តើអ្វីខ្លះដែលអ្នកត្រូវប្រាកដចិត្ត មុនពេលបើកអាជីវកម្មហាងកាហ្វេមួយ ?​



អាជីវកម្ម​បើក​ហាង​កាហ្វេ បាន​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ជុំវិញ​សកលលោក មិន​ថា​តែ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ប្រទេស​កម្ពុជា​យើង​ក្ដី។ វា​ជា​ប្រភេទ​អាជីវកម្ម​មួយ​ដែល​មនុស្ស​ជា​ច្រើន​យល់ឃើញ​ថា​ងាយស្រួល​រក​ប្រាក់​ចំណូល និង​ទាមទារ​នូវ​ជំនាញ​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ​សម្រាប់​ទ្រទ្រង់​មុខ​ជំនួញ​ប្រភេទ​នេះ​ឲ្យ​ឈរ​ជើង​ជាប់​បាន​យូរ។ យ៉ាងណាមិញ ភាព​ងាយស្រួល​ដែល​ពួកគេ​កំពុង​ផ្ដេកផ្ដួល​មាន​ផ្នត់គំនិត​ទៅលើ​អាជីវកម្ម​ហាង​កាហ្វេ​នេះ និង​ភាព​ជាក់ស្ដែង​នៃ​ការ​ប្រកួតប្រជែង​នៃ​អាជីវកម្ម​ប្រភេទ​នេះ នឹង​ធ្វើឲ្យ​ពួកគេ​ចាប់ផ្ដើម​ស្ទាក់ស្ទើរ​និង​គិត​សារ​ជាថ្មី ក្រោយ​ពេល​ពួកគេ​កំពុង​ស្ថិត​នៅ​កណ្ដាល​មហាសមុទ្រ​នៃ​ការ​ធ្វើ​អាជីវកម្ម​មួយ​នេះ។

ប្រសិន​ជា​អ្នក​ពិត​ជា​មាន​គោលដៅ​ច្បាស់លាស់​ថា​នឹង​បង្កើត​អាជីវកម្ម​ហាង​កាហ្វេ​នេះ​មែន ចំណុច​សំខាន់ៗ​មួយ​ចំនួន​ខាងក្រោម​នេះ គួរ​តែ​ជា​ភាព​ចាំបាច់​ដែល​អ្នក​ត្រូវ​ប្រាកដ​ជាមួយ​ខ្លួនឯង​ថា​នឹង​ពុះពារ​ឆ្លងកាត់​ឲ្យ​បាន​ជាមុន​សិន។

១) មមាញឹក​រហូត​ស្ទើរ​ដក​ឃ្លា​មិន​រួច

មុន​ពេល​ចង់​បើក​អាជីវកម្ម​ហាង​កាហ្វេ​នេះ​ឡើង តើ​អ្នក​ប្រាកដ​ទេ​ថា អ្នក​នឹង​មាន​ពេល​គ្រប់គ្រាន់​បូជា​សម្រាប់​ដំណើរការណ៍​វា​ឲ្យ​បាន​រលូន​ទៅ​មុខ ? មាន​កិច្ចការ​កំប៉ិកកំប៉ុក​ជា​ច្រើន​នៅ​ក្នុង​ហាង​ដែល​តួនាទី​អ្នក​ជា​ម្ចាស់​ហាង​ត្រូវ​ធ្វើ ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​គិត​ដល់។ ដោយសារ​អាជីវកម្ម​ហាង​កាហ្វេ​នេះ ត្រូវ​ជួល​បុគ្គលិក​មក​រត់​តុ បម្រើ​និង​ទទួល​ភ្ញៀវ និង​ឆុង​កាហ្វេ ឬ​លាង​សម្អាត​ជា​ដើម ការងារ​ទាំងនេះ​មិន​ងាយ​នឹង​មាន​នរណា​មាន​កម្លាំង​ចិត្ត​ចង់​ធ្វើ​វា​យូរ​នោះ​ទេ ដូច្នេះ​អ្នក​មិន​គួរ​រំពឹង​រក​បុគ្គលិក​ល្អៗ​មក​ធ្វើការ​ឲ្យ​អ្នក​បាន​យូរ​នោះ​ឡើយ។ ហេតុនេះ អ្នក​មិន​ត្រូវ​ប្រកាន់​ខ្លួន​ជា​ម្ចាស់​ហាង មិន​ដាក់​ខ្លួន​ជា​បុគ្គលិក បដិសេធ​មិន​ធ្វើ​ការងារ​ទាំងនោះ​ពេល​ខ្វះខាត​បុគ្គលិក​នោះ​ទេ និង​ថែមទាំង​ត្រូវ​មាន​ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ហាង​ពេញ​មួយ​ថ្ងៃ​ទៀត​ផង។

២) មាន​ភាព​លេចធ្លោ​ប្លែក​ពី​គូ​ប្រជែង

អាជីវកម្ម​ហាង​កាហ្វេ​មាន​ច្រើន​ស្អេកស្កះ​បែប​នេះ បើ​អ្នក​មិន​មាន​ចំណុច​លេចធ្លោ​ពិសេស​អ្វី​សម្រាប់​បង្ហាញ​អតិថិជន​ពី​ហាង​របស់​អ្នក​ទេ នោះ​វា​ពិតជា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​ទប់​លំនឹង​ខ្លួន​មិន​ឲ្យ​លិចលង់​ទៅ​ក្នុង​មហាសមុទ្រ​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​ខ្លាំងក្លា​នេះ​ណាស់។ ដូច្នេះ​វា​ទាមទារ​ឲ្យ​អ្នក​ចេះ​ធ្វើការ​ស្រាវជ្រាវ​ជាមុន​នូវ​រសជាតិ​បែប​ណា គ្រឿងផ្សំ​ពិសេស​បែប​ណា ដែល​នឹង​ទាក់ទាញ​អតិថិជន ដែល​មាន​លើស​ពី​ការ​តុបតែង​និង​រចនា​ហាង​ដែល​សហគ្រិន​ថ្មីថ្មោង​ភាគច្រើន​ផ្ដោត​ទៅលើ​យ៉ាង​ខ្លាំង​នោះ។

៣) ធ្វើការ​ជាមួយ​ពំនូក​នៃ​ឯកសារ​ការងារ​និង​ឯកសារ​គ្រប់គ្រង​ហាង

ជា​រៀងរាល់​ថ្ងៃ អ្នក​ត្រូវ​ដោះស្រាយ​ជាមួយ​បញ្ជី​ទំនិញ​និង​គ្រឿងផ្សំ ប្រាក់ខែ​បុគ្គលិក បញ្ជី​ចំណូល​ចំណាយ និង​កិច្ចការ​កំប៉ិកកំប៉ុក​ផ្សេង​ទៀត​ជា​ច្រើន​យ៉ាង ដែល​ចំពោះ​អ្នក​មិន​សូវ​មាន​ចំណង់​ចំណូល​ចិត្ត​ធ្វើការ​ជាមួយ​ពំនូក​ក្រដាស​ដ៏​ស្មុគស្មាញ​ទាំងនេះ​ទេ អ្នក​គួរ​គិតគូរ​សារ​ជា​ថ្មី​ពី​ការ​បើក​ហាង​កាហ្វេ​នេះ​ហើយ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.ladyironchef.com

X
5s