ស្ថាបនិកក្រុមហ៊ុនHootsuite លោក Ryan Holmes៖ ពីអ្នកលក់ភីហ្សា និងអ្នកជូតកញ្ចក់ម្នាក់រហូតមានក្រុមហ៊ុនរាប់ពាន់លានដុល្លារកាន់កាប់ក្នុងដៃ
ចាប់ផ្ដើមពីដំណើរជីវិតដែលឆ្ពោះតម្រង់ទៅរកភាពជាសហគ្រិនមួយរូប ស្ថាបនិកក្រុមហ៊ុនHootsuite លោក Ryan Holmes ធ្លាប់ជាក្មេងធ្វើការជាអ្នកជូតកញ្ចក់ម្នាក់ ដើម្បីរកប្រាក់មកទំនុកបម្រុងបន្ថែមលើជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ នៅពេលលោកឈានចូលថ្នាក់អនុវិទ្យាល័យ លោកមានចំណង់ចំណូលចិត្តទៅលើហ្គេមកម្សាន្តម្យ៉ាងឈ្មោះថា paintball ហើយក៏បានកែប្រែវាឲ្យទៅជាជំនួញដែលអាចរកប្រាក់កម្រៃបាន ដោយបើកទីលានលេងល្បែង paintball ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ឈានដល់ការលក់ឧបករណ៍ល្បែងនេះ។
ទោះជាយ៉ាងណា មុខជំនួញនេះមិនបានធ្វើឲ្យលោកមានវត្តមានជាមួយវាបានយូរនោះឡើយ ព្រោះនៅពេលនោះ លោកត្រូវបន្តការសិក្សារបស់ខ្លួនក្នុងសាកលវិទ្យាល័យ ដែលមកដល់ត្រង់ដំណាក់កាលនេះនៃជីវិត លោកមានភាពស្ទាក់ស្ទើរសម្រាប់ទទួលយកការអប់រំបន្តក្នុងសាលា ក៏ដោយសារតែលោកមានជំនក់ចិត្តជាខ្លាំងក្នុងការធ្វើជំនួញតាំងតែពីនៅតូចម្ល៉េះ។ យ៉ាងណាមិញ ចុងក្រោយមហាសេដ្ឋីបច្ចុប្បន្នរបស់ក្រុមហ៊ុនHootsuite នេះ សម្រេចចិត្តចុះឈ្មោះចូលរៀនបន្តក្នុងសាកលវិទ្យាល័យផ្នែកពាណិជ្ជកម្ម ហើយលោកយល់ថា កំឡុងពេលនោះ គឺជាការធ្វើដំណើរទៅមុខក្នុងចលនាដ៏យឺតក្នុងជីវិតលោក ព្រោះអ្វីដែលសៀវភៅសេដ្ឋកិច្ចក្នុងឆ្នាំដំបូងរបស់លោកបង្រៀនលោក គឺជាអ្វីដែលបទពិសោធន៍ពោរពេញដោយការលំបាកតស៊ូរបស់លោកបានបង្រៀនលោករួចមកហើយដូចគ្នាដែរ។ ដោយមើលមិនឃើញពីភាពរីកចម្រើនរបស់ខ្លួនតទៅមុខក្នុងមជ្ឈដ្ឋានការអប់រំក្នុងសាលា បើទោះជាការសម្រេចចិត្តមួយបានបន្សល់ទុកនូវភាពមានកំហុសសម្រាប់រូបលោកនាពេលនោះក្ដី ក៏លោកបានសម្រេចចិត្តទម្លាក់ការសិក្សាចោលក្នុងរដូវក្ដៅមុនឆ្នាំបញ្ចប់មកដល់ រួចក៏ស្វែងរកការអប់រំបែបជម្រើសថ្មីមកជំនួសវិញ។ បន្ទាប់ពីបោះបង់ការសិក្សាចោលរួចមក គោលដៅបន្តរបស់សហគ្រិនជនជាតិកាណាដារូបនេះ គឺជាភោជនីយដ្ឋានលក់ភីហ្សា ដោយសម្លឹងមើលឃើញប្រាក់ចំណូលដែលរកបានយ៉ាងងាយស្រួលពីអាជីវកម្មនេះ និងណាមួយវាជាអាហារដែលលោកចូលចិត្តផងដែរ។ លោកបានចុះកិច្ចសន្យាលើដីជាកន្លែងអាជីវកម្មរបស់លោក រួមនឹងទិញសម្ភារនានា ជាមួយនឹងប័ណ្ណឥណទានដែលមានទឹកប្រាក់ចំនួន$២០,០០០។ កំឡុងពេលនៃការប្រឡូកខ្លួនចូលក្នុងស្ថានភាពដែលពោរពេញដោយហានិភ័យ និងការប្រថុយប្រថានខ្ពស់នេះ លោកបានរៀនសូត្រដើរតួជាអ្នកបញ្ជាទិញសម្ភារៈ អ្នកធ្វើនំភីហ្សា អ្នកគិតលុយ អ្នកជូតកម្រាលឥដ្ឋ និងអ្នកធ្វើទីផ្សារក្នុងពេលតែមួយជាមួយគ្នានេះផងដែរ។ ថ្នាក់បង្រៀនចំណេះដឹងជាសហគ្រិនរបស់លោកបែបនេះ បានធ្វើឲ្យលោកទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃសាកសមនឹងការលះបង់សញ្ញាប័ត្រអនុបណ្ឌិតនៅសាលា មានដូចជារៀនសូត្រពីការគិតរហ័សរហួនឆ្លើយតបភ្លាមៗចំពោះរាល់ស្ថានការណ៍កើតឡើង គ្រប់គ្រងនិងដោះស្រាយជាមួយបញ្ហាទាំងឡាយ និងយល់ដឹងពីភាពសំខាន់លើសលប់នៃការផ្ដល់សេវាកម្មល្អចំពោះអតិថិជន។ ក្រោយមកលោក Holmesចាប់ផ្ដើមសង្កេតដឹងថាគោលដៅក្នុងជីវិតរបស់លោក មិនបានបញ្ចប់ត្រឹមជាអ្នកលក់ភីហ្សាប៉ុណ្ណឹងទេ។
ដោយមានទឹកចិត្តស្រឡាញ់ និងធ្លាប់មានភាពជោគជ័យក្នុងផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតប្រជែងសរសេរប្រូក្រាមមួយកាលថ្នាក់ទី៥ ស្របពេលនឹងពិភពនៃបច្ចេកវិទ្យាគឺជាតម្រូវការដ៏ខានពុំបានរបស់មនុស្សលោកផងនោះ ស្ថាបនិកវ័យ៤៣ឆ្នាំនេះ ក៏បានលក់អាជីវកម្មភីហ្សារបស់លោក ហើយយកប្រាក់ដែលទទួលបានមក ទៅផ្លាស់ប្ដូរទីលំនៅពីតំបន់ជនបទមួយក្នុងប្រទេសកាណាដាទៅឯទីប្រជុំជនក្នុងទីក្រុងVancouverវិញ។ សម្លឹងឆ្ពោះទៅអនាគតជាមួយនឹងគោលដៅដ៏ប្រាកដប្រជាមួយ លោកបានបង្រៀនខ្លួនឯងនូវជំនាញសរសេរកូដ រួចក៏មានគំនិតបង្កើតភ្នាក់ងារមួយឡើង ដែលធ្វើការលើការរចនាគេហទំព័រវេបសាយ។ ដំណាក់កាលដំបូងបានបង្ហាញឲ្យឃើញជាសញ្ញានៃភាពយ៉ាប់យ៉ឺន ព្រោះតែសេដ្ឋកិច្ចនៃវិស័យបច្ចេកវិទ្យាមានភាពមិនទៀងទាត់ ម្ដងឡើងម្ដងចុះ ឯអ្នកវិនិយោគតែងព្យាយាមគេចចេញពីអាជីវកម្មថ្មីថ្មោង។ ប៉ុន្តែទឹកចិត្តតស៊ូជម្នះដ៏មោះមុតរបស់លោក បាននាំមកនូវការផ្លាស់ប្ដូរនូវពន្លឺថ្មីសម្រាប់ជោគវាសនាអាជីវកម្មរបស់លោក ហើយកំឡុងពេលនោះ ឥទ្ធិពលដ៏ខ្លាំងក្លានៃការចាប់កំណើតឡើងរបស់បណ្ដាញសង្គមយក្ស Facebook និង Twitter ផ្គួបផ្សំជាមួយគ្នាផងនោះ អាជីវកម្មរបស់លោក ក៏មានសន្ទុះរីកចម្រើនទៅមុខ ហើយក្រុមហ៊ុនបច្ចេកវិទ្យាHootsuiteក៏បានលេចឡើងជាបន្ត ជាមួយនឹងអ្នកប្រើប្រាស់ចំនួន១៥លាននាក់នាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានបង្កើតអង្គការសប្បុរសធម៌មួយមានឈ្មោះថាThe Next Big Thing ក្នុងគោលបំណងប្រមូលផ្ដុំនូវសហគ្រិនវ័យក្មេងទាំងឡាយមកជួបជុំគ្នា ផ្ដល់នូវការបង្វឹកបង្ហាត់ណែនាំ និងការគាំទ្រ ដោយមិនគិតពីប្រវត្តិនៃការសិក្សារបស់ពួកគេនោះឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cnbc