មេរៀន​សំខាន់ៗ​ចំនួន ១១ នេះ​គ្មាន​សាលា​ណាមួយ​បង្រៀន​អ្នក​​ឡើយ អ្នក​ត្រូវ​រៀន​ដោយ​ខ្លួន​ឯង​​



មាន​មេរៀន​​ល្អៗ​ជា​ច្រើន​ដែល​អ្នក​អាច​រៀន​នៅ​សាលា​ពាណិជ្ជកម្ម (Business School)។ ​ភាគច្រើន​វា​សង្កត់ធ្ងន់​ទៅ​លើ​ការ​ធ្វើ​ផែនការ​​អាជីវកម្ម និង​ការ​សម្រេចចិត្ត​ជា​យុទ្ធសាស្ត្រ​​​ជាដើម​​ដែល​ជា​លក្ខណៈ​ទ្រឹស្ដី​សិក្សា​សុទ្ធសាធ​ និង​អាច​ឲ្យ​អ្នក​យក​ទៅ​អនុវត្ត​នៅ​ពេល​ធ្វើ​អាជីវកម្ម។ យ៉ាងណាមិញ វា​​មិន​​សំខាន់​ថា ​​អ្នក​មាន​សាស្ត្រាចារ្យ​​​ដ៏​អស្ចារ្យ​ណាមួយ​​ ឬ​​មាន​កម្មវិធី​សិក្សា​​ផ្នែក​អាជីវកម្ម​ល្អ​ឥតខ្ចោះ​យ៉ាងណា​នោះ​ទេ គ្មាន​សាលារៀន​ណា​មួយ​អាច​បង្រៀន​អ្នក​​នូវ​មេរៀន​គ្រប់​សព្វ​បែប​យ៉ាង​នោះ​​ឡើយ។ ជំនាញ​ទាំង​នេះ​អ្នក​ត្រូវ​រៀន​​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ដើម្បី​ធ្វើជា​ទុន​​​បន្ថែម​យក​ទៅ​អនុវត្ត​​ក្នុង​ពិភព​អាជីវកម្ម។

១.របៀប​ធ្វើ​ជា​អ្នកដឹកនាំ​ល្អ អ្នកដឹកនាំ​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ (MBA)គឺ​មិនមែន​សុទ្ធតែ​មាន​សមត្ថភាព​ និង​​​ដឹកនាំ​គេ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ​។ យោង​ទៅ​តាម​ការ​សិក្សា​​ស្រាវជ្រាវ​​របស់​សាកលវិទ្យាល័យ Harvard (Harvard Business Review) ​ទៅ​លើ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន (CEO) ចំនួន ១០០ នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​បង្ហាញ​ថា មាន​តែ ២៤%​% ប៉ុណ្ណោះ​ដែល​បញ្ចប់​ថ្នាក់​អនុបណ្ឌិត។​នេះ​មានន័យ​ថា មេដឹកនាំ​ដែល​ទទួល​បាន​ជោគជ័យ​ត្រូវ​ដឹង​អំពី​​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន​។ ភាព​ជា​អ្នកដឹកនាំ​ត្រូវ​បង្ហាញ​ភាព​វិជ្ជមាន និង​ចេះ​លើក​ទឹកចិត្ត​​មនុស្ស​ជុំវិញ​ខ្លួន​​ដែល​ ទាំងនេះ​​​កម្រ​រក​ឃើញ​នៅ​ក្នុង​សាលារៀន​ណាស់។

២.​ផ្លូវ​ជោគជ័យ​មិន​មានតែ​មួយ​នោះ​ឡើយ​ គ្មានឡើយ​​រូបមន្ត​ជោគជ័យ ហើយ​ផ្លូវ​ជោគជ័យ​មិនមែន​មានតែ​មួយ​នោះ​ឡើយ។ ​​អ្នក​ត្រូវ​​បង្កើត​ផ្លូវ​​ជោគជ័យ​មួយ​ ហើយ​ដើរ​តាម​ផ្លូវ​ជោគជ័យ​នោះ​ដោយ​ខ្លួន​ឯង​ដើម្បី​សម្រេច​ក្តី​សុបិន្ដ​របស់​អ្នក។ គ្មាន​នរណា​ម្នាក់ មិន​ចំពោះ​ថា គ្រូ​របស់​អ្នក ​គ្រូបង្វឹក ឬ​​ក៏​អ្នកដឹកនាំ​ជោគជ័យ​ក្នុង​អាជីវកម្ម​​អាច​ប្រាប់​អ្នក​​បាន​ពី​របៀប​បង្កើត​អនាគត​ដ៏​ត្រចះត្រចង់​​មួយ​សម្រាប់​អ្នក​នោះ​ឡើយ។ ចក្ខុវិស័យ​របស់​មនុស្ស​ម្នាក់ៗ​មិន​សុទ្ធតែ​​អាច​ចេះ​តែ​ចម្លង​បាន និង​អាច​ជួសជុល​ដោយ​នរណា​ម្នាក់​ផ្សេង​ទៀត​បាន​ទេ​។

៣.របៀប​កសាង​ទំនាក់ទំនង​ដែល​ជួយ​ឲ្យ​អ្នក​រីកចម្រើន​ទៅ​មុខ នៅ​ក្នុង​វិស័យ​អាជីវកម្ម វា​មិន​សំខាន់​នោះ​ឡើយ​សម្រាប់​អ្នក​ដែល​ត្រូវ​​ស្គាល់​​អ្វីៗ​គ្រប់​យ៉ាង។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​​ត្រង់​ថា តើ​​នរណា​ខ្លះ​ដែល​អ្នក​ត្រូវ​ស្គាល់? រាល់​ជោគជ័យ​ក្នុង​​ពិភព​អាជីវកម្ម គឺ​ផ្តើម​ចេញ​ពី​ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ដ៏​ល្អ​​ទៅ​កាន់​មនុស្ស​ជុំវិញ​អ្នក។ ដូចនេះ​បើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម អ្នក​ត្រូវ​​ពង្រឹង និង​ពង្រីក​ជំនាញ​ទន់ (Soft Skill) របស់​អ្នក​ឲ្យ​កាន់តែ​ខ្លាំង​ជា​មួយ​បណ្តា​អ្នក​ជោគជ័យ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម​ទើប​អ្នក​អាច​រក​បាន​មនុស្ស​ល្អៗ​មក​ធ្វើ​ជា​ដៃគូ​ជំនួញ​របស់​អ្នក​បាន​ដែល​សាលា​ផ្សេងៗ​មិន​បាន​បង្រៀន​អ្នក។

៤.ជំនាញ​​ចរចា​ គ្រប់​សកម្មភាព​ទំនាក់ទំនង​របស់​អ្នក​នៅ​ក្នុង​វិស័យ​អាជីវកម្ម អ្នក​ត្រូវ​មាន​ជំនាញ​មួយ​ទៀត​ដែល​សំខាន់​ផង​ដែរ​នោះ​គឺ ជំនាញ​ចរចា​។ យុទ្ធសាស្ត្រ​ចរចា​មិន​បាន​បង្រៀន​នៅ​សាលា​ Business School នោះ​ឡើយ ប៉ុន្តែ​វា​ជា​ជំនាញ​ដែល​អ្នក​អាច​ទទួល​បាន​នៅ​ក្នុង​​ការ​អនុវត្ត​​​ជាក់ស្តែង​នៅ​ពេល​ធ្វើ​ជំនួញ​រកស៊ី តាម​រយៈ​ការ​អាន​សៀវភៅ ឬ​តាម​រយៈ​​ម​មធ្យោបាយ​ផ្សេងៗ​​ជា​ច្រើន​ទៀត។ នៅ​ពេល​​ជំនាញ​មួយ​នេះ​កាន់តែ​មុត​ស្រួច រាល់​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ទាំង​ផ្លូវការ និង​មិន​ផ្លូវ​ការ​របស់​អ្នក​​តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​ជា​គុណប្រយោជន៍​សម្រាប់​ធ្វើ​ជំនួញ។

៥.របៀប​ធ្វើ​ជំនួញ ជា​ការ​ពិត​សាលា Business School បាន​បង្រៀន​វិធីសាស្ត្រ​ច្រើន​ណាស់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ជំនួញ​ទៅ​តាម​ដំណាក់កាល​នីមួយៗ​ដូច​ជា​របៀប​ស្រាវជ្រាវ​ទីផ្សារ បង្កើត​គម្រោង​អាជីវកម្ម គម្រោង​ហិរញ្ញវត្ថុ ឬ រចនាសម្ព័ន្ធ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជា​ដើម​។ ក៏ប៉ុន្តែ​នៅ​​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង វា​មាន​រឿងរ៉ាវ​ច្រើន​ណាស់​ដែល​អ្នក​ជួប​លើស​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ ក្នុង​សាលា។ ទាំង​នេះ​មាន​ដូច​ជា ការ​ស្វែង​រក​ដើម​ទុន ការ​ជ្រើសរើស​​ដៃគូ​មក​វិនិយោគ​ជា​មួយ​គ្នា ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អាជីវកម្ម និង​ហានិភ័យ​ច្រើន​​ទៀត​រាប់​មិន​អស់ ដែល​ទាំង​នេះ​សាលា​ទាំង​នោះ​មិន​បាន​បង្រៀន​អ្នក​នោះ​ឡើយ។

៦.​របៀប​ជួល​មនុស្ស​ល្អ​បំផុត​មក​ធ្វើ​ការ​ នៅ​ពេល​​ត្រូវការ​ជួល​បុគ្គលិក សហគ្រិន​គ្រប់រូប​ព្យាយាម​​ជ្រើសរើស​បុគ្គលិក​​ដែល​​មាន​សមត្ថភាព​ពិតប្រាកដ​មក​ធ្វើ​ការ។ បុគ្គលិក​គ្រប់គ្រង​ធនធាន​មនុស្ស​​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក ទំនង​ជា​ត្រូវ​​ធ្វើ​ការ​ធ្ងន់​ដើម្បី​​​ចម្រាញ់​​យក​​​អ្នក​មាន​សមត្ថភាព។ ប៉ុន្តែ​ការ​សំរេចចិត្ត​ថា​ តើ​នរណា​ម្នាក់​នឹង​ត្រូវ​បាន​ជួល​មក​ធ្វើ​ការ​នោះ​ គឺ​​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​ទាំងស្រុង​ដែល​ដំណាក់កាល​នេះ​ទាមទារ​ឲ្យ​អ្នក​​ត្រូវ​រៀន​ហ៊ាន​សម្រេចចិត្ត និង​មាន​ការ​ទទួល​ខុសត្រូវ​តំណាង​ឲ្យ​ស្ថាប័ន​ទាំងមូល។ ​

៧. ​រៀន​ពី​កំហុស​របស់​អ្នក មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​​ដ៏​ពិបាក​បំផុត​ដើម្បី​រៀនសូត្រ​ក្នុង​នាម​ជា​​សហគ្រិន​​​នោះ​គឺ កំហុស​របស់​សហគ្រិន។​ ពេល​ខ្លះ​ការ​ចរចា​បាន​បរាជ័យ ​​ទីផ្សារ​មាន​ការ​ប្រែប្រួល បញ្ហា​ថ្មីៗ​បាន​កើត​មាន​ឡើង​ ឬ ប្រហែល​ពេល​ខ្លះ​គំនិត​ផ្ដួចផ្ដើម​​របស់​អ្នក​បាន​ជាប់​គាំង ។ យ៉ាងណាមិញ អ្នក​នៅតែ​​អាច​រក​ឃើញ​មធ្យោបាយ​ដើម្បី​ដើរ​​បន្ត​ទៅ​មុខ​​​ទៀត​។ នេះ​​បាន​បង្រៀន​សហគ្រិន​ថា ​ខ្លួន​ត្រូវតែ​រៀន​ពី​​ភាព​​បរាជ័យ​ និង​កំហុស​ឆ្គង​ជា​ច្រើន​​​ដើម្បី​កែលំអ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​​សម្រាប់​ពេល​ក្រោយ​ទៀត​។​ ​

៨.របៀប​បង្កើត​ទំនាក់ទំនង​ស្អិតល្មួត​ជា​មួយ​អតិថិជន នៅ​សាលា​រៀន អ្នក​ប្រហែល​បាន​រៀន​ត្រឹមតែ​រូបមន្ត​​​​ពី​របៀប​ទំនាក់ទំនង​ជា​មួយ អតិថិជន​តែប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម ការ​​កសាង​ទំនាក់ទំនង ឬ ទាក់ទាញ​អតិថិជន​ឲ្យ​មក​ចាប់​អារម្មណ៍​ជា​មួយ​អ្នក មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ។ ដោយសារតែ​អតិថិជន​មាន​ច្រើន​ប្រភេទ និង​មាន​តម្រូវការ​ផ្សេង​ៗគ្នា​ទៀត​នោះ អ្នក​​ច្បាស់​ជា​ត្រូវ​​​ស្តាប់​អតិថិជន​របស់​អ្នក​ រៀន​លក់​ រៀន​ចរចា រៀន​សម្របសម្រួល រៀន​បញ្ចុះបញ្ចូល​ជា​ដើម​ដែល​ជា​រឿង​មួយ​ឈឺក្បាល​បំផុត​សម្រាប់​អ្នក។

៩.​រៀន​ប្រកួតប្រជែង​ជា​មួយ​គូប្រជែង​ធំៗ នៅ​ក្នុង​​ពិភព​អាជីវកម្ម ​អ្នក​មិន​ចាំបាច់​ក្លាយ​ជា​ក្រុមហ៊ុន​យក្ស​នោះ​ឡើយ​ដើម្បី​ប្រកួតប្រជែង​ជា​មួយ​ក្រុមហ៊ុន​ធំៗ។ បើ​ទោះ​អាជីវកម្ម​អ្នក​នៅ​តូច អ្នក​អាច​រក​ឃើញ​​ចំណុច​ពិសេស​​មួយ​របស់​អ្នក​ដែល​មាន​គុណសម្បត្តិ​ល្អ​ជាង​​គូប្រជែង​របស់​អ្នក។ ប៉ុន្តែ​ចំណុច​នេះ​វា​អាស្រ័យ​លើ​សមត្ថភាព​របស់​សហគ្រិន​​ម្នាក់ៗ​ដែល​ត្រូវ​ដឹង​ថា តើ​ខ្លួន​ត្រូវ​ត្រៀម​យុទ្ធសាស្ត្រ​បែប​ណា​ទើប​អាច​យក​ឈ្នះ​លើ​គូប្រជែង​របស់​ខ្លួន​បាន? បើ​ពិនិត្យ​ឲ្យ​មែន​ទែន​ទៅ វា​​ប្រាកដ​ណាស់​ដែល​​ទាមទារ​ឲ្យ​អ្នក​ស្រាវជ្រាវ​បន្ថែម​ដោយ​ខ្លួន​ឯង ខុស​ពី​សាលា​ដែល​បាន​បង្រៀន​តែ​ទ្រឹស្ដី​តិចតួច​ប៉ុណ្ណោះ។

១០.របៀប​ដោះស្រាយ​ជម្លោះ ទាំង​នៅ​ក្នុង​​ពិភព​អាជីវកម្ម និង​ជីវិត​ជាក់ស្តែង ជម្លោះ​ពិត​ជា​មិន​អាច​ជៀស​ផុត​បាន​ឡើយ។ អ្នក​ត្រូវ​ប្រឈមមុខ និង​ដោះស្រាយ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ចំណុច​នេះ​គ្មាន​សាលា​ណាមួយ​បង្រៀន​អ្នក​ពី​រូបមន្ត​ដ៏​មាន​ប្រសិទ្ធភាព​​សម្រាប់​បង្ហាញ​ផ្លូវ​អ្នក​​ឲ្យ​ចេះ​​​អភ័យទោស​ឲ្យ​មនុស្ស របៀប​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ជួសជុល​ផ្លូវចិត្ត និង​រក​ដំណោះស្រាយ​​ជំនួស​អ្នក​នៅ​ពេល​អ្នក​ជួប​បញ្ហា​ទាំង​នោះ​ឡើយ។ យ៉ាងណា​មិញ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​នោះ គឺ​ត្រូវ​ពឹង​លើ​សមត្ថភាព​របស់​អ្នក។

១១.បទពិសោធន៍​ជីវិត​ជាក់ស្តែង នៅ​សាលា​ អ្នក​អាច​រៀន​មុខ​ជំនាញ​ផ្សេងៗ​ដែល​អ្នក​ចង់​បាន។ អ្នក​អាច​រៀន​ចប់​ច្រើន​សាលា ហើយ​ទទួល​បាន​សញ្ញាបត្រ​គ្រប់​កំរិត។ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ជាក់ស្តែង សញ្ញាបត្រ​ជីវិត​អ្នក​មិន​អាច​ទទួល​បាន​ត្រឹម​រយៈពេល ៤​ឆ្នាំ ១០ ឆ្នាំ ឬ ២០​ឆ្នាំ​នោះ​ឡើយ។ អ្នក​ត្រូវ​រៀន​វា​មិន​ចេះ​ចប់ រៀន​ស្គាល់​សង្គម​ រៀន​រស់​នៅ​ក្នុង​សង្គម​ដរាបណា​អ្នក​នៅ​មាន​ជីវិត។ នៅ​ក្នុង​ជីវិត​ជាក់ស្តែង​ពោរពេញ​ដោយ​​អ្នក​ឈ្នះ អ្នក​ចាញ់ ​​ភាព​ជោគជ័យ ហើយ​ក៏​ពោរពេញ​ដោយ​ការ​បរាជ័យ​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេរៀន​នេះ​សាលា​រៀន​របស់​អ្នក​មិន​អាច​បង្រៀន​អ្នក​បាន​ឡើយ។ បើ​ចង់​បាន​វា អ្នក​ត្រូវ​ចេញ​ទៅ​ក្រៅ និង​ប្រឡូក​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន​​តាម​សមត្ថភាព​របស់​អ្នក៕

ប្រភព៖ entrepreneur ​ ​

X
5s