គោលការណ៍នៃភាពជោគជ័យទាំង ១៧ របស់លោក ណាប៉ូលេអុង ហីល​



លោក ណាប៉ូលេអុង ហីល (Napoleon Hill) គឺជាអ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីល្បាញមួយរូប។ លោក ណាប៉ូលេអុង ហីល កើតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ១៨៨៣។ លោកបាននិពន្ធសៀវភៅ «Think and Grow Rich» ដែលជាសៀវភៅដែលល្បីល្បាញលក់ដាច់ជាច្រើននៅលើពិភពលោក។ ខាងក្រោមនេះគឺជាគោលការណ៍ជោគជ័យទាំង ១៧ របស់លោក ណាប៉ូលេអុង ហីល៖

១) គោលដៅជាក់លាក់៖ ការមានគោលដៅជាក់លាក់គឺជាការចាប់ផ្ដើមនៃភាពជោគជ័យ។ ប្រសិនបើអ្នកមិនមានគោលដៅ គ្មានគម្រោងផែនការ នោះជីវិតអ្នកនឹងរសាត់អណ្ដែតគ្មានទិសដៅពេញមួយជីវិត។

២) សម្ព័ន្ធភាពឆ្លាតវៃ៖ សម្ព័ន្ធភាពឆ្លាតវៃគឺការចូលរួមដោយមនុស្សពីរ ឬបីនាក់ដោយធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួមតែមួយ។ ជោគជ័យមិនអាចសម្រេចបាននោះទេប្រសិនបើគ្មានការសហការគ្នា។

៣) មានជំនឿជាក់៖ ជំនឿគឺជាស្ថានភាពនៃអារម្មណ៍ទៅលើគោលបំណង ចំណង់ គម្រោងផែនការ ដែលត្រូវដាក់បញ្ចូលក្នុងសកម្មភាពរាងកាយរបស់អ្នក។

៤) ដើរទៅមុខបន្តទៀត៖ ការបន្តទៅមុខបន្តទៀតគឺជាសកម្មភាពធ្វើឲ្យអ្វីៗកាន់តែល្អប្រសើរ។ ប្រសិនបើអ្នកធ្វើអ្វីមួយល្អហើយ នោះអ្នកត្រូវធ្វើឲ្យកាន់តែល្អថែមទៀត។

៥) ទទួលយកបុគ្គលិកលក្ខណៈរបស់អ្នក៖ បុគ្គលិកលក្ខណៈគឺជាការបូកបញ្ចូលគ្នានូវស្មារតី ព្រលឹង ចរិត និងទម្លាប់ដែលធ្វើឲ្យអ្នកខុសប្លែកពីអ្នកដ៏ទៃ។ វាជាអ្វីដែលកំណត់ថាអ្នកជាមនុស្សដែលគេចូលចិត្តឬមិនចូលចិត្ត។

៦) ការខិតខំផ្ទាល់ខ្លួន៖ ការខិតខំផ្ទាល់ខ្លួនគឺជាអំណាចដែលបំផុសឲ្យសម្រេចនូវលទ្ធផលដែលអ្នកចាប់ធ្វើ។ វាជាអំណាចដែលបញ្ជាឲ្យមានសកម្មភាព។ គ្មាននរណាម្នាក់មានសិទ្ធសេរីភាពនោះទេ ទាល់តែអ្នកនោះរៀនបង្កើតគំនិត និងទាញយកសេចក្ដីក្លាហានដើម្បីធ្វើសកម្មភាពនោះ។

៧) អាកប្បកិរិយាផ្លូវចិត្តវិជ្ជមាន៖ អាកប្បកិរិយាផ្លូវចិត្តវិជ្ជមានគឺជាផ្លូវចិត្តត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈទាំងអស់។ ភាពជោគជ័យទាក់ទាញភាពជោគជ័យបន្ថែមទៀត នៅពេលដែលបរាជ័យទាក់ទាញភាពបរាជ័យបន្ថែមទៀត។

៨) ចំណង់ខ្លាំងក្លា៖ ចំណង់ខ្លាំងក្លាគឺជាជំនឿក្នុងសកម្មភាព។ វាជាអារម្មណ៍ដ៏ពុះកញ្ច្រោល ដែលចេញពីក្នុងខ្លួនរបស់អ្នកក្នុងការធ្វើអ្វីមួយ។

៩) វិន័យផ្ទាល់ខ្លួន៖ វិន័យផ្ទាល់ខ្លួនចាប់ផ្ដើមចេញពីការគ្រប់គ្រងគំនិតរបស់អ្នក។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងគំនិតរបស់បាននោះទេ អ្នកមិនអាចគ្រប់គ្រងចំណង់របស់អ្នកបាននោះទេ។ វិន័យផ្ទាល់ខ្លួនទាមទារឲ្យមានតុល្យភាពរវាងអារម្មណ៍ដែលចេញពីបេះដូងរបស់អ្នកជាមួយនឹងហេតុផលនៃសភាវៈគតិដែលនៅក្នុងខួរក្បាលរបស់អ្នក។

១០) ការគិតត្រឹមត្រូវ៖ អំណាចនៃគំនិតគឺមានភាពគ្រោះថ្នាក់បំផុត ឬមានអំណាចបំផុតដល់អ្នកដោយពឹងផ្អែកលើថាតើអ្នកប្រើប្រាស់វាដោយរបៀបណា។

១១) គ្រប់គ្រងការផ្ចង់អារម្មណ៍៖ ការផ្ចង់អារម្មណ៍នាំឲ្យអ្នកអាចគ្រប់គ្រងទៅលើការខិតខំប្រឹងប្រែង ពីព្រោះវាអាចធ្វើឲ្យអ្នកផ្ដោតទៅលើអំណាចនៃខួរក្បាលដើម្បីសម្រេចគោលដៅនិងធ្វើឲ្យអ្នកសម្រេចវា។

១២) ការងារជាក្រុម៖ ការងារជាក្រុមគឺជាការសហការគ្នាដែលជាបំណង ដោយចេតនា និងសេរីភាព។ ការសហការគ្នាគឺជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងអាចទាញយកនូវមិត្តភាព។

១៣) ស្ថានភាពពិបាកនិងបរាជ័យ៖ ភាពជោគជ័យរបស់មនុស្សម្នាក់ៗគឺជាផ្នែកមួយនៃភាពបរាជ័យដែលពួកគេធ្លាប់ជួបប្រទះក្នុងដំណើរនៃភាពជោគជ័យ។

១៤) ទស្សនៈវិស័យឆ្នៃប្រឌិត៖ ទស្សនៈវិស័យឆ្នៃប្រឌិត គឺត្រូវអភិវឌ្ឍដោយសេរីភាពនិងភាពមិនភ័យខ្លាចនៃការស្រមើស្រមៃរបស់អ្នក។

១៥) សុខភាព៖ សុខភាពល្អកើតចេញពីការខ្វាយខ្វល់អំពីវា។

១៦) លុយនិងពេលវេលា៖ លុយនិងពេលវេលាគឺជាធនធានដ៏មានតម្លៃ។ មនុស្សមួយចំនួនខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យដោយជឿថាពួកគេនឹងទទួលបានមួយក្នុងចំណោមរបស់ទាំងពីរនេះ។

១៧) ទម្លាប់៖ ទម្លាប់វិជ្ជមានធ្វើឲ្យអ្នកមានសន្ដិភាពផ្លូវចិត្ត សុខភាព និងសុវត្តិភាពហិរញ្ញវត្ថុ។ អ្នកនៅកន្លែងដែលអ្នកនៅពីព្រោះតែអ្នកបានបង្កើតនូវទម្លាប់និងគំនិតរបស់អ្នក៕

ដោយ៖ លង់ វណ្ណៈ

X
5s