គន្លឹះ ៩យ៉ាង កុំឲ្យស្គាល់ពាក្យថា«ក្រ» ពីលោក រ៉ូប៊ឺត គីយ៉ូសាគី
លោក រ៉ូប៊ឺត គីយ៉ូសាគី (ROBERT KIYOSAKI) គឺជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់នៅសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនលើពិភពលោកបានទទួលស្គាល់ស្នាដៃសៀវភៅរបស់លោក ជាពិសេសនោះសៀវភៅដែលមានឈ្មោះថា «Rich Dad Poor Dad» ឬ មានន័យថា«ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ»។
ខាងក្រោមនេះគឺជាគន្លឹះទាំង១០យ៉ាង ដើម្បីរស់នៅជាមួយនឹងទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ៖
១) ត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ ទោះបីជាចំណូលរបស់អ្នកច្រើនប៉ុណ្ណាក៏ដោយ តែបើខ្វះការយល់ដឹងលើផ្នែករៀបចំហិរញ្ញវត្ថុនោះ វានឹងធ្វើឲ្យការចំណាយច្រើនជាងចំណូលមិនខាន ហើយមិនដឹងថ្ងៃណាអាចសល់លុយដូចគេ។ អ៊ីចឹងហើយ ចំណេះដឹងផ្នែកនេះគឺពិតជាសំខាន់ ហើយវានឹងជួយឲ្យអ្នកសម្រេចចិត្តយ៉ាងឆ្លាតវៃ ដោយដឹងច្បាស់ថា ត្រូវចាយលើអ្វី ហើយមិនគួរចាយលើអ្វី។
២) គ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ៖ មានចំណេះដឹងលើផ្នែកហិរញ្ញវត្ថុគឺជារឿងល្អ ប៉ុន្តែមិនវាមិនទាន់គ្រប់គ្រាន់ទេ បើកាលណាអ្នកមិនអនុវត្ត និង គ្រប់គ្រងវាឲ្យបានល្អ។ បើនិយាយបានតែមាត់ទេ នោះអ្វីៗគឺមិនអាចប្រសើរឡើងឡើយ។
៣) ត្រូវគិតរឿងសន្សំសិន សឹមគិតដល់រឿងចំណាយ៖ ធម្មជាតិរបស់មនុស្ស គឺមានលុយក្នុងហោប៉ៅប៉ុន្មានក៏មិនចេះសល់ដែរ។ អ៊ីចឹងហើយ អ្នកត្រូវតែព្យាយាមសន្សំដាច់ខាត បើទោះបីជាវាជាការសន្សំតិចតួចក៏ដោយ ព្រោះបើចាំថ្ងៃក្រោយនោះ គឺមិនដឹងថ្ងៃណាឲ្យប្រាកដនោះឡើយ។
៤) ត្រូវមានផែនការសម្រាប់ពេលអាសន្ន៖ ត្រូវចាំថា គ្មាននរណាម្នាក់អាចដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ឬ ខានស្អែកនោះឡើយ។ ពេលនេះអ្នកមានលុយគ្រប់គ្រាន់សម្រាប់ចាយ ព្រោះនៅមានការងារធ្វើ ប៉ុន្តែសាកស្រមៃបន្តិចថា បើខែក្រោយអ្នកបាត់បង់ការងារ ហើយប្រាក់ខែរាល់ដងគឺមិនដែលសល់ ឬមួយក៏អ្នកអាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ តើនឹងមានអ្វីកើតឡើង។ បើអ្នកគ្មានគម្រោង ឬ ផែនការសម្រាប់ពេលមានអាសន្នទេ នោះជីវិតរបស់អ្នកនឹងត្រូវវេទនាមិនខាន។
៥) ត្រូវចំណាយទៅលើទ្រព្យ មិនមែនបំណុលទេ៖ មនុស្សភាគច្រើនភ្លេចគិត ឬ មិនយល់អំពីអ្វីជា ទ្រព្យ និងបំណុលនោះទេ អ៊ីចឹងហើយបានជាភាគច្រើនចំណាយលើតែបំណុល ដែលនាំឲ្យវេទនាខ្លួនកាន់តែខ្លាំង។ ទ្រព្យក្នុងន័យនេះ មានន័យថា អ្នកទិញ ឬ ចំណាយលើអ្វីដែលផ្ដល់ប្រយោជន៍ដល់អ្នក ជាជាងធ្វើឲ្យអ្នកបន្តអស់លុយកាន់តែច្រើន។ ចំណែកឯបំណុលវិញ មានន័យថា រាល់អ្វីក៏ដោយដែលអ្នកទិញ ហើយវាមិនបានផ្ដល់ផលចំណេញអ្វីច្រើនជាពិសេសនៅថ្ងៃខាងមុខ តែវាបែរជាធ្វើឲ្យអ្នកបន្តអស់លុយ។ ឧទាហរណ៍ថា បើអ្នកទិញដី ឬ ទិញចលនទ្រព្យផ្សេងៗនោះ មានន័យថា អ្នកចំណាយទៅលើទ្រព្យ ព្រោះអ្វីដែលអ្នកទិញនេះ នឹងផ្ដល់ប្រយោជន៍ច្រើនដល់អ្នក ប៉ុន្តែបើអ្នកទិញទូរស័ព្ទ ឬ ឡាន ហើយបន្តដូរស៊េរីរហូតនោះ មានន័យថា អ្នកកំពុងចំណាយលើបំណុល ដែលគ្មានថ្ងៃធ្វើឲ្យអ្នកចំណេញនោះទេ។
៦) ត្រូវធ្វើឲ្យលុយធ្វើការឲ្យអ្នក៖ ត្រូវចាំថា កុំធ្វើការដើម្បីតែលុយ តែត្រូវធ្វើឲ្យលុយធ្វើការឲ្យអ្នកវិញ។ ត្រូវយកលុយរបស់អ្នកដែលមាន ទៅវិនិយោគ ឬ ធ្វើជំនួញ ឬ ទិញដីផ្សេងៗ ដែលធានាថា វានឹងបង្កើនចំណូលរបស់អ្នកកាន់តែច្រើនថែមទៀត។
៧) ត្រូវចេះបែងចែករវាងបំណុលល្អ និង បំណុលអាក្រក់៖ ជាទូទៅ មនុស្សតែងគិតថា រាល់បំណុល គឺសុទ្ធតែអាក្រក់ ប៉ុន្តែមិនមែនបែបនេះទាំងអស់នោះទេ។ ការពិតទៅបំណុលគឺអាចបែងចែកជាពីរ គឺបំណុលល្អ និង បំណុលអាក្រក់។ អ៊ីចឹងហើយ បើអ្នកទាញឲ្យចូលក្នុងបំណុលល្អ នោះវានឹងជួយដល់អ្នក។ ជាក់ស្ដែង ប្រសិនបើអ្នកខ្ចីលុយគេដើម្បីយកមកពង្រីកអាជីវកម្ម ឬ មកបន្តការសិក្សានោះ វានឹងជួយចម្រុងចម្រើនដល់អ្នក។ ប៉ុន្តែបើខ្ចីលុយគេ ដើម្បីដូរឡាន ឬ ដើម្បីចូលខារ៉ាអូខេ នោះគឺវានឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនក្រមិនខាន។
៨) បម្លែងបញ្ហាជាឱកាស នៅពេលទីផ្សារមានបញ្ហា៖ អ្នកជំនួញពិតប្រាកដ គឺតែងតែពូកែខាងដោះស្រាយបញ្ហា ជាពិសេសនៅពេលដែលក្នុងទីផ្សារកំពុងជួបបញ្ហាដែលអ្នកផ្សេងមិនអាចដោះស្រាយបាន។ ដូច្នេះហើយ នៅពេលទីផ្សារមានបញ្ហា មិនគួររត់គេចនោះទេ តែអ្នកគួរតែចំណាយពេលគិតលើវា ហើយព្យាយាមរកដំណោះស្រាយ ដោយព្យាយាមបម្លែងបញ្ហាទៅជាឱកាសវិញ។
៩) ធ្វើការជាក្រុម៖ គ្មាននរណាម្នាក់អាចសម្រេចកិច្ចការអស្ចារ្យបាន ដោយធ្វើតែម្នាក់ឯងនោះឡើយ ទោះបីជាពូកែ និង មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ។ ដូច្នេះហើយ ត្រូវរៀនចុះសម្រុងជាអ្នកដទៃ ហើយរៀនធ្វើការជាមួយពួកគេ ដើម្បីអាចសម្រេចកិច្ចការដ៏អស្ចារ្យមួយបាន៕ អត្ថបទល្អៗផ្សេងទៀត៖ កម្រងគំនិតសំខាន់ៗរបស់ Robert Kiyosakiអ្នកនិពន្ធ«Rich Dad Poor Dad» ដែលអ្នកគួរដឹង ៥ចំណុចដ៏សំខាន់ដែលអ្នកអាចរៀនសូត្រពីលោក Richard Branson មហាសេដ្ឋីអង់គ្លេស
ដោយ៖ រតនា វិចិត្រ