អ្នកជោគជ័យ ៧រូប ចែករំលែកចំណេះដឹងលុយកាក់កាលនៅពេលអាយុខ្ទង់ ២០ឆ្នាំ
នៅពេលឈានជើងចូលដល់អាយុខ្ទង់ ២០ ការសម្រេចចិត្តនានានៅក្នុងដំណាក់កាលនេះគឺជារឿងមួយស្មុគស្មាញច្រើន ។ អ្នកត្រូវគិតគូរពីការរៀបចំគម្រោងជីវិតដូចជា ការស្វែងរកចំណេះដឹង អាជីពការងារ រកលុយកាក់ និងអនាគតគ្រួសារជាដើម។ យ៉ាងណាមិញ ទុកបញ្ហាទាំងនេះមួយឡែកសិនដោយយករឿងលុយកាក់មកពិភាក្សាសិន ហើយសាកល្បងស្វែងយល់ពីគំនិតមួយចំនួនរបស់អ្នកជោគជ័យហិរញ្ញវត្ថុ ៧ រូបនេះថា តើបុគ្គលទាំងនេះយល់ឃើញយ៉ាងដូចម្តេចទៅលើប្រធានបទនេះ?
១. ជំនាញមានតម្លៃជាងលុយកាក់
លោក Tim Ferriss អ្នកវិនិយោគ និងជាអ្នកនិពន្ធសៀវភៅ លក់ដាច់បំផុតមួយ"The 4-Hour Workweek"
«នៅពេលអាយុខ្ទង់ ២០ អ្នកត្រូវដាក់ចិត្តដាក់កាយយកពេលវេលាមករៀនសូត្រឲ្យបានច្រើនជាជាងចំណាយពេលទៅធ្វើការមុន។ បន្ទាប់មកចាំធ្វើការជាមួយក្រុមហ៊ុនណាដែលមានអ្នកដឹកនាំ ល្អ ការងារទាក់ទងជំនាញរបស់អ្នក ហើយក្រេបជញ្ជក់យកជំនាញនោះបណ្តើរធ្វើការបណ្តើរ។ រឿងដែលត្រូវធ្វើ អ្នកត្រូវចងចាំថា អាយុខ្ទង់ ២០ ត្រូវយកការរៀនសូត្រជារឿងអាទិភាពជាងការងារណាៗទាំងអស់»។
២. ត្រូវរៀបចំគម្រោងហិរញ្ញវត្ថុជាមុន
លោកស្រី Alexa von Tobel ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន LearnVest.com
«ការមិនរៀបចំគម្រោងហិរញ្ញវត្ថុ គឺជារឿងដ៏អាក្រក់បំផុតមួយនៅ ក្នុងជីវិត។ អ្វីដែលខ្ញុំមើលឃើញកំហុសរបស់មនុស្សទូទៅគឺនៅខ្វះចន្លោះលើចំណេះដឹងហិរញ្ញវត្ថុនេះឯង។ ពួកគេមើលទៅដូចចាត់ទុកបញ្ហានេះថា ជារឿងធម្មតា រហូតដល់ពួកគេបណ្តែតបណ្តោយវាឲ្យក្លាយជាទម្លាប់មិនល្អរាប់សិបឆ្នាំ។ ប៉ុន្តែនេះចាត់ទុកថា ខ្ញុំមានសំណាងល្អដែរដែលបានរៀបចំវាតាំងពីអាយុខ្ទង់ ២០ មកម្ល៉េះ ដូចនេះហើយទើបខ្ញុំមានពេលគ្រប់គ្រាន់ធ្វើឲ្យគម្រោងហិរញ្ញវត្ថុនេះដើរស្របទៅនឹងជីវិតរបស់ខ្ញុំ»។
៣. ធ្វើការងារដែលអ្នកស្រលាញ់ជាជាងរត់ដេញតាមលុយ
លោក Blake Mycoskie ស្ថាបនិកក្រុមហ៊ុន TOMS
«កាលពីអាយុខ្ទង់ ២០ ខ្ញុំធ្លាប់បានគិតរួចមកហើយថា ដំបូន្មានល្អបំផុតសម្រាប់មនុស្សគ្រប់រូបគឺធ្វើអ្វីដែលខ្លួនស្រលាញ់ មិនមែនរត់តាមលុយនោះទេ។ ខ្ញុំគិតហើយគិតទៀតថា មនុស្សដែលមានមហិច្ឆតាធ្វើការដែលខ្លួនពេញចិត្ត និងជឿជាក់លើសមត្ថភាពរបស់ខ្លួននឹងជោគជ័យនៅទីបំផុត។ វាជារឿងមួយគួរឲ្យព្រួយបារម្ភដែលនៅវ័យនេះអ្នកមិនត្រូវគិតពីរឿងលុយ ប៉ុន្តែការយកចិត្តទុកដាក់លើការងារដែលអ្នកស្រលាញ់ គឺពិតជាសំខាន់ជាងលុយឆ្ងាយណាស់។ នៅពេលអ្នកមានជំនាញ លុយនឹងរត់មករកអ្នកដោយខ្លួនឯង»។
៤. ទិញរបស់ដែលមានគុណភាពខ្ពស់
លោកស្រី Kate White អតីតនិពន្ធនាយករបស់សារព័ត៌មាន Cosmopolitan
«កាលពីអាយុខ្ទង់ ២០ ខ្ញុំជាមនុស្សពូកែសន្សំលុយម្នាក់។ ប៉ាម៉ាករបស់ខ្ញុំជំរុញខ្ញុំខ្លាំងណាស់ឲ្យសន្សំលុយទុកសម្រាប់ចូលនិវត្តន៍ ហើយកាលនោះគិតថា ធ្វើអញ្ចឹងវាទំនងដែរ។ ប៉ុន្តែក្រោយមកខ្ញុំយល់ថា ការសន្សំមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ ទិញរបស់ថ្លៃៗ ដែលមានគុណភាពខ្ពស់ក៏ជួយសន្សំប្រាក់យើងដែរ ព្រោះរបស់មានគុណភាពប្រើប្រាស់បានយូរ មិនឲ្យយើងចំណាយច្រើន ហើយឆាប់ទិញវាថ្មីទៀត»។
៥. យល់ឲ្យច្បាស់ពីអំណាចនៃការវិនិយោគ
លោក Kevin Cleary នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Clif Bar & Company
«កាលពីអាយុខ្ទង់ ២០ ខ្ញុំបានយល់ច្បាស់គួរសមពីអំណាចនៃការវិនិយោគលុយកាក់។ កាលនោះ ខ្ញុំបានចំណាយប្រាក់តិចជាងមុន មានពេលវេលាច្រើន និងចន្លោះពេលយូរសម្រាប់វិនិយោគ ហើយវាពិតជាពេលវេលាល្អបំផុតដើម្បី រៀនវិនិយោគ។ ខ្ញុំធ្លាប់យកគោលការណ៍សន្សំប្រាក់មកអនុវត្ត ប៉ុន្តែបើខ្ញុំធ្វើវាបន្តទៀត ខ្ញុំច្បាស់ជាបាត់បង់ឱកាសកើបប្រាក់ចំណេញយ៉ាងច្រើនពីការវិនិយោគហើយ»។
៦. ក្រុមហ៊ុនសំខាន់ជាងមុខតំណែងរបស់អ្នក
លោក Adam Nash ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Wealthfront
«ខ្ញុំធ្លាប់គិតថា ការដែលមានគំនិតចេះសន្សំប្រាក់ឲ្យបានច្រើន និងរស់នៅក្នុងជីវិតមួយចំណាយទាបជាងចំណូលគឺជារឿងសំខាន់បំផុត។ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថា ជីវិតមួយដែលអាចហែលឆ្លងផុតនៃដំណាក់កាលសេដ្ឋកិច្ចឡើងចុះ គឺអាស្រ័យលើសមត្ថភាព និងជំនាញរបស់យើងទេ។ ខ្ញុំជឿជាក់ថា យុវជនដែលមានអាយុខ្ទង់ ២០ គួរធ្វើការនៅក្រុមហ៊ុនណាមួយត្រូវជំនាញរបស់ខ្លួន។ កុំគិតលើមុខតំណែងតួនាទីខ្លាំងពេក បន្ទាប់មករៀនសូត្រអភិវឌ្ឍជំនាញ និងចំណេះដឹង។ នៅក្នុងរយៈពេលយូរ អាជីពអ្នកកាន់តែខ្លាំង ពេលនោះហើយដែលអ្នកអាចរកលុយបានកាន់តែច្រើន»។
៧. លុយមិនធ្វើឲ្យអ្នកសប្បាយចិត្តបានទេ
លោក Matt Maloney នាយកប្រតិបត្តិក្រុមហ៊ុន GrubHub
«លុយមិនអាចកំណត់បានថា ជីវិតអ្នកជោគជ័យ ឬមានសុភមង្គលនោះឡើយ។ ការពិត ប្រសិនបើអ្នកចង់ឲ្យជីវិតរបស់អ្នករីករាយពិតប្រាកដ គឺធ្វើឲ្យលុយដើរតាមមហិច្ឆតា ឬចំណង់ចំណូលចិត្តរបស់អ្នក។ មហិច្ឆតានឹងធ្វើឲ្យអ្នកមានចំណាប់អារម្មណ៍ ដែលវាអាចនាំអ្នកឲ្យកាន់តែផ្ដោតយកចិត្តទុកដាក់លើគោលដៅរបស់អ្នក និងមានការប្ដេជ្ញាចិត្តកាន់តែខ្លាំង។ ចំណុចពីរនេះគឺតម្រូវការចាំបាច់ដើម្បីភាពជោគជ័យ។ បើគេមានផ្លូវពីរសម្រាប់ឲ្យអ្នកជ្រើសរើស ពោលគឺផ្លូវមួយផ្លូវឆ្ពោះទៅភាពមានបាន និងផ្លូវមួយទៀតផ្លូវដែលដើរតាមមហិច្ឆតា និងក្តីសុបិន្ដរបស់អ្នក អ្នកត្រូវជ្រើសរើសផ្លូវទីពីរវិញ។ នៅពេលអ្នកមានមហិច្ឆតា និងក្តីសុបិន្តច្បាស់លាស់មួយជោគជ័យនឹងរត់មករកអ្នក លុយក៏នឹងរត់មករកអ្នកដូចគ្នា។ នេះនឹងធ្វើឲ្យអ្នកសប្បាយចិត្ត ហើយលុយក៏មាន»៕
ប្រភព៖ businessinsider