រៀបចំគោលដៅហិរញ្ញវត្ថុ៤ ចំណុចនេះឲ្យបានរហ័សបំផុត នៅពេលឈានដល់វ័យខ្ទង់ ៣០
តើអ្នកបានរៀបចំគោលដៅហិរញ្ញវត្ថុហើយឬនៅ? ជាការពិតនៅអាយុ ខ្ទង់ ៣០ ឆ្នាំជាពេលវេលាដ៏ល្អមួយក្នុងមួយឆាកជីវិតរបស់មនុស្សដើម្បីដុសខាត់ ពង្រឹងសមត្ថភាព ចំណេះជំនាញសម្រាប់អនាគតរបស់ខ្លួន ពោលគឺភាពជោគជ័យនៃគោលដៅហិរញ្ញវត្ថុនេះតែម្តង។ វាជាប្រធានបទដ៏សំខាន់សម្រាប់មនុស្សក្នុងវ័យនេះយកមកពិចារណាឲ្យបានត្រឹមត្រូវបំផុត ដើម្បីចាប់ផ្តើមរៀបចំដំណើរជីវិតកសាងគ្រួសារមួយនៅពេលអនាគត។
ឥឡូវនេះ អ្នកអាចពិនិត្យមើលគោលដៅហិរញ្ញវត្ថុ៤ ខាងក្រោមនេះដើម្បីឲ្យច្បាស់ថា តើអ្នកនៅមានចំណុចខ្វះ ខាតកន្លែងណាខ្លះដែលមិនទាន់អនុវត្ត?
១.រកចំណូលឲ្យបានកាន់តែច្រើនកាន់តែឆាប់កាន់តែល្អ នៅមុនអាយុ៣០ នេះជាពេលវេលាដ៏ល្អសម្រាប់អ្នកត្រូវគិតថា ខ្លួនឯងចង់ធ្វើអ្វី? ចង់មានអាជីពបែបណា? នេះជាពេលវេលាដ៏ស័ក្តិសមហើយសម្រាប់អ្នកដើម្បីសម្រួចជំនាញ និង ចំណេះឲ្យកាន់តែខ្លាំងចូលប្រឡូកក្នុងទីផ្សារការងារ ឬ ជំនួញផ្ទាល់ខ្លួនដើម្បីរកចំណូលទុកសម្រាប់ឆ្នាំបន្តបន្ទាប់ទៀតនៅពេលខាងមុខ។ សូមចាំថា អ្នកអាចមានលុយច្រើននៅអាយុខ្ទង់ ៤០ ឬ ៥០ ពីព្រោះ តែអ្នកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រើសមត្ថភាពរកលុយពីអាយុចាប់ពី ២០ ជាងឡើងទៅ។
២.បើមានបំណុល ប្រញាប់ដោះបំណុលឲ្យបានលឿនបំផុត នៅពេលអ្នកកំពុងសិក្សាថ្នាក់មហាវិទ្យាល័យក្នុងវ័យ ២០ ឆ្នាំ អ្នកអាចមានសមត្ថភាពរកលុយបាននៅក្នុងកម្រិតណាមួយតែប៉ុណ្ណោះ ឬ ក៏មិនទាន់ចេះរកលុយក៏ថាបាន ពោលគឺមិនដូចអ្នកដែលមានជំនាញច្បាស់លាស់ក្រោយចប់មហាវិទ្យាល័យនោះឡើយ។ អ្នកអាចចំណាយប្រាក់ច្រើនលើសពីលទ្ធភាពទៅលើការសិក្សា ហូបចុក និងការចាយវាយប្រចាំថ្ងៃផ្សេងៗទៀត ដែលអាចបង្ខំឲ្យអ្នកផុងខ្លួនជំពាក់បំណុលគេ។ ក៏ប៉ុន្តែនៅវ័យ ៣០ ជាវ័យមួយដែលអ្នកបានបញ្ចប់មហាវិទ្យាល័យ មានការងារច្បាស់លាស់ អាចរកចំណូលបានកាន់តែច្រើនដែលត្រូវប្រញាប់ប្រញាល់ទៅដោះបំណុលពី មុនមកឲ្យបានឆាប់បំផុត។
៣.សម្រេចចិត្តឲ្យហើយថា គូរទិញផ្ទះឲ្យហើយឬយ៉ាងណា មនុស្សម្នាក់ៗត្រូវការផ្ទះសម្រាប់នៅ ហើយបើមានផ្ទះ គ្រួសារមួយនឹងមានលំនឹង។ ប្រសិនបើអ្នកមិនទាន់មានផ្ទះទេ អ្នកគួរសួរសំនួរខ្លួនឯងឲ្យថា តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅក្នុងការរកលុយទិញផ្ទះសម្រាប់នៅ? ប្រសិនបើចម្លើយថា ដល់ពេលហើយ អ្នកត្រូវតែធ្វើឲ្យសុបិន្ដនេះក្លាយជាការពិត។ អ្នកអាចយកប្រាក់សន្សំ ចំណូលពីប្រាក់ខែ ឬមុខរបរជំនួញណាមួយមកបែងចែកត្រឹម ២០% នៃចំណូលនោះ ឬលើសពី នេះ សម្រាប់បង់រំលោះផ្ទះនោះបន្តិចម្តងៗនៅក្នុងរយៈពេលណាមួយច្បាស់លាស់។
៤.សន្សំលុយទុកសម្រាប់វិនិយោគ បន្តមកទៀតនេះអ្វីដែលអ្នកត្រូវដឹងនៅក្នុងវ័យនេះ គឺការសន្សំលុយទុកដើម្បីវិនិយោគ។ ការសន្សំលុយទុក ដើម្បីទុកមិនមែនជាទស្សនប្រើប្រាស់លុយដ៏មានប្រសិទ្ធភាព និងជឿនលឿននៅក្នុងយុគសម័យបច្ចុប្បន្ននេះឡើយ។ ការយកលុយដែលសន្សំទុកទៅវិនិយោគបន្ត វាគឺជាគំនិតល្អមួយធ្វើឲ្យលុយរបស់អ្នកចេះដើរ ដើម្បីបង្កើតចំណូលបន្ថែមទៀតឲ្យអ្នកដូចជាយកទៅវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ភាគហ៊ុន និង មុខជំនួញផ្សេងៗទៀត។ អ្នកអាចលៃលកសន្សំប្រាក់សម្រាប់វិនិយោគត្រឹមតែ ១០ ទៅ ២០% នៃចំណូលរបស់អ្នក ចាត់ទុកថា ជារឿងមួយល្អដើម្បីជួយឲ្យអ្នកសម្រេចបានគោលដៅសេរីភាពហិរញ្ញវត្ថុនៅពេលខាងមុខ៕
ប្រភព ៖ businessinsider