មេរៀនជីវិតទាំង ៥ របស់លោក មហាត្មៈគន្ធី ដែលអ្នកគួររៀនសូត្រដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នក
មហាត្មៈគន្ធី គឺជារដ្ឋបុរសរបស់ប្រទេសឥណ្ឌា និងជាបុគ្គលអច្ឆរិយៈមួយរូបក្នុងពិភពលោកផងដែរ។ លោកត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ថាជាអ្នកដឹកនាំដែលប្រកាន់គោលការណ៍សន្តិភាព អហឹង្សា ដែលបានទាមទារសេរីភាព និងឯករាជ្យជាតិឲ្យប្រទេសឥណ្ឌា។ ខាងក្រោមនេះគឺជា មេរៀនជីវិតទាំង ៥យ៉ាងរបស់លោក មហាត្មៈគន្ធី ដែលអ្នកគួររៀនសូត្រដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នក៖
១) ផ្លាស់ប្តូរខ្លួនអ្នកជាមុនសិន៖ «ផ្លាស់ប្ដូរអ្វីដែលអ្នកចង់មើលឃើញក្នុងពិភពលោកនេះ។» គំនិតនៃការផ្លាស់ប្តូរខ្លួនរបស់អ្នកដើម្បីឃើញនូវអ្វីដែលអ្នកចង់បាននៅជុំវិញខ្លួនអ្នកគ្រាន់តែជាទ្រឹស្ដីសាមញ្ញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺការខិតខំប្រឹងប្រែង អត់ធ្មត់ ប្តេជ្ញាចិត្តដើម្បីទទួលបាននូវអ្វីដែលអ្នកចង់បាន។ មហាត្ម:គន្ធីបានបង្រៀននូវទស្សននេះតាមរយៈសុន្ទរកថារបស់លោក។ លោកអនុវត្តជាក់ស្តែងក្នុងសកម្មភាពរបស់លោក ទោះជាលោកប្រឈមនិងការដាក់ទោស បង្អត់អាហារ និងអាចបាត់បង់ជីវិតក៏ដោយ ក៏លោកនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននួវសន្តិភាព និងភាពស្មោះត្រង់ជានិច្ច។ មនុស្សម្នាក់ៗអាចធ្វើឲ្យមានភាពខុសគ្នា ហើយភាពខុសគ្នានោះតែងតែផ្តើមចេញពីមនុស្សម្នាក់។
២) ពង្រឹងនូវសន្តិភាព៖ «មានរឿងជាច្រើនដែលខ្ញុំអាចលះបង់ជីវិតដើម្បីធ្វើវា តែការធ្វើឲ្យអ្នកដទៃឈឺចាប់ខ្ញុំមិនធ្វើឡើយ។» មហាត្មៈគន្ធីគឺជាវីរ:បុរសបដិវត្ត និងជាមេដឹកនាំរបស់ប្រទេសឥណ្ឌា លោកបានដឹកនាំប្រជាជនរបស់លោកឈានទៅរកឯករាជ្យជាតិតាមរយៈភាពអស្ចារ្យរបស់លោក ដោយសន្ដិភាពហើយដោយមិនធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ឡើយ។ អ្នកមានសមត្ថភាពផ្លាស់ប្តូរពិភពលោកតាមរយៈសកម្មភាពសន្តិភាពនិយម ស្រឡាញ់ប្រជាធិបតេយ្យ និងគ្មានភាពអាត្មានិយម។
៣) ជៀសវាងអំពើហិង្សា៖ «កំហឹងទល់និងកំហល់នឹងបង្កឲ្យមានអសន្តិភាព។» រឿងតែមួយប៉ុណ្ណោះដែលមេដឹកនាំឥណ្ឌាម្នាក់នេះស្អប់ នោះគឺអំពើហិង្សា ដូចដែលយើងធ្លាប់បានដឹងមកហើយថា រាល់ទស្សនៈនិងសម្ដីរបស់លោកច្រើនតែពាក់ព័ន្ធនឹងអំពើហិង្សាច្រើនជាងបញ្ហាណាៗទាំងអស់។ ទីណាក៍ដោយដែលមានវិវាទ និងហិង្សា ទីនោះនឹងមានជនស្លូតត្រង់វិនាសបាត់បង់ជាមួយជាក់ជាពុំខាន។ មហាត្មៈគន្ធី បានបង្រៀនថា៖ « វប្បធម៌ សាសនា និងនយោបាយរបស់ពួកយើងខុសពីគេ គឺមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់ ឬបាត់បង់ជីវិតឡើយ។»
៤) ប្រកាន់ភ្ជាប់នូវការពិត៖ «ទោះបីជាអ្នកជាជនតូចទាបក៏ដោយ ការពិតនៅតែជាការពិត។» មហាត្ម:គន្ធី គឺជាអ្នកគាំទ្រសច្ចភាពនិយម ក្នុងន័យនេះផងដែរ លោកបានព្រមានប្រជាជនរបស់លោកមិនឲ្យជឿលើរឿងអ្វីមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ ពាក្យឃោសនាមិនមែនសុទ្ធតែជាការពិតទេ ពាក្យចរចាមអារាមក៏អ៊ីចឹងដែរ តែការពិតនោះទាល់តែបានឆ្លងតាមរយៈការគិតថ្លឹងថ្លែងដោយយកចិត្តទុកដាក់ និងឃើញផ្ទាល់នឹងភ្នែកនោះឯង។
៥) មើលលើការគិតរបស់អ្នក៖ «អ្នកគឺជាលទ្ធផលដែលអ្នកបានគិត។ អ្នកគិតអ្វី នោះអ្នកនឹងក្លាយជាយ៉ាងនោះ។» មហាត្ម:គន្ធី គឺជាបុគ្គលមានវិន័យលើខ្លួនឯង និងមានឆន្ទៈដ៏មុះមុត។ ជាការពិតយើងគឺជាផលិតភាពនៃការគិតរបស់យើង។ មហាត្ម:គន្ធី បានធ្វើតាមវិធីនេះដើម្បីគ្រប់គ្រងលើគំនិត។ ការគិតបែបវិជ្ជមាននឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកទាំងមួល ម៉្យាងទៀតបើមនុស្សមានការគិតបែបនេះកាន់តែច្រើន ពិភពលោកនឹងកាន់តែមានភាពល្អប្រសើរឡើង៕
ដោយ៖ មាន រ៉ាម៉ាញ