ចំណុចមួយក្នុងសៀវភៅ Lean inពីCOOរបស់Facebookម្នាក់នេះ នឹងធ្វើឲ្យស្ត្រីពិចារណាជាថ្មីពីគោលដៅជីវិតរបស់ខ្លួន​



ជា​អ្នកដឹកនាំ​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​និង​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ច្រើន​បំផុត​មួយ លោកស្រី Sheryl Sandberg ត្រូវ​បាន​តែងតាំង​នៅ​ក្នុង​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ ឬCOO របស់​បណ្ដាញ​សង្គមFacebook ចាប់​តាំង​ពី​ឆ្នាំ​២០០៨។ ជា​អតីត​អនុ​ប្រធាន​មួយ​រូប​របស់ Google លោកស្រី​ក៏​ធ្លាប់​ជា​អ្នកដឹកនាំ​មួយ​រូប​នៅ​ទីនោះ​អស់​រយៈពេល​៦​ឆ្នាំ​ផង​ដែរ។

ស្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ ក៏​ជា​អ្នក​និពន្ធ​មួយ​រូប​ដែល​នៅ​ពី​ក្រោយ​សៀវភៅ​លក់​ដាច់​បំផុត​ដែល​មាន​ចំណងជើង​ថា "Lean in" កាល​ពី​ឆ្នាំ​២០១៣ និង​ជា​ស្ថាបនិក​អង្គការ​លើក​កម្ពស់​ស្ត្រី​របស់ Lean in​ផង​ដែរ។

សៀវភៅ Lean in របស់​លោកស្រី Sheyl Sandberg មាន​លក្ខណៈ​ជា​ការ​រៀបរាប់​ពី​បទពិសោធន៍​ទុក្ខ​លំបាក​ផ្ទាល់ខ្លួន​ក្នុង​នាម​ជា​ស្ត្រី ដែល​ព្យាយាម​ធ្វើឲ្យ​ជីវិត​ការងារ​និង​ជីវិត​គ្រួសារ​មាន​តុល្យភាព និង​ឧបសគ្គ​ដែល​ស្ត្រី​តែង​ជួប​ប្រទះ​នៅ​ពេល​ព្យាយាម​រុញ​ខ្លួនឯង​ឲ្យ​ខ្ពស់​នៅ​ក្នុង​ការងារ។ សៀវភៅ​មួយ​ក្បាល​នេះ បាន​ផ្ដល់​ជា​គំនិត​ស៊ីជម្រៅ​និង​ពោរពេញ​ដោយ​តម្លៃ​ជាច្រើន​សម្រាប់​ស្ត្រី​គ្រប់​រូប​យក​ទៅ​ពិចារណា។ យ៉ាងណាមិញ នៅ​ត្រង់​ឧទាហរណ៍​មួយ​ដែល​លោកស្រី​បាន​លើកឡើង​យក​មក​ធ្វើ​ជា​ភស្តុតាង គឺជា​ចំណុច​ដ៏​សំខាន់​មួយ ដែល​មិន​គួរឲ្យ​មើល​រំលង។ ក្នុង​ឧទាហរណ៍​នោះ គាត់​បាន​លើកឡើង​ពី​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ប្រហែល​ជាង​១​ទសវត្ស​កន្លង​មក​ហើយ ដែល​គេ​ហៅ​ការ​សិក្សា​នោះ​ថា Howard/Heidi study

ការ​សិក្សា​មួយ​នេះ​និយាយ​អំពី​ភាព​ជោគជ័យ​ដែល​កើត​ឡើង​ក្នុង​តថភាព​ជាក់ស្ដែង​មួយ ទៅលើ​សហគ្រិន​ជា​ស្ត្រី​មួយ​រូប​ដែល​បាន​ក្លាយ​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប ដោយសារ​អត្តចរិត​រួសរាយ ព្រម​ទាំង​មាន​បណ្ដាញ​ទំនាក់ទំនង​ដ៏​ធំ​ទូលាយ​ទៀត​ផង។ នៅ​តែ​ជា​សហគ្រិន​ស្ត្រី​ដដែល ប៉ុន្តែ​សាស្ត្រាចារ្យ​ដែល​ដឹកនាំ​ការ​សិក្សា​នោះ​រៀបរាប់​អំពី​ភាព​ជោគជ័យ​របស់​ស្ត្រី​នេះ​ដោយ​រក្សា​ឈ្មោះ Heidi ជា​ស្ត្រី​នេះ​ដដែល​ទៅ​ក្រុម​មួយ។ ដោយឡែក គាត់​ប្ដូរ​ឈ្មោះ​របស់​សហគ្រិន​ស្ត្រី​ម្នាក់​នេះ​មក​ជា​ឈ្មោះ​បុរស Howard វិញ សម្រាប់​ក្រុម​មួយ​ផ្សេង​ទៀត។

រឿងរ៉ាវ​ជោគជ័យ​របស់​សហគ្រិន​តែ​មួយ ប៉ុន្តែ​គ្រាន់តែ​មួយ​ជា​របស់​ស្ត្រី និង​មួយ​ទៀត​របស់​បុរស លទ្ធផល​សិក្សា​បាន​បង្ហាញ​ថា ក្រុម​ដែល​អាន​អំពី​ភាព​ជោគជ័យ​របស់​តួអង្គ Howard បាន​វាយតម្លៃ​បុរស​ម្នាក់​នេះ​ជា​មនុស្ស​គួរ​ឲ្យ​រាប់អាន រីឯ​ភាព​ជោគជ័យ​របស់​តួអង្គ​ពិត​ប្រាកដ Heidi វិញ ក្រុម​សិក្សា​មួយ​ទៀត​វាយតម្លៃ​ស្ត្រី​នោះ​ជា​មនុស្ស​ចង្អៀតចង្អល់ និង​ជា​ប្រភេទ​មនុស្ស​ដែល​ពួកគេ​មិន​ចង់​ផ្ដល់​ការងារ​ឲ្យ​ឬ​ក៏​ធ្វើការ​ឲ្យ​នោះ​ទេ។ នៅ​ពេល​បុរស​ជោគជ័យ និង​ក្លាយ​ជា​អ្នកដឹកនាំ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​គាំទ្រ​និង​ពេញចិត្ត​ចំពោះ​សក្ដានុពល​របស់​ពួកគេ។ ដោយឡែក​ស្ត្រី​ដែល​ក្លាយ​ជា​អ្នកដឹកនាំ​ខ្ពស់ ពុំ​សូវ​មាន​នរណា​ពេញចិត្ត​នឹង​ពួកគេ​នោះ​ឡើយ។

ការ​រើសអើង​បែប​នេះ​គឺជា​មូលហេតុ​ដូច​គ្នា​មួយ ដែល​ស្ត្រី​ភាគច្រើន​បន្ទាប​ខ្លួនឯង និង​មិន​អាច​ឡើង​ទៅ​ដល់​សក្ដានុពល​ខ្ពស់​បំផុត​របស់​ខ្លួន​បាន។ លោកស្រី​ក៏​បាន​លើកឡើង​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន នៅ​ពេល​លោកស្រី​ធ្វើការ​នៅ​ក្រុមហ៊ុន Facebook បាន​៦​ខែ ជា​ពេល​នៃ​ការ​វាយតម្លៃ​លទ្ធផល​ការងារ ស្ថាបនិក​និង​នាយក​ប្រតិបត្តិ Facebook លោក Mark Zuckerberg បាន​និយាយ​ប្រាប់​គាត់​ថា៖ "ក្ដី​ប្រាថ្នា​របស់​អ្នក ដែល​ចង់​បំពេញ​ចិត្ត​មនុស្ស​គ្រប់​គ្នា គឺជា​អ្វី​ដែល​ទាញ​អ្នក​មិន​ឲ្យ​ឈាន​ដល់​សក្ដានុពល​របស់​ខ្លួន​បាន។ បើ​អ្នក​ចង់​បំពេញ​ចិត្ត​មនុស្ស​គ្រប់​គ្នា អ្នក​នឹង​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​ឡើយ"។ ចំពោះ​អ្នក​ដែល​ជា​ស្ត្រី​មួយ​រូប ដែល​មាន​ក្ដី​ប្រាថ្នា​ក្នុង​ចិត្ត​ថា​ចង់​សម្រេច​អ្វី​មួយ ឬ​ចង់​ផ្លាស់ប្ដូរ​អ្វី​មួយ​ដើម្បី​ឲ្យ​ពិភពលោក​ល្អ​ប្រសើរ តើ​អ្នក​យល់​ឃើញ​ដូចម្ដេច​ដែរ ?

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ forbes

X
5s