សំបុត្រមួយច្បាប់របស់លោក អាប្រាហាម លីនខូន ផ្ញើរទៅកាន់គ្រូរបស់កូនប្រុសរបស់លោក មានអត្ថន័យជ្រាលជ្រៅ
«កូនប្រុសរបស់ខ្ញុំចូលរៀនដំបូងក្នុងថ្ងៃនេះ។ អ្វីៗនឹងប្រាកដជាចម្លែក និងថ្មីសម្រាប់គេជាមិនខាន ហើយខ្ញុំសូមឲ្យលោកគ្រូជួយបង្ហាត់បង្រៀនគេដោយដោយយកចិត្តទុក្ខដាក់និងការថ្នាក់ថ្នមផង។ នេះគឺជាដំណើរផ្សងព្រេងដែលនាំគាត់ឆ្លងកាត់ទ្វីបជាច្រើនរាប់មិនអស់។ វាជាដំណើរផ្សងព្រេងដែលមានទាំងសង្រ្គាម សោកនាដកម្ម និងរឿងទុក្ខព្រួយជាច្រើនជំពូក។ ដើម្បីរស់នៅក្នុងជីវិតមួយនេះគឺទាមទារជំនឿជាក់ ក្ដីស្រលាញ់ និងសេចក្ដីក្លាហាន។
លោកគ្រូជាទីគោរព សូមលោកគ្រូជួយកាន់ដៃកូនប្រុសរបស់ខ្ញុំហើយបង្រៀនគាត់នូវរឿងរ៉ាវផ្សេងៗដែលគាត់ត្រូវដឹង និងបង្រៀនគាត់ដោយក្ដីថ្នាក់ថ្នម។ បង្រៀនគាត់ឲ្យដឹងថាក្នុងចំណោមសត្រូវទាំងអស់គឺតែងតែមានមិត្ត។ គាត់ត្រូវដឹងថាមនុស្សទាំងអស់គឺមិនសុទ្ធតែមានយុត្តិធម៌ និងមិនសុទ្ធតែស្មោះត្រង់ទាំងអស់នោះទេ។ ប៉ុន្តែ សូមលោកគ្រូបង្រៀនគាត់ឲ្យដឹងថាក្នុងចំណោមមនុស្សក្បត់តែងតែមានវីរៈបុរស ក្នុងចំណោមអ្នកនយោបាយទុច្ចរិតប្រាកដជាមានអ្នកដឹកនាំដែលស្មោះត្រង់ ខិតខំប្រឹងប្រែងពិតប្រាកដ។
សូមបង្រៀនគាត់ឲ្យដឹងថាលុយ១០សេនដែលរកបានដោយញើសឈាមមានតម្លៃលើសលុយ១ដុល្លារដែលរើសបានតាមផ្លូវទៅទៀត។ ក្នុងសាលា ប្រលងធ្លាក់ដោយមានកិត្តិយសប្រសើរជាងប្រលងជាប់ដោយបើកចម្លង។
សូមបង្រៀនគាត់ឲ្យដឹងពីរបៀបចុះចាញ់ដោយភាពជឿជាក់ ហើយឈ្នះដោយរីករាយនៅពេលគាត់ឈ្នះ។ សូមបង្រៀនគាត់ឲ្យចេះមានភាពស្លូតបូត សុភាពរាបសារជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែតឹងតែងជាមួយមនុស្សកំណាច។
សូមបង្រៀនគាត់កុំឲ្យច្រណែននិន្ទាឈ្នានីសអ្នកដទៃ និងបង្រៀនអំពីអាថ៌កំបាំងនៃការសើចយ៉ាងសប្បាយរីករាយ។ ប្រសិនបើលោកគ្រូអាច បង្រៀនគាត់ឲ្យចេះសើចពេលគាត់កើតទុក្ខ បង្រៀនគាត់ឲ្យដឹងថាគ្មានភាពខ្មាស់អៀនក្នុងការសម្រក់ទឹកភ្នែកនោះទេ។ បង្រៀនគាត់ឲ្យដឹងថាមោទកភាពក្នុងភាពបរាជ័យ និងក្ដីអស់សង្ឃឹមក្នុងភាពជោគជ័យ។ បង្រៀនគាត់ឲ្យចេះសើចចំអកឲ្យមនុស្សអាត្មានិយម។
សូមបង្រៀនគាត់ឲ្យដឹងពីភាពអច្ឆរិយនៃសៀវភៅ ប៉ុន្តែឲ្យគាត់ចេះគិតអំពីអាថ៌កំបាំងដ៏អស្ចារ្យរបស់បក្សីដែលហោះហើរលើវេហា ឃ្មុំដែលក្រេមលំអងផ្កាក្រោមពន្លឺព្រះអាទិត្យ និងផ្កាដែលដុះបង្អួតសម្រស់នៅលើភ្នំបៃតង។ បង្រៀនគាត់ឲ្យមានជំនឿលើគំនិតរបស់ខ្លួន បើទោះបីនរណាម្នាក់ប្រាប់គាត់ថាគំនិតរបស់គាត់ខុសក៏ដោយ។
សូមផ្ដល់ឲ្យកូនប្រុសរបស់ខ្ញុំនូវភាពខ្លាំងដោយមិនដើរតាមហ្វូងមនុស្ស។ បង្រៀនគាត់ឲ្យចេះស្ដាប់បង្គាប់អ្នកដទៃ ប៉ុន្តែបង្រៀនគាត់ផងដែរឲ្យចេះគិតពិចារណានឹងទទួលយកអ្វីដែលជារឿងពិត។ បង្រៀនគាត់ឲ្យចេះលក់ទេពកោសល្យនិងគំនិតទៅឲ្យអ្នកដេញថ្លៃ ប៉ុន្តែកុំដាក់ស្លាកតម្លៃឲ្យបេះដូងនិងព្រលឹងវិញ្ញាណឲ្យសោះ។ អនុញ្ញាតិឲ្យគាត់មានសេចក្ដីក្លាហានក្នុងការមិនអាចអត់ទ្រាំ អនុញ្ញាតិឲ្យគាត់មានភាពអត់ធ្មត់ដើម្បីសេចក្ដីក្លាហាន។ បង្រៀនគាត់ឲ្យមានជំនឿយ៉ាងមុតមាំក្នុងខ្លួន ពីព្រោះថាគាត់នឹងមានជំនឿយ៉ាងមុតមាំទៅលើមនុស្សជាតិទាំងមូល។ គាត់គឺជាក្មេងតូចដ៏ល្អ ហើយគាត់គឺជាកូនប្រុសរបស់ខ្ញុំ។»
ដោយ៖ លង់ វណ្ណៈ