សេដ្ឋវិទូ លោក ង៉ែត ជូ៖«បើចង់បានសុភមង្គលនិងសេរីភាពត្រូវសន្សំទ្រព្យ ៥យ៉ាង»!
មនុស្សម្នាក់ៗដែលចាប់កំណើតនៅលើលោកនេះ តែងតែប្រាថ្នាចង់បាននូវសុភមង្គលនិងសេរីភាពសម្រាប់ ដំណើរជីវិតរបស់ពួកគេ។ ស្របទៅនឹងផ្នត់គំនិតនេះ លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និង ជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុម ហ៊ុនប្រឹក្សាយោបល់វិនិយោគ និង ជាសកម្មជនសេរីភាពហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីទទួលបាននូវសុភមង្គល និងសេរីភាព បុគ្គលគ្រប់រូបគួរគប្បីសន្សំនូវទ្រព្យប្រាំ (០៥) យ៉ាងដូចខាងក្រោម៖
១. សន្សំសុខភាព
ជាការពិតណាស់ សុខភាពគឺទ្រព្យដ៏ពិសិដ្ឋរបស់មនុស្សគ្រប់ៗរូប។ កាលបើបុគ្គលណាម្នាក់ មានបញ្ហាសុខភាព ហើយ បុគ្គលនោះនឹងមានការលំបាកខ្លាំងណាស់ក្នុងការបង្កើតនូវសុភមង្គល ព្រមទាំងមិនអាចទទួលបាននូវសេរី ភាពបរិបូរណ៍ដោយហេតុថា ការព្យាបាលជំងឺតែងតែចំណាយនូវទ្រព្យធន និង ពេលវេលាជាច្រើន។ ដូច្នេះការសន្សំ សុខភាព (ធ្វើឱ្យមានសុខភាពល្អ) គឺជាការណ៍ដ៏ចាំបាច់ដែលបុគ្គលគ្រប់រូបត្រូវគិតពិចារណា។ ការសន្សំសុខភាព អាចធ្វើទៅបានតាមរយៈរបបអាហារសមស្រប និង ការធ្វើលំហាត់ប្រាណជាប្រចាំ។
២. សន្សំពុទ្ធិ (ចំណេះដឹង)
បន្ថែមទៅលើភាពមានសុខភាពល្អ កិច្ចការមួយទៀតដែលបុគ្គលគ្រប់រូបគួរគប្បីធ្វើនោះគឺការសន្សំនូវពុទ្ធិ (ការ បង្កើននូវចំណេះដឹង)។ ស្ថិតក្នុងបរិបទនៃការវិវត្តន៍ឥតឈប់ឈរនៃសកលលោក មនុស្សម្នាក់ៗត្រូវតែបង្កើននូវ សមត្ថភាពជាប្រចាំដើម្បីអាចបត់ទាន់ស្ថានភាពនៃការរីកចម្រើននោះ ឬក៏អាចបង្កើតនូវអ្វីដែលថ្មីសម្រាប់ខ្លួនឯង និង មនុស្សជាតិជាទូទៅ។ ប្រសិនបើយើងមិនខិតខំពង្រឹងចំណេះដឹងនោះទេ យើងនឹងមិនអាចអភិវឌ្ឍខ្លួនឱ្យទាន់ សម័យកាលនោះទេ។ យើងនឹងក្លាយជាបុគ្គលដែលដើរតែតាមក្រោយគេជារៀងរហូត ដែលនេះគឺជាកត្តាដែលនាំឱ្យ យើងបាត់បង់នូវឱកាសជាច្រើន។ នៅពេលនោះយើងប្រាកដជាមានការលំបាកក្នុងការស្វែងរកនូវសុភមង្គល និង សេរីភាពសម្រាប់ខ្លួន ក៏ដូចជាគ្រួសារផងដែរ។ ជាការពិតណាស់ យើងអាចសន្សំពុទ្ធិ ឬចំណេះដឹងបានតាមរយៈការ សិក្សាស្រាវជ្រាវជាប្រចាំ។
៣. សន្សំទ្រព្យសម្បត្តិ
ទស្សនទានដែលថាទ្រព្យមិនអាចទិញនូវសុភមង្គលបាននោះ វាមិនប្រាកដថាត្រឹមត្រូវនោះឡើយ។ បើអត់ទ្រព្យ សម្បតិ្ត តើយើងអាចនឹងស្វែងរកសុភមង្គលនិងសេរីភាពបានតាមមធ្យោបាយណា ដោយហេតុនៃច្បាប់ធម្មជាតិ និង កត្តាសេដ្ឋកិច្ច និង សង្គម មនុស្សម្នាក់ៗតែងតែត្រូវការចំណីរអាហារគ្រប់គ្រាន់ដើម្បីបរិភោគ សម្លៀកបំពាក់សមរម្យ ដើម្បីបិទបាំងរាងកាយ ត្រូវការរូបិយវត្ថុ (លុយ) ដើម្បីចំណាយសម្រាប់ទ្រទ្រង់ជីវភាពសមរម្យ ជាដើម។ ដូច្នេះប្រ សិនបើគ្មានទ្រព្យសម្បតិ្ត ប្រាកដណាស់យើងនឹងពិបាកក្នុងការស្វែងរកនូវសុភមង្គលនិងសេរីភាពសម្រាប់ខ្លួនឯង និងគ្រួសារជាមិនខាន។ ប៉ុន្តែមធ្យោបាយក្នុងការបង្កើត និង ប្រើប្រាស់ទ្រព្យសម្បត្តិនោះអាចនឹងទទួលបាននូវ សុភមង្គលនិងសេរីភាពបានឬអត់នោះ គឺវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ។ ពាក់ព័ន្ធនឹងការសន្សំទ្រព្យសម្បត្តិនេះ លោក ង៉ែត ជូ បានផ្តល់ជាគតិថា គួរធ្វើការសន្សំប្រាក់នៃចំណែកដែលរកបាន បន្ទាប់មកយកប្រាក់សន្សំនោះទៅធ្វើ ការវិនិយោគដើម្បីបង្កើនទ្រព្យជាបន្តបន្ទាប់។
៤. សន្សំពេលវេលា
ពំនោលខ្មែរបុរាណតែងពោលថា “ពេលវេលា គឺជាមាសប្រាក់”។ អត្ថន័យនៃពំនោលនេះ គឺចង់សំដៅដល់តម្លៃនៃ ពេលវេលា ដែលបុគ្គលម្នាក់ៗមានស្មើៗគ្នា។ ទ្រឹស្តីនៃភាពជោគជ័យជាច្រើនបានលើកឡើងអំពីសារៈសំខាន់នៃការ គ្រប់គ្រងពេលវេលាដ៏ត្រឹមត្រូវ ដែលវាគឺជាបច្ច័យដែលនាំឱ្យមនុស្សបង្កើននូវផលិតភាពការងាររបស់ខ្លួនយ៉ាងមាន ប្រសិទ្ធិភាព និងសម្រេចបាននូវស្នាដៃជាទីមោទនៈ។ ការសន្សំពេលវេលា គឺជាកិច្ចការដ៏ចម្បងមួយដែលនាំឱ្យយើង អាចស្វែងរកនូវសុភមង្គល និង សេរីភាព ដោយហេតុថា ពេលវេលាគឺជាធាតុមួយនៃជីវិតរបស់យើងគ្រប់ៗគ្នា។ កាលណាយើងមិនបានគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ នោះយើងនឹងមិនអាចបំពេញនូវកិច្ចការដែលកើតជា ប្រយោជន៍ឱ្យបានច្រើននោះទេ ផ្ទុយមកវិញ យើងនឹងទទួលបានតែភាពខ្ជីខ្ជារ កិច្ចការដែលឥតប្រយោជន៍ ព្រមទាំង បាត់បង់នូវពេលវេលាជាច្រើនដែលបង្ករឱ្យបាត់បង់ឱកាសក្នុងការស្វែងរកនូវសុភមង្គល និង សេរីភាពសម្រាប់ខ្លួន ឯងនិងគ្រួសារ។
៥. សន្សំមិត្តល្អ
ជាការពិតណាស់ មិត្តល្អគឺជាប្រភពធនធាននៃចំណេះដឹង ការជ្រោមជ្រែង និង សុភមង្គលផងដែរ។ ការសេពគប់ បុគ្គលល្អៗជាមិត្តនោះយើងនឹងមានការរីកចម្រើនទាំងចំណេះដឹង បទពិសោធន៍ និង ទ្រព្យធនជាអាទិ៍។ ពាក្យខ្មែរ យើងតែងលើកឡើងថា “យកបណ្ឌិតធ្វើជាមិត្ត នោះអ្នកនឹងអាចក្លាយជាបណ្ឌិត ប៉ុន្តែបើអ្នករាប់អានមនុស្សពាល នោះអ្នកក៏អាចក្លាយជាមនុស្សពាលផងដែរ”។ ភាពក្លាយជាបណ្ឌិត ឬមនុស្សពាលនេះ គឺជាកត្តាដែលកំណត់អំពី អនាគតរបស់អ្នក ដែលក្នុងនោះមានទាំងសុភមង្គលនិងសេរីភាពផងដែរ។ ដូច្នេះ មនុស្សគ្រប់រូបគួរគប្បីសន្សំនូវមិត្ត ល្អឱ្យបានច្រើន តាមរយៈការសេពគប់បុគ្គលល្អៗក្នុងសង្គម៕
ដោយ៖ ប៉ុម ទូច