ច្បាប់មាសទាំង ១០ ដើម្បីភាពជោគជ័យក្នុងអាជីវកម្ម
តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីបើកអាជីវកម្ម? បើអ្នកមិនទាន់បានត្រៀមខ្លួនទេ ឬក៏បានត្រៀមរួចហើយគួរស្វែងយល់ពីច្បាស់មាសចំនួន ១០ ខាងក្រោមនេះជាមុនសិន ដើម្បីទុកជាគន្លឹះមួយសម្រាប់ជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ។
១) បង្កើតក្រុមការងារដ៏រឹងមាំ
ទោះបីជាមុខជំនួញរបស់អ្នកជាអ្វីក៏ដោយ មានចក្ខុវិស័យបែបណាក៏ដោយ អ្នកត្រូវតែកសាងក្រុមការងារដ៏រឹងមាំមួយដែលមានទស្សនៈ គំនិត និងគោលដៅតែមួយដូចអ្នក។ មូលហេតុដែលអ្នកត្រូវរៀបចំក្រុមការងារដូចនេះ គឺដោយសារតែពួកគេមានគោលដៅដូចអ្នកដែលអាចជួយឲ្យអ្នកដើរឆ្ពោះទៅកាន់គោលដៅរបស់អ្នកបានយ៉ាងត្រឹមត្រូវ និងកាន់តែងាយស្រួល។
២) ជឿជាក់លើសមត្ថភាពរបស់ក្រុមការងារ
នៅពេលអ្នកជួលបុគ្គលិកជាច្រើនមកធ្វើការ អ្នកពិតជាបានច្បាស់ក្នុងចិត្តហើយថា បុគ្គលិកទាំងនោះមានសមត្ថភាពទៅតាមជំនាញរៀងៗខ្លួន។ ដូចនេះអ្នកត្រូវបើកឱកាសឲ្យពួកគេបញ្ចេញស្នាដៃ ហ៊ានសម្រេចចិត្ត និងផ្តល់ទំនុកចិត្តប្រកបដោយការលើកទឹកចិត្ត មិនមែនចេះតែគ្រប់គ្រងដូចរបបផ្ដាច់ការនោះទេ។
៣) ដឹកនាំការងារយកការអនុវត្តជាគំរូ មិនមែនបានតែនិយាយនោះទេ
បើទោះបីជាអ្នកមានឋានៈអ្វីនៅក្នុងក្រុមហ៊ុន ឬស្ថាប័នរបស់អ្នកនោះទេ ការដឹកនាំក្រុមការងារដោយបញ្ចេញសកម្មភាពជាគំរូដើម្បីដឹកនាំបុគ្គលិកផ្សេងៗទៀតគឺជារឿងល្អបំផុត ជាជាងប្រើតែពាក្យសម្ដីបង្គាប់បញ្ជាពួកគេ។ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់អ្នកសម្រាប់ឲ្យបុគ្គលិករៀនសូត្រតាមដែលមិនមែនត្រឹមតែផ្តល់គុណសម្បត្តិសម្រាប់ស្ថាប័នរបស់អ្នកនោះទេ ប៉ុន្តែថែមទាំងសម្រាប់អនាគតរបស់ពួកគេផងដែរ។
៤) ទទួលយកដំបូន្មានល្អៗ
នៅក្នុងទីលានអាជីវកម្ម សូមកុំនិយាយថា អ្នកអាចធ្វើការតែម្នាក់ឯងបាន។ អ្នកត្រូវការក្រុមការងារដ៏រឹងមាំដែលមានជំនាញផ្សេងៗគ្នា។ ប៉ុន្តែរាល់ប្រតិបត្តិការអាជីវកម្មរបស់អ្នក គេចមិនផុតឡើយនូវចំណុចខ្វះខាតដែលនេះទាមទារឲ្យអ្នកធ្វើការកែតម្រូវ ហើយការកែតម្រូវនេះចាំបាច់ត្រូវមានអ្នកណែនាំផ្លូវ ឬគ្រូបង្វឹក (Mentor) ដើម្បីសិក្សារៀនសូត្រពីកំហុស និងដកស្រង់បទពិសោធន៍មកគ្រប់គ្រងអាជីវកម្មរបស់អ្នក។ ទទួលយកការរិះគន់ និងដំបូន្មានល្អៗពីអ្នកជំនាញ និងបុគ្គលិកស្តាប់បង្គាប់ផ្សេងៗទៀតដែលមានគំនិតថ្មីៗដែលជួយឲ្យអាជីវកម្មអ្នកកាន់តែប្រសើរឡើង។
៥) កសាងគុណតម្លៃពិសេសមួយឲ្យខុសពីគូប្រជែង
សូមចងចាំថា នេះគឺជាអាជីវកម្មរបស់អ្នក ហើយអ្នកនឹងត្រូវការធាតុផ្សំតែមួយគត់ដើម្បីឈរឲ្យខ្ពស់ខុសពីគូប្រជែងរបស់អ្នក។ ជាការពិតអ្នកអាចយកគំរូតាមអ្នកដែលមានបទពិសោធន៍ ឬធ្លាប់ដើរមុនអ្នក ប៉ុន្តែអ្នកត្រូវកសាងផ្លូវមួយដើរដោយខ្លួនឯង ដែលមិនចម្លងពីគូប្រជែងរបស់អ្នក។
៦) ខិតខំបង្កើតបណ្ដាញទំនាក់ទំនងឲ្យបានកាន់តែច្រើន
ចំណុចទាំងប៉ុន្មានខាងលើនេះមិនគ្រប់គ្រាន់ទេសម្រាប់ភាពជោគជ័យក្នុងអាជីវកម្មរបស់អ្នក។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការកសាងបណ្ដាញទំនាក់ទំនងកាន់តែច្រើន ជាពិសេសក្រុមមនុស្សដែលមានចំណេះដឹងទូលំទូលាយ និងជោគជ័យក្នុងវិស័យជំនួញដូចអ្នក។ បុគ្គលទាំងនោះនឹងអាចចែករំលែក និងយុទ្ធសាស្ត្រល្អៗសម្រាប់ជួយបំពេញបន្ថែមចំណុចខ្វះខាត ជាពិសេសចំណេះដឹងលើមុខជំនួញតែម្តងដែលអ្នកអាចរៀនសូត្របន្ថែមបាន។
៧) ចេះបត់បែន មិនឆាប់ប្រតិកម្ម
នៅក្នុងទីលានអាជីវកម្ម មានបញ្ហាច្រើនណាស់ដែលអ្នកនឹងប្រឈមមុខ។ ពេលខ្លះអ្នកបាត់បង់អតិថិជន ទំនាស់ផលប្រយោជន៍ ឬជួបបញ្ហាជាច្រើនទៀតដែលទាមទារឲ្យអ្នកត្រូវមានភាពប៉ិនប្រសព្វក្នុងការដោះស្រាយដោយសន្តិវិធី និងប្រកបដោយភាពឆ្លាតវៃ។ ក្នុងការទំនាក់ទំនងក៏ដូចគ្នា អ្នកត្រូវគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តឲ្យបានខ្ពស់បំផុត និងយកភាពអត់ធ្មត់ធ្វើជាមូលដ្ឋានគ្រឹះរបស់អ្នក។
៨) រៀនអ្វីថ្មីៗជាប្រចាំ
នៅពេលបច្ចុប្បន្ននេះ ពិភពលោកមានការប្រែប្រួលលឿនណាស់។ ដូច្នេះហើយវាទាមទារឲ្យអ្នកត្រូវធ្វើការផ្លាស់ប្ដូរ សិក្សាស្រាវជ្រាវ និងរៀនសូត្របន្ថែមដើម្បីយកបំពេញចំណុចខ្វះខាតរបស់អ្នកទាំងការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការពង្រឹងសមត្ថភាពរបស់អ្នក។ ការរៀនសូត្រនេះគ្មានដែនកំណត់នោះឡើយ អ្នកកាន់តែរៀន អ្នកកាន់តែទទួលបានចំណេះដឹងថ្មីៗ និងអាចហក់ចាប់យកឱកាសបានច្រើនទៀតផង។
៩) មានចក្ខុវិស័យវែងឆ្ងាយទៅមុខ មិនសម្លឹងត្រឡប់ក្រោយ
រឿងកំហុសគ្មានអ្នកណាម្នាក់អាចគេចផុតនោះឡើយ។ រាល់កំហុសនីមួយៗសុទ្ធតែបង្កប់ចំណុចអប់រំមួយដែលអ្នកត្រូវយកមកទុកធ្វើបទពិសោធន៍។ ប៉ុន្តែអ្នកមិនត្រូវផ្ដេកផ្ដួលលើកំហុសអតីតកាលទាំងនោះរហូតនោះទេ។ អ្នកត្រូវប្រើថាមពលឲ្យច្រើនគិតទៅលើអនាគតវែងឆ្ងាយរបស់អ្នក ជាពិសេសគឺបង្កើតស្តង់ដារជីវិត ឬ អាជីវកម្មមួយដែលមានតម្លៃសម្រាប់អនាគតរបស់អ្នក។
១០) កុំភ្លេចប្រើជីវិតឲ្យសប្បាយតាមរបៀបរបស់អ្នក
ការងារ ជំនួញ គ្រួសារ រកលុយសុទ្ធតែសំខាន់សម្រាប់អ្នក។ ប៉ុន្តែក្រៅពីនេះ សុខភាពរបស់អ្នកគឺជារឿងសំខាន់ជាងនេះទៅទៀត។ ដូចនេះ សូមប្រើពេលវេលារបស់អ្នកបង្កើតភាពសប្បាយរីករាយឲ្យបានច្រើនបើមិនដូច្នេះទេទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណា បើជីវិតរបស់អ្នកពោរពេញដោយភាពស្មុគស្មាញ ខ្វះពេលកម្សាន្ត តម្លៃនៃជីវិតហាក់នៅឆ្ងាយពីអ្នក៕
ប្រភព៖ lifehack