កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា​



 នាព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ហៅកាត់ថា វិទ្យាស្ថានជាតិ NIPTICT ) បានចុះហត្ថលេខាជាមួយស្ថានទូតបារាំងប្រចាំ នៅកម្ពុជាលើកិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និង ICTនៅសកលវិទ្យាល័យប្រទេសបារាំង។ ពិធីចុះហត្ថលេខានេះត្រូវបានចូលរួមជាសាក្ខីភាពដោយឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ Eva Nguyen Binh នាទីស្តីការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។ ជារៀងរាល់ឆ្នាំស្ថានទូតបារាំងប្រចាំនៅកម្ពុជាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់អនុបណ្ឌិតឬថ្នាក់បណ្ឌិតនៅក្នុងប្រទេសបារាំងលើជំនាញដែលទាក់ទងទៅនឹងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ច្បាប់ សេដ្ឋកិច្ច និងការគ្រប់គ្រងសាធារណៈ ភាសា វិជ្ជាជីវៈសារព័ត៌មាន ទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និងសិល្បះ ។ល។ កិច្ចព្រមព្រៀងសហហិរញ្ញប្បទានថ្មីនេះ ផ្តល់នូវគុណប្រយោជន៍សំខាន់បីយ៉ាងគឺ៖ ទីមួយផ្តល់បន្ថែមនូវចំនួនអាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាផ្នែកបច្ចេកវិទ្យា, ទីពីរគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សតាមរយះការលើកកម្ពស់ STEM (Science, Technology, Engineering, and Mathematics) ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានលឿនរហ័សស្របតាមនិន្នាការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់, នឹងទីបីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាលើវិស័យអប់រំ និងឧត្តមសិក្សា។ សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់ថវិការមួយផ្នែកពីរដ្ឋាភិបាលបារាំង និងមួយផ្នែកទៀតពីមូលនិធិការកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (មូលនិធិ CBRD) វិស័យទូរគមនាគមន៍ និង ICT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ មូលនិធិ CBRD ត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌច្បាប់ទូរគមនាគមន៍ ដែលត្រូវបានឡាយព្រហស្តលេខាដោយព្រះមហាក្សត្រដែលបានដាក់អោយប្រើប្រាស់ជាផ្លូវការនាចុងឆ្នាំ២០១៦។ ច្បាប់ទូរគមនាគមន៍បានតម្រូវអោយក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់នៅកម្ពុជាចូលរួមថវិការស្មើនឹង១%នៃចំណូលដុលរបស់ខ្លួនដើម្បីទ្រទ្រង់ដល់មូលនិធិនេះ។យន្តការសម្រាប់គ្រប់គ្រងមូលនិធិនេះត្រូវបានកំណត់ឡើងដោយអនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរាជ រដ្ឋាភិបាលកាលពីខែសីហាឆ្នាំ២០១៧កន្លងទៅ។ មូលនិធិនេះត្រូវបានប្រើ ដើម្បីគាំទ្រដល់ចង្កោមសកម្មភាពអទិភាពចំនួន ៣ គឺ៖ ១)ពង្រឹង និងពង្រីកធនធានមនុស្សផ្នែកទូរគមនាគមន៍ និងICT, ២)ជម្រុញការផ្តួចផ្តើមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកទូរគមនាគមន៍ និងICT, ៣)ធ្វើអោយកាន់តែប្រសើរឡើងនូវប្រព័ន្ធអេកូឡូហ្ស៊ីនៃអាជីវកម្មបង្កើតថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា។ វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៌ និងបច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅ កម្ពុជាដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ NIPTICT ផ្តល់ការបណ្ដោះបណ្តាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industry 4.0)។ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជាសហគ្រិនក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងICT ផងដែរ។ ជាការកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងខាងលើគឺកើតចេញពីការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ NIPTICT ចំនួនពីររូបដែលជាសមាជិកនៃបណ្តាញអតីតនិស្សិតអាហារូបករណ៍បារាំងគឺបណ្ឌិត សេង សុភាព និងបណ្ឌិត សំ សិទ្ធិសេរី ដែលបច្ចុប្បន្នជាប្រធាន និងអនុប្រធានវិទ្យាស្ថានជាតិ NIPTICT៕​
X
5s