បើគ្មានបទពិសោធន៍សោះតែម្ដង តើគួរសរសេរ CV ធ្វើម៉េចឱ្យទាក់ទាញ និងគេហៅសម្ភាសន៍?
នេះជាសំណួរដែលប្អូនៗដែលទើបនឹងបញ្ចប់ការសិក្សា ឬកំពុងសិក្សានៅមហាវិទ្យាល័យចង់ស្វែងរកការងារធ្វើ ខណៈដែលខ្លួនគេមិនទាន់មានបទពិសោធន៍អ្វីសោះតែម្ដង។ តើគួរធ្វើដូចម្ដេចដើម្បីសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកឱ្យទាក់ទាញ និងទទួលការហៅសម្ភាសន៍?
១) គិតនិងសរសេរពីរបៀបរៀបរយសិន៖ ចំណុចសំខាន់ជាងគេទីមួយ ដែលអ្នកត្រូវធ្វើគឺត្រូវសរសេរឱ្យមានរបៀបរៀបរយ ឬសោភ័ណភាព។ លោកអ្នកត្រូវចេះប្រើភ្នែកសម្លឹងមើលគ្រប់ចំណុចដែលមើលទៅអាចនឹងទើសភ្នែក។ ឧទាហរណ៍ដូចជាការដកឃ្លា ការដាក់សញ្ញាមិនត្រឹមគ្នា margin ខុស សរសេរថ្ងៃខែឆ្នាំកំណើតដាក់លាយឡំនឹងចំណុចផ្សេងទៀត។ ដូច្នេះ ចំណុចសំខាន់មុនដំបូងគេ គឺត្រូវសរសេរឱ្យមានរបៀបរៀបរយ ពោលគឺមានលំដាប់លំដោយយ៉ាងល្អ។ ចំណុចសំខាន់អ្នកគួរយកគំរូតាមមិត្តភ័ក្ដិ ឬបងប្អូនដែលដាក់ពាក្យធ្វើការបានជោគជ័យ ជាពិសេសបងប្អូនសាច់ញាតិ ឬមិត្តភ័ក្ដិដែលមិនមានបទពិសោធន៍សោះតែដាក់ពាក្យធ្វើការជាប់។
២) ពិនិត្យមើលវេយ្យាករណ៍៖ ក្រៅពីពិនិត្យមើលទៅលើសោភណភាពហើយ ដល់ពេលដែលអ្នកត្រូវពិនិត្យអក្សរ និងវេយ្យាករណ៍វិញម្ដង។ ពិនិត្យឡើងវិញតាំងពីក្បាលទំព័ររហូតដល់ជួរអក្សរក្រោមគេ និងត្រូវធ្វើយ៉ាងណាមិនឱ្យមានកំហុសសូម្បីតែមួយ។ នៅកម្ពុជា ការយកប្រវត្តិរូបជាភាសាអង់គ្លេសគឺស្ទើរតែទូទៅទៅហើយ ដូច្នេះការសរសេរប្រវត្តិរូបមិនត្រូវឱ្យខុសជាដាច់ខាត។ នេះជាចំណុចទាក់ទាញមួយទៀត។
៣) សរសេរបរិយាយពីចំណុចខ្លាំងនៅមហាវិទ្យាល័យ៖ អ្នកគ្មានបទពិសោធន៍លើមុខជំនាញដែលគេជ្រើសរើសពិតមែន តែអ្នកអាចសរសេរនៅកន្លែងប្រវត្តិអប់រំ (Education) អាចពន្លិចនូវភាពខ្លាំងរបស់អ្នកបាន។ ឧទាហរណ៍ អ្នកជានិស្សិតពូកែប្រចាំថ្នាក់ ប្រចាំសាលា ឬទទួលបានប័ណ្ណសរសើរ ឬជ័យលាភីកម្មវិធីប្រកួតប្រជែងអ្វីមួយជាដើម។ល។
៤) បទពិសោធន៍កម្មសិក្សា ឬហាត់ការ៖ មិនមែនឱ្យតែមានបទពិសោធន៍ការងារជាក់ស្ដែងទើបដាក់ចូលក្នុងប្រវត្តិរូបរបស់អ្នកនោះទេ អ្នកក៏អាចសរសេរពីបទពិសោធន៍របស់អ្នកបើមានការចុះហាត់ការការងាររយៈពេលបីខែ ប្រាំមួយខែ ឬមួយឆ្នាំ។ សូម្បីការចុះកម្មសិក្សា ឬសិក្សាគម្រោងរបស់ក្រុមហ៊ុនណាមួយដើម្បីបញ្ចប់ថ្នាក់មហាវិទ្យាល័យរបស់អ្នកក៏គួរសរសេរចូលជាបទពិសោធន៍របស់អ្នកបានដែរ៕
ដោយ៖ រតនៈវិភូ