កំហុសផ្នែកហិរញ្ញវត្ថុដ៏សាមញ្ញទាំង ៤ដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវជៀសវាងឱ្យបាន!
ការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម (financial management)គឺជាកិច្ចការដ៏ចាំបាច់បំផុត ដើម្បីធានាពីដំណើការល្អនៃលំហូរសាច់ប្រាក់ (cash flow) នៅក្នុងក្រុមហ៊ុន មិនថាក្រុមហ៊ុននោះតូច ឬធំនោះទ។ នៅពេលលោកអ្នកយកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មរបស់លោកអ្នក នោះលោកអ្នកនឹងអាច ជៀសផុតពីការចំណាយលើសខ្ទង់ ដែលជាហេតុបង្ករឱ្យមានវិបត្តិហិរញ្ញវត្ថុក្នុងកំឡុងពេលប្រកបអាជីវកម្ម។
ខាងក្រោមនេះគឺជាកំហុសផ្នែកហិរញ្ញវត្ថុដ៏សាមញ្ញទាំង ៤ ដែលលោកអ្នកត្រូវតែជៀសវាងប្រសិនបើលោកអ្នកចង់ គេចឱ្យផុតពីបញ្ហាលំហូរសាច់ប្រាក់ (cash flow problems) ក្នុងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក៖
១. ការទូទាត់យឺតយ៉ាវ (late payment) ក្នុងទំនាក់ទំនងអាជីវកម្ម ភាពយឺតយ៉ាងក្នុងការទូទាត់ថ្លៃទំនិញ ឬសេវា គឺជារឿងដែលម្ចាស់អាជីវកម្ម ទូទៅតែងតែជួបប្រទះ។ ការណ៍នេះ នឹងនាំឱ្យលំហូរសាច់ប្រាក់ក្នុងប្រតិបត្តិការអាជីវកម្មមានបញ្ហា ដោយពេលខ្លះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវដកប្រាក់សន្សំ ឬស្នើសុំឥណទានពីធនាគារ ឬ គ្រឺះស្ថានហិរញ្ញវត្ថុ ឬមិត្តភក្ដិ សាច់ញ្ញាតិដើម្បីបង្វិលដោះស្រាយ ការចំណាយនានា។ ការពិត គឺម្ចាស់អាជីវកម្មភាគច្រើនគ្មានជម្រើសអ្វីក្រៅពីឱ្យអតិថិជនជំពាក់យូរគឺដើម្បីអាចកសាងទំនាក់ទំនងបានយូរ និងដើម្បីបានគម្រោងផ្សេងទៀត។ ប្រសិនបើយើងផ្ដល់សេវាកម្មល្អអ្នកជំនាញគិតថា គួរអនុញ្ញាតិឱ្យអតិថិជនជំពាក់យូរបំផុត ១ខែបានហើយ។
២. មិនបានត្រៀមប្រាក់បំរុងទុកក្នុងគ្រាមានអាសន្ន (forgetting to have an emergency fund) លើលោកនេះ គ្មានបុគ្គលណាមួយអាចដឹងថានឹងមានអ្វីដែលនឹងកើតឡើងនាពេលអនាគតនោះទេ។ បញ្ហាណាមួយអាចកើតមានឡើងដោយមិនបានគិតទុកជាមុន ជាពិសេសនៅក្នុងកិច្ចការប្រកបអាជីវកម្ម។ ដូច្នេះ ម្ចាស់អាជីវកម្មគ្រប់រូបដែលមិនទាន់បានត្រៀមប្រាក់បំរុងទុកក្នុងគ្រាមានអាសន្ន គួរតែចាប់ផ្តើមរក្សាទុកប្រាក់ដែល រកបានមួយចំនួនដើម្បីទប់ទល់នឹងបញ្ហាណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។ លោក រ៉េនហ្សូ កូស្តារីឡា (Renzo Costarella) ជាសហគ្រិន និង ជាអ្នកនិពន្ធដ៏ល្បីឈ្មោះរបស់គេហទំព័រ ឌូ (DUE) បានផ្តល់ដំបូន្មានថា ម្ចាស់អាជីវកម្មទាំងឡាយគួរតែមានប្រាក់បំរុងទុកក្នុងគ្រាអាសន្នយ៉ាងហោចណាស់ក៏គ្រប់គ្រាន់សម្រាប់រយៈពេលបី ខែដែរ។
៣. មិនបានបែងចែកឱ្យដាច់រវាងប្រាក់សម្រាប់អាជីវកម្ម និង ប្រាក់សម្រាប់ចំណាយផ្ទាល់ខ្លួន (failing to seperate business funds from personal funds) ការណ៍នេះគឺជារឿងដែលគ្រោះថ្នាក់បំផុតចំពោះអាជីវកម្មខ្នាតតូច ដោយហេតុថាការមិនបានបែងចែកឱ្យ ដាច់ស្រលះពីគ្នារវាងការចំណាយក្នុងប្រតិបត្តិការអាជីវកម្ម និង ការចំណាយផ្ទាល់ខ្លួន ឬការចំណាយគ្រួសារ នោះ នឹងនាំឱ្យអាជីវកម្មរបស់លោកអ្នកបាត់បង់នូវតុល្យភាពរវាងចំណូលនិងចំណាយ។ ត្រូវចាំថា នៅក្នុងទ្រឹស្ដីអាជីវកម្ម ទោះបីជាលោកអ្នកជាម្ចាស់អាជីវកម្មក៏ដោយ ក៏គេចាត់ទុកថាអ្នកជាបុគ្គលិកដែរ ហើយការចំណាយទៀតសោតគឺត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវបំផុត។
៤. ចំណាយពេលវេលាច្រើនហួសទៅលើសកម្មភាពដែលមិនបង្កើតចំណូល (Spending too much time on non-cash-generating activities) ជាប្រត្យក្ស បុគ្គលគ្រប់រូបមានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃដូចគ្នា។ បុគ្គលខ្លះបានចំណាយពេលវេលា ដ៏វៃឆ្លាតក្នុងការបំពេញកិច្ចការរបស់ខ្លួនដែលអាចទទួលបានលទ្ធផលខ្ពស់ ផ្ទុយមកវិញបុគ្គលខ្លះមិនបានចំណាយ ពេលវេលារបស់ខ្លួនឱ្យមានប្រសិទ្ធិភាពនោះឡើយ។ ជាការពិតណាស់ ពាក្យខ្មែរបុរាណមួយឃ្លាបានពោលថា “ពេលវេលាគឺជាមាសប្រាក់”។ ពាក្យមួយនេះសបញ្ជាក់ឱ្យឃើញថា ពេលវេលាគឺមានគុណតម្លៃដ៏មហាសាល។ បើលោកអ្នកចង់បង្កើនចំណូល នោះលោកអ្នកចាំបាច់ត្រូវចំណាយពេលវេលាឱ្យមានប្រសិទ្ធិភាព៕
ដោយ៖ ប៉ុម ទូច ប្រភព៖ Entrepreneur