ភាព​ខុស​គ្នា​៤​យ៉ាង​ រវាង​ ​អ្នក​ដឹកនាំ ​​(Leader) ​និង ​អ្នក​គ្រប់គ្រង​ (Manager)​



ការ​ទទួល​បាន​សិទ្ធិ​អំណាច​ត្រួតត្រា​ទៅលើ​មនុស្ស​ជាច្រើន​នាក់ នៅ​ក្រោម​ការ​បង្គាប់បញ្ជា​របស់​អ្នក មិន​ប្រាកដ​ថា​អ្នក​បាន​ក្លាយ​ជា​អ្នកដឹកនាំ​របស់​ពួកគេ​នោះ​ទេ។ ពំនោល​មួយ​បាន​ពោល​ថា "តួនាទី​របស់​អ្នក​ផ្ដល់​អ្នក​នូវ​សិទ្ធិ​អំណាច ប៉ុន្តែ​សកម្មភាព​របស់​អ្នក​ទៅវិញ​ទេ​ទើប​ធ្វើឲ្យ​អ្នក​ទទួល​បាន​ការ​គោរព"។

មាន​ថ្នាក់លើ​មិន​តិច​នាក់​នោះ​ទេ ដែល​យល់​ច្រឡំ​រវាង​អត្ថន័យ​នៃ​តួនាទី​ទាំងពីរ​នេះ។ នៅ​ពេល​ពួកគេ​យល់​មិន​ច្បាស់​ពី​អត្ថន័យ​ទាំងពីរ​នេះ​ហើយ វា​ក៏​នឹង​មាន​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​ពួកគេ ដែល​ធ្វើឲ្យ​ពួកគេ​ឃ្លាត​ឆ្ងាយ​ពី​ភាព​ជា​អ្នកដឹកនាំ​ដ៏​ត្រឹមត្រូវ​ដែរ។ តើ​អ្វី​ខ្លះ​ជា​ភាព​ខុសគ្នា​ដ៏​ចម្បងៗ​រវាង​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ?

១) អ្នកដឹកនាំ​នឹង​គូសវាស​រូបភាព​នៃ​ទស្សនវិស័យ រីឯ​អ្នកគ្រប់គ្រង​នឹង​ដាក់​ចេញ​នូវ​គោលដៅ៖ អ្នកដឹកនាំ​ជា​អ្នក​ស្ថាបនា ជា​អ្នក​ផ្ដួចផ្ដើម​គំនិត នឹក​គិត​ស្រមៃ​និង​គូសវាស​រូបភាព​នៃ​ទស្សនវិស័យ​របស់​ពួកគេ​បាន​យ៉ាង​ច្បាស់លាស់។ នៅ​ពេល​ពួកគេ​មើល​ឃើញ​រូបភាព​នោះ​បាន​ច្បាស់​ខ្លួនឯង​ហើយ ពួកគេ​នឹង​បំផុស​អ្នក​ក្រោម​បង្គាប់​ខ្លួន​ឲ្យ​មើល​ឃើញ​រូបភាព​នោះ​ដូច​ពួកគេ​ដែរ។ អ្នកដឹកនាំ​មើល​ឃើញ​និង​ជឿជាក់​ទៅលើ​សក្ដានុពល​របស់​កូនចៅ​ពួកគេ​គ្រប់ៗ​គ្នា រួច​ពួកគេ​នឹង​លើក​ទឹកចិត្ត​អ្នក​ទាំងនោះ​ឲ្យ​ពួត​ដៃ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ទស្សនវិស័យ​បាន​សម្រេច។ យ៉ាងណាមិញ អ្នកគ្រប់គ្រង​នឹង​ប្រាប់​អ្នក​ពី​គោលដៅ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល​ខ្លី​ជាក់លាក់​ណាមួយ និង​ត្រួតត្រា​ទៅលើ​ដំណើរការណ៍​និង​លទ្ធផល​ការងារ​របស់​អ្នក ដោយ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​តាម​វិធី​នេះ​ឬ​វិធី​នោះ ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​តាម​ស្តង់ដារ​កំណត់​របស់​ការងារ​នីមួយៗ។

២) អ្នកដឹកនាំ​នឹង​ចេញ​ទៅ​ប្រថុយ​នឹង​គ្រោះថ្នាក់ រីឯ​អ្នកគ្រប់គ្រង​នឹង​គ្រប់គ្រង​លើ​គ្រោះថ្នាក់៖ គំនិត​ច្នៃប្រឌិត​សម្លឹង​ឆ្ពោះ​ទៅ​ឆ្ងាយ មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​ដ៏​ល្អ​អស្ចារ្យ​នៅ​ខាង​មុខ គឺជា​គុណសម្បត្តិ​របស់​អ្នកដឹកនាំ​ល្អ​គ្រប់​រូប ដែល​ធ្វើឲ្យ​អ្នកដឹកនាំ​ខុស​គ្នា​ពី​អ្នក​គ្រប់គ្រង។ លក្ខណៈ​នៃ​ភាព​ជា​អ្នកដឹកនាំ​មិន​ងាប់​ក្រឡា​ដូច​នឹង​លក្ខណៈ​នៃ​ការ​គ្រប់គ្រង ដែល​តែងតែ​ដើរ​តាម​ប្រព័ន្ធ​កំណត់​របស់​ការងារ​តាំង​ពី​ដើម​មក​នោះ​ទេ។ ចំពោះ​អ្នកដឹកនាំ​បើ​ទោះ​ជា​ពួកគេ​ដឹង​ថា​ការ​ផ្លាស់ប្ដូរ​ជា​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ និង​ទទួល​ការ​បរាជ័យ​មក​វិញ​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​សម្លឹង​ទៅលើ​ការ​បរាជ័យ​ទាំងនោះ​ក្នុង​ផ្លូវ​វិជ្ជមាន ជា​អ្វី​ដែល​ត្រូវ​រៀន​សូត្រ កែ​តម្រូវ​និង​អភិវឌ្ឍ​ជានិច្ច។ ចំណែក​អ្នកគ្រប់គ្រង​គ្រាន់តែ​កែ​សម្រួល​វិធីសាស្ត្រ​ប្រតិបត្តិ​ការងារ​ដែល​មាន​រួច​ហើយ ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​តែ​ប៉ុណ្ណោះ។

៣) ភាព​ជា​អ្នកដឹកនាំ​បង្កើត​ឲ្យ​ពួកគេ​នូវ​អ្នក​គាំទ្រ រីឯ​អ្នក​គ្រប់គ្រង​មាន​ត្រឹមតែ​បុគ្គលិក​ប៉ុណ្ណោះ៖ ភាព​ជា​អ្នកដឹកនាំ​ដែល​តែង​ចំណាយ​ពេល​មើល​ថែទាំ​កូនចៅ​ខ្លួន ដូច​ទៅ​នឹង​សមាជិក​គ្រួសារ ផ្ដល់​ឱកាស​និង​គិតគូរ​ពី​ភាព​រីកចម្រើន​របស់​ពួកគេ លើក​ទឹកចិត្ត​នៅ​រាល់​ការ​លំបាក​ដែល​ពួកគេ​ជួប​ប្រទះ​នៅ​លើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទស្សនវិស័យ​រួម​គ្នា ដែល​តម្លៃ​មាន​បង្កប់​ក្នុង​អ្នកដឹកនាំ​នេះ នឹង​ធ្វើឲ្យ​អ្នក​ក្រោម​បង្គាប់​ក្លាយ​ជា​អ្នក​គាំទ្រ ប្រឹងប្រែង​ជួយ​ពួកគេ​ឲ្យ​សម្រេច​នូវ​ទស្សនវិស័យ​នោះ។ ប៉ុន្តែ​អ្នកគ្រប់គ្រង​នឹង​មិន​ខ្វល់​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ផ្ដោត​ទៅលើ​លទ្ធផល​ការងារ​កូនចៅ បង្គាប់បញ្ជា​ពួកគេ​ឲ្យ​សម្រេច​នូវ​លទ្ធផល​ទៅ​តាម​ការ​រំពឹង​ទុក​របស់​ខ្លួន៕

ប្រែសម្រួល៖​ ស្រីពៅ ប្រភព៖ www.forbes.com

X
5s