មិនធម្មតា! សហគ្រិនស្ត្រីមួយរូបបង្កើតសហគ្រាសសង្គមដោយយកផ្លែដូងច្នៃជាផលិតផល
ដោយសម្លឹងឃើញពីសក្ដានុពលនៃដំណាំដូងក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលពលរដ្ឋជំនាន់មុនបានដាំនិងបន្សល់ទុកនៅមានផលនៅឡើយ បូករួមនឹងទឹកចិត្តស្រលាញ់អាជីវកម្មបែបសង្គមផងនោះ សហគ្រិនស្ត្រី លោកស្រី ឌី វិជ្ជរ៉ា បានសម្រេចចិត្តយកដូងមកកែច្នៃ និងបង្កើតជាសិប្បកម្មយីហោ "ផ្កាដូង" ឡើងនៅក្នុងកំឡុងឆ្នាំ២០១៨។ តាំងពីចាប់ផ្ដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ សិប្បកម្មបានបង្កើតចំណូលដល់ពលរដ្ឋក្នុងតំបន់ តាមរយៈការទិញដូងរហូតដល់ជាង១៥០០ពាន់គ្រួសារឯណោះ។
នៅក្នុងការផ្ដល់បទសម្ភាសន៍ ម្ចាស់សិប្បកម្ម "ផ្កាដូង" លោកស្រី ឌី វិជ្ជរ៉ា ប្រាប់ថា លោកស្រីបានយកផ្លែដូងដែលដាំដុះដោយធម្មជាតិ១០០%ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ មកចម្រាញ់ចេញជាផលិតផលប្រេងដូង។ មិនតែប៉ុណ្ណោះដោយសារតែសក្ដានុពលនៃផ្លែដូង សិប្បកម្មបានព្យាយាមច្នៃផ្លែដូងទៅជាផលិតផលប្រើប្រាស់ផ្សេងៗជាច្រើនទៀតដែលរួមមាន ស៊ុមប៉ាន់តែ ចានត្រឡោកដូង ធ្យូងត្រឡោកដូង និងជាជីកំប៉ុសជាដើម។ ចំពោះទីផ្សារនៃផលិតផលវិញលោកស្រីប្រាប់ថា បច្ចុប្បន្នផលិតផលកំពុងទទួលបានការគាំទ្រក្នុងកម្រិតមួយដែលសមល្មម ចំណែកឯទីផ្សារក្រៅប្រទេសវិញគឺកំពុងស្ថិតនៅក្នុងការត្រៀមខ្លួន។
ទោះជាធ្លាប់ត្រូវបានអ្នកដទៃសើចចំអកចំពោះគំនិតអាជីវកម្មនេះក្ដី ប៉ុន្តែដោយក្ដីស្រលាញ់រួមនឹងក្ដីស្រមៃដ៏មុតមាំបានជំរុញចិត្តឲ្យស្ត្រីម្នាក់នេះ មិនបោះបង់ចោលឡើយបើទោះបីជាត្រូវជួបនូវរឿងលំបាកជាច្រើនក្ដី។ លោកស្រីបានចែករំលែកថា បើចង់បើកអាជីវកម្មណាមួយ យើងត្រូវសម្គាល់មើលថា តើអ្វីទៅដែលធ្វើឲ្យយើងជក់ចិត្តជាងគេ? តើអ្វីទៅដែលធ្វើឲ្យយើងនូវតែតស៊ូធ្វើបើទោះជាការចាប់ផ្ដើមដំបូងនៅមិនទាន់ហុចផលឲ្យក៏ដោយ? ទាំងនេះជាចំណុចដំបូងដែលយើងត្រូវគិត។
ទោះជាបច្ចុប្បន្នអាជីវកម្មរបស់លោកស្រីនៅមានលក្ខណៈតូចនៅឡើយ ប៉ុន្តែលោកស្រីមានគោលដៅធំគឺចង់ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈការផ្ដល់ការងារ ក៏ដូចជារួមចំណែកបង្កើនផលិតភាពក្នុងស្រុក។ ជាក់ស្ដែងបច្ចុប្បន្ន ក្រៅពីជួយប្រមូលទិញដូងពីកសិករ សិប្បកម្មក៏បានជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋចំនួន២កន្លែងនៅសហគមន៍ផងដែរ តាមរយៈការទទួលទិញស្មុគពីពួកគាត់៕
ដោយ៖ ជួប ស្រីរ័ត្ន