លក្ខណៈ​សម្បត្តិ​ពិសេស ១៣ចំណុច ​របស់​​នាយក​ប្រតិបត្តិ​ (CEO)​ឆ្នើម​



តើ​អ្នក​​មាន​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​នៅ​ក្នុង​ចំណោម​សហគ្រិន ១០ នាក់​មាន​៩ នាក់​បរាជ័យ? តាមពិត​វា​មាន​មូលហេតុ​ជា​ច្រើន​ដែល​​នៅ​ពី​ក្រោយ​សំនួរ​នេះ​ដែល​ជា​កំហុស​របស់​សហគ្រិន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​កត្តា​ផ្សេងៗ​ទៀត។ ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឬ ក៏​ត្រៀម​ខ្លួន​ដើម្បី​ក្លាយ​ជា​ថ្នាក់​ដឹកនាំ ក្រុមហ៊ុន​មួយ​នៅ​ពេលអនាគត អ្នក​គួរ​ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ​១៣ ចំណុច​នេះ៖​​​​​​

១. កសាង​វប្បធម៌​មួយ​ក្នុង​ក្រុមហ៊ុន មិនមែន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ទេ
នាយក​ប្រតិបត្តិ (CEO) ​ដ៏​ឆ្នើម​ដូច​ជា​រូប​លោក Tony Hsieh បាន​ផ្តល់​ដំបូន្មាន​ថា ក្រុមហ៊ុន​មួយ​គួរ​បង្កើត​វប្បធម៌​​ល្អ​មួយ​ក្នុង​ក្រុមហ៊ុន​ដែល​អាច​​ផ្តល់​​បេសកកម្ម​ឲ្យ​បុគ្គលិក​គ្រប់គ្នា​​បាន។ វា​គឺ​ជា​វប្បធម៌​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​គ្រប់គ្នា​យល់​ថា ពួកគេ​​មាន​អារម្មណ៍​មិន​ចេះ​​ធុញ​ទ្រាំ​​នៅ​ពេល​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​នោះ។

២. ស្តាប់ និង​អនុវត្ត​
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជា​ច្រើន​ចូលចិត្ត​និយាយ​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ប៉ុន្តែ​នាយក​ប្រតិបត្តិ​ល្អ​បំផុត​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្តាប់ ការ​ផ្តល់​យោបល់ មតិ​រិះគន់​កែលំអ​ ហើយ​ថែម​ទាំង​ហ៊ាន​សម្រេចចិត្ត​យក​មតិ​ទាំង​នោះ​ទៅ​អនុវត្ត​ទៀត​ផង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Mike McCue នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Flipboard។

៣.មិន​បោះបង់
លោក Brian Chesky នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Airbnbបាន​​និយាយ​ថា ទោះបី​គោលដៅ​​​ ១ ០០០ ជំហាន​របស់​អ្នក​បរាជ័យ ៩៩៩ ដង ឲ្យ​តែ​មាន​ក្តី​សង្ឃឹម​តែ១​ដង ក៏​ត្រូវ​បន្ត​ដំណើរ​ទៅ មុខ​ទៀត​ដែរ។

៤. មាន​ចក្ខុវិស័យ​ច្បាស់លាស់
មាន​ CEO ល្បីល្បាញ​ច្រើន​ណាស់​នៅ​លើ​ពិភពលោក ប៉ុន្តែ​ប្រសិន​បើ​អ្នក​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចាប់អារម្មណ៍ គ្មាន​អ្នកណា​ម្នាក់​ចាំ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​នោះ​ទេ។ ចំណុច​ស្នួល​មួយ​នៅ​ទី​នេះ គឺ CEO គ្រប់រូប​ត្រូវ​បង្កើត​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​សម្រាប់​ក្រុមហ៊ុន​ដើម្បី​ដើរ​ទៅ​ថ្ងៃ​ខាងមុខ។

៥. ផ្ដោត​យកចិត្ត​ទុក្ខ​ដាក់​លើ​ការងារ​តែមួយគត់
កាល​នៅ​រស់ Steve Jobes បាន​ប្រាប់​បុគ្គលិក​គ្រប់គ្នា​ថា ពួកគេ​ត្រូវ​​តែ​ផ្តោត​លើ​ការងារ​របស់​ពួកគេ​តែមួយគត់ ហើយ​មិន​ត្រូវ​ផ្តោត​លើ​អ្វី​ផ្សេង​ទេ លុះត្រា​តែ​ពួកគេ​​ធ្វើ​​ការងារ​នោះ​ឲ្យ​ចប់​សព្វគ្រប់​​ជាមុន​សិន។

៦. និយាយ​ច្បាស់ៗ ហើយ​ម៉ឺងម៉ាត់
នាយក​ប្រតិបត្តិ​ដ៏​ឆ្នើម​​ម្នាក់ ជា​អ្នកដឹកនាំ​មាន​ភាព​ប៉ិនប្រសព្វ​នៅ​ក្នុង​ការ​ប្រើប្រាស់​ពាក្យពេចន៍​​វោហារសាស្ត្រ​ប្រកបដោយ​ភាព​​ម៉ឺងម៉ាត់ ធ្ងន់ៗ និង​ច្បាស់លាស់​ដើម្បី​ប្រាប់​ទៅ​​មនុស្ស​គ្រប់គ្នា​អំពី​ទិដ្ឋភាព​ទូទៅ​របស់​​​ក្រុមហ៊ុន និង​​ប្រធានបទ​នានា​ទៅ​កាន់​មនុស្ស​ជុំវិញ​​ខ្លួន ។

៧. យល់​ច្បាស់​ពី​តម្រូវការ​អតិថិជន
នាយក​ប្រតិបត្តិ​ល្អ​បំផុត​ក៏​ជា​មនុស្ស​ពូកែ​មាន​សមត្ថភាព​អាច​មើល​ធ្លុះ​ចិត្តសាស្ត្រ​របស់​អតិថិជន​​ថា តើ​ពួកគេ​ចង់​បាន​អ្វី? ហើយ​តើ​ធ្វើ​ដូចម្តេច​ទើប​អតិថិជន​គាំទ្រ​ផលិតផល ឬ សេវាកម្ម​របស់​ខ្លួន?

៨. ពូកែ​បញ្ចុះបញ្ចូល​អ្នកដទៃ
នាយក​ប្រតិបត្តិ​​ដ៏​ល្អ​មួយ​រូប ​គឺ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​អាច​ដោះស្រាយ​​ទំនាស់​ផលប្រយោជន៍​នានា​នៅ​ក្នុង​​ក្រុមហ៊ុន និង​ជា​មួយ​អតិថិជន​ជា​ដើម​។ ជា​ទូទៅ​អតិថិជន​តែងតែ​ចង់​បាន​អ្វី​ដែល​ក្រុមហ៊ុន​ពិបាក​ផ្តល់​ឲ្យ ប៉ុន្តែ​ ​នាយក​ប្រតិបត្តិ​​ពូកែ​ម្នាក់​ពិត​ជា​​បញ្ចុះបញ្ចូល​អតិថិជន​ទាំង​នោះ​ឲ្យ​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ពួកគេ​បាន។

៩. មាន​ភាព​បត់បែន​គ្រប់​កាលៈទេសៈ
នេះ​ជា​ជំនាញ​សំខាន់​មួយ​ទៀត​របស់​នាយក​ប្រតិបត្តិ​ឆ្លើម ពោល​គឺ​អាច​​ច្នៃ​ផលិតផល កែតម្រូវ អភិវឌ្ឍ​ផលិតផល ឬ គំរូ​អាជីវកម្ម​របស់​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​នៅ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​​ឥត​ព្រាងទុក​ណា​មួយ​បាន​កើត​មាន​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ និង​អតិថិជន។

១០.សម្រេចចិត្ត​បាន​ភ្លាមៗ និង​មាន​ភាព​ឯករាជ្យ
មុន​ពេល​សម្រេចចិត្ត នាយក​ប្រតិបត្តិ​ដ៏​ឆ្នើម​មួយ​រូប មាន​ភាព​វ័យ​ឆ្លាត​នៅ​ក្នុង​ការ​ប្រើប្រាស់​ពេលវេលា​ដ៏ ខ្លី​ដើម្បី​សម្រេចចិត្ត​​ប្រកបដោយ​ឯករាជ្យ​ភាព​ជំនួស​ឲ្យ​​អនាគត​ស្ថាប័ន​ទាំងមូល​ដោយ​គ្មាន​ភាព​ស្ទាក់ស្ទើរ ប៉ុន្តែ​មាន​ប្រសិទ្ធភាព និង​ឆ្លងកាត់​ការ​វិនិច្ឆ័យ​បាន​ល្អិតល្អន់។

១១.ពូកែ​លើកទឹកចិត្ត
នៅ​ក្នុង​ចំណោម​គុណសម្បត្តិ​នានា នាយក​ប្រតិបត្តិ​ដ៏​ឆ្នើម​ត្រូវ​មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​លើកទឹកចិត្ត​អ្នកដទៃ ជា​ពិសេស​ក្រុម​ការងារ​នៅ​ក្នុង​ស្ថាប័ន​ទាំង​មូល។ នាយក​ប្រតិបត្តិ​រូប​នេះ​គឺ​ជា​ខ្នង​បង្អែក​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ភាព​កក់ក្តៅ​នៅ​ពេល​ដែល​បុគ្គលិក​គ្រាប់​បង្គាប់​ត្រូវការ និង​​បាន​ផ្តល់​អនុសាសន៍​ល្អៗ​​ពេល​ពួកគេ​​ជួប​បញ្ហា​ផ្សេងៗ​​។

១២. បង្កើត​វប្បធម៌​ចែករំលែក​ការងារ
ក្រៅ​ពី​ការ​ទទួល​ខុសត្រូវ​លើ​​អនាគត​​ក្រុមហ៊ុន​ទាំង​មូល នាយក​ប្រតិបត្តិ​ដ៏​ឆ្នើម​មួយ​រូប​គឺ​ត្រូវ​ចេះ​ប្រើ​គោលការណ៍​​បែងចែក​​ការងារ​​ផ្ទេរ​ទៅ​តាម​​ផ្នែក និង​បុគ្គលិក​​នីមួយៗ​ ពោល​គឺ​មិន​ក្តោប​ក្តាប់​ការងារ​ទាំង​មូល​មក​គ្រប់គ្រង​តែម្នាក់​ឯង​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ផ្តល់​ភាព​ជឿជាក់​លើ​ក្រុម​ការងារ​ឲ្យ​បំពេញ​​ភារកិច្ច​​តាម​សមត្ថភាព​រៀងៗ​ខ្លួន។

១៣. មាន​ចិត្ត​សប្បុរស
ចិត្ត​សប្បុរសធម៌​គឺ​ជា​គុណសម្បត្តិ​ពិសេស​មួយ ទៀត​​របស់​នាយក​ប្រតិបត្តិ​ដ៏​ឆ្នើម។ ក្រៅ​ពី​ចំណេះដឹង អ្នកដឹកនាំ​បែប​នេះ​ត្រូវ​មាន​ក្រមសីលធម៌​ល្អ ចេះ​ចែករំលែក យកចិត្ត​ទុកដាក់​ចំពោះ​បុគ្គលិក ដៃគូ​ជំនួញ អតិថិជន និង​ជា​មនុស្ស​ចិត្ត​ទូលាយ​​ឲ្យ​តម្លៃ​មនុស្ស​​ដោយ​មិន​រើសអើង៕

ប្រភព៖ cnbc

X
5s