​ឃ្លាទាំង ៤​ដែល​អ្នកដឹកនាំ​ល្អ​តែង​មាន​ជាមួយ​កូនចៅ​ជា​ប្រចាំ​



ការ​រីកចម្រើន​របស់​កូនចៅ​ឬ​ការ​អន់ថយ​របស់​កូនចៅ​ត្រូវ​អាស្រ័យ​ទៅលើ​ភាព​ជា​អ្នកដឹកនាំ​របស់​អ្នក។ អ្នកដឹកនាំ​ល្អ​នឹង​ធ្វើឲ្យ​កូនចៅ​បាន​បំផុស​ឫសគល់​ទេពកោសល្យ​របស់​ខ្លួន និង​ប្រើប្រាស់​វា​ទៅ​ដល់​ចំណុច​កំពូល​របស់​វា។

ដោយសារ​វា​ត្រូវ​អាស្រ័យ​ទៅលើ​ទំនាក់ទំនង​ដែល​អ្នកដឹកនាំ​មាន​ជាមួយ​កូនចៅ ខាងក្រោម​នេះ​គឺជា​ឃ្លា​ចំនួន​៤​ដែល​អ្នកដឹកនាំ​ល្អ​តែង​មាន​ជាមួយ​កូនចៅ​ជា​ប្រចាំ៖

១) «តើ​ខ្ញុំ​អាច​ជួយ​អ្នក​ដោយ​របៀប​ណា​បាន ?»៖ អ្នកដឹកនាំ​វៃ​ឆ្លាត​ចេះ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ទុក​ឯករាជ្យ​សម្រាប់​បុគ្គលិក​និង​ការ​ចូល​ឈឺឆ្អាល​ការងារ​របស់​ពួកគេ​មាន​តុល្យភាព​នឹង​គ្នា។ នៅ​ពេល​អ្នក​ចូល​ឈឺឆ្អាល​រឿង​ការងារ​របស់​បុគ្គលិក​ពេក វា​នឹង​បង្កើត​ជា​ការ​រំខាន​ដល់​ពួកគេ និង​ធ្វើឲ្យ​ពួកគេ​មិន​បាន​បញ្ចេញ​សមត្ថភាព​ដោះស្រាយ​បញ្ហា​និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ឲ្យ​អស់​ពី​លទ្ធភាព។ យ៉ាងណាមិញ អ្នក​ក៏​មិន​អាច​ទុក​ពួកគេ​ចោល​ដោយ​មិន​ខ្វាយខ្វល់​អ្វី​សោះ​នោះ​ដែរ។ អ្នក​គួរតែ​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ​ឲ្យ​អ្នក​ជួយ ខណៈ​ពេល​ដែល​ទុក​ពួកគេ​ឲ្យ​រៀន​សូត្រ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។

២) «នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ផ្ដល់​អាទិភាព​ទៅលើ​វា»៖ ស្ថានការណ៍​ផ្លាស់ប្ដូរ អ្វីៗ​មិនមែន​ចេះ​តែ​នៅ​ទ្រឹង​មួយ​កន្លែង​រហូត​នោះ​ទេ។ ហេតុនេះ​អ្នកដឹកនាំ​ត្រូវ​ចេះ​ប្រាប់​បុគ្គលិក​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ចំណាយ​ថាមពល​របស់​ពួកគេ​ទៅលើ​នៅ​ពេល​ស្ថានការណ៍​ផ្លាស់ប្ដូរ និង​មូលហេតុ​ដែល​ពួកគេ​ត្រូវ​ធ្វើ​បែប​នោះ។

៣) «នេះ​គឺជា​ផ្នែក​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​អភិវឌ្ឍ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នៅ​ខែ​ក្រោយ​នេះ»៖ ការ​ផ្ដល់​មតិយោបល់​ចំពោះ​ការងារ​របស់​បុគ្គលិក​គឺជា​ចំណុច​សំខាន់​មួយ​ដែល​នាំ​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ក្នុង​ពេល​អនាគត។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចាំ​ថា​នរណា​ម្នាក់​ក៏​តែងតែ​មាន​កំហុស​ដែរ សូម្បីតែ​ជា​អ្នកដឹកនាំ​ដូចជា​អ្នក​ក៏​ដោយ។ ហេតុនេះ​អ្នក​ត្រូវ​មាន​ក្ដី​មេត្តា​ចំពោះ​ពួកគេ នៅ​ពេល​លើកឡើង​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​កូនចៅ។

៤) «តើ​អ្វី​ទៅ​គឺជា​គោលដៅ​រយៈពេល​វែង​របស់​អ្នក ?»៖ មាន​ពេល​ខ្លះ​អ្នក​បាន​ដាក់​ការងារ​ដែល​ពួកគេ​មិន​សូវ​ចូលចិត្ត​ធ្វើ ដោយ​មិន​ដឹង​ថា​អ្វី​ទៅ​គឺជា​ចំណង់ចំណូលចិត្ត​និង​ក្ដី​ស្រមៃ​របស់​ពួកគេ ជាហេតុនាំឲ្យ​ពួកគេ​សម្រេច​ការងារ​មិន​សូវ​បាន​លទ្ធផល​ល្អ។ ការ​យល់​ដឹង​ពី​ចំណុច​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​ប្រើ​បុគ្គលិក​ឲ្យ​ចំ​គោលដៅ ពង្រឹង​ភាព​ខ្លាំង​របស់​ពួកគេ និង​ជំរុញ​ពួកគេ​ឲ្យ​សម្រេច​ការងារ​ឲ្យ​ទទួល​បាន​លទ្ធផល​ខ្ពស់៕

ដោយ៖ ស្រីពៅ

X
5s