្បិតតែ ក្រុមហ៊ុនតូចៗមួយចំនួនមានគ្រឹះរឹងមាំពីម្ចាស់អាជីវកម្មដែលពោរពេញដោយបទពិសោធន៍ពេញខ្លួនក៏ដោយ ក៏ភាគច្រើននៃក្រុមហ៊ុនតូចៗជោគជ័យទាំងនោះ ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិកដែលពោរពេញដោយគំនិតច្នៃប្រឌិតដែលធ្លាប់មានបទពិសោធន៍ធ្វើការនៅសហគ្រាសធំៗ និងដែលបានមើលឃើញពីចន្លោះប្រហោងជាចំណុចខ្វះខាតរបស់ក្រុមហ៊ុនធំៗទាំងនោះ និងមានគំនិតចង់កែតម្រូវវាដោយប្រើប្រាស់នូវយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីសម្រេចនូវភាពជោគជ័យចេញពីការច្នៃប្រឌិតរបស់ខ្លួន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.money.usnews.com

X
5s