កំហុសរបស់ម្ចាស់អាជីវកម្មក្នុងទំនាក់ទំនងជាមួយបុគ្គលិក ដែលនាំភាពបរាជ័យមករកពួកគេ​



មាន​ម្ចាស់​អាជីវកម្ម​ជាច្រើន មិន​ថា​តូច​ក្ដី​ធំ​ក្ដី តែង​មើល​រំលង​ទៅលើ​តម្លៃ​នៃ​ទំនាក់ទំនង​រវាង​ខ្លួន​ដែល​ជា​អ្នកដឹកនាំ​គេ ឬ​មេ​គេ​ជាមួយ​នឹង​បុគ្គលិក​តូចតាច​ក្រោម​បង្គាប់​របស់​ខ្លួន។ ពួកគេ​ច្រើន​តែ​មាន​គំនិត​ថា​បុគ្គលិក​តូចតាច​ទាំងនោះ​នឹង​ស្ដាប់​នូវ​រាល់​អ្វី​ដែល​ពួកគេ​ជា​ថ្នាក់លើ​បង្គាប់បញ្ជា​ឲ្យ​ធ្វើ ក៏​ព្រោះ​តែ​យល់​ថា​ពួកគេ​មក​ធ្វើការ​ក៏​ដើម្បី​តែ​ប្រាក់​ដែរ។ ប៉ុន្តែ បើ​អ្នក​គិត​បែប​នេះ និង​មាន​ឥរិយាបថ​ស្ដែង​ចេញ​មក​ពី​ការ​គិត​បែប​នេះ​ទៅលើ​បុគ្គលិក នោះ​ប្រាកដ​ណាស់​ថា​អ្នក​នឹង​ទទួល​បាន​ការ​កោត​ខ្លាច​ពី​ពួកគេ តែ​គ្មាន​ថ្ងៃ​ទទួល​បាន​ការ​គោរព​ពី​ពួកគេ​នោះ​ឡើយ។

ដូច​ដែល​អ្នក​គិត​ដូច្នោះ​ថា​ពួកគេ​មក​ធ្វើការ​ឲ្យ​អ្នក​ហើយ​ព្រម​ស្ដាប់​ពាក្យ​គំរោះគំរើយ​និង​ឥរិយាបថ​ជា​មេ​គេ​នេះ ក៏​ព្រោះ​តែ​ដើម្បី​លុយ ដូច្នេះ​ពួកគេ​មិន​ធ្វើការ​ចេញ​ពី​ចិត្ត​ប្រឹងប្រែង​ដើម្បី​ជួយ​អ្នក​ទៅ​ដល់​គោលដៅ​នេះ​ឡើយ។ អ្វីៗ​នឹង​ល្អ​នៅ​តែ​សម្បក​ក្រៅ ម្នាក់ៗ​ប្រែ​ជា​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ​ទៅលើ​កិច្ចការ​ងារ​ដែល​ជា​តួនាទី​របស់​ខ្លួន និង​ចាំ​តែ​មើល​បំណាំ​គ្នា និង​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ឲ្យ​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។ ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​អ្នកដឹកនាំ​ទាំង​ទៅលើ​រឿង​ការងារ​និង​រឿង​ផ្ទាល់​ខ្លួន បុគ្គលិក​នឹង​អស់​កម្លាំង​ចិត្ត​ធ្វើការ​ឲ្យ​អ្នក ហើយ​វា​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​និង​ផលិតភាព​ការងារ​របស់​ពួកគេ។ អ្នក​អាច​គិត​ថា​វា​មិន​សំខាន់​សម្រាប់​អ្នក ប៉ុន្តែ​បើ​មិនមែន​បុគ្គលិក​អ្នក​ជា​អ្នក​បម្រើ​អតិថិជន ដែល​អាច​ផ្ដល់​ចំណូល​ដល់​អ្នក​បាន​នោះ​ទេ តើ​អ្នក​ណា​ទៅវិញ​ទៅ ? គឺ​ជា​អ្នក​ខ្លួនឯង​នេះ​ហើយ​ដែល​ចុងក្រោយ​នាំ​ខ្លួនឯង​ទៅ​រក​ការ​ខាតបង់​ដោយ​ខ្លួនឯង ដោយសារ​មើល​រំលង​រឿង​បន្តិច​បន្តួច។

ម្យ៉ាងទៀត នេះ​ក៏​មិនមែន​មានន័យ​ថា​អ្នក​ត្រូវ​យកចិត្តទុកដាក់​គេ​ខ្លាំង​ពេក ឬ​អាច​និយាយ​បាន​ថា​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ដែល​ជា​ការ​ទទួល​ខុសត្រូវ​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​ពួកគេ​នោះ​ដែរ។ ការ​ជ្រៀតជ្រែក​ខ្លាំង​ពេក វា​នឹង​បង្ក​ជា​ការ​មិន​ទុកចិត្ត​គ្នា​ពី​អ្នក​ដឹកនាំ​ចំពោះ​បុគ្គលិក។ នៅ​ពេល​អ្នក​ព្យាយាម​ត្រួតត្រា​បុគ្គលិក​គ្រប់​សព្វ​បែបយ៉ាង វា​ដូច​គ្នា​ទៅ​នឹង​អ្នក​មិន​បាន​ទុក​ចន្លោះ​សម្រាប់​ពួកគេ​នឹក​រក​នូវ​អ្វី​ដែល​ថ្មី​ប្លែក និង​បំផុស​នូវ​ការ​ច្នៃប្រឌិត​របស់​ពួកគេ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​អ្នក​បាន​ដាក់​ដែន​កំណត់​កម្រិត​ពួកគេ​ទៅ​តាម​អ្វី​ដែល​អ្នក​បាន​កំណត់​រួច​មក​ហើយ ហើយ​ពួកគេ​ត្រូវ​តែ​ដើរ​តាម​ដោយ​ឥត​ប្រកែក។ អ្នក​ណា​ទៅ​ដឹង​ទៅ​ថា បុគ្គលិក​ដែល​អ្នក​យល់​ថា​តូចតាច​នេះ អាច​មាន​គំនិត​អ្វី​អស្ចារ្យ​ជាង​អ្នក​ដែល​ជា​ថ្នាក់លើ​គេ​នោះ ? ទំនាក់ទំនង​គឺ​សំខាន់ បើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរការណ៍​ទៅ​មុខ​រលូន​ល្អ ទំនាក់ទំនង​ជាមួយ​អ្នក​ក្រោម​បង្គាប់​គួរ​តែ​ជា​អ្វី​ដែល​អ្នក​គួរ​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ដូច​ដែល​ការ​ព្រួយ​បារម្ភ​គិត​អំពី​យុទ្ធសាស្ត្រ​ដើម្បី​ដំណើរការណ៍​អាជីវកម្ម​របស់​អ្នក​ឲ្យ​ជោគជ័យ​ដែរ ព្រោះ​បើ​គ្មាន​ការ​សហការ​ពី​ពួកគេ​ទេ កុំ​រំពឹង​ថា​អ្នក​អាច​ទៅ​ដល់​គោលដៅ​មួយ​នេះ​បាន​ជោគជ័យ​ឲ្យ​សោះ៕

ដោយ៖ ស្រីពៅ

X
5s