អ្នកគ្រប់គ្រងជោគជ័យប្រើយុទ្ធសាស្ត្រចំនួន ៧ នេះដើម្បីលើកទឹកចិត្តបុគ្គលិក
នៅគ្រប់ស្ថាប័នក្រុមហ៊ុននីមួយៗ គេតែងសង្កេតឃើញអ្នកដឹកនាំមានយុទ្ធសាស្ត្រផ្សេងៗគ្នាដើម្បីលើកទឹកចិត្តបុគ្គលិករបស់ខ្លួន។ ទន្ទឹមនឹងនេះក៏មានដែរអ្នកដឹកនាំដែលមើលរំលង ឬខ្វះសមត្ថភាពលើជំនាញមួយនេះដែលជាហេតុធ្វើឲ្យមានការថ្នាំងថ្នាក់ពីបុគ្គលិក ប៉ះពាល់ដល់លទ្ធផលការងារ។
អត្ថបទនេះនឹងបង្ហាញយុទ្ធសាស្ត្រលើកទឹកចិត្ត ៧ ចំណុចដែលអ្នកដឹកនាំជោគជ័យអនុវត្ត។ អ្នកអាចធ្វើការប្រៀបធៀបជាមួយថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរបស់អ្នក ហើយរៀនអង្កេតមើលថា តើពួកគេមានចំណុចទាំងនេះឬអត់? ប្រសិនបើចម្លើយអវិជ្ជមានច្រើននោះ មានន័យថា បុគ្គលនោះខ្វះភាពជាអ្នកគ្រប់គ្រង ឬដឹកនាំគេហើយ។
១. ការលើកទឹកចិត្តគឺជាការផ្តល់ឲ្យនូវភាពច្បាស់លាស់
អ្នកគ្រប់គ្រងទាំងអស់ និងបុគ្គលិកគ្រប់រូបត្រូវដឹង ស្វែងយល់ និងប្រកាន់យកធាតុផ្សំសំខាន់ៗដែលជាមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន។ នៅពេលដែលអ្នកគ្រប់គ្រង ឬមេដឹកនាំមានទស្សនវិស័យ និងប្រព័ន្ធជឿជាក់មួយដ៏ច្បាស់លាស់ និងពិតប្រាកដ មនុស្សក្រោមបង្គាប់ទាំងអស់នឹងអនុវត្តតាមជាក់ជាមិនខាន។
២. លទ្ធផលការងារមិនអាស្រ័យលើបរិយាកាសការងារមួយមុខឡើយ វាអាស្រ័យលើការរំពឹងទុកដែលបានរៀបចំដោយអ្នកដឹកនាំ
នៅពេលដែលបុគ្គលិកក្រោមបង្គាប់បានដឹងថា អ្វីជាការរំពឹងទុក និងស្គាល់តួនាទីរបស់ខ្លួនក្នុងការរួមចំណែកធ្វើឲ្យក្រុមហ៊ុនជោគជ័យ ពួកគេអាចនឹងធ្វើបានលើសពីការរំពឹងទុកនោះទៅទៀត។ សូមចាំថា អ្នកដឹកនាំខ្លះគឺជាអ្នករារាំងសមត្ថភាពរបស់បុគ្គលិករបស់ខ្លួនទៅវិញទេដោយសារតែខ្លួនមិនបានដាក់ការរំពឹងទុកមួយឲ្យបានច្បាស់លាស់។
៣. បង្កើតវប្បធម៌វិជ្ជមាន និងការលើកទឹកចិត្តក្នុងក្រុមហ៊ុន
មានក្រុមហ៊ុនស្ថាប័នជាច្រើនបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយការបង្កើតវប្បធម៌មិនច្បាស់លាស់មួយ។ ជំនួសឲ្យវប្បធម៌នេះ អ្នកគួរបង្កើតវប្បធម៌ក្នុងក្រុមហ៊ុនមួយដែលផ្តល់តម្លៃ និងមានអត្ថន័យសម្រាប់បម្រើផលប្រយោជន៍បុគ្គលិក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ វប្បធម៌មួយនេះ អាចធ្វើឲ្យស្ថាប័នទាំងមូលមានទំនាក់ទំនងល្អ ធ្វើការជាក្រុម ចេះឈឺឆ្អាល ធ្វើដំណើរ និងចែករំលែកគុណតម្លៃរួមគ្នា។
៤. ផ្តល់សេរីភាពដល់បុគ្គលិកក្នុងការបញ្ចេញសមត្ថភាព
បរិយាកាសការងារមួយដែលមានលក្ខណៈរឹតត្បិតខ្លាំង ឬការគ្រប់គ្រងដឹកនាំការងារបែបប្រមូលផ្តុំ មិនផ្តល់សិទ្ធិទូលំទូលាយដល់បុគ្គលិកបញ្ចេញសមត្ថភាព គឺជារបៀបធ្វើការមួយរបស់អ្នកដឹកនាំបរាជ័យ។ ជំនួសមកវិញ អ្នកដឹកនាំគួរផ្ទេរភារកិច្ចការងារឲ្យបុគ្គលិកក្រោមបង្គាប់អនុវត្ត។ មិនតែប៉ុណ្ណោះ អ្នកគ្រប់គ្រងគួរបើកឱកាសឲ្យពួកគេចូលរួមបញ្ចេញមតិយោបល់ ទស្សនៈ និងបង្កើតភាពច្នៃប្រឌិតថ្មីៗសម្រាប់ស្ថាប័នទាំងមូល។
៥. ផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ និងគ្រប់ច្រកល្ហកកន្លែងការងារ
នៅពេលដែលអ្នកដឹកនាំបង្កើតវប្បធម៌ការងារមួយដែលមានការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ មានន័យថា អ្នកដឹកនាំនោះកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតទំនាក់ទំនងដ៏ល្អនៅក្នុងក្រុមហ៊ុនដោយចេតនា និងមានគោលបំណងពិតប្រាកដ។ នេះជាបរិយាកាសការងារមួយដែលធ្វើឲ្យស្ថាប័នទាំងមូលអាចបណ្ដុះគ្រាប់ពូជ ភាពស្មោះត្រង់ ការគោរពគ្នា និងការឲ្យតម្លៃកាន់តែខ្លាំងឡើង។
៦. បង្កើតបរិយាកាសការងារដែលមានការសហការគ្នា និងទទួលយកគោលការណ៍ពិតប្រាកដ ១០០% មកធ្វើជាបទដ្ឋាន
អ្នកដឹកនាំជាច្រើនបានមើលរំលងចំណុចនេះ ហើយបណ្តែតបណ្តោយឲ្យមានភាពខ្វះចន្លោះកើតមានឡើង និងការយកលេសចេញពីបុគ្គលិកជាច្រើន។ ដើម្បីជៀសវាងបញ្ហានេះ នៅពេលមានប្រធានបទជាច្រើនត្រូវយកមកពិភាក្សា និងអនុវត្ត អ្នកដឹកនាំត្រូវអនុវត្តគោលការណ៍ប្រាកដនិយម ហើយបើទោះបីជាបុគ្គលិកគ្រប់ជាន់ថ្នាក់ធ្វើមិនទាន់បាន ប៉ុន្តែបង្កើតវាឲ្យក្លាយទៅជាទម្លាប់ រហូតដល់ភាពសច្ចភាព គឺជាមូលដ្ឋានគ្រឹះក្នុងស្ថាប័នខ្លួន។
៧. ទទួលស្គាល់សមត្ថភាពឲ្យលើសពីការត្រឹមតែផ្តល់រង្វាន់
ខណៈដែលការផ្តល់រង្វាន់លើកទឹកចិត្តដល់មនុស្សក្រោមបង្គាប់គឺជារឿងសំខាន់មួយដើម្បីឆ្លើយតបទៅ នឹងការខិតខំ ប្រឹងប្រែងរបស់ពួកគេ ការទទួលស្គាល់នូវសមត្ថភាព និងការឲ្យតម្លៃគឺជារឿងចាំបាច់ដែលសំខាន់ជាងនេះទៅទៀត។ វាជាការបង្ហាញនូវការយកចិត្តទុកដាក់មួយរបស់អ្នកដឹកនាំទៅដល់បុគ្គលិកដើម្បីលើកទឹកចិត្តពួកគេឲ្យរក្សាបាននូវលទ្ធផលការងារល្អប្រសើរ និងជានិរន្ត។
សូមលើកទឹកចិត្តពួកគេ ឲ្យតម្លៃពួកគេ យកចិត្តទុកដាក់ និងទទួលស្គាល់សមត្ថភាពរបស់ពួកគេ អ្នកនឹងទទួលបាននូវការតបស្នងមកវិញ៕
ប្រភព៖ Inc