មេរៀនជីវិតសំខាន់ៗ៣យ៉ាងដែលអ្នកអាចរៀនសូត្រ​បានពីសត្វកវែង​



សត្វ​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ដែល​សម្គាល់​ពី​ភាព​ដាច់​ដោយ​ឡែក​របស់​វា​ខុស​ពី​សត្វ​ដទៃៗ​ទៀត រីឯ​សត្វ​ក​វែង​ក៏​មិន​ខុស​គ្នា​ដែរ។ កាលណា មនុស្ស​យើង​ម្នាក់ៗ​បើក​ចំហ​ចិត្ត​ទូលំទូលាយ រៀន​សូត្រ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ពួក​យើង​ក៏​ប្រាកដ​ជា​អាច​នឹង​រៀន​សូត្រ​ពី​ភាព​ជា​គំរូ​របស់​សត្វ​ផ្សេងៗ រួម​ទាំង​សត្វ​ក​វែង និង​បម្លែង​វា​ឲ្យ​ទៅ​ជា​មេរៀន​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​ដឹកនាំ ត្រួសត្រាយ​ផ្លូវ​អ្នក​ដើរ​ពី​ក្រោយ​អ្នក ឆ្ពោះ​ទៅ​រក​ជោគជ័យ​ដ៏​ត្រចះត្រចង់​រួម​គ្នា។ ខាងក្រោម​នេះ​គឺ​ជា​មេរៀន​នៃ​ភាព​ជា​អ្នកដឹកនាំ​៣​យ៉ាង ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​សត្វ​ក​វែង៖

១) សត្វ​ក​វែង​ដឹង​ថា​វា​ត្រូវ​បន្ធូរ​ដៃ​ក្នុង​ការ​គ្រប់គ្រង​ហ្វូង​របស់​ពួក​វា​ខ្លះ៖ មេដឹកនាំ​របស់​ហ្វូង​សត្វ​ក​វែង ក៏​ដឹង​ថា​វា​ត្រូវ​ការ​បន្ធូរដៃ​ពី​អំណាច​គ្រប់គ្រង​ទៅលើ​ហ្វូង​របស់​ពួក​វា​ដែរ។ ភាព​ជា​គំរូ​នេះ បើ​និយាយ​ចំពោះ​អ្នកដឹកនាំ​សមាជិក​ក្នុង​ក្រុម ត្រូវ​ចេះ​ចែក​រំលែក​តួនាទី និង​សិទ្ធិ​អំណាច​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​មាន​សមត្ថភាព​ដទៃ​មាន​ឱកាស​បញ្ចេញ​ថ្វីដៃ និង​សមត្ថភាព​ពិសេស​របស់​ខ្លួន​ផង​ដែរ។

២) សត្វ​ក​វែង​មិន​ភ័ន្តច្រឡំ​ទំហំ​ជាមួយ​នឹង​ភាព​ខ្លាំងក្លា​នោះ​ឡើយ៖ បើ​ទោះ​ជា​ទទួល​បាន​ប្រយោជន៍​ពី​អំណោយផល​ធម្មជាតិ​របស់​សត្វ​ក​វែង មាន​រូបរាង​ធំ​និង​ខ្ពស់​ក៏​ដោយ ក៏​វា​នៅតែ​ទទួល​ស្គាល់​នូវ​ដែន​កំណត់​ចំពោះ​ភាព​ខ្លាំងក្លា​របស់​វា​ដែរ។ អ្នកដឹកនាំ​ក៏​ត្រូវ​រៀន​សូត្រ​ពី​គំរូ​ដ៏​ល្អ​មួយ​នេះ​ពី​សត្វ​ក​វែង​ដែរ។ អ្នក​ត្រូវ​ចាំ​ថា សម្បក​ខាងក្រៅ​របស់​មនុស្ស មិន​អាច​កំណត់​ពី​ឆន្ទៈ និង​ទេពកោសល្យ​ពិត​ប្រាកដ​របស់​បុគ្គល​នោះ​បាន​ឡើយ។ ដូច្នេះ អ្នក​មិន​ត្រូវ​វាយតម្លៃ​មនុស្ស​ណា​ម្នាក់​ដោយ​ផ្អែក​លើ​សម្បក​ខាងក្រៅ​របស់​ពួក​គេ និង​ត្រូវ​អោន​លំទោន​ឲ្យ​តម្លៃ​ទៅលើ​មនុស្ស​គ្រប់​គ្នា​ជានិច្ច។

៣) សត្វ​ក​វែង​តែងតែ​បន្ត​ស្វែងរក​ធនធាន​ជានិច្ច៖ ពួក​វា​ធ្វើ​បម្លាស់ទី​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ក្នុង​ការ​ស្វែងរក​ធនធាន​សម្រាប់​ការ​លូតលាស់​ធំធាត់​របស់​ហ្វូង​វា និង​មិន​ទ្រមក់​រង់ចាំ​ឲ្យ​ស្ថានភាព​ខ្វះ​ធនធាន​នៅ​ទីលំនៅ​បច្ចុប្បន្ន​របស់​វា​ផ្លាស់ប្ដូរ​សម្រាប់​ពួក​វា​នោះ​ឡើយ។ អ្នកដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ក៏​ត្រូវ​ប្រកាន់​យក​គោលការណ៍​ដឹកនាំ​បែប​នោះ​ដែរ។ គ្រាន់តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ផ្លាស់ប្ដូរ​របស់​ស្ថានភាព ពិត​ជា​មិន​អាច​កែប្រែ​អ្វី​ឲ្យ​ប្រសើរ​ឡើង​បាន​ឡើយ លុះត្រាណាតែ​អ្នក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ផ្លាស់ប្ដូរ​របស់​ខ្លួន​ទៅលើ​ស្ថានភាព​ជា​បញ្ហា​នោះ និង​មាន​ស្មារតី​ធ្វើ​ការ​ផ្លាស់ប្ដូរ​វា​ដោយ​ខ្លួនឯង ទើប​អ្នក​អាច​បោះ​ជំហាន​ឈាន​ដល់​ដំណាក់កាល​រីកចម្រើន​មួយ​ទៀត​បាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s