ទម្លាប់ទី១ នៃសៀវភៅ ទម្លាប់ទាំងប្រាំពីរយ៉ាងសម្រាប់យុវវ័យ៖ Proactive vs Reactive
មនុស្សមួយចំនួនតែងតែឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលជោគជ័យមានទម្លាប់ល្អ? តើពួកគាត់អាចរៀបចំវាឲ្យបានល្អដោយរបៀបណា? ថ្ងៃនេះ BizKhmer បាននាំអត្ថបទសង្ខេបមួយក្នុងចំណោមទម្លាប់ទាំង ៧ យ៉ាងមកបកស្រាយ ដែលអត្ថបទដកស្រង់ចេញពីសៀវភៅ ប្រសិទ្ធភាពខ្ពស់នៃទម្លាប់ទាំងប្រាំពីរយ៉ាងសម្រាប់យុវវ័យ (THE 7 HABITS OF HIGHLY EFFECTIVE TEENS) ដែលនិពន្ធដោយ លោក SEAN COVEY៖
ទម្លាប់ទី១ នោះគឺ៖ រៀនធ្វើជាមនុស្ស ប្រូអេកធីវ (Proactive) ជាទូទៅមនុស្ស Proactive ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់បំផុត មិនងាយនឹងទម្លាក់កំហុសទៅនរណាម្នាក់ដោយគ្មានហេតុផលឡើយ ជាពិសេស គេតែងតែចំណាយពេលទៅលើរឿងអ្វីមួយដែលមានប្រយោជន៍ជានិច្ច។ ពួកគេជាមនុស្សដែលចូលចិត្តធ្វើរឿងដែលគេចូលចិត្ត ជាពិសេសពួកគេមិនដែលឱ្យឱកាសល្អបាត់បង់ទៅដោយងាយៗឡើយ។ អ្វីដែលពួកគេគិត គឺមានភាពខុសប្លែកពីអ្នកដទៃ ហើយគិតបែបឈ្នះ និងវិជ្ជមានជានិច្ច។ មួយវិញទៀតក្រុមមនុស្ស Proactive ជាមនុស្សដែលមានការសម្រេចចិត្តមួយខ្ពស់ហើយតែងតែមានការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ដូច្នេះរឿងទាំងឡាយដែលពួកគេធ្វើតែងតែទទួលជោគជ័យ៩០%។ មនុស្ស Proactive មានលក្ខណៈខុសពី មនុស្ស Reactive ខ្លាំងបំផុត៖
១) មនុស្ស Proactive ប្រៀបដូចជាទឹកត្រជាក់៖ ព្យាយាមចាប់ឱកាសជានិច្ច ជាពិសេសនៅពេលពួកគេជួបបញ្ហា គឺពួកគេខិតខំរិះរកដំណោះស្រាយទាល់តែបាន ទោះបីជាបញ្ហាធំក៏ដោយក៏ នៅប្រឈមមុខជានិច្ចមិនព្រមចុះចាញ់ជាដាច់ខាត។ មានន័យថា ជាញឹកញាប់ពួកគេបានប្តូរបញ្ហាទាំងនោះទៅជាឱកាសទាំងអស់។
២)មនុស្ស Reactive ប្រៀបដូចជាទឹកសូដា៖ ជាប្រភេទមនុស្សដែលតែងតែ មានប្រតិកម្មជានិច្ច ចាំមើលតែបញ្ហា គ្មានភាពច្បាស់លាស់ មិនហ៊ានប្រឈមមុខនឹងបញ្ហា ចូលចិត្តកើតទុក្ខ ព្រួយបារម្ភច្រើន គ្មានទំនុកចិត្ត ចាំតែមើល មិនប្រឹងប្រែងអនុវត្តន៍ តែគិតថាខ្លួនឯងទៅមិនរួច។ សរុបមកទម្លាប់ទី១នេះ មានន័យថា មនុស្សកើតមកត្រូវតែព្យាយាមធ្វើជាមនុស្ស Proactive ឱ្យបានច្រើនគ្រប់កាលៈទេសៈ ដើម្បីសម្រួចខ្លួនឱ្យក្លាយជាមនុស្សដែលមានភាពរឹងមាំនិងអស្ចារ្យបំផុត៕
សង្ខេប៖ លឺ សុខហេង