៨ ចំណុចនេះជាលក្ខណៈសម្បត្ដិដែលអ្នកត្រូវមានជាចាំបាច់ដើម្បីក្លាយជាបុគ្គលិកឆ្នើម ទៅដល់ណាគេចាំទទួលយកដៃពីរ
ដើម្បីក្លាយជាបុគ្គលឆ្នើម គឺទាមទារឱ្យមានការលះបង់ខ្ពស់ចំពោះបុព្វហេតុការងារ ពោលគឺទាំងពេលវេលា និងកម្លាំងកាយចិត្តគឺធ្វើយ៉ាងណាដើម្បីឱ្យការងារនោះទទួលបានលទ្ធផលជាផ្លែផ្កា ឯក្រុមហ៊ុនក៏ទទួលបានភាពរីកចម្រើន ហើយបុគ្គលខ្លួនឯងក៏ក្លាយជាមនុស្សដែលគេកោតសសើរហើយត្រូវបានក្រុមហ៊ុនផ្ដល់នូវការលើកទឹកចិត្ត ឬអត្ថប្រយោជន៍ផ្សេងៗ។
មានមនុស្សជាច្រើន ដែលចង់ឱ្យប្រធាន ឬថ្នាក់ដឹកនាំរបស់ពួកគេកោតសសើរខ្លួនថា ជាបុគ្គលិកឆ្នើម ប៉ុន្តែទន្ទឹមនឹងនោះ ពួកគេមិនបានដឹងទេថា ភាពជាបុគ្គលិកឆ្នើមត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងណាស់ដើម្បីក្លាយជាបុគ្គលម្នាក់ត្រូវបានគេទទទួលស្គាល់ និងដាក់នាមថា ជាបុគ្គលិកឆ្នើម។ ចង់ដឹងថាតើ លក្ខណៈ បែបណាខ្លះទៅ ដែលធ្វើអោយអ្នកអាចក្លាយខ្លួនជាបុគ្គលិកឆ្នើមបាន?
ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈសំខាន់ខ្លះៗដែលបានដកស្រង់ចេញពីគេហទំព័រ www.forbes.com ដើម្បីក្លាយជាបុគ្គលិកឆ្នើម
១) សកម្មភាពតម្រង់ទិស
អ្នកដែលមានលក្ខណៈបែបនេះគឺជាមនុស្សដែលសកម្ម និងចេះចាប់យកឱកាស។ ពួកគេអាចកែច្នៃភាពបរាជ័យ ឬឧបសគ្គឱ្យទៅជាឱកាស ហើយពួកគេតែងតែមានភាពជោគជ័យមានទំនុកចិត្តនិងគំនិតថ្មីៗផងដែរ។
២) វៃឆ្លាត
ភាពឆ្លាតវៃអាចធ្វើឱ្យមនុស្សទទួលបាននូវភាពជោគជ័យផងដែរ។ បុគ្គលដែលមានភាពវ័យឆ្លាត តែងតែដោះស្រាយបញ្ហាបានរហ័ស និងមិនបង្ករឱ្យមានបញ្ហាស្មុគស្មាញច្រើនពេកនោះទេនៅក្នុងការងារ។
៣) មានមហិច្ឆតា
បុគ្គលិកបែបនេះ មិនត្រឹមតែជួយខ្លួនឯងរីកចម្រើននោះទេ តែក៏ធ្វើឱ្យក្រុមហ៊ុនកាន់ តែមានភាពរីកចម្រើនទៅតាមនោះផងដែរ។
ស្វ័យភាព៖ មានភាពម្ចាស់ការទៅលើការងារដែលខ្លួនបានទទួលខុសត្រូវ ពួកគេមិនចាំបាច់តាមសួរនាំចៅ ហ្វាយនាយគ្រប់ពេលវេលានោះទេ ពួកគេអាចចាត់ចែង និងសម្រេចចិត្តដើម្បីធ្វើកិច្ចការអ្វីមួយដើម្បីក្រុមហ៊ុន។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺបុគ្គលិកប្រភេទនេះតែងតែចាត់ទុកថា ក្រុមហ៊ុននេះ ជារបស់ខ្លួនពួកគេផ្ទាល់។
៤) បង្ហាញភាពជាអ្នកដឹកនាំ
ពួកគេតែងតែបង្ហាញនូវទំនុកចិត្តខ្លួនឯង និង គំនិតវិជ្ជមាន រួមទាំងទស្សនៈនៃភាព ជោគជ័យជាច្រើនតែងតែនៅក្នុងខួរក្បាលរបស់ពួកគេ។
៥) មានសន្ទុះការងារ
បុគ្គលិកដែលមកធ្វើការពោរពេញទៅដោយភាពស្រស់ស្រាយ និង ថាមពលជារៀងរាល់ ថ្ងៃនោះនឹងធ្វើការងាររបស់ពួកគេមានភាពរីកចម្រើនឥតគណនា ពីមួយថ្ងៃទៅមួយថ្ងៃឥឥឈប់ឈរផងដែរ។ បុគ្គលិកប្រភេទនេះ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើនយ៉ាងឆាប់រហ័ស។
៦) ភាពជោគជ័យពីអតីតកាល
ប្រសិនបើបុគ្គលណាធ្លាប់មានប្រវត្តិជោគជ័យក្នុងកន្លែងការងារចាស់របស់ពួកគេ នោះច្បាស់ណាស់ ថាគេប្រាកដជាមានបទពិសោធន៍យ៉ាងត្រចះត្រចង់ និងអាចអភិវឌ្ឍភាពជោគជ័យនេះតទៅ មុខទៀតបានជាក់ជាមិនខាន។
៧) ភាពស្មោះត្រង់
បុគ្គលិកដែលមានទេពកោសល្យ មានច្រើនណាស់នៅលើពិភពលោក ប៉ុន្តែមនុស្សដែល មានភាពស្មោះត្រង់ គឺមិនមានច្រើននោះទេ ដូច្នេះហើយទើបភាពស្មោះគឺជារឿងសំខាន់ ព្រោះវាជាទំនុកចិត្ត មួយដ៏ធំ ដែលអ្នកណា កន្លែងណាក៏ត្រូវការចាំបាច់។
៨) ល្អិតល្អន់
មនុស្សបែបនេះ មិនប្រហែសងាយៗនោះ ពួកគេធ្វើការដោយយកចិត្តទុកដាក់ម៉ត់ចត់ ល្អិតល្អន់ជាពិសេសគឺពួកគេ មិនងាយជួបរឿងភ្លាំងភ្លាត់នោះទេ ហើយមនុស្សបែបនេះពិបាករកបន្តិចហើយ។
គំរូមួយនៃភាពជាបុគ្គលិកឆ្នើមរបស់យុវជនម្នាក់
លោក រស់ សាត ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ដែលសព្វថ្ងៃនេះលោកជាប្រធានផ្នែក លក់ និងទីផ្សារ នៅក្នុងក្រុមហ៊ុន Acta Bio បានបង្ហាញពីប្រវត្តិតស៊ូក្នុងការងារជាច្រើនឆ្នាំរបស់លោក និងកិច្ចខិតខំប្រឹងប្រែង រួមទាំងការតាំងចិត្តដ៏មុតមាំរបស់លោកទម្រាំតែមានថ្ងៃនេះ។ លោកបានថ្លែងថា ដើម្បីក្លាយជាបុគ្គលិកឆ្នើមមួយរូប សម្រាប់ខ្លួនលោកផ្ទាល់តែងតែអនុវត្តនូវបុគ្គលិកលក្ខណៈមួយចំនួនដូចជា៖
ភាពស្មោះត្រង់ ការតស៊ូអត់ធ្មត់ មិនងាយបោះបង់អ្វីមួយងាយៗ មានភាពវ័យឆ្លាតក្នុងការស្វះស្វែងរក ទីប្រឹក្សាដែលមានបទពិសោធន៍ច្រើន រៀនកែប្រែខ្លួនឯងជាប្រចាំ កុំគិតពីពេលវេលាខ្លាំងពេក ចេះស្វែងរកវិធីសាស្រ្តថ្មីៗ រួមទាំងការមានក្រុមការងារល្អជាដើម។
លោកបានបន្តទៀតថា សព្វថ្ងៃនេះ លោកក៏មានអាជីវកម្មផ្ទាល់ខ្លួនផងដែរ ប៉ុន្តែ លោកមើលឃើញថា ការងារនៅក្នុងក្រុមហ៊ុន ACTA BIO ពិតជាជួយប្រជាជនបានច្រើន លោកក៏បានដាក់ចិត្តដាក់កាយទៅលើការងារយ៉ាងខ្លាំងក្លាតែម្ដងដោយលោកមានទស្សនៈថា “ការងារគឺជាជីវិត”។ លោកក៏បានលើកឡើងនូវ បុគ្គលិកលក្ខណៈមួយចំនួនដែលធ្វើឱ្យយើង មិនអាចក្លាយខ្លួនជាបុគ្គលិកឆ្នើមផងដែរ ។
លោកបានមានប្រសាសន៍ថា ៖«ជាឧបសគ្គរបស់បុគ្គលិកដែលគាត់ធ្វើការឱ្យគេ ខ្ញុំសង្កេត ឃើញ នៅពេលដែលគាត់សម្រេចធ្វើកិច្ចការមួយ គឺគាត់មើលឃើញរឿង ៣យ៉ាង សម្រាប់ខ្លួន ។ គាត់ផ្លាស់ប្តូរមកធ្វើកន្លែងយើងដោយសារ គាត់ទទួលបានបទពិសោធន៍ថ្មី ទីពីរគាត់ ចេញពីកន្លែង ចាស់មកកន្លែងយើងដោយសារ បានប្រាក់ខែច្រើនជាងមុន ហើយចំណុចទីបី នោះគឺគាត់ បានរៀនអ្វី ថ្មីៗពីកន្លែងយើង ប៉ុន្តែជាទូទៅឧបសគ្គបស់គាត់ភ្លេចរឿងមួយ គឺគាត់អត់បានគិតថាក្រុម ហ៊ុននេះបស់គាត់ទេ បា យើងៗខ្វះចំណុចមួយនេះចុងក្រោយ»។
ឆ្លើយតបដោយទឹកមុខញញឹម លោក រស់ សាត បានបង្ហើរនូវអនុសាសន៍ចុងក្រោយថា៖ «ជារួមខ្ញុំ ខ្ញុំអរគុណប្អូន ហើយខ្ញុំនៅតែសំនូមពរដល់យុវជន ឱ្យយុវជនគ្រប់គ្នាផ្ដោតទៅលើការ សិក្សា ជាចម្បង មិនដើម្បីតែខ្លួន ទីមួយដើម្បីខ្លួនយើង ទីពីរដើម្បីសង្គមជាតិ និងមនុស្សដែលយើង ស្រលាញ់។ ត្រូវរកវិធីណាក៏ដោយដើម្បីរួមចំណែកដែលត្រូវនឹងក្រមសីលធម៌ និងច្បាប់សកល។ ជាសំនូមពរ ចុះជួយយកអាសារការងារសង្គម ក៏ត្រូវសាកល្បងធ្វើកិច្ចការណាដែលជាគោលការរណ៍ការងារស្ម័គ្រចិត្ត ដើម្បីរៀនយកបទពិសោធន័ថ្មីៗ ។ យើងត្រូវរៀនមើលបរទេស គេធ្វើការមួយចំនួន ស្ម័គ្រចិត្តអីគេដើម្បីបានបទពិសោធន៍ បទពិសោធន៍នឹងហើយដែលគេកែប្រែខ្លួនគេ»។ ចុះចំណែកលោកអ្នកវិញ យល់ឃើញយ៉ាងណាដែរ?
ដោយ៖ ថា ហ៊ាង