ទម្លាប់ទាំង ៣ នេះអាចជួយឲ្យអ្នកឆាប់សម្រេចបានភាពឯករាជ្យហិរញ្ញវត្ថុ
ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុគឺជាគោលដៅរបស់មនុស្សគ្រប់គ្នា។ ក៏ប៉ុន្តែមានតែអ្នកមានតែប៉ុណ្ណោះដែលគេមើលឃើញថា មានសេរីភាព ឬមានភាពឯករាជ្យភាពហិរញ្ញវត្ថុជាងអ្នកក្រ។ មូលហេតុសំខាន់មួយដែលធ្វើឲ្យអ្នកមាន មានឯករាជ្យហិរញ្ញវត្ថុ ខុសពីអ្នកក្រ គឺអាស្រ័យលើសកម្មភាព និងទម្លាប់របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសប្លែកគ្នាក្នុងកម្រិតណា។ ទម្លាប់ទាំងនោះអាចជារបៀបរកលុយ ការប្រើលុយ ឬការគ្រប់គ្រងចំណូលចំណាយជាដើមដែល មានឥទ្ធិពលដល់ភាពជោគជ័យ ឬបរាជ័យក្នុងជីវភាពហិរញ្ញវត្ថុរបស់អ្នក។
យ៉ាងណាមិញ ប្រសិនបើអ្នកស្ថិតនៅក្នុងទម្លាប់អវិជ្ជមានដែលប៉ះពាល់ដល់ភាពឯករាជ្យភាពហិរញ្ញវត្ថុរបស់អ្នក អ្នកគួរផ្លាស់ប្ដូរមកអនុវត្តទម្លាប់៣នេះ៖
១.កុំធ្លាក់ក្នុងបំណុលមិនល្អ (Bad Debt) បំណុលមិនមែនសុទ្ធតែមិនល្អទាំងអស់នោះឡើយ។ បំណុលខ្លះគឺជាបំណុលល្អប្រសិនបើអ្នកយកបំណុលនោះទៅវិនិយោគអ្វីមួយដែលបានផ្តល់ប្រាក់ចំណេញមកវិញ។ ប៉ុន្តែនៅពេលអ្នកសម្រេចចិត្តកម្ចីប្រាក់ អ្នកត្រូវឲ្យប្រាកដថា អ្នកយកប្រាក់នោះទៅធ្វើអ្វី? វាអាចរកប្រាក់ចំណូលបានពីបំណុលនេះដែរឬអត់? ប្រសិនបើអ្នករកមិនឃើញប្រាក់ចំណេញពីបំណុលដែលអ្នកបានប្រើប្រាស់ទេនោះ មានន័យថា អ្នកមានបំណុលមិនល្អហើយ។ បើមិនចាំបាច់ទេនោះ សូមកុំមានបំណុលមិនល្អ ព្រោះបំណុលមិនល្អដូចជា បង់រំលោះរថយន្ត ទិញសម្ភារៈទំនើបៗជាដើមមិនអាចធ្វើឲ្យអ្នកសម្រេចបានភាពឯករាជ្យភាពហិរញ្ញវត្ថុនោះទេ។
២.សន្សំ ៥០% នៃចំណូលរបស់អ្នក ឧទាហរណ៍ថា អ្នកមានអាយុពាក់កណ្តាល ៣០ ឬជិត ៤០ឆ្នាំ ដូចនេះភាពឯករាជ្យហិរញ្ញវត្ថុនៅទីនេះប្រៀបដូចជាការបង្កើតធនាគារទ្រព្យដ៏ធំមួយសម្រាប់រយៈពេលពី ១០ ទៅ ១៥ ឆ្នាំក្រោយទៀត។ អ្នកអាចមានកម្លាំងធ្វើការរហូតដល់អាយុ ៦០ ឬលើសពី នេះ។ ប៉ុន្តែអ្នកជឿជាក់ទេថា ការងាររបស់អ្នកនឹងមានស្ថិរភាពដែលធ្វើឲ្យអ្នកមានចំណូលរហូតដល់វ័យនេះ? ជម្រើសដ៏ល្អបំផុតនៅពេលនេះ អ្នកគួរប្រញាប់ប្រញាល់បង្កើតទម្លាប់សន្សំប្រាក់ឲ្យបានច្រើនរហូតដល់ ៥០% នៃចំណូលរបស់អ្នក។ បើអ្នកគ្មានបំណុលទេនោះ ការសន្សំ ៥០%នៃប្រាក់ចំណូលពិតជាអាចធ្វើបាន ហើយអ្នកអាចយកប្រាក់សន្សំនោះទៅវិនិយោគផ្តល់ប្រាក់ចំណូលបន្ថែម គុណ ២ ឬ ៣ដងលើសពីនេះ។
៣.បង្កើនការវិនិយោគឲ្យបាន ៦% ជារៀងរាល់ឆ្នាំ ចំណង់ចំណូលចិត្តនៃការវិនិយោគមិនដូចគ្នាទេ។ អ្នកខ្លះអាចវិនិយោគលើផ្សារភាគហ៊ុន ខ្លះទៀតវិនិយោគលើអចលនទ្រព្យ ផ្ទះសម្បែង អគារជួល និងអ្នកខ្លះទៀតអាចបើកជំនួញរកស៊ីជាដើម។ ការវិនិយោគនេះគឺជារឿងមួយដ៏សំខាន់ដែលអ្នកត្រូវធ្វើចាប់ពីថ្ងៃនេះតទៅ។ មូលហេតុសំខាន់ដែលអ្នកត្រូវបង្កើនទុនវិនិយោគបន្ថែម ៦% ជារៀងរាល់ឆ្នាំ គឺដោយសារតែកំណើនអតិផរណាដែលអាចកើនឡើងពី ២ ទៅ ៥% ក្នុងមួយឆ្នាំ។ ទំនិញតម្លៃ ១០ ដុល្លារកាលពី៥ឆ្នាំ មុន អាចឡើងថ្លៃដល់ ១៥ ដុល្លារនៅក្នុងឆ្នាំនេះ ។
ដូច្នេះប្រសិនបើចំណូលរបស់អ្នកនៅដដែល ឬមិនបង្កើនប្រាក់វិនិយោគបន្ថែមទេ អ្នកមិនអាចរត់ទាន់អតិផរណាបានទេ។ ត្រូវធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកើនឡើងពី ៦ ទៅ ១០% ក្នុងមួយឆ្នាំ។ ការវិនិយោគក៏ត្រូវបង្កើនដែរដើម្បីឲ្យចំណូលរបស់អ្នកកើនឡើង ដែលនឹងជួយឲ្យអ្នកឆាប់សម្រេចបានសេរីភាពហិរញ្ញវត្ថុ៕
ប្រភព៖ entrepreneur