៥ គន្លឹះ​សម្រាប់​អ្នក​ដែល​មាន​អាជីវកម្ម​ជា​លក្ខណៈ​​គ្រួសារ​គួរ​ដឹង​



អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ គឺ​ជា​អាជីវកម្ម​ដ៏​ពេញ​និយម និង​កំពុង​រួមចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ចជាតិ។ មិនដឹង​ថា អ្នក​កំពុង​ប្រកប​មុខរបរ​អ្វី  រយៈពេល​​យូរ​ប៉ុណ្ណា ឬ​មាន​គន្លឹះ​ដឹកនាំ​របៀបណា​ អ្នក​​គួរ​ត្រៀម​ខ្លួន​ទុក​ជា​មុន​​ថា អ្នក​ត្រូវ​បង្កើត​គំរូ​ដឹកនាំ​​អាជីវកម្ម​មួយ​ដែល​មាន​ស្តង់ដារ​ និង​ដើរ​បាន​វែងឆ្ងាយ​ ព្រម​ទាំង​ឈរ​ជើង​បាន​យូរ​អង្វែង​នៅ​លើ​ទីផ្សារ។

នៅ​ខាងក្រោម​នេះ អ្នក​អាច​សិក្សា​ពី​គន្លឹះ​ខ្លះៗ​​ដែល​អ្នក​គួរ​ដឹង​​ប្រសិន​បើ​អ្នក​កំពុង​មាន​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​​៖ 

១.កំណត់​ពី​គុណសម្បត្តិ​​អាជីវកម្ម​តាម​បែប​គ្រួសារ 
គុណសម្បត្តិ​​ដ៏​គួរ​​ឲ្យ​ទាក់ទាញ​បំផុត​មួយ​នៅ​ក្នុង​អាជីវកម្ម​ដែល​គ្រប់គ្រង​​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ថា ​វា​មាន​ភាព​ឆាប់រហ័ស  និង​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត។  ការ​សម្រេចចិត្ត​​​ក្នុង​អាជីវកម្ម​របស់​អ្នក​កាន់តែ​ឆាប់រហ័ស​​​​ គឺ​​ថា​តើ ​វា​​​សំអាង​ទៅ​​​​ទិន្នន័យ​ជាក់ស្តែង​​ ទំនាក់ទំនង​ជាមួយ​អតិថិជន ឬ​អ្វី​​មួយ​ផ្សេងទៀត។ មាន​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​លើក​ឡើង​ថា ​ពី​គុណសម្បត្តិ​នៃ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​​នេះ​ដូច​ខាង​ក្រោម៖ 

-ឆាប់រហ័ស៖ នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ ការ​សម្រេចចិត្ត​មិន​សូវ​ចំណាយ​ពេល​យូរ​ទេ ពោល​គឺ​ធ្វើ​​ឡើង​​ភ្លាមៗ តែម្តង​ដោយ​មិន​ចាំបាច់​ស្នើសុំ​ឆ្លង​តាម​ដំណាក់កាល នីតិវិធី ឬ លក្ខខណ្ឌ​ផ្សេងៗ​ដូច​ក្រុមហ៊ុន​ធំៗ​ដើម្បី​អនុម័ត​យល់​ព្រម​លើ​សំណើ​អ្វី​មួយ​នោះ​ឡើយ​។ ទន្ទឹម​នឹង​នេះ ល្បឿន​នៃ​ការ​ផ្លាស់ប្ដូរ​​ក្រុមហ៊ុន​ទៅមុខ ឬ​ថយក្រោយ ក៏​មិន​​ពិបាក​សាំញ៉ាំ ច្រើន​ដែរ។

-ស្ថិរភាព៖ ​
មាន​ក្រុមហ៊ុន​ជាច្រើន​​បាន​តស៊ូ​​យ៉ាង​លំបាក​ដើម្បី​ឈរ​ជើង​យូរ​នៅ លើ​ទីផ្សារ ខណៈ​ដែល​ពិភពលោក​មាន​ការ​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ​។ សម្រាប់​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ជា​គ្រួសារ​វិញ ​ការ​ឈរ​ជើង​យូរ​នៅ​លើ​ទីផ្សារ​​​មិនមែន​ជា​បញ្ហា​​ចោទ​ខ្លាំង​នោះ​។ ឆ្លងកាត់​​ការ​ដឹកនាំ​ប្រកបដោយ​បទពិសោធន៍​​រាប់​​ទសវត្សរ៍ បាន​​ធ្វើ​ឲ្យ​ម្ចាស់​គ្រប់គ្រង​អាជីវកម្ម​ប្រភេទ​នេះ​បាន​ដឹក​កិច្ចការ​ផ្ទៃ​ក្នុង កន្លុកកន្លៀត ស្គាល់​ពី​បញ្ហា​ប្រឈម​ យុទ្ធសាស្ត្រ និង​បាន​សម្រប​ខ្លួន​ក្លាយ​ជា​អ្នក​ជំនាញ​ត្រួតត្រា​ក្រុមហ៊ុន​បាន​យ៉ាង​ល្អ​។ ​

-ការ​ប្ដេជ្ញាចិត្ត៖ សម្រាប់​​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ជា​គ្រួសារ គឺ​មាន​ចំណុច​ពិសេស​បើ​គេ​និយាយ​ពី​ការ​ប្ដេជ្ញាចិត្ត និង​​គណនេយ្យ​ភាព​​នៅ​ក្នុង​ក្រុមហ៊ុន។ អ្នក​បន្ត​វេន​ពី​អាជីវកម្ម​ប្រភេទ​នេះ អាច​ទទួល​ខុសត្រូវ និង​ត្រូវ​បាន​បង្ហាត់បង្រៀន​លត់ដំ​​ទាំង​ចំណេះដឹង និង​ការ​អនុវត្ត​ឲ្យ​ស្ទាត់​ជំនាញ​​ជា​​​មុន​រួច​​ទៅ​ហើយ​​ដើម្បី​ប្ដេជ្ញាចិត្ត​ដឹកនាំ​ក្រុមហ៊ុន​បន្ត​ទៀត​ដែល​ខុស​ពី​ក្រុមហ៊ុន​ទូទៅ​ ដែល​អ្នកដឹកនាំ​បាន​ផ្លាស់ប្ដូរ​រាប់​ភ្លេច។ 

-ចក្ខុវិស័យ​៖ គ្មាន​អ្វី​ដែល​ធ្វើ​​ឲ្យ​អ្នក​សប្បាយ​រីករាយ​ស្មើ​នឹង​ការ​បាន​មនុស្ស​ជា​ច្រើន​ដែល​​​សម្រេច​ដើរ​លើ​ទំព័រ​ជីវិត និង​​ទិសដៅ​ដូច​គ្នា​​ទៅ​នឹង​អ្នក​នោះ​ទេ​។ ដូច្នេះ​កេរ្តិ៍ដំណែល​នៃ​គុណតម្លៃ​ និង​ចក្ខុវិស័យ​រួមគ្នា​ជាមួយ​​នឹង​ការ​ប្ដេជ្ញាចិត្ត​​សម្រាប់​រយៈពេល​វែង​ គឺ​ជា​អ្វី​ដែល​អាច​ផ្លាស់ប្ដូរ​អ្នក​ដែល​​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​​​ប្រភេទ​នេះ។  គោលដៅ​នៃ​​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​មិនមែន​គ្រាន់តែ​​ធ្វើ ឡើង​ដើម្បី​ជោគជ័យ​​​​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​​ជា​ជីវកម្ម​ដែល​មាន​គំរូ​ម៉ូដែល​​ដឹកនាំ​គ្រប់គ្រង​​ដ៏​ល្អ​​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ។

២.ប្រកាន់​គោលការណ៍​សមភាព​​​
យក​គោលការណ៍​​អនុវត្ត​ដោយ​សម្អាង​លើ​វ័យ​ចាស់​ជាង  ​ធ្វើ​ការ​យូរ​ជាង ឬ​​រៀន​បាន​ច្រើន​ជាង មិនមែន​ជា​គោលការណ៍​ឈ្នះៗ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​នោះ​ឡើយ។ អ្នក​ត្រូវ​ផ្តល់​តម្លៃ​ទៅ​​លើ​គុណសម្បត្តិ​នៃ​ចំណេះ​ជំនាញ បទពិសោធន៍​ល្អ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ម្នាក់ៗ​នៅ ក្នុង​ក្រុមហ៊ុន។ ជួនកាល​ជ័យជំនះ​ដ៏​ធំ​​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​អាច​នឹង​​បាន​មក​ពី​សមាជិក​ក្រុម​​ណា​​ម្នាក់ ហើយ​ពេល​ផ្សេងទៀត​វា​អាច​នឹង​​បាន​មក​ពី​​អ្នក​ផ្សេងទៀត។  កុំ​ដាក់​កម្រិត​សមត្ថភាព​របស់​​សមាជិក​ក្រុម​ដើម្បី​​សម្រេច​បាន​ផល​ជា​វិជ្ជមាន​ដល់​ក្រុមហ៊ុន​ដោយ​គ្រាន់តែ​សម្អាង​លើ​អាយុ ឬ​​ការ​ចំណាយ​ពេល​នៅ ​​បាន​យូរ​ជាមួយ​ក្រុមហ៊ុន។

៣.ផ្តល់​សិទ្ធិ​អំណាច​ដល់​អ្នក​​បន្តវេន​
គ្មាន​អ្នកណា​ម្នាក់​អាច​នៅ​អមតៈ​បាន​ទេ។ អាជីវកម្ម​របស់​អ្នក​ក៏​ដូចគ្នា ថ្ងៃ​ណាមួយ​បើ​ទោះបី​ជា​អ្នក​ដឹកនាំ​ល្អ​ប៉ុណ្ណា​ក៏ដោយ អ្នក​ក៏​គង់តែ​ត្រូវការ​អ្នកណា​ម្នាក់​មក​ដឹកនាំ បន្ត​វេន។ អ្នក​ទាំង​នោះ​អាច​ជា​ប្រពន្ធ ឬ​ប្តី កូន ចៅ និង​​អ្នក​ផ្សេង​ទៀត​ដែល​ជា​សាច់ញាតិ​របស់​អ្នក។ ដូចនេះ​ហើយ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​នេះ ហើយ​ត្រៀម​ខ្លួន​ជា​មុន​​ឲ្យ​បាន​ល្អ​ដើម្បី​បង្ហាត់បង្រៀន​ពួកគេ​​​​​ជា​មុន​សម្រាប់​បន្តវេន​ពី​អ្នក។ 

៤.ភាព​ច្នៃប្រឌិត
វា​មិន​​មែន​​ជា​រឿង​មួយ​ហួសហេតុ​នោះ​ទេ​ដែល​អ្នក​ចាំបាច់​ត្រូវ​​​ប្រែក្លាយ​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​​ក្លាយ​ទៅជា​ក្រុមហ៊ុន​ជំនួញ​​មួយ​ដែល​​ដើរ​បាន​វែងឆ្ងាយ និង​ស្មុគស្មាញ​ជាង​នេះ។ អ្នក​ត្រូវ​បដិសេធន៍​នោះ​ទេ និង​ត្រូវ​​ផ្តល់​ឱកាស​ដល់​អ្នក​ជំនាន់​ថ្មី ប្រសិន​បើ​​ពួកគេ​មាន​សក្ដានុពល មាន​គំនិត​ច្នៃប្រឌិត​​ថ្មី ឬ​គំនិត​ថ្មី​ដើម្បី​​​ដឹកនាំ​ក្រុមហ៊ុន​របស់​អ្នក​ពី​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​​ឲ្យ​​​ឲ្យ​ទៅ​ជា​ប្រភេទ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​កាន់តែ​​រីកចម្រើន​​ជាង​នេះ។  ថ្វីត្បិត​តែ​ក្រុមហ៊ុន​របស់​​អ្នក​ជា​លក្ខណៈ​​គ្រួសារ ប៉ុន្តែ​អ្នក​ត្រូវ​ទទួលស្គាល់​ និង​​ឲ្យ​តម្លៃ​លើ​ការ​ច្នៃប្រឌិត និង​គំនិត​ថ្មីៗ​ដើម្បី​ដើរ​ឲ្យ​ទាន់​បរិបទ​សាកលលោក​។ 

៥.បែងចែក​ឲ្យ​ដាច់​រវាង​បញ្ហា​អាជីវកម្ម​ និង​​​គ្រួសារ
នៅ​ក្នុង​អាជីវកម្ម​ណា​ក៏ដោយ ជម្លោះ​នឹង​កើត​មាន​ឡើង​តិច​ឬ​ច្រើន។ យ៉ាងណាមិញ អ្នក​មិន​ត្រូវ​បណ្តាល​ឲ្យ​រឿង​គ្រួសារ មក​គ្របដណ្ដប់​លើ​បញ្ហា​ជំនួញ​បាន​ទេ។ ប្រសិន​បើ​អ្នក​មាន​​ទំនាស់​ក្នុង​អាជីវកម្ម អ្នក​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​បែប​អាជីវកម្ម។ ប្រសិន​បើ អ្នក​មាន​ទំនាស់​នៅ​ក្នុង​គ្រួសារ អ្នក​ត្រូវ​ដោះស្រាយ​តាម​លក្ខណៈ​គ្រួសារ ពោល​គឺ​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​រឿង​គ្រួសារ​មក​លាយឡំ​រឿង​ជំនួញ​ឡើយ។ អ្នក​ត្រូវ​ដឹង​ថា ទំនាស់​គ្រួសារ​អាច​​កើត​ឡើង​ និង​បញ្ចប់ ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​រឿង​ជំនួញ​វិញ អ្នក​​ត្រូវ​ប្រើ​ពេល​ ចំណាយ​កម្លាំង ការ​តស៊ូ និង​អត់ធ្មត់​ច្រើន​ណាស់​ទម្រាំ​បាន​​​ដូចសព្វថ្ងៃ​។ ដូច្នេះ អ្នក​ត្រូវ​ចេះ​បែងចែក​​ឲ្យ​ដាច់​រវាង​ចំណុច​ទាំង​ពីរ​នេះ៕

ប្រភព៖ Entrepreneur 

X
5s