គន្លឹះសំខាន់ៗ ៨យ៉ាង ដែលអ្នកគួរធ្វើ នៅពេលឈឺក្បាលដោយសារពិបាកសម្រេចចិត្តលើរឿងអ្វីមួយ
បញ្ហាដែលមនុស្សជាច្រើនតែងជួបប្រទះសឹងរៀងរាល់ថ្ងៃនោះ គឺការធ្វើការសម្រេចចិត្ត។ វាជាបញ្ហាធំមួយក្នុងជីវិតយើង ហើយមនុស្សមួយតែងតែធ្វើការសម្រេចចិត្តខុស ដែលធ្វើឲ្យពួកគេមិនសប្បាយចិត្ត និង ស្ដាយក្រោយជារឿយៗ។ ៨ចំណុចខាងក្រោមនេះនឹងធ្វើឲ្យអ្នកធ្វើការសម្រេចចិត្តបានល្អជាងមុន៖
១) កុំព្យាយាមចំណាយពេលសម្រេចចិត្តទៅលើរឿងដែលមិនសូវចាំបាច់៖
ជាទូទៅមនុស្សភាគច្រើនចូលចិត្តចំណាយច្រើនហួសហេតុពេក ទៅលើការសម្រេចចិត្តក្នុងការជ្រើសរើសសំលៀកបំពាក់ ឬ ការហូបចុកជាដើម។ ចូរកុំចំណាយពេលគិតទៅលើរឿងទាំងអស់នេះយូរហួសហេតុពេក ព្រោះកាលណាចំណាយពេលច្រើនហួសហេតុ វានាំឲ្យអ្នកបាត់បង់ពេលវេលាទៅគិតរឿងសំខាន់ ឬ នាំឲ្យខ្លួនអ្នកកាន់តែស្មុគស្មាញកាន់តែខ្លាំង។
២) សម្រេចចិត្តតាមបែបធម្មជាតិ៖
ពេលខ្លះអ្នកមិនចាំបាច់គិតទៅគិតមកនោះទេ ព្រោះថាពេលខ្លះអ្នកអាចសម្រេចតាមអារម្មណ៍ ចំណូលចិត្តរបស់អ្នកក៏បាន តែការសម្រេចចិត្តបែបនេះគឺអាស្រ័យទៅលើកាលៈទេសៈផងដែរ។ ពេលខ្លះអ្នកក៏មិនអាចប្រើអារម្មណ៍តែម៉្យាងក្នុងការសម្រេចចិត្តបាននោះទេ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹងនៃ ការសម្រេចចិត្ត។
៣) មានគំនិតសុទិដ្ឋិនិយម៖
មិនថាអ្នកសម្រេចចិត្តបែបណាក៏ដោយ អ្នកតែងតែអាចកែប្រែស្ថានការណ៍នោះឲ្យទៅជាល្អបានជានិច្ច។ វាសំខាន់ថា តើអ្នកជ្រើសរើសការប្រឈមមុខជាមួយវាបែបណា? ឲ្យអារម្មណ៍អ្នកគ្រប់គ្រងស្ថានការណ៍ ឬក៏ជ្រើសរើសកែប្រែវាឲ្យល្អជាងមុន? ដូច្នេះចូរមានគំនិតសុទិដ្ឋិនិយមជានិច្ច។
៤) ចេះរៀនសូត្រពីកំហុស
អ្នកណាក៏ធ្លាប់សម្រេចចិត្តខុសដែរ តែពួកគេបានចាត់ទុកកំហុសទាំងអស់នោះជាមេរៀន ហើយចេះកែប្រែវាដោយមិនដើរ តាមគន្លងចាស់នោះទៅគឺបានហើយ។
៥) មានគោលដៅច្បាស់លាស់
ការដែលមានគោលដៅមួយពិតប្រាកដអាចជួយធ្វើឲ្យយើងមានការសម្រេចចិត្តបានល្អនិងរហ័សជាងមុន។ ព្យាយាមផ្សារភ្ជាប់ខ្លួនអ្នកទៅនឹងសុបិន និង គោលដៅរបស់អ្នកជានិច្ច។
៦) ជឿជាក់ទៅលើសភាវគតិរបស់អ្នក
មិនថាមានអ្នកផ្ដល់ដំបូន្មានឲ្យអ្នកច្រើនយ៉ាងណាក៏ដោយ ឬមិនថាគេជាមនុស្សដែលចង់ឃើញអ្នកជោគជ័យយ៉ាងណាក៏ដោយ ត្រូវចងចាំថាមានតែអ្នកម្នាក់គត់ដែលមានសិទ្ធិសម្រេចចិត្តលើវិថីជីវិតរបស់ខ្លួន។ ក្នុងន័យនេះ អ្នកអាចស្ដាប់យោបល់របស់ពួកគេបាន ប៉ុន្តែកុំបណ្ដោយឲ្យពួកគេមកសម្រេចចិត្តជួសអ្នកឲ្យសោះ។
៧) មានទំនុកចិត្តលើខ្លួនឯង៖
អ្នកគួរជឿជាក់លើខ្លួនឯងពេលធ្វើការសម្រេចចិត្តម្ដងៗ ព្រោះថាវានឹងជួយឲ្យអ្នកចេះទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចចិត្តរបស់អ្នក។ បើគ្មានទំនុកចិត្តនោះទេ នោះអ្វីដែលអ្នកធ្វើ គឺសង្ឃឹមតិចណាស់ដែរ។
៨) ធ្វើការជ្រើសរើសដ៏វៃឆ្លាត
មនុស្សមួយចំនួនចូលចិត្តជ្រើសរើសជម្រើសដែលអាចទៅរួចទាំងអស់ ប៉ុន្តែសូមកុំជ្រើសរើសអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយឲ្យសោះ។ អ្នកគួរតែជ្រើសអ្វីដែលល្អសម្រាប់ខ្លួនអ្នកផ្ទាល់ និង អ្វីដែលមិនធ្វើឲ្យអ្នកស្ដាយក្រោយនៅពេលដែលសម្រេចចិត្តហើយ៕
ប្រែសម្រួលដោយ៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org