សៀវភៅ​ ​​១0​ក្បាល ​​​ដែល​​សហគ្រិន​សតវត្ស​ទី​២១​ ​​មិន​គួរ​មើល​រំលង​!​​



មិនថា អ្នកជាអ្នកសហគ្រិនជើងចាស់ ឬក៏សហគ្រិនជើងថ្មីនោះទេ អ្វីដែលចាំបាច់គឺសហគ្រិនគួរតែឆ្លងកាត់ដំណើរការសិក្សារៀនសូត្រឲ្យបានច្រើនទាំងមុនពេលបង្កើត និងចាប់ផ្ដើមដំណើរការអាជីវកម្ម។ សូម្បីតែអ្នកដែលបានឆ្លងកាត់ការសិក្សាពីមុនមកហើយក៏ដោយ ក៏មិនអាចបញ្ចៀសបញ្ហាដែលកើតនៅក្នុងអាជីវកម្មរបស់ខ្លួនបាននៅឡើយ នៅពេលដែលដំណើរការ ដែលទាមទារឱ្យមានការសិក្សាឱ្យបានច្រើន។

មានសៀវភៅប្រហែលជារាប់ពាន់ក្បាលដែលផ្ដល់ចំណេះដឹងអំពីអាជីវកម្ម ភាពជាអ្នកដឹកនាំ ឬគន្លឹះនៃបង្កើតពាណិជ្ជកម្មផ្សេងៗ ប៉ុន្តែ BizKhmer ថ្ងៃនេះសូមលើកយកសៀវភៅចំនួន ១០ក្បាលដែលកំពុងពេញនិយម និងអាចផ្ដល់ចំណេះដឹងច្រើនដល់មិត្តអ្នកអាន ជាពិសេសអ្នកដែលចង់បង្កើតអាជីវកម្ម ឬក៏កំពុងដំណើរការអាជីវកម្ម។ ថ្វីត្បិតតែវាទ្រឹស្ដី ក៏ប៉ុន្តែអាចជួយមិត្តអ្នកអាន បង្កើនចំណេះដឹងកាន់តែច្រើន។

១) សៀវភៅ Innovator's Dilemma ជាសៀវភៅដែលនឹងអាចផ្លាស់ប្ដូរវិធីធ្វើអាជីវកម្មជាស្នាដៃនិពន្ធរបស់លោក Clayton M. Christensen សរសេរកាលពីឆ្នាំ១៩៩៧។ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard លោក Clayton Christensen ក៏បានបង្កើតក្រុមហ៊ុនពីរបីផងដែរ ដោយចំណាយពេលជាច្រើនឆ្នាំ ហើយក្រោយមកលោកក៏បានបង្កើតសៀវភៅដ៏មានប្រយោជន៍សម្រាប់សហគ្រិន។ សៀវភៅនេះបញ្ជាក់ពីខ្លឹមសារថា ទោះជារឿងរ៉ាវមួយចំនួនត្រូវបានធ្វើដោយត្រឹមត្រូវក៏ដោយ ក៏ក្រុមហ៊ុននៅតែអាចក្ស័យធនបានដដែល។

២) សៀវភៅ Lean Startup គឺជាសៀវភៅនិយាយពីរបៀបដែលសហគ្រិនសព្វថ្ងៃនេះប្រើការច្នៃប្រឌិតដើម្បីបង្កើតអាជីវកម្មឲ្យជោគជ័យទាំងស្រុង ដែលនិពន្ធដោយលោក Eric Ries នៅឆ្នាំ២០១១។ មិនថា សហគ្រិនជាអ្នកជើងចាស់ដែលបានជួបអ្នកមានបទពិសោធន៍ខ្ពស់ និងទាប ឬក៏អ្នកមកថ្មីវ័យក្មេង និងគ្មានបទពិសោធន៍យ៉ាងណាទេ ការកំណត់ការគ្រប់គ្រងរយៈពេលយូរគឺជាសេណារីយ៉ូសំខាន់ដែលសៀវភៅនេះបានបង្ហាញ។

៣) សៀវភៅ E-Myth របស់លោក Michael E. Gerber នៅឆ្នាំ១៩៩៥។ អស់រយៈពេលជាង៤០ឆ្នាំមកហើយដែលលោក Michael Gerber បានជួយក្រុមហ៊ុនខ្នាតតូចរាប់ពាន់ក្រុមហ៊ុន។ សៀវភៅនេះមានខ្លឹមសារនិយាយអំពី មូលហេតុដែលក្រុមហ៊ុនភាគច្រើនមិនដំណើរការ និងអ្វីដែលត្រូវធ្វើចំពោះមុខ។ លោក Gerber បានលើកឡើងថា ទោះជាសហគ្រិនដែលមានគំនិតល្អៗក៏ដោយ តើពួកគេពិតជាបានធ្វើជាពាណិជ្ជករល្អហើយឬនៅ?

៤) សៀវភៅ Four Steps to the Epiphany របស់លោក Steve Gary Blank នៅឆ្នាំ២០០៥។ នៅក្នុងសៀវភៅនេះចង់និយាយពី វិធីនៃការចាប់ផ្ដើមធ្វើពាណិជ្ជកម្មដំបូង ការដាក់ចេញនូវផែនការទីផ្សារ និងការរៀបចំការលក់ផលិតផលជាដើម។

៥) សៀវភៅ How to Win Friends and Influence People របស់លោក Dale Carnegie នៅឆ្នាំ១៩៩៦។ សៀវភៅនេះនិយាយពីរបៀបត្រូវយកឈ្នះលើមិត្តភ័ក្ដិ និងមានឥទ្ធិពលលើមនុស្ស ក្នុងនោះមានប្រធានបទសំខាន់ៗមួយចំនួនដូចជា តិចនិកសម្រាប់ដោះស្រាយបញ្ហាមនុស្ស វិធីសាស្ត្រ ៦យ៉ាងធ្វើឲ្យមនុស្សចូលចិត្តអ្នក វិធី១២យ៉ាងលើកទឹកចិត្តឲ្យទិញគំនិតអ្នក វិធី៩យ៉ាងដើម្បីផ្លាស់ប្ដូរគំនិតដោយគ្មានការសោកស្ដាយ និងមានគន្លឹះល្អៗជាច្រើនទៀត។

៦) សៀវភៅ Thinking, Fast and Slow របស់លោក Daniel Kahneman នៅឆ្នាំ២០១១។ លោកគឺជាអ្នកចិត្តសាស្ត្រវិទូ និងជាម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច។ សៀវភៅនេះនិយាយពីរបៀបនៃការគិតរបស់មនុស្ស ពិពណ៌នាពីភាពរហ័សរហួន ការចាប់ផ្ដើមមានគំនិត និងប្រព័ន្ធចិត្តសាស្ត្រ មួយ (emotional system 1) និងទ្រឹស្ដីជាច្រើនទៀតដែលបង្ហាត់ឱ្យមនុស្សគិតដោយយឺតៗ តែប្រកបដោយការប្រុងប្រយ័ត្ន និងប្រសើរជាងការអនុវត្តភ្លាមៗ។

៧) សៀវភៅ Venture Deals: Br Smarter Than Your Lawyer and Venture Capitalist របស់លោក Brand Feld និងលោក Jason Mendelson នៅឆ្នាំ២០១៣។ អ្នកនិពន្ធទាំងពីរធ្លាប់ធ្វើការងារផ្នែកផ្ដល់ហិរញ្ញប្បទានមូលធនដល់ក្រុមហ៊ុនជាច្រើនអស់ជាងពីរទសវត្សរ៍។ តាមរយៈបទពិសោធន៍របស់លោក លោកបានចងក្រងពិធីសាស្ត្រ និងគន្លឹះមួយចំនួនអំពីការបណ្ដាក់ទុនរកស៊ីរួមគ្នា និងការធ្វើកិច្ចព្រមព្រៀងជាមួយគ្នាដ៏ល្អប្រសើរជាដើម។

៨) សៀវភៅ Startup of You: Adapt to the Future, Invest in Yourself, and Transform Your Career របស់លោក Reid Hoffman នៅឆ្នាំ២០១២។ លោក Reid Hoffman គឺជាសហស្ថាបនិកបណ្ដាញសង្គម LinkedIn បានចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញពីរបៀបស្វែងយល់បណ្ដាញទំនាក់ទំនងក្នុងសង្គមជាពិសេសសម្រាប់អាជីវកម្ម ការផ្លាស់ប្ដូរបណ្ដាញដែលមិនធ្លាប់មានពីមុនមក និងរបៀបគ្រប់គ្រងខ្លួនឯងដើម្បីកុំឲ្យឱកាសរបូតចេញពីជីវិត អាជីព និងពាណិជ្ជកម្មរបស់អ្នក។

៩) សៀវភៅ Power of Habit របស់លោក Charles Duhigg នៅឆ្នាំ២០១២។ សៀវភៅនេះនិយាយពីពិនិត្យមើលទម្លាប់ និងអាកប្បកិរិយារបស់អតិថិជន និងទង្វើផ្សេងៗដែលត្រូវ និងគួរប្រព្រឹត្តិ។

១០) សៀវភៅ Big Bang Disruption របស់លោក Larry Downes និងលោក Paul Nunes នៅឆ្នាំ២០១៤។ ខ្លឹមសារនៅក្នុងសៀវភៅនេះគឺនិយាយពីយុទ្ធសាស្ត្រនៃការវិវឌ្ឍដ៏គួរឲ្យខ្លាចដោយសារតែប្រព័ន្ធបច្ចេកវិទ្យាក្នុងយុគសម័យបច្ចេកវិទ្យា៕

X
5s