សញ្ញាណទាំង ៧ បញ្ជាក់ថា អ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីបើកជំនួញរកស៊ី
តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន? ចម្លើយបើគ្រាន់តែមានដើមទុនគ្រប់គ្រាន់ មានធនធានមនុស្ស ប៉ុន្តែខ្វះផែនការអាជីវកម្ម ក៏បញ្ជាក់ថា អ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេក្នុងការធ្វើជំនួញ។ ពិនិត្យមើល ៧ ចំណុចខាងក្រោមនេះជាមុនសិនដើម្បីប្រាកដថា អ្នកពិតជាបានត្រៀមខ្លួនរួចរាល់ឬយ៉ាងណា។
១) មិនបានត្រៀមខ្លួនរួចរាល់ប្រឈមទៅនឹងហានិភ័យដែលនឹងកើតមានឡើង
នៅពេលបើកជំនួញ ហានិភ័យតិចឬច្រើននឹងកើតមានឡើង។ ពេលខ្លះ ទោះផលិតផលរបស់អ្នកល្អ មានគុណភាពខ្ពស់ជាងគូប្រជែង ប៉ុន្តែខ្វះយុទ្ធសាស្ត្រទីផ្សារទាក់ទាញអតិថិជន ក៏ធ្វើឲ្យជំនួញអ្នកថ្មីថ្មោងដួលរលំទៅវិញក៏ថាបាន។ នេះមិនទាន់រាប់បញ្ចូលហានិភ័យមួយចំនួនទៀតដូចជា អស់ទុន ខាតដើម ខ្វះលុយបើកឲ្យបុគ្គលិក ជាដើម។ ប្រសិនបើអ្នកមិនបានត្រៀមខ្លួនទទួលយកហានិភ័យទាំងនេះទេ អ្នកគួរតែដកឃ្លា ពិនិត្យមើលពីលទ្ធភាពបើកជំនួញឡើងវិញ។
២) មានផ្នត់គំនិតខ្លាចខាតជានិច្ច
នៅពេលអ្នកស្ថិតនៅក្នុងស្ថានភាពមួយគិតថា ខ្លាចខាត មិនមានឱកាស ឬធនធានគ្រប់គ្រាន់សម្រាប់ធ្វើជំនួញទេនោះ វានឹងនាំឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹមដែលនឹងប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងមិនអាចឲ្យអ្នកចាប់ឱកាសបើកជំនួញសម្រាប់ប្រឡូកក្នុងទីលានអាជីវកម្ម។ សូមចាំថា ការធ្វើជំនួញមិនមែនគិតតែប្រាក់ចំណូលតែមួយនោះទេ។ អ្នកត្រូវបង្កើតផលិត ឬសេវាកម្មមួយដែលលើសពីនេះ នោះគឺគុណតម្លៃសម្រាប់អតិថិជន បើពុំដូច្នេះទេអ្នកនឹងបរាជ័យ។
៣) ចង់បានចំណូលត្រឡប់មកវិញភ្លាមៗ
នៅអាមេរិក គេបានរកឃើញថា អាជីវកម្មខ្នាតតូចមានតែ ៤០% ប៉ុណ្ណោះដែលអាចទាញចំណូលត្រឡប់មកវិញ និង ៨២% ផ្សេងទៀតបានដួលរលំដោយសារតែពួកគេលោភលន់ចង់បានប្រាក់ចំណេញឆាប់រហ័សហួសហេតុពេក។ យ៉ាងណាក៏ដោយ មុខជំនួញជោគជ័យមួយមិនមែនជោគជ័យត្រឹមមួយថ្ងៃ មួយខែ ឬ មួយឆ្នាំនោះទេ។ វាត្រូវការពេលវេលាច្រើនឆ្នាំ និងធ្វើកែប្រែបន្តិចម្តងៗដើម្បីកសាងទំនុកចិត្តពីអតិថិជន។
៤) គ្មានចំណេះដឹងហិរញ្ញវត្ថុ
ភាពខ្វះខាតផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជាឧបសគ្គមួយទៀតដល់គោលដៅបើកអាជីវកម្មរបស់អ្នក។ ចំណេះដឹងហិរញ្ញវត្ថុសំខាន់ណាស់សម្រាប់អាជីវកម្មទាំងអស់ ពីព្រោះថា ប្រសិនបើអ្នកមិនបានត្រួតពិនិត្យលើចរន្តសាច់ប្រាក់ចំណូលចំណាយរបស់អ្នកឲ្យត្រូវខ្ទង់ទេនោះ វានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកបរាជ័យមិនខាន។ នៅពេលចាប់ផ្តើមធ្វើជំនួញ ផែនការចំណូលចំណាយហិរញ្ញវត្ថុរបស់អ្នកគួរត្រូវធ្វើឡើងយោងតាមទិន្នន័យជាក់ស្តែង ជាជាងការវាយតម្លៃដែលគ្មានការសិក្សាត្រឹមត្រូវ។
៥) គ្មានគម្រោងអាជីវកម្ម (Business Plan)
ការស្រាវជ្រាវពីសាកលវិទ្យាល័យ Michigan បានឲ្យដឹងថា ការរៀបចំផែនការអាជីវកម្មល្អនឹងជួយបង្កើនឱកាសអាជីវកម្មរបស់អ្នកឲ្យមានស្ថិរភាពល្អ។ ការសិក្សារបស់សាកលវិទ្យាល័យខាងលើបានផ្តល់ដំបូន្មានថា អ្នកគួរធ្វើតេស្ដទីផ្សារជាមុនសិន បន្ទាប់មកទើបចាំចាប់ផ្តើមបង្កើតគម្រោងអាជីវកម្ម។ យ៉ាងណាមិញ ប្រសិនបើអ្នកបានចាប់ផ្តើមអាជីវកម្មរួចហើយក៏ដោយ ក៏វាមិនទាន់យឺតពេលដែរក្នុងការបង្កើតផែនការអាជីវកម្ម ពីព្រោះថា វាបានផ្តល់ឱ្យអ្នកនូវផែនទីបង្ហាញផ្លូវមួយដើម្បីឲ្យអាជីវកម្មរបស់អ្នកដើរទៅមុខតាមគោលដៅដែលអ្នកកំណត់។
៦) មិនបានសាកល្បងធ្វើតេស្ដគំនិតអាជីវកម្មនៅលើទីផ្សារ
បញ្ហាប្រឈមដ៏ធំបំផុតមួយរបស់អាជីវកម្មថ្មីថ្មោង គឺការបង្កើតផលិតផលដែលមិនសមស្របទៅនឹងតម្រូវការនៅលើទីផ្សារ។ នេះមិនត្រឹមតែធ្វើឲ្យអ្នកខាតបង់ថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យ អ្នកខាតបង់ពេលវេលាទៀតផង។ ដើម្បីជៀសវាងកំហុសមួយនេះ អ្នកត្រូវស្រាវជ្រាវទីផ្សារឲ្យបានត្រឹមត្រូវជាមុនសិន មុននឹងចាប់ផ្តើមអាជីវកម្មរបស់អ្នក។
៧.) មិនទាន់មានផ្នត់គំនិតជាអ្នកដឹកនាំអាជីវកម្ម
នៅពេលបើកអាជីវកម្មមួយ អ្នកត្រូវចាំថា អ្នកជាអ្នកទទួលខុសត្រូវរាល់សកម្មភាពទាំងអស់ទាក់ទងទៅនឹងប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ការដឹកនាំស្ថាប័ន បង្កើតផែនការអាជីវកម្ម ការជ្រើសរើសមនុស្សមកធ្វើការ ការផ្ដួចផ្ដើមបង្កើតយុទ្ធសាស្ត្រធ្វើអាជីវកម្ម និងការសម្រេចចិត្តនានាជាដើម គឺជាបន្ទុករបស់អ្នក។ នេះទាមទារឲ្យអ្នកមានលក្ខណសម្បត្តិជាអ្នកដឹកនាំ រៀនរបៀបគ្រប់គ្រងធនធានមនុស្ស បង្កើតបណ្ដាញទំនាក់ទំនងឲ្យរឹងមាំជាមួយបុគ្គលិកជោគជ័យ និងត្រូវពង្រឹង (Hard Skill) និងពង្រីកជំនាញទន់ (Soft Skill) និងរឹងឲ្យកាន់តែប្រសើរឡើង៕
ប្រភព៖ businessinsider