សុភាសិតចិន៖ «បត់បែន​ឱសថ​ឲ្យ​ស្រប​តាម​ជំងឺ»​



បើ​មាន​នរណា​ម្នាក់​ចេញ​រោគសញ្ញា​ក្ដៅ​ខ្លួន តើ​រោគសញ្ញា​តែមួយ​នេះ​គ្រប់គ្រាន់​នឹង​អាច​បញ្ជាក់​ថា​គេ​មាន​ជំងឺ​ផ្ដាសាយ​ហើយ​តើ​មែន​ទេ ? តើ​គ្រប់​គ្នា​ដែល​មាន​រោគសញ្ញា​ក្ដៅ​ខ្លួន​សុទ្ធតែ​មានន័យ​ថា​ពួកគេ​ផ្ដាសាយ​មែន​ទេ ? ត្រឹមតែ​បាន​ឃើញ​រោគសញ្ញា​ក្ដៅ​ខ្លួន តើ​ពួកគេ​សុទ្ធតែ​ត្រូវ​លេប​ថ្នាំ​ផ្ដាសាយ​មែន​ទេ ?

តាម​ពិត​ទៅ​មាន​រឿង​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ដែល​នៅ​សម្បក​ក្រៅ​ហាក់​ដូចជា​មាន​រូបភាព​ដូចគ្នា តែ​តាម​ការ​ពិត​នៅ​ពេល​ដែល​យើង​ចូល​ទៅ​ជ្រៅ​សង្កេត​ពី​ហេតុការណ៍​នោះ​ទើប​យើង​ដឹង​ថា​វា​មិន​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​យើង​គិត​នោះ​ឡើយ។ មាន​សុភាសិត​ចិន​បុរាណ​មួយ​បាន​ពោល​ថា «បត់បែន​ឱសថ​ឲ្យ​ស្រប​តាម​ជំងឺ។» អ្វីៗ​នៅ​ក្នុង​លោក​នេះ​តែងតែ​ផ្លាស់ប្ដូរ​ជានិច្ច។ កាល​ពី​មុន​ពិភពលោក​មិន​សូវ​ទាន់​មាន​ការ​អភិវឌ្ឍ មនុស្ស​មិន​សូវ​មាន​ជំងឺ ហើយ​ជំងឺ​ដែល​ពួកគេ​មាន​ក៏​មិន​សូវ​សម្បូរ​បែប​នោះ​ដែរ។ ងាក​មក​សម័យ​នេះ​វិញ ពិភពលោក​អភិវឌ្ឍ​ជឿនលឿន​យ៉ាង​ខ្លាំង តែ​ត្រូវ​ដោះដូរ​ជាមួយ​នឹង​ការ​កកើត​ឡើង​នូវ​ជំងឺ​ថ្មីៗ​ប្លែកៗសម្បូរ​បែប​ជាច្រើន។ កាល​មុន​ឲ្យ​តែ​ឃើញ​រោគសញ្ញា​ក្ដៅ​ខ្លួន យើង​អាច​សន្និដ្ឋាន​ថា​អ្នកនោះ​ច្បាស់​ជា​មាន​ជំងឺ​ផ្ដាសាយ​ហើយ ហើយ​ភាគច្រើន​ការ​ប៉ាន់ស្មាន​របស់​យើង​ក៏​ត្រឹមត្រូវ​ដែរ។

យ៉ាងណាមិញ ស្ថានការណ៍​មិនមែន​ចេះ​តែ​ដូចគ្នា​នោះ​ទេ បើ​ទោះ​ជា​ខាងក្រៅ​វា​ហាក់​ដូចជា​ដូចគ្នា​ក៏​ដោយ។ មាន​រោគសញ្ញា​ក្ដៅ​ខ្លួន វា​អាច​មាន​មូលហេតុ​មក​ពី​កត្តា​ផ្សេងៗ និង​មក​ពី​ជំងឺ​ផ្សេងៗ​ជាច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូចនេះ។ ការ​ប្រើប្រាស់​បទពិសោធន៍​ចាស់ៗ​របស់​អ្នក​យក​មក​វិនិច្ឆ័យ​រឿងរ៉ាវ​អ្វីមួយ គឺជា​រឿង​ល្អ​បើ​ប្រើ​នៅ​ក្នុង​ស្ថានការណ៍​ត្រូវ តែ​អាច​ជា​រឿង​គ្រោះថ្នាក់​បើ​ប្រើ​នៅ​ក្នុង​ស្ថានការណ៍​មិន​ត្រូវ។ ហេតុនេះ​ហើយ​យើង​មិនមែន​ចេះ​តែ​អាច​ពឹងផ្អែក​ទៅលើ​បទពិសោធន៍​ចាស់ៗ​គ្រប់​ស្ថានការណ៍​នោះ​ទេ។ ប្រការ​ល្អ​គឺ​យើង​ត្រូវ​ធ្វើការ​សង្កេត វិភាគ និង​ជីក​ឫសគល់​ឲ្យ​បាន​ស៊ីជម្រៅ នោះ​ទើង​យើង​អាច​ផ្សំ​ថ្នាំ​ត្រូវ ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ដែល​ត្រឹមត្រូវ​នៅ​ក្នុង​ស្ថានការណ៍​នីមួយៗ​បាន។

នៅ​ក្នុង​សង្គម​មនុស្ស​យើង​នេះ មនុស្ស​ភាគច្រើន​ចូលចិត្ត​បញ្ចេញ​មតិ​ទៅ​តាម​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​បាន​ឃើញ ធ្លាប់​បាន​ឆ្លងកាត់ ប៉ុន្តែ​ទស្សន​មួយ​មិន​ទៀង​ថា​អាច​ប្រើ​ត្រូវ​នៅ​គ្រប់​ស្ថានការណ៍​នោះ​ឡើយ។ ហេតុនេះ​ហើយ​ទើប​នៅ​ពេល​ដែល​យើង​សង្កេត​មើល​រឿងរ៉ាវ​ក្នុង​ជីវិត​នេះ ទើប​យើង​ឃើញ​ថា​អ្វី​ក៏​សុទ្ធតែ​មាន​ករណី​លើកលែង​ដែរ។ ដូច្នេះ​ហើយ​រឿង​អ្វី​ក៏​ដោយ យើង​គួរតែ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​សិន​សឹម​វាយតម្លៃ​ថា​គេ​មាន​ជំងឺ​អ្វី គេ​ប្រព្រឹត្ត​ខុស​អ្វី ព្រោះ​អ្វីៗ​មិន​ងាយស្រួល​ដូច​អ្វី​ដែល​អ្នក​ឃើញ​នៅ​សម្បក​ក្រៅ​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ