មេរៀនដ៏មានតម្លៃ៣យ៉ាងពីស្ថាបនិកក្រុមហ៊ុនAmazon លោក Jeff Bezos ដែលអ្នកគួររៀនសូត្រ
មនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោកកំពុងតែទទួលបានប្រយោជន៍សម្រួលដល់ការទិញទំនិញរបស់ពួកគេ តាមរយៈការទិញទំនិញតាមអនឡាញរបស់ក្រុមហ៊ុនលក់រាយតាមអនឡាញដ៏ធំបំផុតរបស់អាមេរិក ដែលគ្រប់គ្នាស្គាល់ថា Amazon។ តើក្រុមហ៊ុនដែលបានចាប់កំណើតឡើងក្នុងឆ្នាំ១៩៩៤ មួយនេះ អាចឈរជើងបានយ៉ាងរឹងមាំក្នុងពិភពប្រកួតប្រជែងនៃការធ្វើជំនួញបានដោយមាននរណានៅពីក្រោយ ?
តើស្ថាបនិករបស់ក្រុមហ៊ុនដ៏ជោគជ័យរបស់អាមេរិកមួយនេះ មានកេរ្តិ៍មរតកមេរៀនជំនួញអ្វីខ្លះដែលអាចឲ្យយើងរៀនពីគាត់បាន ?
១) មានភាពចចេសរឹងរូស និងភាពបត់បែន៖ ដើម្បីឲ្យជំនួញមួយអាចឈានដល់ចំណុចកំពូលបាន អ្នកដឹកនាំដ៏ឈ្លាសវៃត្រូវបណ្ដុះនូវអត្តចរិតទាំង២នេះក្នុងខ្លួនឲ្យបាន គឺជាភាពចចេសរឹងរូស និងភាពបត់បែន។ បញ្ហាឋិតនៅត្រង់ថា ពេលខ្លះអ្នកមិនអាចបែងចែកដាច់បានទេថាតើពេលណាគួរមានភាពរឹងរូស ហើយពេលណាគួរមានភាពបត់បែន។ ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនAmazon លោក Jeff Bezos បានណែនាំថា អ្នកដឹកនាំល្អត្រូវប្រកាន់យកភាពចចេសរឹងរូសទៅលើចក្ខុវិស័យរបស់ខ្លួន ហើយត្រូវមានភាពបត់បែនទៅលើវិធីដោះស្រាយបញ្ហា ត្រូវមានភាពរហ័សរហួន និងឈ្លាសវៃក្នុងការមើលឃើញនូវដំណោះស្រាយច្រើនចំពោះបញ្ហាមួយនៅពេលវិធីដោះស្រាយបញ្ហាណាមួយមិនដំណើរការណ៍។
២) ការដកពិសោធន៍៖ ស្ថាបនិកក្រុមហ៊ុនAmazonវ័យ៥១ឆ្នាំរូបនេះ តែងឲ្យតម្លៃជាខ្លាំងចំពោះការដកពិសោធន៍គឺជាវប្បធម៌នៃក្រុមហ៊ុនរបស់លោក។ ការដកពិសោធន៍គឺជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកការលេចឡើងនូវការច្នៃប្រឌិតទាំងឡាយ និងជាមូលហេតុដែលជំរុញឲ្យអាជីវកម្មមួយអាចឈរជើងប្រកួតប្រជែងបានរឹងមាំ។ ការដកពិសោធន៍ទៀតសោត ត្រូវមានដំណើរការណ៍ទៅជានិរន្ត។ នៅពេលសមាជិកក្រុមការងារណាម្នាក់លើកឡើងពីគំនិតច្នៃប្រឌិតអ្វីមួយដែលទាមទារការដកពិសោធន៍ នោះអ្នកមិនត្រូវរួញរាចំពោះការសម្រេចចិត្តទៅលើដំណើរការណ៍នេះឡើយ បើទោះជាអ្នកមិនទទួលបានប្រយោជន៍អ្វីវិញក្នុងរយៈពេលខ្លីក៏ដោយ ដរាបណាវាតែងតែល្អសម្រាប់អតិថិជន នោះក្នុងរយៈពេលវែង វានឹងល្អសម្រាប់ក្រុមហ៊ុនអ្នកដូចគ្នា។ ម្យ៉ាងទៀត ត្រឹមតែការដកពិសោធន៍តែមួយមុខ មិនអាចគ្រប់គ្រាន់សម្រាប់ការច្នៃប្រឌិតដ៏លេចធ្លោមួយបានឡើយ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺជាឆន្ទៈក្នុងការដំណើរការណ៍គំនិតច្នៃប្រឌិតនោះឲ្យចេញជារូបរាងឡើង ទើបអាចធានានូវសមិទ្ធផលដ៏ល្អឯកសម្រាប់ក្រុមហ៊ុនអ្នកបាន។
៣) ក្រុមការងាររួមទស្សនវិស័យតែមួយ៖ សហគ្រិនក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិកមួយនេះ មានគោលការណ៍សម្រាប់ក្រុមការងាររបស់ខ្លួនប្រកបដោយភាពវាងវៃបំផុត។ លោកយល់ឃើញថា កាលណាចំនួនសមាជិកក្រុមការងារកើនឡើងកាន់តែច្រើន នោះប្រសិទ្ធភាពនៃការងារដែលអាចផលិតបាននឹងមានការថយចុះកាន់តែច្រើនដូចគ្នាដែរ។ កាន់តែគួរឲ្យចាប់អារម្មណ៍ចំពោះវិធីនៃការរៀបចំក្រុមការងាររបស់លោកទៅទៀតនោះ លោក Jeff Bezos ស្វែងរកតែបុគ្គលណាដែលមានDNAជាអ្នកដែលមានចិត្តពុះពោរក្នុងការខិតខំរិះរកគ្រប់មធ្យោបាយដើម្បីច្នៃប្រឌិតអភិវឌ្ឍផលិតផលឲ្យមានភាពប្រសើរជាងមុនជានិច្ច ជាបុគ្គលដែលមានភាពនាំមុខនិងជាអ្នករុករកការច្នៃប្រឌិតថ្មី នោះការធ្វើការជាមួយក្រុមការងារដែលមានគំនិតដូចគ្នាតែមួយចំពោះការច្នៃប្រឌិត នឹងបំផុសសក្ដានុពលក្រុមហ៊ុនឲ្យឈានមុខគេជាក់ជាមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ blog.kissmetrics