ទស្សនៈទានរបស់លោក Stephen Hawking បិតារូបវិទូរបស់អង់គ្លេស បំផុសគំនិតនិងលើកទឹកចិត្តមនុស្ស
លោកស្ទីហ្វិន ហកឃីង (Stephen Hawking) គឺជាបិតារូបវិទូដ៏ល្បីល្បាញម្នាក់ក្នុងសតវត្សទី ២១។ លោកស្ទីហ្វិន ហកឃីង កើតនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៤២ ក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស។ នៅពេលដែលលោករៀនឆ្នាំទី១នៅសកលវិទ្យាល័យខេមប្រ៊ីជ នៅអាយុ ២១ឆ្នាំ លោកត្រូវគ្រូពេទ្យរកឃើញថាលោកមានជំងឺម្យ៉ាងឈ្មោះថា ALS (Amyotrophic lateral sclerosis) ដែលធ្វើឲ្យរាងកាយរបស់លោកមិនអាចកម្រើកបានទាំងស្រុង។
រហូតមកដល់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្នុងវ័យ៧៦ឆ្នាំ លោកបានទទួលមរណៈភាព។ បើទៅបីជាលោកពិការក៏ដោយ មិនបានបោះបង់ការសិក្សា ការស្រាវជ្រាវ របស់លោកនោះដែរ។ លោកបានរកឃើញនូវទស្សនៈទានជាច្រើនដើម្បីបំផុសគំនិត និងលើកទឹកចិត្តមនុស្ស។ លោកបានមានប្រសាសន៍ថា៖ អ្នកត្រូវចងចាំថាអ្នកត្រូវងើយមើលផ្កាយលើមេឃ មិនមែនឱនមើលជើងរបស់អ្នកនោះទេ។
កុំបោះបង់ការធ្វើការរបស់អ្នក។ ការខិតខំប្រឹងប្រែងធ្វើការរបស់អ្នកផ្ដល់ឲ្យអ្នកនូវជីវិតដ៏មានន័យនិងមានគោលដៅ។ ប្រសិនបើអ្នករកឃើញអ្វីដែលអ្នកស្រលាញ់ កុំបោះបង់វា ព្យាយាមធ្វើវារហូតដល់សម្រេច។ លោកបានប្រៀបធៀបទុក្ខកង្វល់របស់មនុស្សទៅនឹងប្រហោងខ្មៅ ដោយលោកបានលើកឡើងថាប្រហោងខ្មៅឬសេចក្ដីទុក្ខព្រួយ ទុក្ខកង្វល់គឺមិនអាចគេចបានទេ មនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហា រឿងទុក្ខព្រួយ ទុក្ខកង្វល់ជាមិនខាន។
ប្រហោងខ្មៅគឺមិនខ្មៅស្មើដែលយើងផាត់ពណ៍ឲ្យវាខ្មៅនោះទេ។ ប្រហោងខ្មៅគឺមិនមែនជាគុកដែលអ្នកមិនអាចគេចចេញបាននោះទេ។ អ្វីទាំងអស់គឺសុទ្ធតែអាចគេចចេញពីប្រហោងខ្មៅ (សេចក្ដីទុក្ខព្រួយ ទុក្ខកង្វល់)។ ដូចនេះប្រសិនបើអ្នកស្ថិតក្នុងប្រហោងខ្មៅ (សេចក្ដីទុក្ខព្រួយ ទុក្ខកង្វល់) កុំបោះបង់ពីព្រោះអ្នកនឹងអាចរកផ្លូវចេញពីវាបានជាមិនខាន៕
ចុចអាន៖ បិតារូបវិទ្យា និងអ្នកស្រាវជ្រាវ លោក Stephen Hawking បានទទួលមរណៈភាពក្នុងវ័យ ៧៦ឆ្នាំ
ដោយ៖ លង់ វណ្ណៈ