គន្លឹះសំខាន់ៗ ១២យ៉ាងដើម្បីក្លាយជាអ្នកធ្វើបទប​ង្ហាញដ៏ពូកែម្នាក់​



អ្នករាល់​គ្នា​ប្រាកដ​ជា​ធ្លាប់​ចូល​រួម​សិក្ខា​សាលា វគ្គ​សិក្សា​នា​នា​ច្រើន​មក​ហើយ​ ពិសេស​ជីវិតជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​ចៀស​មិន​ផុត​ពី​​ការ​ធ្វើ​បទ​បង្ហាញ (presentation)​ រហូត​ដល់​ពេល​អ្នក​ចេញធ្វើ​ការ ការ​ធ្វើ​បទ​បង្ហាញ​នៅ​តែ​សំខាន់​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីព​ការងារអ្នក​។ ​មនុស្ស​ភាគ​ច្រើន​តែង​មាន​ការ​ព្រួយ​បារម្ភ​នៅរាល់​ពេល​ត្រូវ​ធ្វើ​បទ​បង្ហាញ​ម្តងទោះ​ពេល​នៅ​រៀន ឬធ្វើ​បទ​បង្ហាញ​ពីការងារ ពួក​គេ​ខ្លាចថា​ធ្វើ​មិនបាន​ល្អ ខ្លាច​ភ្លេច ខ្លាច​ភ័យ​ពេក​និយាយ​មិនចេញ​។ ដូច្នេះ​ដើម្បី​អាច​អភិវឌ្ឍខ្លួន​​ជា​អ្នកធ្វើ​បទ​បង្ហាញ​ដ៏​ល្អ​ម្នាក់​ អ្នក​អាចរៀន​តាម​គន្លឹះ​ ១២ ចំនុច​ខាង​ក្រោម​នេះ៖

១) ស្រាវជ្រាវពី​ប្រធាន​បទ​របស់​អ្នក
វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ ប្រមូល​ព័ត៌​មាន​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​របស់​អ្នក​។ អ្នក​ត្រូវក្តាប់​ឲ្យ​បាន​រាល់​ព័ត៌មាន​ពី​អំពីអ្វី​ដែលអ្នកគួរ​ដឹង​ដើម្បី​ធ្វើ​បទ​បង្ហាញ​។ ការយល់ច្បាស់អំពីប្រធានបទរបស់អ្នកធ្វើឲ្យអ្នកមានទំនុកចិត្តក្នុងខ្លួន។

២) ធ្វើ​ការ​រៀប​ចំ៖ រៀប​ចំ​ចំនុចណា​ដែល​​សំខាន់ ដាក់​ជាគោល​ៗក្នុង​ការ​ធ្វើ​បទ​បង្ហាញ ចៀស​វាង​ការ​​ដាក់​នូវ​អត្ថ​បទ ឬ​ប្រយោគ​​ពេញ។ បើ​ខ្លាច​ភ្លេច​អ្នក​អាច​ត្រៀមជា​ក្រដាស​តូច​មួយ​កត់​ចំនុច​សំខាន់ៗ​នោះ ជាជាង​ការ​លើក​ក្រដាស​ទាំង​ផ្ទាំង​មក​មើល​ហើយ​អាន​តាម។ ការធ្វើបទបង្ហាញមិនមែនជាការអានទាំងដុលនោះទេ តែគឺជាការច្បិចយកចំណុចសំខាន់ៗមកនិយាយប្រាប់ទៅកាន់អ្នកទស្សនា។ ការអានទាំងដុលលើផ្ទាំងបទបង្ហាញធ្វើឲ្យអ្នកទស្សនាធុញទ្រាន់ ដូចនេះត្រូវចេះសង្វេបចំណុចសំខាន់ៗឲ្យបានល្អ។

៣) ប្រើ​រូប​ភាព​៖ មិនមែន​នៅ​ក្នុង​ការ​បង្ហាញត្រូវដាក់​តែ​អក្សរ​ឲ្យ​គេ​អាន​ទេ តែ​អ្នក​គួរ​ប្រើ​ជា​រូប​ភាព​សំដៅលើចំនុច​សំខាន់​ណាមួយ​ដើម្បី​ទាក់​ទាញ​អ្នក​ស្តាប់។ អក្សរតែមួយមុខមិនអាចទាក់ចិត្តអ្នកទស្សនាបានទេ ប៉ុន្តែអ្នកគួរតែបន្ថែមរូបភាពដែលពាក់ពន្ធនឹងប្រធានបទរបស់អ្នក ដើម្បីទាក់ចិត្តអ្នកទស្សនា។ រូបភាពធ្វើឲ្យអ្នកទស្សនាចងចាំបានច្រើនជាងអក្សរ។

៤) សាក​ល្បង៖ ត្រូវ​ចាំ​ថា​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ត្រូវ​ធ្វើ​ឡើងមាន​រយៈ​ពេល​កំណត់ អ្ន​ក​មិន​ត្រូវ​ទន្ទេញ​ឲ្យ​ចាំ​គ្រប់​ចំនុច​ទេ​ តែ​ត្រូវ​ប្រាកដថា​អ្នក​យល់​ពីប្រធាន​បទ​របស់អ្នក​ច្បាស់ ហើយ​សាក​ធ្វើ​វា​មុន​ពេល​ការ​ធ្វើ​បទ​បង្ហាញពិត​ប្រាកដ​យ៉ាង​តិច ៣​ដង។ យក​ល្អ​សាក​ធ្វើ​វា​ហើយ​យក​មិត្ត​ភក្តិ​ ឬក្រុម​គ្រួសារអ្នក​ជាអ្នកស្តាប់​ដើម្បី​ឲ្យ​គាត់​ជួយ​កែ​លម្អ​ចំនុច​ខ្វះ​ខាត។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ អ្នកត្រូវអនុវត្ត ហាត់សមឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូចជាពាក្យគេនិយាយថា Pratice makes perfect។

៥)​ ប្រឈម​នឹង​បញ្ហា​ឲ្យ​ហើយ៖ ពិត​ណាស់​មុន​ធ្វើ​បទ​បង្ហាញ​ម្តងៗ​ម្នាក់​គឺ​ធុញ​ថប់ (stress) ខ្លាំង​ណាស់។ គួរ​សម្រាក​ខ្លះ​ដើម្បី​បាន​អារម្មណ៍ល្អៗ គ្រប់​គ្រង​អារម្មណ៍​ដើម្បី​កុំ​ឲ្យ​តាន​តឹង​ពេក។ ទទួល​យក​ភាព​ខ្មាស់​អៀន​ពី​អ្នក​ស្តាប់​ឲ្យ​ហើយ​មុន​ធ្វើ​បទ​បង្ហាញ។ បន្ថែមពីនេះ ការធ្វើបទបង្ហាញគឺធ្វើឲ្យអ្នកមានភាពឈមទៅនឹងសំនួរជាច្រើនពីអ្នកទស្សនា ដូចនេះអ្នកគួរតែរៀនប្រឈមមុខតាមរយៈការស្រាវជ្រាវបន្ថែមពីប្រធានបទរបស់អ្នកឲ្យច្បាស់សិន។

៦) រៀប​ចំ​ខ្លួន​ឲ្យ​មាន​ភាព​ទាក់​ទាញ៖ មិន​មែន​ឲ្យ​អ្នក​តែង​ខ្លួន​ដូច​តារា​ទេ តែ​សំលៀក​បំពាក់​ត្រូវ​ឲ្យ​សមរម្យតាម​ប្រភេទ​ប្រធាន​បទ។ ពេល​អ្នក​រៀប​ចំខ្លួន​បាន​ល្អ​គ្រាន់​តែ​អ្នក​ស្តាប់​ឃើញ​ក៏​ធ្វើ​ឲ្យគេ​ចង់​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​របស់​យើង​ដែរ។

៧) ការ​សំលឹង​ភ្នែក៖ សំលឹង​ទៅ​កាន់​អ្នក​ស្តាប់ មើល​ភ្នែក​គ្រប់គ្នា ចំនុច​នេះសំខាន់​ណាស់ វាបង្ហាញ​ពី​ភាព​ក្លាហាន​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​​​​​​។ មនុស្ស​ភាគ​ច្រើនណាស់​ដែល​ខ្លាច​ចំពោះ​ការ​ប្រើ​ភ្នែក​សំលឹង​ពេល​គេ​កំពុង​និយាយ គេ​អាច​អៀនខ្មាស ឬ​ពេល​ខ្លះ ចង់​ស្លន់​ក៏​មាន។ ទម្លាប់​ធ្វើ​វាឲ្យ​ហើយ​ទៅ​បើ​អ្នក​ចង់​ជោគជ័យ​ហើយ​មាន​ទំនាក់​ទំនង​ល្អ​ច្រើន​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ ដូចនេះ ការប្រើប្រាស់ក្រសែភ្នែកគឺពិតសំខាន់ណាស់។

៨) និយាយ​ច្បាស់៖ ប្រើ​ពាក្យ​សម្តីច្បាស់ៗ​មួយៗ កុំ​និយាយ​លឿនពេក ឬយឺត​ពេក និយាយ​ដោយ​ក្លាហាន ទោះ​អ្នក​ភ័យ​ក៏​ត្រូវសម្រួល​អារម្មណ៍​ឲ្យ​ល្អ​ដែរ។

៩) ភ្ជាប់​ខ្លួន ចូល​រួមជាមួយ​អ្នក​ស្តាប់៖ អ្នក​មិនមែន​មាន​ភារកិច្ច​ត្រឹម​ធ្វើ​បទ​បង្ហាញ​ប្រជាន​បទ​មួយ​ឲ្យ​អ្នក​ស្តាប់​ទេ តែ​អ្នក​ជា​អ្នក​ចែក​រំលែក​រវាង​អ្នកនិងអ្នក​ស្តាប់ អាច​បើក​ឱកាសឲ្យ​អ្នកស្ដាប់​សួរ​សំនួរ​ដើម្បី​ប្តូរ​បរិយាកាស​ខ្លះ។

១០) សំនួរ​ ចម្លើយ៖ រាល់​ការ​ធ្វើ​បទ​បង្ហាញមិនថា​តូច​ឬធំ​ត្រូវ​មាន​សំនួរ​ចម្លើយ​នៅ​ពេល​បញ្ចប់។ មិន​ប្រាកដទេ​ថាអ្វី​ដែល​អ្នកបាន​និយា​យ​ អ្នក​ស្តាប់​អាច​យល់​ទាំង​អស់ ឬពេល​ខ្លះគាត់​អាច​មាន​សំនួរ​បន្ថែម​ចង់​ដឹង ហើយ​វាក៏​ជា​រឿង​ល្អ​ដើម្បី​បង្កើនចំនេះ​ដឹង​ទាំង​អស់​គ្នា។ ត្រូវ​ចាំ​ថា​មិនមែនគ្រប់​សំនួរ​អ្នក​ត្រូវ​ឆ្លើយ​ឲ្យ​បាន​នោះ​ទេ បើ​មាន​ចំនុច​ណា​អ្នក​មិន​ដឹងប្រាប់​​តាម​ត្រង់​ថា​យើង​ខ្វះ​ចន្លោះចំនុច​នេះ​។ ទោះ​ជា​យ៉ាង​ណា​អ្នក​បើ​សំនួរ​នៅ​ក្នុងរង្វង់​ប្រធាន​បទអ្នក​អាចឆ្លើយ​បាន​យ៉ាង​តិច​បំផុត​ក៏ ៨០%​ដែរ។​

១១) រៀន​ពី​បទ​ពិសោធន៍៖ មាន​ន័យ​ថា​ពេល​បញ្ចប់ អាច​សួរ​ទៅ​អ្ន​កដឹក​នាំ អ្នក​គ្រប់​គ្រង លោកគ្រូ សាស្រ្តាចារ្យ ឬ​មិត្តភក្តិ​ហើយ​ស្នើ​សុំមតិ​រិះ​គន់​ពីពួក​គេដើម្បី​មក​វិញ​ដើម្បីកែ​លំអ​ពេលក្រោយ។ ការរៀនសូត្រដ៏ខ្លាំងគឺការរៀនពីកំហុសរបស់ខ្លួន។

១២) ចូល​រួមក្នុង​ការ​​ស្តាប់បទប​ង្ហាញ៖ មិនមែន​ជា​បទ​បង្ហាញរបស់​ខ្លួន​ផ្ទាល់​ទេ តែគួរ​ចំណាយ​​ចូល​រួម​បទបង្ហាញ​ផ្សេង​​ដើម្បី​ទទួល​ចំនេះ​ដឹង​និង​អត្ថប្រយោជន៍​ពី​អ្នក​ធ្វើ​បទ​បង្ហាញ​ដទៃទៀត។ ការធ្វើបទបង្ហាញគឺជាការរៀនស្ដាប់ រៀនមើលអ្នកធ្វើបទបង្ហាញល្បីៗក្នុងប្រទេសឬក្រៅប្រទេស។ ទោះបីអ្នកមិនមានពេលវេលាចូលរួមកម្មវិធីធ្វើបទបង្ហាញផ្ទាល់ តែអ្នកអាចរៀនសូត្រតាមវីដេអូលើ YouTube ជាច្រើនដែលសុទ្ធតែវាគ្មិនលំដាប់ពិភពលោក៕ រៀនច្រើន មើលច្រើន ចេះច្រើន៕

ដោយ៖ យ៉ា​យ៉ា

X
5s