សហគ្រិនគ្រប់រូប​គួរតែ​ត្រៀម​ខ្លួន​យ៉ាង​ដូចម្តេច​​សម្រាប់​​អនាគតខាងមុខ?​



គ្មាន​អ្នកណា​អាច​ទាយ​ទុក​បាន​យ៉ាង​ច្បាស់​ជា​មុន​ថា តើ​​ពិភពលោក​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​​ខាងមុខ? សង្គ្រាម ? គ្រោះធម្មជាតិ? វិបត្តិ​សេដ្ឋកិច្ច? ប៉ុន្តែ​​អ្វីៗ​ទាំង​នេះ​គឺ​បាន​បង្រៀន​អ្នក​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កន្លង​មក។ ដោយសារតែ​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំគ្រង​ដោយ​ភាព​ រង្គោះរង្គើ​ទីផ្សារ ភាព​មិន​ប្រាកដប្រជា និង​ភាព​ស្មុគស្មាញ​កាន់តែ​ច្រើន​ឡើង​ ដូចនេះ​ សហគ្រិន​​ម្នាក់ៗ​សុទ្ធតែ​ឈរ​នៅ​លើ​ផ្លូវៗ ២ គឺ​អាច​បរាជ័យ ឬ ជោគជ័យ ខណៈ​ដែល​បដិវត្ត​បច្ចេកវិទ្យា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​​​គ្រប់​វិស័យ​ទាំងអស់។ យ៉ាងណាមិញ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពេល​អនាគត សហគ្រិន​ទាំង​អស់​គួរ​ស្វែង​យល់ចំណុច​ខាងក្រោម​នេះ​​ថា តើ​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ខ្លះ? 

ការ​​ផ្លាស់ប្ដូរ​ច្បាប់​​ទម្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​ធំៗ​​
ក្រុមហ៊ុន​ខ្នាត​យក្ស​លំដាប់​ពិភពលោក​ដូចជា Uber, Facebook, Google, Amazon, Apple ។ ល។ បាន​ដឹង​រួច​ស្រេច​ទៅ​ហើយ​ថា ​ដើម្បី​​ឲ្យ​ក្រុមហ៊ុន​មាន​ដង្ហើម​អាច​រស់នៅ​​​ក្នុង​ពេល​អនាគត​វែងឆ្ងាយ​​បន្ត​ទៅ​មុខ​ទៀត ខ្លួន​ត្រូវ​ខិតខំ​ផ្លាស់ប្ដូរ​ច្បាប់​​ទម្លាប់​នៅ​ក្នុង​ល្បែង​ជំនួញ​របស់​ខ្លួន​តាម​បែប​បដិវត្តន៍​ ឬ​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ ។ នេះ​ទាមទារ​ឲ្យ​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំង​នេះ ស្វែង​រក​របកគំហើញ​ថ្មីៗ​ បង្កើត​គំនិត​ច្នៃប្រឌិត​​ឲ្យ​កាន់តែ​ច្រើន ត្រូវ​គិតគូរ​ឡើង​វិញ រៀបចំ​យុទ្ធសាស្ត្រ​ថ្មី  អភិវឌ្ឍ កែប្រែ ឬ​ដាក់​ផែនការ​គោលដៅ​ថ្មី​ដើម្បី​ប្រតិបត្តិការ​ក្រុមហ៊ុន​ទាំងមូល​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​​សមស្រប​តាម​សម័យកាល​ពិភពលោក។

ទាំង​អស់​នេះ​វា​ដាច់ខាត​ត្រូវតែ​​ផ្សារភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យា ដោយហេតុ​ថា ស្ទើរតែ​គ្រប់​សកម្មភាព​របស់​មនុស្ស​​នៅ​ពេល​បច្ចុប្បន្ន​នេះ​សុទ្ធតែ​ចាំបាច់​ត្រូវ​ការ​បច្ចេកវិទ្យា​ជំនួយ​រួច​ទៅ​ហើយ។ ពិភពលោក​ធ្លាប់​បាន​ឆ្លង​កាន់​សម័យ​កាល​មួយ​ដែល​បច្ចេកវិទ្យា​ជា​ឱកាស​នៃ​មុខ​ជំនួញ​រហូត​ដល់​​​ពេល​បច្ចុប្បន្ន​ បច្ចេកវិទ្យា​​កំពុង​ក្លាយ​ជា​​ដង្ហើម​នៃ​សង្វាក់​អាជីវកម្ម​ទាំងមូល។

បញ្ហា​ប្រឈម​ដែល​សហគ្រិន​​កំពុង​ជួបប្រទះ​នៅ​ពេល​បច្ចុប្បន្ន
សូម​ស្រមៃ​​បន្តិច​ អំពី​បញ្ហា​ប្រឈម​ដែល​សហគ្រិន​​បច្ចុប្បន្ន​កំពុង​ជួបប្រទះ​។ វា​ជា​រឿង​ដ៏​សំខាន់​​បំផុត​មួយ​​​ដើម្បី​​​ស្វែង​យល់​ឲ្យ​ច្បាស់​ថា តើ​អ្វី​ទៅ​ជា​​លក្ខណសម្បត្តិ​​​របស់​សហគ្រិន​នៅ​ពេល​បច្ចុប្បន្ន​នេះ? លក្ខណសម្បត្តិ​របស់​សហគ្រិន​​ដែល​​គេ​ឃើញ​មាន​ជា​ទូទៅ គឺជា​មនុស្ស​ម្នាក់​ដែល​​សំបូរ​ទៅ​ដោយ​គំនិត​ថ្មីៗ ប្លែកៗ មាន​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​​គំនិត​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​វា​ទៅ​ជា​ការ​ទិញ​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អតិថិជន​គោលដៅ​ដើម្បី​​ស្វែង​រក​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​។ និយាយ​ឲ្យ​ខ្លី និង​ងាយ​យល់ សហគ្រិន​គឺ​ជា​អ្នក​ដែល​អាច​បញ្ឈប់​សុបិន​អាក្រក់​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ម្សិលមិញ​​នៅ​ត្រឹម​ថ្ងៃ​នេះ​។ 

ផ្នត់​គំនិត​ប្រើប្រាស់​របស់​អតិថិជន​​មិន​ស្ថិតស្ថេរ​ទេ​
ពី​មុន​​នៅ​ពេល​និយាយ​ពី​ធនាគារ គេ​នឹង​ដឹង​ថា ជា​កន្លែង​ខ្ចីប្រាក់ ឬ​ដាក់​ប្រាក់​បញ្ញើ​។ ប៉ុន្តែ​ នៅ​ពេល​សព្វថ្ងៃ​នេះ​ ទីផ្សារ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ជម្រើស​យ៉ាង​សំបូរ​បែប​ខណៈ​ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូច​ជា ម៉ាក្រូ និង​មីក្រូ​ហិរញ្ញវត្ថុ​  និង​វិនិយោគិន​ផ្សេងៗ​ទៀត បាន​បង្កើត​គំនិត​ថ្មីៗ​ដើម្បី​​ឲ្យ​អតិថិជន​អាច​​​​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​បំផុត​។ អតិថិជន​​ចង់​​ទិញ​ទំនិញ​ដោយ​មិន​បាច់​ប្រើ​សាច់ប្រាក់ អតិថិជន​អាច​ផ្ញើ​ប្រាក់​​ដោយ​មិន​បាច់​ទៅ​ធនាគារ​ផ្ទាល់ ​អតិថិជន​អាច​ទូទាត់​ថ្លៃ​សេវា​ផ្សេងៗ​តាម​អនឡាញ ជា​ដើម​ដែល​​ទំនោរ​ប្រើប្រាស់​ទាំង​​នេះ​​កាន់តែ​កើត​មាន​ជា​បន្តបន្ទាប់​ស្រប​តាម​ការ​ប្រែប្រួល​របស់​សង្គម​។

សព្វថ្ងៃ​​នេះ សមរភូមិ​ជំនួញ​របស់​សហគ្រិន​ម្នាក់ៗ​គឺ​ខុសគ្នា​​ខ្លាំង​ណាស់​​។ វា​ពិត​ជា​មាន​ការ​ប្រកួតប្រជែង​ច្រើន​  ប៉ុន្តែ​​ផ្អែក​លើ​ហេតុផល​និង​គោលបំណង​ផ្សេងៗ​គ្នា​។ បញ្ហា​ប្រឈម​ធំ​បំផុត​ របស់​សហគ្រិន​គឺ​ការ​​រក​ឲ្យ​ឃើញ​ពី​គំនិត​ដ៏​​អស្ចារ្យ និង​មាន​ភាព​​ច្នៃប្រឌិត​ណាមួយ​ដែល​មាន​សក្ដានុពល​អាច​ទាញ​យក​ប្រាក់​ចំណេញ​ពី​ដៃ​អតិថិជន​បាន។ តាម​ពិត​ទៅ មាន​មនុស្ស​ច្រើន​ណាស់​ដែល​​រក​ឃើញ​គំនិត​ល្អៗ​ទាំង​នោះ ក៏ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​អាច​ប្រែក្លាយ​គំនិត​ទ្រឹស្ដី​​ទាំង​នោះ​ទៅ​ជា​ការ​អនុវត្ត​​ដោយ​របៀបណា?

នេះ​វា​មាន​ការ​ពាក់ព័ន្ធ​​ទៅ​នឹង​ដំណើរការ​​តាម​បែប​វិទ្យាសាស្ត្រ​ដែល​រួមមាន​  ការ​ស្រាវជ្រាវ   ការ​ជួបជុំ​ពិភាក្សា​​ជា​ច្រើន​ដំណាក់កាល​ជាមួយ​អ្នក​ជំនាញៗ​ដែល​ប្រមូលផ្ដុំ​ដោយ​គំនិត​ល្អៗ និង​ប្លែកៗ​ពី​គ្នា ​ការ​បង្កើត និង​កែសម្រួល​ផែនការ​អាជីវកម្ម​   កំណត់​យុទ្ធសាស្ត្រ​ទីផ្សារ​​ដែល​ល្អ​ឥតខ្ចោះ​  មាន​ក្រុម​ការងារ​ដែល​មាន​គុណភាព​គ្រប់គ្រាន់ ​និង​បង្កើត​ក្រុមហ៊ុន​ដែល​មាន​ស្តង់ដារ​ត្រឹមត្រូវ​តាម​ច្បាប់​ទម្លាប់​របស់​រដ្ឋ​ជាដើម។ ដូច​នេះ ហានិភ័យ​ក៏​មាន​កាន់តែ​មាន​ច្រើន​ឡើង ដែរ ខណៈ​ដែល​ច្រក​បង្អួច​នៃ​ឱកាស​ដើម្បី​​ឈោង​ចាប់​យក​​ក៏​​ស្តួចស្តើង​ទៅទៀត​។ ប្រសិន​​ឱកាស​ទាំង​នោះ​មិន​ធ្លាក់​មក​លើ​ដៃ​របស់​ខ្លួន​ទេ​នោះ វា​នឹង​ធ្លាក់​លើ​កណ្ដាប់ដៃ​អ្នកដទៃ​ជា​មិន​ខាន។  ​

​យ៉ាងណាមិញ សហគ្រិន​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ចាំបាច់​ទាមទារ​ទាល់តែ​មាន​​គ្រប់​ជំនាញ​ដើម្បី​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​នោះ​ទេ។ នៅ​ខាងក្រោម​នេះ គឺ​ជា​ចំណេះដឹង​មួយ​ចំនួន​ដែល​សហគ្រិន​សម័យ​ថ្មី​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ភាព​ជោគជ័យ​​អនាគត​អាជីវកម្ម​របស់​ខ្លួន។

១. ​សហគ្រិន​ត្រូវ​មាន​ភាព​​វៃឆ្លាត​​ និង​អាច​គណនា​មើល​​ឃើញ​វែងឆ្ងាយ ​​យល់​ដឹង​ និង​​កំណត់​បាន​វិសាលភាព​នៃ​ទីផ្សារ ព្រម​ទាំង​​មាន​យុទ្ធសាស្ត្រ​​​សម្រាប់​ដាក់ចេញ​មក​ប្រកួតប្រជែង​។ បន្ថែម​ពី​នេះ​អ្នក​គួរ​ដឹង​ថា នៅ​ពេល​​អនាគត​តើ​អាជីវកម្ម​របស់​អ្នក​អាច​ប្រតិបត្តិការ​ដោយ​ប្រើ​មនុស្ស​ ឬ​ម៉ាស៊ីន​ដោយ​កម្រិត​ណា?

២. បច្ចេកវិទ្យា​គឺ​ពោរពេញ​ទៅ​ដោយ​អ្វីៗ​គ្រប់យ៉ាង។​ សហគ្រិន​ដែល​ឆ្លាតវៃ នឹង​ធ្វើ​បាន​ល្អ​​បំផុត​ក្នុង​​ការ​​ស្វែងយល់​ពី​អត្ថប្រយោជន៍​របស់​វា​ ទាញ​​យក​អត្ថប្រយោជន៍​ពី​សក្ដានុពល​របស់​ខ្លួន និង​ប្រើប្រាស់​វា​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​​សម្រេច​បាន​​គោលបំណង​អាជីវកម្ម។

៣. បណ្ដាញ​ទំនាក់ទំនង​គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ការ​​ស្គាល់​មនុស្ស​ជាច្រើន​​​គឺ​​ជា​ការ​បើកទ្វារ​  និង​បង្កើត​ឱកាស​​ដ៏​ល្អ​បំផុត​មួយ​​ជាង​​អ្វី​​ផ្សេង​ទៀត​។ ​មនុស្ស​ទាំង​នោះ​​​គឺ​ជា​អ្នក​ប្រឹក្សា​ដ៏​ល្អ​​សម្រាប់​អ្នក ​សម្រាប់​ជួយ​កែតម្រូវ​នៅ​កំហុស​ឆ្គង​របស់​អ្នក​ និង​​ជួយ​ស្វែងរក​ដំណោះស្រាយ​​នៅ ពេល​អ្នក​មាន​បញ្ហា​។

៤. ក្រុមការងារ​ដំបូង​ដែល​អ្នក​បង្កើត​ឡើង​ត្រូវ​​ដាក់​មនុស្ស​ដែល​​សំបូរ​គំនិត និង​យុទ្ធសាស្ត្រ​ដាក់​បង្ហាញ​នៅ​លើ​​តុ​មូល។ អ្នក​មិន​គួរ​យក​មនុស្ស​ដែល​ចាំ​តែ​​​​ឆ្លើយ "Yes Yes” មក​ធ្វើ​ការ​នោះ​ទេ។ អ្នក​ត្រូវ​វិនិយោគ​​ទុន​របស់​អ្នក​ទៅ​លើ​មនុស្ស​ដែល​មាន​គំនិត និង​ប្រើប្រាស់​សក្ដានុពល​របស់​ពួកគេ​ដើម្បី​បង្កើត​សមិទ្ធផល​សម្រាប់​ក្រុមហ៊ុន​របស់​អ្នក​។

៥. អ្នក​ត្រូវ​ដឹង​ថា មាន​ត្រឹមតែ​គោលដៅ​ អាជីវកម្ម​​មួយ​មិន​អាច​មាន​ជីវិត​អមតៈ​បាន​ទេ។ ការ​ស្វែង​រក​ប្រាក់​ចំណេញ​ក្នុង​ពេល​ដ៏​ឆាប់រហ័ស និង​ដោយ​សុចរិត ហើយ​ដក​ខ្លួន​​ចេញ​ក៏​ជា​វិធី​ដែល​ត្រូវ​​ដើរ​ដែរ​នៅ​ក្នុង​សហស្សវត្ស​ថ្មី​នេះ។ ទន្ទឹម​នឹង​នេះ ការ​ខិតខំ​ប្រឹងប្រែង ការ​ស្រាវជ្រាវ​ស្វែង​រក​អ្វី​ថ្មីៗ ការ​​ចូលចិត្ត​ការ​ប្រកួតប្រជែង ការ​ទប់ទល់​នឹង​ហានិភ័យ ជា​ដើម​ គឺ​សុទ្ធតែ​ជា​គុណសម្បត្តិ​ដ៏​ល្អ​បំផុត​មួយ​របស់​សហគ្រិន។ 

៦. សូម​កុំ​ភ័យខ្លាច​ហានិភ័យ​ដែល​កើត​មាន​ឡើង។ នៅ​ថ្ងៃ​ដំបូង​ៗលុយ​នឹង​ហូរ​ដូច​ទឹក​ចេញ​ពី​ហោប៉ៅ​របស់​អ្នក ហើយ​នៅ​ក្នុង​រយៈពេល ២ ទៅ ៣​ឆ្នាំ​ដំបូង ច្បាស់​ណាស់​ថា ចំណូល​របស់​អ្នក​នឹង​តិច​ជាង​ចំណាយ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា នេះ​ជា​លំហូរ​នៃ​ការ​ធ្វើ​ជំនួញ​របស់​សហគ្រិន​ដែល​​វា​មាន​ដំណាក់​កាល​ខាតបង់​មុន បន្ទាប់​មក​ទើប​មាន​ដំណាក់​កាល​កើប​ប្រាក់​ចំណេញ។

៧. អ្នក​គឺ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ និង​ទទួលខុសត្រូវ​មុន​គេ​នៅ​​ក្នុង​អាជីវកម្ម​របស់​អ្នក។ រាល់​ការ​ស្នើសុំ​របស់​អតិថិជន ដូច​ជា​ការ​បញ្ចុះតម្លៃ ការ​បន្ទាប​គុណភាព​ផលិតផល ឬសេវាកម្ម​របស់​អ្នក​មិនមែន​សុទ្ធតែ​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ។ នៅ​ក្នុង​ស្ថានភាព​នេះ អ្នក​មិន​ត្រូវ​លក់​ក្នុង​ស្ថានភាព​បង្ខំ​ចិត្ត​នោះ​ទេ។ អ្នក​ត្រូវ​រក​យុទ្ធសាស្ត្រ​ផ្សេង​ពី​នេះ ដោយ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​របស់​អ្នក​​​ដើម្បី​ទាក់ទាញ​អតិថិជន​មក​ចាប់​អារម្មណ៍​លើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក។ 

៨. ស្វែង​យល់​ពី​មូលដ្ឋានគ្រឹះ​នៃ​ការ​គ្រប់គ្រង និង​ឯកទេស​ជំនាញ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចំណេះដឹង​ច្បាប់ សីលធម៌ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និង​ចំណេះដឹង​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ ទៅ​នឹង​ជំនួញ​របស់​អ្នក។ ការ​រៀនសូត្រ​ដែល​មុខវិជ្ជា​ជំនួញ​របស់​អ្នក​មិន​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​នោះ​ទេ ហើយ​ការ​ដែល​រៀន​សាលា​ល្អ​ល្បី​ក៏​មិន​សុទ្ធតែ​ធានា​​បាន​​ពី​អនាគត​អាជីវកម្ម​របស់​អ្នក​នោះ​ដែរ។ អ្វីៗ​គឺ ត្រូវ​ពឹង​លើ​សមត្ថភាព​របស់​អ្នក ពោល​គឺ​ថា តើ​អ្នក​មាន​យុទ្ធសាស្ត្រ គំនិត ចំណេះដឹង​ និង​ការ​អនុវត្ត​បាន​ទូលំទូលាយ​កម្រិត​ណា? 

៩. ដោយសារ​តែ​អនាគត​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា អ្នក​ត្រូវ​​បណ្ដុះ​ភាព​ជឿជាក់ និង​​ឲ្យ​តម្លៃ​លើ​​ការ​​បំផុស​គំនិត​ថ្មីៗ​ជា​រឿង​សំខាន់។ នៅ​ពេល​អ្នក​មាន​ភាព​ជឿជាក់ ក្តី​សង្ឃឹម​នឹង​កើត​មាន​ឡើង​ដែល​វា​នឹង​ជួយ​លើកទឹកចិត្ត​​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​មិន​ខ្លាច​នឿយហត់។

១០. ធ្វើ​ជំនួញ​ដែល​បម្រើ​ដល់​ផលប្រយោជន៍​មនុស្ស​ជាតិ។ អ្នកជួយ​ពួកគេ​បាន​កាន់តែ​ច្រើន ចូលរួម​ចំណែក​អភិវឌ្ឍ​ពិភពលោក​បាន​កាន់តែច្រើន អ្នក​នឹង​ទទួល​បាន​ការ​តបស្នង​មកវិញ​កាន់តែ​ច្រើន​ដែល​នោះ​គឺ កេរ្តិ៍ឈ្មោះ ការ​ឲ្យ​តម្លៃ និង​ប្រាក់​ចំណេញ៕

ប្រភព៖ Entrepreneur