គន្លឹះទាំង ៨យ៉ាងដើម្បីវិវត្តខ្លួនក្លាយជាសហគ្រិន​



ការក្លាយខ្លួនជាសហគ្រិនគឺជារឿងមួយដ៍អស្ចារ្យមួយ ប៉ុន្តែមិនមែនជារឿងងាយស្រួល។ ដំណើរផ្សងព្រេងក្នុងការក្លាយខ្លួនជាសហគ្រិនជោគជ័យមួយរូបគឺត្រូវតែឆ្លងកាត់ឧបសគ្គជាច្រើនដែលពេលខ្លះមានការជោគជ័យ ហើយពេលខ្លះទៀតក៍ជួបប្រទះការបរាជ័យរាប់មិនអស់ផងដែរ។ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺនៅពេលដែលបុគ្គលម្នាក់ព្យាយាមពុះពារមិនព្រមចុះចាញ់ក្នុងការចាប់យកជោគជ័យនោះ នៅពេលនោះហើយអ្នកនឹងមានអារម្មណ៍មួយដ៍អស្ចារ្យ ព្រោះនេះជាអារម្មណ៍មួយដែលបុគ្គលគ្រប់រូបទទួលបាន ពេលដែលគេលើកបានទង់ជ័យជំនះលើការងារណាមួយ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ៨ចំណុចក្នុងការជួយសហគ្រិនក្នុងការវិវត្តខ្លួនទៅរកភាពជាសហគ្រិនជោគជ័យមួយរូប៖

 

១. ជឿលើក្ដីស្រមៃនិងសមត្ថភាពរបស់ខ្លួន៖
ក្នុងនាមខ្លួនជាសហគ្រិនមួយរូបត្រូវតែមានសេចក្ដីក្លាហាននិងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ អ្នកត្រូវតែរៀនតាំងខ្លួនអោយរឹងមាំដោយត្រៀមខ្លួនជានិច្ចក្នុងការឈានជើងពុះពារឧបសគ្គដើម្បីឆ្លងទៅដល់គោលដៅណាមួយ។ ដូចនេះ ការជឿជាក់លើខ្លួនអ្នកជារឿងដែលមិនអាចខ្វះបាន ព្រោះវាជាចំណុចចាប់ផ្ដើមនៃដំណើរឆ្ពោះទៅមុខ។

 

២. យកមតិយោបល់របស់អ្នកដទៃ៖
ឯកជនភាពគឺជាពាក្យដែលមនុស្សភាគច្រើនតែងយល់ខុសក្នុងការសម្រេចចិត្តលើរឿងអ្វីមួយ។ ទោះបីជា គំនិត យោបល់ និងការវាយតម្លៃគឺសុទ្ធតែជាការផ្ដើមចេញពីការគិតរបស់អ្នកដទៃក៍ដោយ ប៉ុន្តែត្រូវចាំថាមិតរបស់អ្នកដទៃក៍មានសារៈសំខាន់ក្នុងការសម្រេចចិត្តរបស់យើងផងដែរ។ ការសម្រេចចិត្តគឺត្រូវមានទំនួលខុសត្រូវខ្ពស់ ព្រោះថាការសម្រេចចិត្តនីមួយៗរបស់បុគ្គលគ្រប់រូបគឺមានន័យថាពួកគេនឹងត្រៀមខ្លួនជាស្រេចក្នុងការទទូលបានលទ្ធផលនៅពេលខាងមុខ។ ដូចនេះត្រូវគិតអោយបានគ្រប់ជ្រុងជ្រោយដោយយកមតិយោបល់របស់អ្នកផ្សេងមកបូកផ្សំជាមួយគំនិតរបស់យើងផងដែរ ក្នុងការសម្រេចចិត្តនោះ​។ អ្នកត្រូវចាំថាគំនិតរបស់មនុស្សម្នាក់មិនអាចឈ្នះគំនិតរបស់មនុស្សច្រើននាក់បានទេ។

 

៣. បណ្ដុះទំនុកចិត្តនិងជំនឿចិត្តក្នុងសមាជិកក្រុមការងារនីមួយៗ៖ 
សហគ្រិនគ្រប់រូបគឺសុទ្ធតែមានក្ដីសុបិន្តដែលផ្ដើមឡើងដោយសមាជិកក្រុមការងារមួយយ៉ាងតូច ប៉ុន្តែក្រោយមកក៍ចាប់ផ្ដើមវិវត្តន៍ទៅជាក្រុមការងារមួយដ៍ធំ។ ត្រូវចាំផងដែរថា សហគ្រិនគ្រប់រូបគឺសុទ្ធតែបានឆ្លងកាត់ការស្វះស្វែងរកបុគ្គលិកការងារដែលមានលក្ខណៈពិសេសក្នុងការបំពេញការងារហើយសមស្របទៅតាមចរិតលក្ខណៈដែលពួកគេចង់បាន។ ប៉ុន្តែចរិតលក្ខណៈរបស់បុគ្គលិកការងារដែលល្អប្រសើរបំផុតគឺការមានជំនឿចិត្តលើខ្លួនឯងហើយមានការប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញការងារតាមគោលការណ៍របស់ស្ថាប័នការងារ។ លើសពីនេះទៅទៀត ក្នុងនាមជាសហគ្រិនមួយរូប គួរតែធ្វើជាបង្គោលក្នុងការលើកទឹកចិត្តនិងបង្រៀនបុគ្គលិកការងារអោយជឿលើសមត្ថភាពខ្លូនឯងដែលនេះគឺជាគុណតម្លៃមួយដែលជួយឲ្យសមាជិកការងារអាចសម្រេចការងារបានយ៉ាងជោគជ័យ។

 

៤. ស្វែងយល់អំពីអតចរិតនិងទេពកោសល្យរបស់បុគ្គលិក
សហគ្រិនភាគច្រើនពេលធ្វើការយូរៗទៅគឺកាន់តែស្វែងយល់ពីបុគ្គលិកការងាររបស់ខ្លួនកាន់តែខ្លាំងដែលពេលខ្លះក៍ជួបប្រទះរឿងនឹកស្មានមិនដល់។ ពេលខ្លះគឺសង្កេតឃើញថាបុគ្គលិកខ្លះមានទេពកោសល្យនិងសមត្ថភាពល្អៗនិងប្លែកៗខុសពីអ្វីដែលគេបានដាក់ក្នុង CV របស់ពួកគេ។ ដូច្នេះ ក្នុងនាមជាសហគ្រិន ត្រូវតែស្វែងយល់ពីសមត្ថភាពនិងទេពកោសល្យការងាររបស់សមាជិកក្រុមការងារនីមួយៗដើម្បីផ្ដល់ការងារណាមួយដល់ពួកគេដែលសមស្របទៅតាមទេពកោសល្យនិងសមត្ថភាពរបស់ពួកគេ។ ជាពិសេសនោះគឺពូកគេនឹងមានការសប្បាយចិត្តនិងពេញចិត្តក្នុងការប្រកបការងាររបស់ពួកគេដែលជាកត្តាជំរុញអោយទទួលបានសមិទ្ធផលការងារល្អក្នុងការសម្រេចការងារជាក្រុម។

 

៥. ទំហំមួយមិនត្រូវជាមួយនឹងរបស់ទាំងអស់ទេ៖
មួយឃ្លានេះគឺសំដៅទៅលើការចេះគួរយល់ដឹងថាមនុស្សគ្រប់រូបសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នាទាំងគុណតម្លៃនិងជំនឿចិត្ត។ បុគ្គលគ្រប់រូបសុទ្ធតែទទួលបានឥទ្ធិពលពីវប្បធម៌ សង្គមនិងព្រមទាំងមានជីវប្រវត្តិខុសៗគ្នា។ ដូចនេះការសម្របខ្លួនរបស់ពួកគេក្នុងទីកន្លែងការងារមានលក្ខណៈខុសៗគ្នា ហើយត្រូវយល់ថាក្នុងការប្រកបការងារជាក្រុមគឺត្រូវចេះធ្វើការទំនាក់ទំនងនិងការនិយាយស្ដីទៅគ្នាទៅវិញទៅមកអោយសមស្របទៅតាមការសម្របខ្លួនរបស់ពួកគេ។ ហើយក្នុងនាមជាមេដឹកនាំការងារត្រូវចេះបត់បែនទៅតាមចរឹតលក្ខណៈរបស់បុគ្គលិកការងារនីមួយៗ។

 

៦. កុំធ្វើការសន្មត់ផ្ដេសផ្ដាស៖
សហគ្រិនគ្រប់រូបគឺសុទ្ធតែជាបុគ្គលដែលពោរពេញដោយក្ដីស្រមៃខ្ពស់ដែលពេលខ្លះធ្វើអោយពួកគេតែងតែមានការធ្លោះធ្លោយក្នុងការសន្មត់ផ្ដេសផ្ដាស់លើបុគ្គលផ្សេងៗ និងរបៀបបែបបទក្នុងការសម្រេចការងារណាមួយ។ ប៉ុន្តែអ្វីដែលពួកគេគួរធ្វើដើម្បីអោយមានប្រសិទ្ធភាពក្នុងការធ្វើអ្វីមួយគឺត្រូវមានគោលវត្ថុបំណងច្បាស់លាស់ទាំងក្នុងគោលដៅនិងសកម្មភាពទាំងអស់។ ជាពិសេសនោះគឺត្រូវដាស់តឿនខ្លួនឯងអោយចេះមានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំអោយចេះតែធ្វើការសន្មត់ផ្ដេសផ្ដាស់។

 

៧. អ្វីៗគឺសុទ្ធតែមានអន្តរកម្មជាមួយគ្នា៖
ជារៀងរាល់ថ្ងៃ ការសម្រេចចិត្តនីមួយៗត្រូវបានធ្វើឡើងដែលជះឥទ្ធពលដល់លទ្ធផលក្នុងផ្លូវខុសៗគ្នា ហើយពេលខ្លះគឺលទ្ធផលចេញមកមិនដូចការរំពឹងទុកនោះទេ។ ប៉ុន្តែការធ្វើការដោយគ្មានសភាវគតិគឺពេលខ្លះទទួលបានលទ្ធផលល្អមែន ប៉ុន្តែការប្រកបការងារដោយមានសភាវគតិគឺជាការល្អប្រសើរបំផុត។ ដូចនេះក្នុងនាមជាសហគ្រិន ក្នុងការធ្វើសេចក្តីសម្រេចណាមួយគឺត្រូវមើលអោយបានគ្រប់ជ្រុងជ្រោយនិងស្វែងយល់ពីស្ថានភាពជុំវិញខ្លួនយើងមុននឹងធ្វើសេចក្ដីសម្រេចនោះ​។

 

៨. ត្រូវមានអារម្មណ៍សប្បាយចិត្តជានិច្ច៖
បើសិនក្នុងប្រការថាអ្នកមិនពេញចិត្តនឹងការធ្វើដំណើរផ្សងព្រេងហើយមានអារម្មណ៍ថាអ្នកកំពុងតែជំរុញខ្លួនឯងខ្លាំងពេកនោះ គឺអ្នកគួរតែបញ្ឈប់ដំណើរនេះភា្លម។ ជាទូទៅ សហគ្រិនជោគជ័យគឺមិនដែលព្យាយាមជំរុញខ្លួនឯងអោយធ្វើអ្វីមួយដែលគេមិនពេញចិត្តនឹងធ្វើនោះទេព្រោះថាសហគ្រិនជោគជ័យគឺសុទ្ធតែជាបុគ្គលដែលមានមហិច្ឆតាក្នុងការចង់ឈោងចាប់បានជោគជ័យណាមួយដែលគេចចង់បាន។ ដូចនេះហើយពេលគេព្យាយាមពុះពារ ច្បាំងយកជោគជ័យនោះគឺគេតែងតែមានអារម្មណ៍សប្បាយចិត្តនឹងធ្វើវា។ ធ្វើបែបនេះទើបអាចធ្វើអោយកម្លាំងញើសរបស់ពួកគេមានន័យនិងឈានជើងទៅមុខដល់ចំណុចជោគជ័យបាន៕

 

ដោយ៖ នឿន វណ្ណៈ

X
5s