លោក ហោ ចាន់រដ្ឋា៖ គន្លឹះ​សំខាន់​៣យ៉ាង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធិភាព​



ភាព​ជោគ​ជ័យ​សុទ្ធ​តែ​អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​គ្នា ជាការ​ពិត វា​ហាក់​ដូច​ជា​ទ្វា​រមួយ​ផ្ទាំង​ធំ​ដែល​បិទ​ជិត​ដោយ​គន្លឹះ​តូច​មួយ​អ៊ីចឹង​ នៅ​ពេល​ដែល​អ្នក​អាច​ស្វែង​រក​គន្លឹះ​នោះ​ឃើញ​អ្នក​នឹក​អាច​បើក​ទ្វា​រនោះ​បាន​ដោយ​ងាយ ហើយ​អ្នក​នឹង​ឃើញ​ពី​ភាព​ធំ​ទូលាយ​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​នៃ​ទ្វា​រនោះ។ ជា​មួយ​គ្នា​នេះ​ដែរ​លោក ហោ ចាន់រដ្ឋា អ្នក​ស្រាវ​ជ្រាវ​ភាព​ជា​អ្នក​ដឹក​នាំ និងជាអ្នកចងក្រងសៀវភៅ «ភាព​ជា​អ្នក​មានកំពូល»​ ​បាន​បង្ហើប​នូវ​គន្លឹះ​សំខាន់​៣យ៉ាង​អាច​ជួយ​ឲ្យ​អ្នក​មាន​ឱកាស​ក្លាយ​ជា​បុគ្គល​ជោគជ័យ។

ទី​មួយ​អ្នក​ត្រូវ​រៀន​រស់​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជំពាក់​អ្នក​ដទៃ​ និង​សុខ​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពាក់​ខ្លួន​វិញ​៖ ជា​ការ​ពិត​មនុស្ស​គ្រប់​គ្នា​តែង​តែ​ចង់​ក្លាយ​ជា​អ្នក​មាន​ ឬ​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជំពាក់​គេ​នោះ​ទោះ​អ្នក​រក​យ៉ាង​ណា​ក៏​មិន​សល់​ក៏​មិន​រីក​ចម្រើន​ដែរ។ ឧទាហរណ៍​ថា អ្នក​ធ្វើ​ការ​នៅ​កន្លែង​មួយ​ដែល​គេ​ជួល​ក្នុង​តម្លៃ​៣០០​ដុល្លារ​ឲ្យ​ធ្វើ​ការ​៨​ម៉ោង អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្មើរ​នឹង​មនុស្ស​ដែល​មាន​ប្រាក់​ខែ​៨០០​ឬ១០០០​ដុល្លារ មាន​ន័យ​ថា​បើ​គេ​ជួល​អ្នក​៣០០​ហើយ​អ្នក​ធ្វើ​ការ​ឲ្យ​គេ​ក្នុង​តម្លៃ​៣០០​នោះ​អ្នក​បាន​ត្រឹម​តែ​រួច​ខ្លួន​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​អ្នក​ធ្វើ​ក្រោម​នឹង​នោះ​មាន​ន័យ​ថា​អ្នក​ជំពាក់​គេ​ហើយ ដូច្នេះ​អ្នក​គួរ​ធ្វើ​ខ្លួន​ឯង​ឲ្យ​អ្នក​ដទៃ​ជំពាក់ ប្រសើរ​ជាង​ជំពាក់​អ្នក​ដទៃ។

ទីពីរ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​ដឹកនាំ៖ ឧទាហរណ៍​ថា​អ្នក​ធ្វើ​ការ​នៅ​កន្លែង​មួយ​អ្នក​ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​ជា​ម្ចាស់​ក្រុមហ៊ុន​នោះ មាន​ន័យ​ថា​រាល់​កិច្ចការ​នៅ​ក្នុង​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​អ្នក​ធ្វើ​ការ​អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​ល្អ​បំផុត​ គឺ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ការ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន​ឯង​ដូច្នោះ​ដែរ ពោល​គឺ​អ្នក​ត្រូវ​មាន​ទំនូល​ខុស​ត្រូវ​មិន​មែន​ធ្វើ​អ្វី​មួយ​ឲ្យ​តែ​រួច​ពី​ដៃ​ហើយ​សម្អាង​តែ​មេ​ជា​អ្នក​ត្រួត​ពិនិត្យ​ដោះ​ស្រាយ​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​ដឹក​នាំ​ នោះ​អ្នក​នឹង​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​នៅ​ថ្ងៃ​ណា​មួយ បើ​ទោះ​បី​ជា​ពេល​ដំបូង​អ្នក​ធ្វើ​ទៅ​មិន​ទាន់​សម​ក្ដី​។

ទីបី​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​គ្រូ៖ គ្រូ​មាន​ន័យ​ថា​ជា​ជន​គម្រូ ជា​មនុស្ស​ដែល​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់​ អាច​បង្រៀន​និង​អាច​ពន្យល់​ឲ្យ​គេ​យល់​បាន។ ឧទាហរណ៍​ថា​ អ្នក​មាន​គំនិត​ដ៏​ល្អ​មួយ​ចង់​ប្រាប់​ឬណែនាំ​ឲ្យ​អ្នក​ដទៃ​ជោគ​ជ័យ​គេ​រីក​ចម្រើន​ជា​ដើម ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ទៅ​និយាយ​ប្រាប់​គេ​ គេ​បែ​ជា​មិន​ស្ដាប់​គេ​បែ​ជា​មិន​យល់​និង​មិន​ខ្វល់​ចំពោះ​បំណង​ល្អ​របស់​អ្នក​ទៅ​វិញ តើ​នោះ​ដោយ​សារ​មូល​ហេតុ​អ្វី? តើ​យើង​ពិត​ជា​អន់​ដល់​ថ្នាក់​ប្រាប់​គេ​ឲ្យ​ល្អ​សោះ​គេ​បែ​ជា​មិន​ស្ដាប់? ជា​ការ​ពិត​នោះ​មាន​ន័យ​ថា​អ្នក​ខ្វះ​សមត្ថភាព​ធ្វើ​ជា​គ្រូ​ហើយ​ គឺ​ខ្វះ​សមត្ថភាព​ក្នុង​ការ​ពន្យល់​ឲ្យ​អ្នក​ដទៃ​យល់​ ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឯង​ឲ្យ​ដូច​ជា​គ្រូ​សម្រាប់​អ្នក​ដទៃ៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s