រឿង ១០ យ៉ាងដែលអ្នកត្រូវធ្វើមុនឈប់ពីការងារមកបើកក្រុមហ៊ុនខ្លួនឯង
ការងារជាប្រភពចំណូលរបស់មនុស្សម្នាក់ៗ តែនៅពេលមួយកំណត់មួយត្រឹមចំណូលពីការងារមិនអាចបំពេញតម្រូវការនៃការរស់នៅរបស់អ្នកបានទេ ព្រោះអ្នកចាប់ផ្តើមមានគ្រួសារ មានបន្ទុកកាន់តែធំ ឬអ្នកចង់ឲ្យជីវភាពកាន់តែប្រសើរជាងមុន។ អាយុកាន់តែច្រើន អ្នកក៏មិនអាចធ្វើការពេញមួយជីវិតដែរ ពេលនោះអ្នកប្រាកដជាត្រូវការអាជីវកម្មមួយសម្រាប់ខ្លួនឯង។
ដោយសារចំនុចទាំងនេះហើយ ទើបមនុស្សមួយចំនួនមិនរងចាំរហូតដល់អាយុកាន់តែជ្រេទើបចាប់ដំណើរការអាជីវកម្មទេ ពួកគេនឹងរករបរមួយសម្រាប់ខ្លួនឯងបន្ទាប់ពីប្រលូកក្នុងវិស័យមួយរយៈខ្លីប៉ុណ្ណោះ។ តែអ្វីដែលអ្នកគួរដឹងគួរធ្វើមុនពេលឈប់ពីការងារមកចាប់អាជីពថ្មីជាសហគ្រិនម្នាក់ ហើយខាងក្រោយនេះជារឿងរ៉ាវ ១០ យ៉ាងដែលអ្នកត្រូវធ្វើ៖
១) ស្រាវជ្រាវ
គ្មានសហគ្រិនណារកស៊ីដោយគ្មានការស្រាវជ្រាវទេ វាល្អដែលអ្នកឈប់ពីការងារបច្ចុប្បន្នហើយមកចាប់យករបរផ្ទាល់ខ្លួន វាមានន័យថាអ្នកកំពុងចាប់ឱកាសធ្វើឲ្យខ្លួនរីកចម្រើន តែអ្នកគួរធ្វើការស្រាវជ្រាវជាមុនសិនពីទីផ្សារ ពីអតិថិជន ពីគូរប្រកួតប្រជេង ពីច្បាប់ទម្លាប់អ្វីទាំងអស់សព្វគ្រប់បែបយ៉ាង។
២) រៀបចំបង្កើតផែនការអាជីវកម្ម
អ្នកដែលចង់ក្លាយជាសហគ្រិនពិតប្រាកដ មិនចាប់ផ្តើមអាជីវកម្មដោយងងឹតងងល់ទេ គេច្បាស់ជារៀបចំផែនការអាជីវកម្មទុកជាមុន ទោះបីអាជីវកម្មនោះតូចប៉ុណ្ណាឬធំប៉ុណ្ណា។ ធ្វើបែបបនេះជាចំនុចមួយជួយអ្នកបង្ការនូវហានិភ័យមួយកម្រិត ព្រោះអ្នកបានព្យាករណ៍ត្រួសៗរួចមកហើយថាអ្នកនឹងចំណាយប៉ុន្មានសម្រាប់ពេលដំណើរការអាជីវកម្មមួយនោះ អ្នកអាចទទួលប្រាក់ចំនេញប៉ុន្មាន ការត្រៀមខាតពេលដំបូងមានរយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំ។ ជាទូទៅផែនការអាជីវកម្មរៀបរាប់ចំនុចដូចខាងក្រោម៖
ក) ទិដ្ឋភាពទូទៅ
ខ) សង្ខេបរួម
គ) ការពិព៌ណនាពីក្រុមហ៊ុន
ឃ) កម្មវត្ថុ ទស្សនៈវិស័យ ចក្ខុវិស័យ របស់អាជីវកម្ម
ង) ព័ត៌មានពីទីផ្សារ និងឧស្សាហកម្មដែលអ្នកឈានជើងចូល
ច) យុទ្ធសាស្ត្រដែលអ្នកនឹងប្រើសម្រាប់ដំណើរការអាជីវកម្ម
ឆ) ផែនការទីផ្សាររបស់អ្នក
ជ) ផែនការប្រតិបត្តិការ
ឈ) ផែនការហិរញ្ញវត្ថុ
ញ) ឧបសម្ព័ន្ធភ្ជាប់ជាមួយព័ត៌មានលម្អិតបន្ថែម
៣) ជម្រើសដែលអ្នកអាចស្វែងរកប្រភពទុន
ថវិកាសម្រាប់ដំណើរការអាជីវកម្មគឺសំខាន់។ មនុស្សជាច្រើននិយាយថាគ្មានលុយក៏ហីចុះឲ្យតែមានគំនិតគឺអាចរកស៊ីបានហើយ។ តែស្របពេលជាមួយគ្នានេះអ្នកត្រូវមានដើមទុនខ្លួនឯងខ្លះដែរ បន្ថែមជាមួយជម្រើស ឬផ្លូវមួយចំនួនដែលអ្នកអាចស្វែងរកប្រភពទុនដើម្បីដំណើរការអាជីវកម្មអ្នក។ ក្នុងជម្រើសស្វែងរកប្រភពទុននេះអ្នកអាចគិតលើ ២ ចំនុចគឺការខ្ចីពីអ្នកនៅជុំវិញខ្លួនដូចជាគ្រួសារ មិត្តភក្តិជាដើម ហើយមួយទៀតអ្នកដែលនឹងចូលរួមទុនជាមួយអ្នកក្លាយជាដៃគូរអាជីវកម្ម។
៤) រៀបចំបង្កើតរចនាសម្ព័ន្ធសម្រាប់អាជីវកម្ម
ការយល់ដឹងពីបញ្ហាផ្នែកច្បាប់សម្រាប់អាជីវកម្មគឺសំខាន់ អ្នកត្រូវកំណត់ថាអាជីវកម្មអ្នកនឹងស្ថិតនៅក្នុងទម្រង់បែបណាជា សាជីវកម្ម ឬ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកជន។ ហើយអ្វីដែលអ្នកត្រូវគិតគូរបន្ថែមគឺ ការគ្រប់គ្រងក្នុងក្រុមហ៊ុន បំណុល ពន្ធ ដើមទុន អាជ្ញាប័ណ្ណ ការអនុញ្ញាត និងអ្វីៗនានាពាក់ព័ន្ធផ្នែកច្បាប់។
៥) ការប្រើប្រាស់ធនធានរបស់អ្នក
រឿងពិតមួយសម្រាប់មនុស្សស្ទើរគ្រប់រូប បើមិនចាំបាច់គឺមិនចង់ចំណាយទេ តែបើតាំងចិត្តរកស៊ីហើយមិនចង់ចំណាយគឺគ្មានផ្លូវទទួលបានផលវិញឡើយ។ អ្វីដែលអ្នកគួរធ្វើគឺចំណាយលើអ្វីដែលគួរចំណាយ ប្រើវាឲ្យមានប្រយោជន៍បំផុត។ ដោយឡែកចំពោះបុគ្គលិកក៏ដូចគ្នាដែរ អ្នកគួរពិចារណាឲ្យច្បាស់ថាអ្នកគួរជួលបុគ្គលិកប៉ុន្មាននាក់ ក្រុមហ៊ុនអ្នកគួរមាន Freelancer ប៉ុន្មាននាក់ដើម្បីកុំឲ្យមានការចំណាយច្រើនពេក។
៦) ធ្វើការកំណត់ចំណាំឲ្យបានល្អ
ជាការកត់ចំណាចំនុចជាច្រើនខណៈដែលអ្នកកំពុងធ្វើការងារ ពិតណាស់ការងារជាបទពិសោធន៍ជួយអ្នកក្នុងការបើកដំណើរការអាជីវកម្មមួយផ្ទាល់ខ្លួន។ ទោះបីអ្នកមិនអាចចាប់ច្បាស់គ្រប់ចំនុចក៏បានជាបច្ច័យខ្លះៗដែរថា ការគ្រប់គ្រងបុគ្គលិកគួរធ្វើដោយរបៀបណា ការចំណាយសម្រាប់ការិយាល័យប្រព្រឹត្តទៅដូចម្តេច ការគ្រប់គ្រងបញ្ជីស្នាម គណនេយ្យ ត្រូវការជំនួយប្រព័ន្ធគ្រប់គ្រងបែបណាទើបល្អ។
៧) ចំនុចតូចៗបូកបន្ថែមពីលើផែនការធំ
ពិតណាស់ថា ការងារណាមួយក៏ត្រូវមានផែនការយុទ្ធសាស្រ្ត(Strategic Plan) និងការអនុវត្ត (Implementation) ដែរ។ អ្នកមានរៀបចំផែនការអាជីវកម្មជាផែនការធំគោលមួយ តែអ្នកត្រូវមានអមមកកជាមួយផែនការតូចៗ ដែលជាអ្នកគាំទ្រជួយឲ្យផែនការធំសម្រេចបានជោគជ័យ។
៨) ស្វែងរក និងជ្រើសរើសទីតាំងសម្រាប់ការិយាល័យ
ក៏ជារឿងមួយសំខាន់ដែរពាក់ព័ន្ធនឹងទីតាំងការិយាល័យ ដសព្វថ្ងៃវាកំពុងជាបញ្ហាចោទខ្លះដែរដោយសារតំបន់នៃទីប្រជុំជនមានតម្លៃអចលនទ្រព្យថ្ងៃជាងនៅតាមជាយៗក្រុង។ តែបើអ្នកសំលឹងតែតំបន់ដែលមិនសូវចំណាយច្រើន មិនប្រាកដថាវាសុទ្ធតែផ្តល់ភាពចំនេញដល់អាជីវកម្មអ្នកទេ ព្រោះអ្នកអាចនឹងខាតប្រយោជន៍ធំអ្វីមួយក៏ថាបាន ពិសេសបើទីតាំងអ្នកនៅឆ្ងាយពីអតិថិជនគោលដៅអ្នកពេក។
៩) បង្កើតជាផលបត្រ (Portfolio)
អ្នកអាចនឹងគិតថាក្រុមហ៊ុនផ្ទាល់ខ្លួនមិនចាំបាច់រៀបចំប្រវត្តិរូប (resume) អ្វីច្រើនពេកទេ បើយល់បែបនេះអ្នកគិតខុសហើយ។ ហេតុអ្វីវាចាំបាច់? ចុះមានដែលសួរខ្លួនឯងទេថាការរកស៊ីចង់ចំណេញ ចង់រីកលូតលាស់ទៅមុខឬចង់នៅទ្រឹងត្រឹមប៉ុណ្ណេះ? អ្នកដែលនឹងមកបណ្តាក់ទុនជាមួយអ្នកគេប្រាកដជាចង់បានវាមិនខាន មុនពេលគេយកលុយទាំងដុលរបស់គេមករួមវាសនាជាមួយយើង។
១០) ទីបញ្ចប់
ត្រូវចាំថាចាប់ផ្តើមអាជីវកម្មថ្មីមួយអ្នកនឹងជួបការលំបាក ការប្រកួតប្រជែងច្រើនជាងអ្វីៗដែលអ្នករពឹងទុក។ អ្វីដែលគួររំឮកម្តងហើយម្តងទៀតគឺអ្នកត្រូវរៀបចំផែនការថាអ្នកគួរធ្វើការប៉ុន្មានឆ្នាំមុនចាប់អាជីវកម្ម អ្នកត្រូវដឹងទៀតថាអ្នកមានបទពិសោធន៍គ្រប់គ្រាន់ហ់យឬនៅ ដើមទុនដែលបានពីការងារប៉ុណ្នឹងអាចសមល្មមដំណើរការអាជីវកម្មខ្លះហើយឬនៅ ហើយអ្នកមានផែនការបន្ទាប់សម្រាប់ទប់ទល់នឹងបញ្ហាដែលនឹងកើតមានដែរទេ។
នៅពេលដែលអ្នកបានរៀបចំអ្វីៗទាំង ១០ ខាងលើនេះអស់ ឬអ្នកមានត្រៀមរួចហើយសឹមសម្រេចចិត្តម្តងទៀតចាប់យកអ្វីដែលចិត្តចង់បាន៕
ដោយ៖ យ៉ាយ៉ា