កូរ៉េខាងជើងហាក់តាំងខ្លួនជាបងធំនុយក្លេអ៊ែរ ចុះស្ថានភាពសេដ្ឋកិច្ច និង ជីវភាពប្រជាជនវិញ?
កូរ៉េខាងជើង បាននឹងកំពុងព្យាយាមស្រាវជ្រាវ និងផលិតអាវុធជាច្រើន ជាពិសេសអាវុធនុយក្លេអ៊ែរ និង បានតេស្តសាកល្បងជាហូរហែ ក្នុងន័យដើម្បីប្រាប់ទៅកាន់ពិភពលោក ជាពិសេសបងប្អូនបង្កើតរបស់ខ្លួន គឺកូរ៉េខាងត្បូងថា ខ្លួនខ្លាំង។ ក្នុងបរិបទវិស័យការពារជាតិ គឺកូរ៉េខាងជើងមិនអន់នោះឡើយ ប៉ុន្តែតើប្រជាជនវិញ បានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដូចការស្រាវជ្រាវផលិតអាវុធដែរឬទេ?
កូរ៉េខាងជើង ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាប្រទេសផ្ដាច់ការ និង ឯកោនិយម ដែលមិនមានទំនាក់ទំនងច្រើនជាមួយប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិនោះទេ ហើយរដ្ឋាភិបាលប្រទេសនេះ គឺព្យាយាមពង្រឹងខ្លាំងតែលើវិស័យការពារជាតិប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ភាពតាងតឹងកំពុងកើតឡើងជាថ្មី ក្រោមរដ្ឋបាលថ្មីរបស់អាមេរិក គឺលោក ដូណាល់ ត្រាំ ដល់ថ្នាក់មានមនុស្សជាច្រើនកំពុងភ័យក្រែងសង្គ្រាមលោកលើកទី៣នឹងផ្ទុះឡើង ដោយសារតែម្នាក់ៗ (ទាំងអាមេរិក និង កូរ៉េខាងជើង) ហាក់បង្អួតតែចុងកាណុងរបស់ខ្លួន។ ហើយកាលពីម្សិលមិញនេះ កូរ៉េខាងជើងគឺរឹតតែផ្គើនជាមួយអាមេរិកទៀត ដោយបានបាញ់សាកល្បងមីស៊ីល ប៉ុន្តែមិនជោគជ័យ។ ស្ថានភាពហាក់ធូរស្បើយបន្តិចវិញ ក្រោយអាមេរិកបាននិយាយថា មិនបាច់តបតអ្វីវិញទេ ព្រោះការបាញ់មីស៊ីលនោះមិនទទួលបានជោគជ័យអ្វីឡើយ។
ងាកមកនិយាយអំពីស្ថានភាពសេដ្ឋកិច្ចរបស់កូរ៉េខាងជើងវិញម្ដង ថាតើរដ្ឋាភិបាលក្រោមការដឹកនាំរបស់ត្រកូល គីម បានជួយអ្វីខ្លះជីវភាពប្រជាជន។ ជាទូទៅ ព័ត៌មានសំខាន់ៗជាច្រើនត្រូវបានរដ្ឋាភិបាលបិទ និង គ្រប់គ្រងយ៉ាងតឹងរ៉ឹង រួមមានទាំងរបាយការណ៍សេដ្ឋកិច្ច និង ស្ថិតិសំខាន់ៗក្នុងវិស័យផ្សេងៗក្នុងប្រទេស។ដូច្នេះហើយ វាពិតជាមានការលំបាកក្នុងការដឹងឲ្យច្បាស់អំពីដំណើរការសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។
យ៉ាងណាក៏ដោយ គេនៅតែអាចដឹងបានខ្លះៗរបស់រយៈការស្រាវជ្រាវ និង វាយតម្លៃរបស់អង្គការអន្តរជាតិសំខាន់ៗ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១១ បានវាយតម្លៃថា ចំណូលរបស់ប្រជាជនកូរ៉េខាងជើងគិតជាមធ្យម គឺ៥០៦ដុល្លារ ហើយបើធៀបនឹងឆ្នាំដូចគ្នាទៅនឹងប្រទេសកូរ៉េខាងត្បូងវិញ គឺខុសគ្នាដាច់ ព្រោះកូរ៉េខាងត្បូងមានចំណូលគិតជាមធ្យមប្រមាណ៣១ ៧០០ដុល្លារអាមេរិក។ ដោយព័ត៌មាន និង បណ្ដាញផ្សព្វផ្សាយទាំងអស់ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋាភិបាលកូរ៉េខាងជើង ដូច្នេះហើយប្រជាជនប្រទេសនេះគឺមិនបានដឹងអ្វីច្រើនអំពីការរីកចម្រើននៃសកលភាវូបនីយកម្មនោះឡើយ ហើយគិតថា ខ្លួនប្រហែលជាគ្រាន់តែជាងប្រទេសដទៃទៅទៀត ជាពិសេសគ្រាន់បើជាងកូរ៉េខាងត្បូងតែម្ដង។
បើយោងតាមការវាយតម្លៃរបស់អង្គការUNICEF កាលពីឆ្នាំ២០១១ ឲ្យដឹងថា មានប្រជាជនប្រហែល៦លាននាក់ (ឬ១ភាគ៤) មិនមានអាហារបរិភោគគ្រប់គ្រាន់ ហើយក្នុងនោះគឺមាន១លាននាក់ គឺជាកុមារតូចៗ ក្រោមអាយុ៥ឆ្នាំ។
នៅឆ្នាំ២០១២ ដោយសារស្ថានការណ៍ក្នុងប្រទេសហាក់យ៉ាប់យ៉ឺនពេក រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានព្រមព្រៀងជាមួយនឹងអង្គការសហប្រជាជាតិ ក្នុងការផ្អាកផ្អែកខ្លះនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងស្បៀងអាហារប្រមាណ២៤ ០០០តោន។ ប៉ុន្តែមិនបានប៉ុន្មានផង កូរ៉េខាងជើងបែរជាឆ្លៀតតេស្តមីស៊ីល ហើយថាវាគ្រាន់តែជាការតេស្តសាកល្បងដើម្បីសន្តិភាពប៉ុណ្ណោះ ប៉ុន្តែអង្គការសហប្រជាជាតិសម្រេចផ្អាកលុបចោលជំនួយនោះវិញ ហើយនាំឲ្យភាពតានតឹងចេះតែបន្តកើតឡើងរហូតដល់បច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមិនមែនរដ្ឋាភិបាលកូរ៉េខាងជើងទេជាអ្នកវេទនា គឺមានតែប្រជាជនដែលកំពុងខ្វះអាហារប៉ុណ្ណោះ ទើបជាអ្នកវេទនាពិតប្រាកដ។
បើតាមអ្នកអង្កេតការណ៍ និង ប្រជាជនកូរ៉េខាងជើងដែលបានរត់គេចពីប្រទេសនេះ ឲ្យដឹងថា ប្រជាជនភាគច្រើនរស់នៅជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ព្រោះត្រូវប្រឈមមុខនឹងជីវភាព រកព្រឹកខ្វះល្ងាច ខណៈរដ្ឋាភិបាលគិតតែរឿងនុយក្លេអ៊ែរ។
សូមបញ្ជាក់ប្រទេសកូរ៉េខាងជើងគឺមានតែចិនមួយប៉ុណ្ណោះ ដែលជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ខ្លួន។ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA) របស់អាមេរិក បង្ហាញថា កាលពីឆ្នាំ២០១១ កូរ៉េខាងជើងបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ចិនប្រមាណ៦៧,២ភាគរយ ហើយនាំចូលពីចិនវិញ ប្រមាណ៦១,៦ភាគរយ។ ដូច្នេះហើយ មិនថា ផលិតផល ឬ របស់ប្រើប្រាស់ផ្សេងៗនោះទេ គឺសុទ្ធតែជាផលិតផលរបស់ចិន ហើយចិនក៏ជាខ្នងបង្អែកមួយរបស់កូរ៉េខាងជើងលើឆាកអន្តរជាតិផងដែរ ជាពិសេសរារាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មធ្ងន់ៗពេកមកលើប្រទេសមួយនេះឡើយ។
ដោយ៖ រតនា វិចិត្រ