៧ ជំនាញដែលអ្នកគ្រប់គ្រងត្រូវមាននៅពេលជួបស្ថានការណ៍តឹងតែងចូលមកដល់
នៅពេលមួយដែលការផ្លាស់ប្ដូរដ៏ធំមួយកើតមានឡើង មនុស្សជាច្រើនបានចោទសួរឡើងថា តើអ្នកគ្រប់គ្រងត្រូវធ្វើអ្វីខ្លះ? ហើយថា តើខ្លួនរំពឹងអ្វីខ្លះពីការសម្រេចចិត្តនៅក្នុងស្ថានការណ៍នេះ? វាមានលក្ខណៈសម្បត្តិមួយចំនួនដែលអ្នកគ្រប់គ្រងត្រូវមានដូចជា ត្រូវមានភាពស្មោះត្រង់ ត្រូវតស៊ូ និងចក្ខុវិស័យច្បាស់លាស់ជាដើម។ ក៏ប៉ុន្តែនៅក្នុងក្រុមហ៊ុន ឬស្ថាប័នជាច្រើន អ្នកគ្រប់គ្រងនីមួយៗ បានប្រើយុទ្ធសាស្ត្រ និងមានគុណសម្បត្តិផ្សេងៗគ្នា។ នៅក្នុងចំណោមគុណសម្បត្តិទាំងនោះ គឺមានគុណសម្បត្តិចំនួន ៧ ខាងក្រោមនេះដែលមានតម្លៃសម្រាប់អ្នកគ្រប់គ្រងត្រូវមាននៅពេលជួបស្ថានការណ៍តឹងតែង៖
១.ទំនាក់ទំនង
នេះគឺជាជំនាញដ៏សំខាន់បំផុតនៅក្នុងចំណោមជំនាញផ្សេងៗទៀត។ អ្នកគ្រប់គ្រងត្រូវដឹងថា ខ្លួនមានតួនាទីឈានមុខគេក្នុងការបង្កើតឲ្យមានបរិស្ថានទំនាក់ទំនងដ៏ល្អមួយនៅក្នុងស្ថាប័ន។ បន្ថែមលើនេះខ្លួនមិនត្រឹមតែជាអ្នកកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រ (ទិសដៅដែលក្រុមការងារត្រូវទៅ និងរបៀបដែលត្រូវទៅដល់គោលដៅនោះ) ប៉ុណ្ណោះទេ ពោលគឺថែមទាំងត្រូវអភិវឌ្ឍ និងបង្ហាញនូវមតិទស្សនៈច្បាស់លាស់ផងដែរដើម្បីឲ្យចក្ខុវិស័យនោះងាយស្រួលយល់ និងអនុវត្តបានទូលំទូលាយពីក្រុមការងារទាំងមូល។
២.ការសម្រេចចិត្តនៅពេលភាពបន្ទាន់កើតមានឡើង
នៅក្នុងស្ថានភាពមួយដែលមានភាពបន្ទាន់ខ្លាំង ការសម្រេចចិត្តភ្លាមៗពិតជាមានភាពលំបាកខ្លាំងណាស់ ហើយអាចធ្វើឲ្យការសម្រេចចិត្តនោះខុសទៀតផង។ ប៉ុន្តែស្ថានភាពនេះ អ្នកគ្រប់គ្រងត្រូវតែសម្រេចចិត្តដើម្បីឲ្យក្រុមការងារអនុវត្តភ្លាមៗ។ នេះមានន័យថា ការសម្រេចចិត្តខ្លះនឹងមិនបានពឹងផ្អែកលើព័ត៌មានយ៉ាងសុក្រឹតទាំងស្រុងនោះទេ ឬអាចទទួលព័ត៌មានមិនគ្រប់គ្រាន់មុនពេលសម្រេចចិត្ត។ យ៉ាងណាមិញ កូនសោសំខាន់ដើម្បីសម្រេចចិត្តនៅក្នុងកាលៈទេសៈនេះ គឺ ការសម្រេចចិត្តដែលអ្នកយល់ថា មានភាគរយខ្ពស់ដែលត្រឹមត្រូវ ហើយត្រូវធ្វើការផ្លាស់ប្ដូរប្រសិនបើចាំបាច់នៅពេលមានព័ត៌មានថ្មីបានកើតមានឡើង។
៣.ការសហការ
ភាពជោគជ័យអាស្រ័យលើសមត្ថភាពក្នុងការចូលរួមជាមួយក្រុមអ្នកដឹកនាំនិងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀតដែលរួមចំណែកនៅក្នុងការធ្វើឲ្យចក្ខុវិស័យ និងគោលដៅសម្រេចបានតាមផែនការកំណត់។ នេះពិតជាសំខាន់ណាស់ខ្លាំងណាស់នៅក្នុងការទទួលបានលទ្ធផលតាមច្រើនរូបភាពតាមរយៈការបង្កើតគម្រោង និងការអនុវត្ត។ ក្រុមការងារទាំងនេះមិនត្រឹមតែអាចជួយស្វែងរកដំណោះស្រាយលើបញ្ហាជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែជាជួយផ្សព្វផ្សាយយុទ្ធសាស្ត្រចក្ខុវិស័យរបស់អ្នក ជាអ្នកនាំសារ និងជាអ្នកជួយជំរុញលើកទឹកចិត្តដ៏សំខាន់ទៅដល់បុគ្គលិកក្រោមបង្គាប់គ្រប់ជាន់ថ្នាក់ផ្សេងទៀតនៅក្នុងស្ថាប័នទាំងមូល។
៤.ភាពជឿជាក់ និងភាពត្រឹមត្រូវ
នៅក្នុងស្ថានភាពណាក៏ដោយ ភាពជឿជាក់គឺលក្ខណៈសម្បត្តិដ៏មានសារសំខាន់បំផុតមួយទៀតរបស់អ្នកគ្រប់គ្រង។ ប៉ុន្តែនៅពេលស្ថានភាពច្របូកច្របល់ចូលមកដល់ វាកាន់តែមានតម្លៃជាងនេះទៅទៀតសម្រាប់ក្រុមការងារទាំងមូល។ នៅក្នុងស្ថានភាពនេះ គម្រោង និង ការរៀបចំលំដាប់លំដោយផ្សេងៗទៀតនៃផែនការដែលត្រូវសម្រេចពិតបានដើរតួនាទីសំខាន់។ អ្នកគ្រប់គ្រងត្រូវរក្សាភាពស្ងៀមស្ងាត់ ប្រើគំនិតជាជាងការប្រើអារម្មណ៍ និងបង្ហាញឲ្យក្រុមការងារទាំងមូលបានដឹងថា ផែនការការងារទាំងមូលអនុវត្តបានជាធម្មតា និងត្រឹមត្រូវតាមផែនការ។
៥.គ្មានភាពភ័យខ្លាច
នៅពេលស្ថានការណ៍តឹងតែងចូលមកដល់ អ្នកត្រូវមានភាពឈ្លាសវៃបំផុតដើម្បីបង្កើតការសម្រេចចិត្តដ៏ល្អមួយ។ ប៉ុន្តែអ្នកក៏ត្រូវមានភាពក្លាហាន និងមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីរក្សាឲ្យបាននូវភាពសុទិដ្ឋិនិយម បើទោះបីជាអ្នកត្រូវឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតមួយក៏ដោយ។ គន្លឹះដ៏ល្អនៅចំណុចនេះ គឺអ្នកមិនត្រូវផ្តោតតែទៅលើបញ្ហា ឬលទ្ធផលអាក្រក់ដែលនឹងកើតមាននោះឡើយ ពោលគឺអ្នកក៏ត្រូវមើលឃើញពីឱកាស និងគុណសម្បត្តិរបស់វាផងដែរ។
៦.ផ្នត់គំនិតបែបយុទ្ធសាស្ត្រ
អ្នកគ្រប់គ្រងដ៏ល្អម្នាក់ដែលអាចឆ្លងកាត់ស្ថានការណ៍តឹងតែងមួយ គឺត្រូវមានសមត្ថភាពខ្លាំងដើម្បីសម្លឹងមើលបានវែងឆ្ងាយ និងដឹងច្បាស់ពីជំហានដែលចាំបាច់សម្រាប់សម្រេចលទ្ធផលនៅពេលខាងមុខ។ ប៉ុន្តែអ្នកគ្រប់គ្រងដែលអស្ចារ្យម្នាក់ក៏ត្រូវចេញទទួលស្គាល់ច្បាស់នូវអ្វីដែលពិតប្រាកដ និងអាចសម្រេចបានដោយប្រើយុទ្ធសាស្ត្រនៅក្នុងកម្រិតមួយ និងពេលវេលាដ៏សមស្របមួយដែលចាំបាច់ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។ ក្រៅពីចំណេះដឹងទាំងនេះ សមត្ថភាពក្នុងការវិភាគទិន្នន័យ និងភាពជាក់ស្ដែងនិយម ក៏អាចជួយឲ្យអ្នកដឹកនាំបន្ធូរបន្ថយស្ថានការណ៍ស្មុគស្មាញមកឲ្យសាមញ្ញបានដែរ។
៧.ការយល់ចិត្តយល់ថ្លើម
នៅក្នុងស្ថានការណ៍ដ៏លំបាកមួយ បើទោះបីជាអ្នកពូកែ ឆ្លាត ឬមានសមត្ថភាពយ៉ាងណា អ្នកនៅតែមានឧបសគ្គដែលធ្វើឲ្យការសម្រេចចិត្តដ៏ត្រឹមត្រូវមួយស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ហេតុដូច្នេះហើយក្នុងនាមជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់ អ្នកត្រូវថ្លឹងថ្លែងពីស្ថានភាពរបស់ក្រុមការងារទាំងមូលរបស់អ្នកថា តើពួកគេមានអារម្មណ៍បែបណា? ភ័យខ្លាច? ខឹង? នឿយហត់? អស់សង្ឃឹម? ទាំងនេះជាអ្វី ដែលអ្នកត្រូវពិចារណា ហើយស្វែងយល់ថា តើអារម្មណ៍របស់ពួកគេទាំងនេះមានប្រភពមកពីណា។ បន្ទាប់មកអ្នកបើកកិច្ចពិភាក្សាជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយសម្រាប់ស្ថាប័នទាំងមូល៕
ប្រភព៖ weforum