​អ្វីទៅហៅថា ពន្ធ​លើ​ប្រាក់​ចំណេញ (Tax on Profit) ?​



កាល​ពី​សប្តាហ៍​មុន​ប្រិយមិត្ត​បាន​ស្វែង​យល់​រួច​ហើយ​ពី​ពន្ធ​​កាត់​ទុក​​ដែល​បាន អនុវត្ត​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា។ នៅ​ថ្ងៃ​នេះ ប្រិយមិត្ត​នឹង​បាន​ស្វែង​យល់​នូវ​ប្រធានបទ​ថ្មី​ស្តី​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ​វិញ​ម្តង​ថា តើ​ពន្ធ​ប្រភេទ​នេះ​មាន​​អត្ថន័យ​​យ៉ាងណា? 

១.តើ​អ្វី​ទៅ​​ពន្ធ​លើ​ប្រាក់​ចំណេញ? ពន្ធ​លើ​ប្រាក់​ចំណេញ​គឺ​ជា​ពន្ធ គិត​លើ​ប្រាក់​ចំណេញ​ជាប់​ពន្ធ​​​របស់៖ -អ្នក​ជាប់​ពន្ធ​និវាសនជន​ចំពោះ​ចំណូល​​ប្រភព​កម្ពុជា និង​បរទេស -អ្នក​ជាប់​ពន្ធ​អនិវាសនជន​ចំពោះ​ចំណូល​ប្រភព​កម្ពុជា។ 

២.​តើ​​នរណា​ជា​អ្នក​ជាប់​ពន្ធ​និវាសនជន? អ្នក​ជាប់​ពន្ធ​និវាសនជន​គឺ​ជា៖ -រូបវន្ត​បុគ្គល​ដែល​មាន​និវាសនដ្ឋាន ឬ​មាន​កន្លែង​ស្នាក់​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ដែល​មាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើស​ពី ១៨២ ថ្ងៃ​នៅ​ក្នុង​រយៈពេល​១២​ខែ​​ណាមួយ​ដែល​បាន​បញ្ចប់​ក្នុង​ឆ្នាំ សារពើពន្ធ​ចរន្ត។ -នីតិបុក្គល ឬ ក្រុមហ៊ុន​អាជីវកម្ម (Pass-through) ដែល​ត្រូវ​បាន​បង្កើត ឬ ត្រូវ​បាន​គ្រប់គ្រង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ដែល​មាន​កន្លែង​ប្រកប​អាជីវកម្ម​ជា​គោលដើម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នីតិបុគ្គល៖ សំដៅ​ដល់​សហគ្រាស ឬ​អង្គការ​នានា​ដែល​ប្រកប​អាជីវកម្ម​ទោះបីជា​បាន ឬ​មិន​បាន​ទទួល​ស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ក្តី។ 

៣.តើ​នរណា​ជា​អ្នក​ជាប់​ពន្ធ​អនិវាសនជន? អ្នក​ជាប់​ពន្ធ​អនិវាសនជន​គឺ​ជា៖ -រូបវត្តបុគ្គល​ដែល​មិនមែន​ជា​អ្នក​ជាប់​ពន្ធ​និវាសនជន​ ប៉ុន្តែ​ទទួល​​ប្រាក់​ចំណូល​ប្រភព​កម្ពុជា -នីតិបុគ្គល​ ឬ​ក្រុម​អាជីវកម្ម (Pass-through) ដែល​មិនមែន​ជា​អ្នក​ជាប់​ពន្ធ​និវាសនជន​ និង​មាន​គ្រឹះស្ថាន​ជា​អចិន្ត្រៃយ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្រឹះស្ថាន​អចិន្ត្រៃយ៍​​សំដៅ​ដល់៖ -ទីតាំង​អាជីវកម្ម​អចិន្ត្រៃយ៍​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ -សាខា​ក្រុមហ៊ុន​បរទេស​ ឬ​ទីភ្នាក់ងារ​ដែល​មាន​ទីតាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អ្នក​ជាប់​ពន្ធ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ឬ -សកម្មភាព​ពាក់ព័ន្ធ ឬ​ការ​ទាក់ទង​ទាំង​ឡាយ​ផ្សេង​ទៀត​ដែល​អ្នក​ជាប់​ពន្ធ​ចូល​រួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ 

៤.តើ​ប្រភព​ចំណូល​ណា​ខ្លះ​ជា​ប្រភព​ចំណូល​​ប្រភព​កម្ពុជា និង​ចំណូល​ប្រភព​បរទេស? 

ក.ប្រភព​ចំណូល​ប្រភព​កម្ពុជា​រួមមាន៖ -ការ​ប្រាក់​ដែល​បង់​ដោយ​សហគ្រាស​និវាសនជន ឬ ក្រុម​អាជីវកម្ម​​និវាសនជន ឬ​ស្ថាប័ន​​រាជរដ្ឋាភិបាល​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា -ភាគលាភ​ដែល​បាន​បែងចែក​ដោយ​សហគ្រាស​និវាសនជន -ប្រាក់​ចំណូល​ពី​ការ​ធ្វើ​អាជីវកម្ម​ ឬ​សេវាកម្ម​ដែល​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា -ប្រាក់​ចំណូល​ពី​ការ​គ្រប់គ្រង និង​សេវាកម្ម​បច្ចេកទេស​ដែល​បាន​ទូទាត់​ដោយ​បុគ្គល​និវាសនជន​ -ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ចលនទ្រព្យ ឬ​អចលនទ្រព្យ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​-ប្រាក់​សួយសារ​ដែល​បាន​មក​ពី​ការ​ប្រើប្រាស់ ឬសិទ្ធិ​ប្រើប្រាស់​ទ្រព្យ​សកម្ម​អរូបី​ដែល​បាន​ទូទាត់​ដោយ​បុគ្គល​និវាសនជន​ឬ បុគ្គល​អនិវាសនជន​តាម​រយៈ​គ្រឹះស្ថាន​អចិន្ត្រៃយ៍​ដែល​តាំង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ -ផល​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ ឬ ពី​ការ​ផ្ទេរ​ផលប្រយោជន៍​ណា​មួយ​​នៃ​​អចលនទ្រព្យ​ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា -ផល​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ​ដែល​ជា​ចំណែក​​នៃ​ទ្រព្យ​អាជីវកម្ម​របស់​គ្រឹះស្ថាន​អចិន្ត្រៃយ៍​​របស់​អ្នក​ជាប់​ពន្ធ​អនិវាសនជន​នៅ​​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា -បុព្វលាភ​បាន​ពី​ធានា​រ៉ាប់រង​ ឬ​ធានា​រ៉ាប់រង​បន្ត​លើ​ហានិភ័យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ -ប្រាក់​ចំណូល​ពី​សកម្មភាព​អាជីវកម្ម​របស់​បុគ្គល​អនិវាសនជន​តាម​រយៈ​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​​ 

ខ.ប្រភព​ចំណូល​បរទេស៖ ប្រភព​ចំណូល​បរទេស​រួមមាន​​ចំណូល​​ទាំងឡាយ​ណា​ដែល​មិន​ត្រូវ​បាន​ចាត់ទុក​ថា ជា​ចំណូល​ប្រភព​កម្ពុជា​គឺ​ចាត់​ទុក​ថា ជា​ចំណូល​ប្រភព​បរទេស។ សូម​ប្រិយមិត្ត​រង់ចាំ​ការ​ចេញ​ផ្សាយ​ប្រធានបទ​នេះ​បន្ត​ទៀត​នៅ​​លើក​ក្រោយ៕​ 

ប្រភព៖ អគ្គនាយកដ្ឋាន​ពន្ធដារ

X
5s