រឿង​ពិត​ ៥​យ៉ាង​របស់​មហាសេដ្ឋី​នី​​មាន​ប្រាក់រាប់ពាន់​លាន​ដំបូងរបស់ប្រទេសជប៉ុន លោកស្រី Yoshika Shinohara​



ស្ត្រី​ជនជាតិ​ជប៉ុន​មួយ​រូប​គឺ លោក​ស្រី  Yoshika Shinohara​បាន​ក្លាយ​ជា​មហាសេដ្ឋី​ស្ត្រី​ប្រាក់​រាប់​ពាន់​ដំបូង​របស់​ប្រទេស​ជប៉ុន និង​ជា​មហាសេដ្ឋី​ស្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហាសេដ្ឋី​ស្ត្រី​ប្រាក់​រាប់​ពាន់​តែ​២៦​រូប​របស់​អាសីុ។ លោកស្រី​គឺ​ជា​អ្នក​ផ្ដួចផ្ដើម​ភ្នាក់ងារ​បុគ្គលិក​បណ្ដោះអាសន្ន​មួយ​ឈ្មោះ Temp Holdings​ក្នុង​ឆ្នាំ១៩៧៣​ក្នុង​ទីក្រុង​នៃ​តូក្យូ ប្រទេស​ជប៉ុន ហើយ​ជំនួញ​ដែល​មាន​អាយុ​កាល​៤​ទសវត្ស​មក​ហើយ​នេះ​ទៀត​សោត បាន​នាំ​ភាព​ជោគជ័យ​ដ៏​លេចធ្លោ​សម្រាប់​ស្ត្រី​ជប៉ុន​វ័យ​៨២​ឆ្នាំ​រូប​នេះ ដោយ​បាន​ចាប់ផ្ដើម​ចេញ​ពី​ទីស្នាក់ការ​ដែល​គ្រាន់តែ​ជា​អាគារ​មាន​បន្ទប់​គេង​១​តែ​ប៉ុណ្ណោះ។

នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​លោកស្រី តើ​ភាព​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់ ព្រម​ជាមួយ​នឹង​ការ​លះបង់​អ្វី​ខ្លះ​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចំណោម​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ដទៃ​ទៀត​ទាំង​៥០​រូប​ក្នុង​ពិភព​ជំនួញ​ទាំង​សកលលោក​នេះ?

១) លោកស្រី​សុខ​ចិត្ត​លះបង់​អ្វី​ៗ​ចោល​ទាំងអស់

ដោយសារ​មហាសេដ្ឋី​ស្ត្រី​រូប​នេះ មិន​មាន​សេចក្ដី​ត្រេកត្រអាល​នឹង​ការងារ​ក្នុង​ប្រទេស​ជា​ដើម​កំណើត​របស់​ខ្លួន លោកស្រី​ក៏​បាន​ប្ដូរ​ទីលំនៅ​ទៅ​ឯ​អឺរ៉ុប​វិញ ហើយ​ក៏​ជា​ទីកន្លែង​នោះ​ដែរ​ដែល​នាំ​មក​ឲ្យ​លោកស្រី​នូវ​គំនិត​ជំនួញ​សម្រាប់​ការងារ​បណ្ដោះអាសន្ន​នា​ពេល​ក្រោយមក​ទៀត​នោះ។ នៅ​ពេល​ការ​ត្រឡប់​មក​វិញ​របស់​លោកស្រី Shinohara​នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧០ គឺ​ជា​កំឡុង​ពេល​នៃ​ការ​ចាប់កំណើត​ឡើង​នៃ​ភ្នាក់ងារ​បុគ្គលិក​បណ្ដោះអាសន្ន​របស់​លោកស្រី និង​កាន់តែ​ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​ប្រថុយប្រថាន​ដ៏​គ្រោះថ្នាក់​មួយ​ផង​ដែរ ព្រោះ​ថា​ការងារ​បណ្ដោះអាសន្ន​ក្នុង​កំឡុង​ពេល​នោះ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ស្រប​ច្បាប់​ក្នុង​តំបន់​អាសីុ​ឡើយ។ តែ​ទោះជាយ៉ាងណា លោកស្រី​មហាសេដ្ឋី​ក៏​នៅ​តែ​ដើរ​តាម​បេះដូង​ខ្លួនឯង និង​ប្រឈម​នឹង​ភាព​គ្រោះថ្នាក់​ទាំងនោះ​ជា​ដដែល។

២) លោកស្រី​មិន​ដែល​មាន​គោលបំណង​នឹង​ក្លាយ​ជា​មហាសេដ្ឋី​នោះ​ឡើយ

អ្វី​ដែល​គាត់​ធ្វើ គឺ​មិន​មែន​តម្រង់​ទៅ​រក​គោលដៅ​ក្លាយ​ជា​មហាសេដ្ឋី​ដូច​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ប៉ង​ប្រាថ្នា​នោះ​ឡើយ។ អ្វី​ដែល​លោកស្រី​ធ្វើ គឺ​ផ្ទុយទៅវិញ គឺ​ជា​ទឹកចិត្ត​នៃ​ការ​ចង់​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​តាមរយៈ​ជំនួញ​របស់​គាត់​នោះ​ទេ។

៣) លោកស្រី​បាន​ដាក់​សេចក្ដី​សុខ​របស់​ខ្លួន​មុន​ការ​រៀបការ

ក្រោយ​ពេល​លោកស្រី​បាន​កត់​សម្គាល់​ដឹង​ថា អ្នក​ដែល​លោកស្រី​រៀបការ​ជាមួយ​មិនមែន​ជា​មនុស្ស​ត្រឹមត្រូវ​ម្នាក់​សម្រាប់​គាត់ ដូច្នេះ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​របស់​គាត់​គឺ​ជា​ការ​លែងលះ និង​ជា​លទ្ធផល​នៃ​ការ​ខឹង​សម្បា​ពី​ម្ដាយ និង​បងប្រុស​របស់​លោកស្រី។ លើសពីនេះទៅទៀត អ្នក​ផ្ដួចផ្ដើម​ការងារ​បណ្ដោះអាសន្ន​រូប​នេះ ក៏​បាន​ធ្វើការ​សម្រេច​ចិត្ត​ចំពោះ​ផ្លូវ​ដើរ​បន្ត​របស់​ខ្លួន​ក្រោយ​ពី​ការ​លែងលះ ដែល​មិនមែន​ជា​អ្វី​ដែល​ស្ត្រី​ភាគច្រើន​របស់​ជប៉ុន​ធ្វើ​នោះ​ឡើយ ដែល​ជា​ស្ត្រី​មេផ្ទះ​មួយ​រូប។

៤) លោកស្រី​បាន​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ជប៉ុន​ដទៃ​ទៀត​ជា​ច្រើន​រូប

ទំនៀមទម្លាប់​នៃ​ការ​ធ្វើការ​បណ្ដើរ​មើល​ថែ​ទាំ​កូន​បណ្ដើរ​បាន​ចាក់​ដោត​ឫសគល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​នៃ​វប្បធម៌​របស់​ជនជាតិ​ជប៉ុន។ ក្រោយ​ពេល​ការ​រៀបការ ស្ត្រី​ជាទូទៅ មិន​ត្រូវ​បាន​គាំទ្រ​ឲ្យ​ត្រឡប់​ទៅ​បំពេញ​កិច្ចការ​របស់​ខ្លួន​វិញ​ឡើយ និង​បើ​មាន​ក៏​ជា​ឱកាស​តិចតួច​ដ៏​កម្រ​នោះ​ដែរ។ មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​គ្រប់​រូប​ដូច្នេះ​ហើយ ទើប​ក្រុមហ៊ុន​របស់​លោកស្រី​បង្កើត​ឡើង​ក្នុង​គោលបំណង​បើក​ឱកាស​យ៉ាង​ទូលំទូលាយ​ទទួល​យក​ស្ត្រី​រៀបការ​រួច​ចូល​មក​បំពេញ​ការងារ​វិញ។

៥) តែ​ការ​ជួល​បុគ្គលិក​ជា​បុរស​បាន​ជួយ​ដល់​ក្រុមហ៊ុន​របស់​លោកស្រី

ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ជួល​បុគ្គលិក ការ​លើកទឹកចិត្ត​ផ្ដល់​ឱកាស​ការងារ​ដល់​ស្ត្រី ស្ទើរ​តែ​បាន​ក្លាយ​ជា​តម្លៃ​និយម​របស់​ក្រុមហ៊ុន​លោកស្រី​ទៅ​ហើយ។ យ៉ាងណាមិញ ក្រោយ​ពី​ទទួល​នូវ​បទពិសោធន៍​នៃ​ការ​លក់​ធ្លាក់​ចុះ លោកស្រី​ក៏​ចាប់ផ្ដើម​មាន​គំនិត​ទទួល​យក​បុគ្គលិក​បុរស​មក​បញ្ចូល​ជាមួយ​គ្នា​វិញ ទើប​ពេល​នោះ​ក្រុមហ៊ុន Temp Holdings អាច​ឈរ​ទប់​លំនឹង​របស់​ខ្លួន​បាន​ជាប់​ដូច​ដើម​វិញ​បាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ entrepreneur

X
5s