ធ្វើម៉េចទើបអានសៀវភៅបានកាន់តែច្រើននៅក្នុងឆ្នាំនេះ?
តើអ្នកមានគោលដៅអានសៀវភៅឲ្យចប់ប៉ុន្មានក្បាលនៅក្នុងឆ្នាំនេះ? មនុស្សម្នាក់ៗអាចដាក់គោលដៅខុសគ្នាៗដូចជា អានឲ្យចប់ ៥០ ក្បាល ១០០ ក្បាល ឬ រហូតដល់ទៅ ៣០០ ក្បាលក្នុងឆ្នាំនេះ។ ប៉ុន្តែគោលដៅគឺ ជារឿងមួយផ្សេង អ្វីដែលសំខាន់នោះគឺថា តើអ្នកមានពេលគ្រប់គ្រាន់ និងបានចាប់ផ្តើមអនុវត្តតាមគោលដៅរបស់អ្នកហើយឬនៅ? ប្រសិនបើអ្នកគ្រាន់តែជាអ្នកចាប់ផ្តើមអាន អ្នកគួរសាកល្បងតាមគន្លឹះ ៣ ខាងក្រោមនេះ៖
១.ដាក់គោលដៅថា ចង់អានសៀវភៅចប់ប៉ុន្មានក្បាល?
ប្រសិនបើអ្នកគ្រាន់តែជាអ្នកប្ដេជ្ញាចិត្តចាប់ផ្តើមអានសៀវភៅ អ្នកក៏ត្រូវដឹងផងដែរពីអ្វីដែលអ្នកត្រូវធ្វើសម្រាប់ដំណាក់កាលចាប់ផ្តើមនេះផងដែរ។ បើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអានសៀវភៅបានតិចតួចបំផុត វាមិនមែនជារឿងល្អនោះឡើយដែលអ្នកត្រូវដាក់គោលដៅអានសៀវភៅឲ្យចប់ ១០០ ក្បាលនៅក្នុងឆ្នាំនេះ។ អ្នកនឹងមានអារម្មណ៍រំភើប និងបរាជ័យមុនពេលដែលអ្នកចាប់ផ្តើម ហើយវានឹងរារាំងអ្នកមិនឲ្យឈានដល់គោលដៅតូច ឬធំណាមួយដែលអ្នកចង់បាន។ ដំណោះស្រាយគឺត្រូវបែងចែកពេលវេលាអានសៀវភៅជាដំណាក់កាលពីមួយជំហានទៅមួយជំហាន។ មុនដំបូងអ្នកអាចចាប់ផ្តើមអានត្រឹម ៣០ នាទីជារៀងរាល់ថ្ងៃ និងស្វែងរកពេលសាគូណាមួយដែលអ្នកយល់ថា មិនមានការរំខានពីកត្តាខាងក្រៅ។ អ្នកអាចយកសៀវភៅតាមខ្លួនពេលធ្វើដំណើរលើផ្លូវឆ្ងាយ ឬគ្រប់ទីកន្លែងដែលអ្នកទៅសម្រាប់អាន បន្ទាប់មកអ្នកនឹងភ្ញាក់ផ្អើលនូវលទ្ធផលដែលអ្នកទទួលបានពីការឆ្លៀតពេលអានសៀវភៅក្នុងរយៈពេលដ៏ខ្លីនេះ។ ពេលអ្នកទម្លាប់វាបានហើយ អ្នកចាប់ផ្តើមបន្ថែមពេលអានសៀវភៅទៀតចាប់ពី ៣០ ដល់ ៤៥ នាទី រហូតដល់ ១ ម៉ោង ២ ម៉ោង ឬ ៣ម៉ោងក្នុងមួយថ្ងៃក្នុងមួយថ្ងៃ។ លើសពីនេះអ្នកនឹងមានទម្លាប់អានកាន់តែច្រើនឡើង ហើយអ្នកក៏អាចចាប់ផ្តើមដាក់គោលដៅអានសៀវភៅពី ៣ ក្បាលក្នុងមួយខែមក ១០ ក្បាលក្នុងមួយខែបានទៀតផង។
២.អានអ្វីដែលអ្នកចាប់អារម្មណ៍
អ្នកមិនអាចអានសៀវភៅបានគ្រប់មុខបាននោះឡើយ ហើយការអានអ្វីដែលអ្នកមិនចាប់អារម្មណ៍ មិនត្រឹមតែធ្វើឲ្យអ្នកខាតពេលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកធុញថប់ទៀតផង។ បើយោងតាមអ្នកនិពន្ធទស្សនាវដី្តអាជីវកម្មរបស់សាកលវិទ្យាល័យ Harvard (Harvard Business Review) លោក Gretchen Rubin បានផ្តល់ដំបូន្មានថា ការអានសៀវភៅ ត្រូវផ្ដោតលើមាតិកាសំខាន់ៗ និងចំណុចណាដែលអ្នកចាប់អារម្មណ៍បំផុត។ បើអ្នកជ្រើសរើសសៀវភៅដែលអ្នកចាប់អារម្មណ៍មកអាន មិនត្រឹមតែធ្វើឲ្យអ្នកទទួលបានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ចង់អានបន្តទៅទៀត។
៣.បើអានសៀវភៅមិនគួរអានសៀវភៅអេឡិចត្រូនិកនោះឡើយ
អ្នកអាចគិតថា ការយកសៀវភៅតាមខ្លួនសម្រាប់អានគ្រប់ពេលមិនមែនជាជម្រើសទាន់សម័យ និងមិនងាយស្រួលដូចការអានសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិក (Soft Copy/E-Reading)នោះឡើយ។ យ៉ាងណាមិញ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ San Jose University បានរកឃើញថា អ្នកដែលអានសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិកមិនសូវយកចិត្តទុកដាក់ ឬផ្ចិតផ្ចង់អានដូចអ្នកដែលអានសៀវភៅផ្ទាល់នោះឡើយ។ មូលហេតុសំខាន់នៅពីក្រោយបញ្ហានោះគឺថា នៅពេលអានសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិក អ្នកអានជាទូទៅប្រើប្រាស់បណ្ដាញសង្គមនៅទន្ទឹមនឹងការអានសៀវភៅនេះដែរដែលជាហេតុធ្វើឲ្យពេលខ្លះពួកគេងាកទៅចាប់អារម្មណ៍ការលេងបណ្ដាញសង្គមទាំងនោះទៅវិញ។ ដូច្នេះជម្រើសដ៏ល្អ អ្នកគួរអានសៀវភៅផ្ទាល់វិញអាចប្រសើរជាង។
ប្រភព៖ Business