​បើ​គិត​ថា​ខ្លួន​ខ្សោយ​ខាង​​ជំនាញ​​ទំនាក់ទំនង ​កុំ​ភ្លេច​​បង្វឹក​ខ្លួន​ឲ្យ​ខ្លាំង​​​ជាមួយ​ចំណុច​ទាំង​ ៤​ នេះ​​!​



ជំនាញ់ទំនាក់ទំនង គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះ​អ្នក​តែ​ម្នាក់​ឯង​ពិត​ជា​មិន​អាច​សម្រេច​គោលដៅ​អ្វី​មួយ​ឲ្យ​បាន​ជោគជ័យ​តាម​ចិត្ត​ប្រាថ្នា​នោះ​ឡើយ។ បុគ្គល​ម្នាក់ៗ​មាន​ចំណុច​លេចធ្លោ​ពិសេស​ដែល​ជា​សក្ដានុពល​របស់​ពួកគេ​រៀងៗ​ខ្លួន។ បុគ្គល​ម្នាក់ៗ​ក៏​មិន​អាច​មាន​ចំណេះ​និង​ជំនាញ​ទៅលើ​គ្រប់​ផ្នែក​ឲ្យ​បាន​សព្វ​គ្រប់​នោះ​ដែរ។

ហេតុផល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សំខាន់​នៃ​ការ​រួម​សហការ​គ្នា​ជាមួយ​មនុស្ស​នៅ​ក្នុង​សង្គម ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោលដៅ​ដូច​គ្នា​មួយ។ សុភាសិត​របស់​ខ្មែរ​បុរាណ​យើង​ក៏​បាន​ពោល​ដែរ​ថា "ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់"។ យ៉ាងណាមិញ ដោយសារ​ភាព​ខុសគ្នា​ទាំង​ស្ថានភាព​រស់នៅ​របស់​បុគ្គល ទាំង​វប្បធម៌​របស់​ប្រទេស​និង​ទី​កំណើត ជាពិសេស​គឺ​ការ​គិត​នោះ​តែ​ម្ដង បាន​ធ្វើឲ្យ​ការ​រួម​សហការ​គ្នា​អាច​ក្លាយ​ជា​រនាំង​ឧបសគ្គ​ដ៏​ពិបាក​មួយ។ ដូច្នេះ ដើម្បី​ស្ថាបនា​នូវ​ការ​រួម​សហការ​ដែល​ផ្ដល់​ផ្លែផ្កា​មួយ​បាន តើ​អ្នក​ត្រូវ​ហ្វឹកហាត់​ខ្លួនឯង​នូវ​ចំណុច​អ្វី​ខ្លះ ?

១) ដឹង​ឲ្យ​ច្បាស់​ជា​មុន​ពី​អ្វី​ដោយ​ខ្លួន​ចង់​និយាយ

ត្រង់​ចំណុច​នេះ​គឺ​ចង់​សំដៅ​ទៅលើ​សំណួរ​ថា តើ​អ្វី​ជា​គោលដៅ​នៃ​ការ​រួម​សហការ​របស់​អ្នក​ជាមួយ​បុគ្គល​ម្នាក់​នោះ ? ទាល់តែ​អ្នក​ខ្លួនឯង​ជា​បុគ្គល​ដែល​ចង់​បង្កើត​ចំណង​ទំនាក់ទំនង​សហការ​គ្នា យល់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ជាមុន​សិន​ទើប​អ្នក​អាច​ពន្យល់​ឲ្យ​អ្នកដទៃ​យល់​ពី​គោលដៅ​របស់​អ្នក​បាន។ ចំណុច​សំខាន់​មួយ​ទៀត គឺ​អ្នក​ត្រូវ​ដឹង​ថា តើ​បុគ្គល​ដែល​អ្នក​នឹង​សហការ​ជាមួយ​ជា​នរណា ដូចជា​ព័ត៌មាន​ពី​អាយុ និង​តួនាទី ដើម្បី​សម្រប​ទៅ​តាម​កាលៈទេសៈ​នៃ​ការ​សហការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។ 

២) តើ​អ្នក​នឹង​និយាយ​របៀប​ណា ? 

ពេល​ខ្លះ បើ​ទោះបី​ជា​បុគ្គល​ដែល​អ្នក​ធ្វើ​ទំនាក់ទំនង​ជាមួយ​នោះ ជា​ប្រភេទ​មនុស្ស​ពិបាក​ផ្គាប់​ចិត្ត​និង​ចុះ​សម្រុង​ជាមួយ​ក៏​ដោយ ប្រសិន​ជា​អ្នក​អាច​និយាយ​ពី​គោលដៅ​របស់​ខ្លួន​បាន​ល្អ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ភាគី​ម្ខាងទៀត​ក្នុង​ការ​យល់ ព្រម​ជាមួយ​នឹង​ឥរិយាបថ​សមរម្យ​ក្នុង​ការ​និយាយ​ស្ដី ជា​មនុស្ស​ស្គាល់​កាលៈទេសៈ ចេះ​ដឹង​ចាស់ទុំ ចេះ​គោរព​អោនលំទោន​អ្នកដទៃ នោះ​ភាព​រម្យទម​ទាំងនេះ​នឹង​បន្ទន់​ចិត្ត​ពួកគេ បង្ក​ជា​ភាព​រលូន​សម្រាប់​ការ​រួម​សហការ​រវាង​អ្នក​និង​គេ។

៣) ការ​ស្ដាប់

ការ​ស្ដាប់ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​អាច​ធ្វើ​បាន​នោះ​ទេ។ បើ​គ្រាន់តែ​ធ្វើ​ពុត​ជា​ស្ដាប់​ដៃគូ ដើម្បី​ឲ្យ​ពួកគេ​បញ្ចប់​ការ​លើកឡើង​ពី​គំនិត​របស់​ខ្លួន នឹង​អាល​ខ្លួនឯង​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​វិញ នោះ​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ដែរ ហើយ​ក៏​មិនមែន​ដោយសារ​តែ​ភាគី​ម្នាក់ៗ​មិន​ឲ្យ​តម្លៃ​លើ​ការ​ស្ដាប់​នោះ​ដែរ ដែល​នាំ​ឲ្យ​វា​ជា​ឫសគល់​នៃ​ការ​បរាជ័យ​នៃ​ការ​សហការ​មួយ​ចំនួន។ នៅ​ពេល​អ្នក​ស្ដាប់​ដៃគូ អ្នក​ត្រូវ​ប្រាកដ​ថា​ពួកគេ​ចង់​បាន​អ្វី បញ្ហា​អ្វី​ដែល​ពួកគេ​មាន​ក្នុង​ការ​យល់ព្រម​តាម​សំណើ​របស់​អ្នក បន្ទាប់​មក​ត្រូវ​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​នោះ។ 

៤) ការ​ព្រមព្រៀង​គ្នា

ដំណាក់កាល​មួយ​នេះ ពិតជា​សំខាន់​ណាស់ ជាពិសេស​ចំពោះ​អនាគត​នៃ​សម្ពន្ធភាព​របស់​អ្នក។ បើ​ឆ្លងកាត់​ដំណាក់កាល​ពី​ខាងលើ​មក​ហើយ អ្នក​និង​ដៃគូ​នៅ​តែ​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​បាន​ទៀត អ្នក​មិន​គួរ​បង្ខំ​ទទួល​យក​ការ​ព្រមព្រៀង​នោះ​ទេ។ ទោះជាយ៉ាងណា អ្នក​និង​ភាគី​ម្ខាង​ទៀត​នៅ​តែ​អាច​មាន​ឱកាស​ក្រោយ​សម្រាប់​រួម​សហការ​គ្នា​បាន បើ​មិន​ដូច្នោះ​ទេ សម្ពន្ធភាព​របស់​អ្នក​នឹង​មាន​ភាព​រកាំរកូស​ក្នុង​រយៈពេល​វែង បើ​អ្នក​នៅ​តែ​ចចេស​ព្រមព្រៀង ស្រប​ពេល​ដែល​ភាគី​ទាំង​សង​ខាង​មិន​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.essentiallifeskills.net

X
5s