រឿង ៤ចំណុច ដែលអ្នកត្រូវគិតគូរមុនជួលបុគ្គលិកដំបូងគេមកធ្វើការ
នៅពេលអ្នកចាប់ផ្តើមជំនួញថ្មីថ្មោង អ្វីដែលអ្នកព្រួយបារម្ភបំផុតនោះគឺថា អ្នកអាចអូសទាញប្រាក់ចំណូលបានដោយរបៀបណា ខណៈដែលការចំណាយរបស់អ្នកមានច្រើន បទពិសោធន៍នៅខ្ចី និងបារម្ភពីហានិភ័យដែលកើតមានឡើង។ នេះជាករណីទូទៅទៅហើយសម្រាប់សហគ្រិនជាច្រើន ហើយមានសហគ្រិនតិចតួចប៉ុណ្ណោះ ដែលអាចឈរជើងនៅលើសមរភូមិនេះបាន។
ឥឡូវនេះឧទាហរណ៍ថា ជំនួញអ្នកចាប់ផ្តើមមកជោគជ័យខ្លាំង រកចំណូលបានឆាប់រហ័ស ហើយអ្នកមានបំណងចង់ពង្រីកវាឲ្យកាន់តែធំ។ ចំណុចនេះអ្នកជៀសមិនផុតពីការជ្រើសរើសបុគ្គលិកមកធ្វើការឲ្យកាន់តែច្រើននោះឡើយ។ នេះទាមទារឲ្យអ្នកស្វែងយល់ពីគន្លឹះមួយចំនួនជាមុនសិនមុនសម្រេចចិត្តជ្រើសរើសបុគ្គលិកដំបូងរបស់អ្នក។
១.ធ្វើសៀវភៅបញ្ជី និងការងារដែលត្រូវធ្វើ
មុនជួលបុគ្គលិកដំបូងគេមកធ្វើការ ដំបូងដៃអ្នកត្រូវយល់ឲ្យបានច្បាស់ថា ការងារប្រចាំថ្ងៃអ្វីខ្លះដែល អ្នកត្រូវតែធ្វើឲ្យរួចរាល់ និងតម្រូវការអ្វីខ្លះដែលអ្នកចង់ឲ្យបុគ្គលិកថ្មីយកចិត្តទុកដាក់ធ្វើ និងមកជំនួសដៃរបស់អ្នក។ អ្នកគួរចំណាយពេលយ៉ាងហោចណាស់ពី ១ ទៅ ២សប្តាហ៍ដើម្បីកត់ត្រាការងារទាំងឡាយដែលអ្នកត្រូវធ្វើឲ្យរួចរាល់ក្នុងថ្ងៃនីមួយ ហើយត្រូវដឹងថា តើការងារទាំងនោះចំណាយពេលយូរប៉ុណ្ណា? បន្ទាប់មក ស្រង់ការងារទាំងនោះកត់ចូលទៅក្នុងបញ្ជីដោយចែកចេញជា៤ផ្នែកគឺ ការងារធ្វើបាន ការងារធ្វើមិនបាន ដំណោះស្រាយបញ្ហា និងគំនិតវិជ្ជមាន។
អ្នកនឹងភ្ញាក់ផ្អើលនៅពេលអ្នកសង្កេតឃើញថា អ្នកបានចំណាយពេលច្រើន ទៅលើកិច្ចការដែលអ្នកធ្វើមិនបាន ឬមិនមានពេលធ្វើវា។ នេះដូចជា ការបិទបញ្ជីបញ្ជាទិញ ផ្ញើអ៊ីមែល ការទុកដាក់ឯកសារតាមលំដាប់លំដោយ។ នៅពេលនេះហើយដែលអ្នកអាចដោះលែងការងារដែលអ្នកធុញទ្រាន់ ឬ មានភាពខ្វះចន្លោះការងារមួយចំនួនដែលអ្នកយល់ថា អ្នកអាចត្រូវការបុគ្គលិកណាម្នាក់មកធ្វើជំនួសអ្នកបាន។ ប្រការនេះនឹងអាចធ្វើឲ្យអ្នកមានមានសេរីភាពដើម្បីផ្ដោតទៅលើផ្នែកមួយទៀតគឺ គម្រោងការងារសំខាន់ផ្សេងៗទៀតគឺ ដំណោះស្រាយបញ្ហា យុទ្ធសាស្ត្រ និងគំនិតដែលធ្វើឲ្យអាជីវកម្មរបស់អ្នកបោះជំហានទៅមុខបន្ថែមទៀត។
២.យល់ដឹងពីផលប៉ះពាល់ហិរញ្ញវត្ថុចំពោះបុគ្គលិក
មើលទៅវាជាសញ្ញាណល្អមួយនៅពេលដែលអ្នកចង់ជួលបុគ្គលិក។ ក៏ប៉ុន្តែអ្នកត្រូវទន្ទឹងរង់ចាំរហូតដល់រឿងមួយកើតមានឡើងគឺ អ្នកអាចរកចំណូលបាន។ អ្នកត្រូវប្រាកដថា មុខជំនួញរបស់អ្នកទទួលបានប្រាក់ចំណេញជាប់លាប់មុននឹងនាំបុគ្គលិកចូល។ នៅពេលអ្នកចាប់ផ្តើមរកបានប្រាក់ចំណេញច្រើនហើយ និងមានអារម្មណ៍ថា អ្នកមានសមត្ថភាពគ្រប់គ្រាន់ដែលអាចជួលបុគ្គលិកបាន អ្នកអាចជួលមកបាន។
មានស្ថាបនិកខ្លះ រកបានប្រាក់ចំណេញខ្លាំងហើយនៅតែមិនហ៊ានជួលបុគ្គលិកដើម្បីមកពង្រីកអាជីវកម្មរបស់ខ្លួន។ សម្រាប់អ្នកវិញ អ្នកមិនគួរឲ្យបញ្ហាមួយនេះរាំងស្ទះដល់ភាពលូតលាស់អាជីវកម្មរបស់អ្នកឡើយ។ បើមើលឃើញឱកាសរីកចម្រើនខ្លាំង និងរកប្រាក់ចំណូលបានច្រើនហើយ អ្នកគួរជួលបុគ្គលិកមកធ្វើការជំនួសអ្នកបាន។
៣.រៀបចំប្រព័ន្ធការងាររបស់បុគ្គលិក
នៅពេលអ្នកនាំបុគ្គលិកចូល វាជាការសំខាន់ណាស់សម្រាប់ធ្វើឲ្យពួកគេអាចបំពេញការងារប្រកបដោយគុណភាព និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ មធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចបានកិច្ចការនេះ គឺអ្នកត្រូវបណ្តុះបណ្តាលពួកគេ ផ្តល់ឯកសារ ឬវីដេអូដែលបង្ហាញអំពីរបៀបធ្វើការរបស់ពួកគេ។ ទាំងនេះគឺជាទ្រព្យដែលអ្នកអាចប្រើសម្រាប់បណ្តុះបណ្តាលនៅពេលអនាគត ឬក៏ត្រូវវិនិយោគពួកគេឲ្យកាន់តែមានសមត្ថភាពខ្លាំងឡើង។
បន្ទាប់មកអ្នកត្រូវឲ្យពួកគេឆ្លងកាត់ការងារបញ្ជាទិញឬ បិទបញ្ជាទិញអតិថិជន ឬបង្កើតវីដេអូដែលរៀបរាប់ពីរបៀបធ្វើកិច្ចការទាំងនោះ។ នៅពេលអ្នកបានផ្តល់ព័ត៌មានទាំងនេះទៅកាន់ពួកគេ បន្ទាប់មកបុគ្គលិករបស់អ្នកនឹងប្រើប្រាស់វាជាឯកសារយោង ព័ត៌មាន ឬគោលការណ៍ដែលអ្នកអាចយកទៅអនុវត្តសម្រាប់ប្រើប្រាស់នៅពេលមានបុគ្គលិកក្រោយៗទៀត។ សូមចាំថា អ្នកជាអ្នកចាំជួយសម្រួលការងាររបស់ពួកគេនៅពេលដំបូង និងត្រូវធានាថា ពួកគេអាចបំពេញការងារទាំងនោះដោយខ្លួនឯងបាននៅពេលដែលគ្មានអ្នក។
៤.រៀបចំភាពជោគជ័យសម្រាប់អតិថិជន
បុគ្គលិកដំបូងរបស់អ្នក គួរតែជានរណាម្នាក់ដែលធានាដល់ការពង្រីកប្រាក់ចំណូលឲ្យកាន់តែច្រើនដល់អ្នក។ នេះទាមទារឲ្យអ្នកកំណត់ប្រព័ន្ធការងារស្តង់ដារមួយដែលអាចដំណើរការបានយ៉ាងល្អ និងធ្វើឲ្យអតិថិជនមានអារម្មណ៍ថា ពួកគេត្រូវបានយកចិត្តទុកដាក់ដោយបុគ្គលិកដំបូងរបស់អ្នក។ ក៏ប៉ុន្តែវាទាមទារឲ្យ អ្នកត្រូវបង្រៀនបុគ្គលិករបស់អ្នកពីរបៀបមើលថែអតិថិជន និងស្វែងយល់ពីចិត្តសាស្ត្រអតិថិជនឲ្យបានដិតដល់បំផុត។ ទន្ទឹមនឹងនេះដើម្បីអាចបង្កើនប្រសិទ្ធភាពលើការងារនេះបាន អ្នកក៏ត្រូវពិចារណាឲ្យតម្លៃលើការបំពេញការងារបុគ្គលិករបស់អ្នកជាមួយនឹងប្រាក់ចំណូលរបស់ពួកគេផងដែរ។
នៅពេលជំនួញរបស់អ្នកកាន់តែរីកចម្រើន ចំណូលកាន់តែច្រើន ហេតុអ្វីត្រូវស្ទាក់ស្ទើរ! អ្នកគួរ ជួលបុគ្គលិកបន្ថែមទៀតដើម្បីពង្រីកវាកាន់តែធំឡើង៕
ប្រភព៖ Inc