នីកូឡា តេស្លា (Nikola Tesla)៖ ពីក្មេងមានវិបត្តិផ្លូវចិត្ត ក្លាយជាអ្នកប្រាជ្ញផ្នែកអគ្គិសនី
នៅក្នុងផ្នែករូបវិទ្យា អ្នកសិក្សាទាំងអស់នឹងសង្កេតឃើញថា ខ្នាតអន្តរជាតិគិតជា "តេស្លា" តាងដោយT ត្រូវបានប្រើប្រាស់សម្រាប់បម្រែបម្រួលម៉ាញេទិច។ ខ្នាតអន្តរជាតិមួយនេះត្រូវបានយកឈ្មោះតាមរូបវិទូដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ត្ររបស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដែលត្រូវបានគេលើកកិត្តិនាមឲ្យថា "បិតាអគ្គិសនី" គឺជា នីកូឡា តេស្លា (Nikola Tesla)។ ជីវិតមនុស្សជាង៧ពាន់លាននាក់ក្នុងពេលបច្ចុប្បន្ននេះមិនដឹងថាប្រែក្លាយជាបែបណា ប្រសិនបើពុំមានការរកឃើញដ៏សំខាន់របស់គាត់ដែលជាចរន្តឆ្លាស់ (AC) និងជាគំនិតដែលនៅពីក្រោយដំណើរការណ៍ឧបករណ៍អេឡិចត្រូនិកនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។
ប្រភពរូប៖ wonderopolis
មានឪពុកជាបព្វជិតសាសនា និងម្ដាយជាអ្នកមើលការខុសត្រូវលើស្រែចម្ការគ្រួសារ ក្មេងប្រុសដើមកំណើតជាជនជាតិស៊ែប៊ី នីកូឡា តេស្លា បានចាប់កំណើតនៅឆ្នាំ១៨៥៦។ គាត់គឺជាកូនទី៤ក្នុងចំណោមបងប្អូន៥នាក់។ ប៉ុន្តែក្រោយពីហេតុការណ៍ស្លាប់របស់បងប្រុសក្នុងឆ្នាំ១៨៦៣ តេស្លារងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដែលជះឥទ្ធិពលទៅដល់ជំងឺផ្លូវចិត្តក្នុងអំឡុងជីវិតពេញវ័យ តែផ្ទុយទៅវិញការផ្លាស់ប្ដូរអវិជ្ជមានមួយបែរជាក្លាយជាអ្វីដែលតេស្លាបានទាញយកប្រយោជន៍និងក្លាយជាអ្នកប្រាជ្ញដ៏ច្នៃប្រឌិតមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ អំឡុងវ័យនៃការសិក្សាថ្នាក់អនុវិទ្យាល័យ គាត់បានបញ្ចប់ការសិក្សាត្រឹមតែ៣ឆ្នាំ ខណៈក្មេងដទៃទៀតដែលចំណាយពេល៤ឆ្នាំដើម្បីបញ្ចប់ការសិក្សា។ ដើម្បីបន្តការជក់ចិត្តយ៉ាងខ្លាំងក្លារបស់ខ្លួននៅក្នុងការសិក្សាស្រាវជ្រាវនិងពង្រីកចំណេះដឹងវិទ្យាសាស្ត្រ គាត់ក៏បានឆ្លើយតបទៅនឹងច្បាប់ប្រទេសដែលតម្រូវឲ្យបម្រើខ្លួនជាទាហាន ដោយធ្វើពុតជាមានជំងឺធ្ងន់ធ្ងរ នៅពេលពេទ្យមកពិនិត្យជំងឺលោក ដើម្បីទទួលបានការទទួលស្គាល់ថាលោកពិតជាអសមត្ថភាពក្នុងការបម្រើជាទាហានមែន។
ដំណាក់កាលជីវិតសិក្សាបន្ទាប់មក គាត់បានសិក្សាគណិតវិទ្យានិងរូបវិទ្យា នៅ Technical University of Graz និងទស្សនវិជ្ជានៅ University of Prague របស់ប្រទេសអូទ្រីស។ នៅឆ្នាំ១៨៩០ជារយៈពេលដែលគាត់បានផ្លាស់ប្ដូរការរស់នៅទៅសហរដ្ឋអាមេរិក ជាពេលដែលរឿងរ៉ាវសំខាន់ៗនិងអស្ចារ្យជាច្រើនបានកើតឡើង និងជារយៈពេល៥៣ឆ្នាំចុងក្រោយរបស់គាត់ដែលបានសាងស្នាដៃដ៏អស្ចារ្យ ហើយក៏ជាទីកន្លែងតែមួយដែលគាត់បានស្លាប់ផងដែរ។ ក្រោយពីរងការប៉ះទង្គិចផ្លូវចិត្តពីការបាត់បង់បងប្រុសមក គាត់ចាប់ផ្ដើមកើតជំងឺដ៏ប្លែកម្យ៉ាង ដែលធ្វើឲ្យគាត់មានអាកប្បកិរិយាដដែលៗ ងប់ងុលគិតផ្ចង់អារម្មណ៍ទៅលើការច្នៃប្រឌិតរបស់គាត់ក្នុងរយៈពេលច្រើនម៉ោង ព្រមទាំងមានសមត្ថភាពពិសេសដែលអាចឲ្យគាត់ពិសោធន៍វត្ថុច្នៃប្រឌិតរបស់គាត់ឲ្យមានចលនានៅក្នុងការគិតស្រមៃ។ អ្វីដែលគាត់ស្អប់បំផុតនោះគឺបាក់តេរី ហើយគាត់ប្រតិកម្មជាមួយនឹងសំឡេងរថភ្លើងដែលធ្វើដំណើរឆ្លងកាត់គាត់ ដែលវាគឺជាសញ្ញាណប្រភេទជំងឺម្យ៉ាងដែលមានពាក់ព័ន្ធជាមួយនឹងបញ្ហាក្នុងការទាក់ទងជាមួយមនុស្សជុំវិញខ្លួន។
អ្នកប្រាជ្ញអគ្គិសនីដ៏ឯការូបនេះធ្លាប់បាននិយាយថា៖ «ការគិតនឹងកាន់តែមុតស្រួច និងកាន់តែពុះកញ្ជ្រោលនៅពេលចាកចេញឆ្ងាយពីមនុស្ស និងនៅតែម្នាក់ឯងដោយគ្មានការរំខាន។ មិនចាំបាច់មានបន្ទប់ពិសោធន៍ដ៏ធំឯណាដើម្បីគិតនោះឡើយ។ គំនិតផ្ដួចផ្ដើមលេចចេញមកពីការចាកចេញឆ្ងាយពីឥទ្ធិពលនៃភាពអ៊ូអរទាំងនោះ ដែលមករំខានដល់គំនិតច្នៃប្រឌិតនេះឯង។ នៅម្នាក់ឯង វាគឺជាអាថ៌កំបាំងនៃការច្នៃប្រឌិត។ នៅម្នាក់ឯង វាគឺជាពេលដែលគំនិតទាំងឡាយចាប់កំណើតឡើងមក។ នេះហើយគឺជាមូលហេតុមួយដែលវេទមន្តដ៏អស្ចារ្យនៅលើភពផែនដីនេះ មានហ្សែនតំណពីមជ្ឈដ្ឋានដ៏ស្ងប់ស្ងាត់សាមញ្ញបែបនេះ»។
បិតាអគ្គិសនីរបស់អាមេរិកនិងរបស់ពិភពលោកទាំងមូលរូបនេះ បានបង្កើតនូវការបញ្ជូនសញ្ញាណដោយឥតខ្សែ ដូចជាប្រើប្រាស់នៅក្នុងវិទ្យុជាដើម ពន្លឺឡាស៊ែរ កាំរស្មីX និងជាពិសេសគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកវិទ្យាសាស្ត្រនិងអ្នកច្នៃប្រឌិតឧបករណ៍អេឡិចត្រូនិកទាំងអស់ ដែលជាដំណើរការណ៍របស់ចរន្តឆ្លាស់នេះឯង។ ថ្វីត្បិតតែគាត់គឺជាអ្នកប្រាជ្ញច្នៃប្រឌិត ដែលភាពច្នៃប្រឌិតដ៏ចម្លែករបស់គាត់ជាច្រើនត្រូវបានអ្នកខ្លះគិតថាជា "ភាពឆ្កួតលីលា" នេះ មិនអាចឲ្យគាត់ក្លាយជាអ្នកមានពីគំនិតទាំងនោះឡើយ។ គាត់ធ្លាប់និយាយថា គាត់តែងតែទទួលបានសារពីអ្នកតាំងទីលំនៅនៅភពព្រះអង្គារឬបើមិនដូច្នោះទេគឺភពសុក្រ តាមរយៈឧបករណ៍បញ្ជូនរលកវិទ្យុរបស់គាត់។ បើទោះជាគាត់គ្មានភស្តុតាងមកបញ្ជាក់ពីអំណះអំណាងរបស់គាត់ តែគាត់ជឿជាក់ថា ជីវិតរស់នៅនៅភពដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងពិតជាមានមែន ហើយគាត់ក៏តែងតែព្យាយាមស្វែងរកវិធីណាដើម្បីអាចទាក់ទងជាមួយអ្នកទាំងនោះផងដែរ។ លោកមានកម្មសិទ្ធិបញ្ញាសរុបចំនួន២១២។ ម៉ាស៊ីនស្កេនខាងក្នុងសរីរាង្គរបស់រាងកាយមនុស្ស ដែលគេប្រើប្រាស់នៅតាមមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាលជំងឺ ត្រូវបានគិតជាខ្នាតអន្តរជាតិតេស្លា។ ហេតុនេះ ស្របពេលដែលតម្រូវការរបស់ម៉ាស៊ីននេះមានកាន់តែច្រើនទៅៗ ឈ្មោះរបស់តេស្លានឹងកាន់តែមិនងាយរលុបចេញពីពិភពលោក។
នៅក្នុងឆាកជីវិតរបស់តេស្លា លោកមិនដែលមានកូនឬរៀបការអ្វីនោះឡើយ។ នៅឆ្នាំ១៩៤៣ វ័យ៨៤ឆ្នាំ គាត់ក៏បានបាត់បង់ជីវិតពីលោកនេះទៅ ដោយបន្សល់ទុកនូវកេរ្តិ៍មរតកគំនិតច្នៃប្រឌិតជាច្រើនរាប់មិនអស់សម្រាប់មនុស្សជាតិយើងនេះ៕
ដោយ៖ ស្រីពៅ